ផ្លូវដែលពិតជានាំទៅសុភមង្គល
ផ្លូវដែលពិតជានាំទៅសុភមង្គល
«ការស្វែងរកសុភមង្គល»គឺជាសិទ្ធិរបស់មនុស្សទាំងអស់។ នេះជាទស្សនៈរបស់អ្នករៀបចំសេចក្ដីថ្លែងការណ៍ប្រកាសឯករាជ្យនៃសហរដ្ឋអាម៉េរិក។ ក៏ប៉ុន្តែការស្វែងរកគោលដៅគឺខុសគ្នាពីការសម្រេចគោលដៅ។ ជាឧទាហរណ៍ថ្វីបើ ពួកយុវវ័យជាច្រើនស្វែងរកអាជីពក្នុងវិស័យសិល្បៈឬកីឡាក្ដី តើអ្នកស្គាល់ប៉ុន្មាននាក់ដែលនៅទីបញ្ចប់បានសម្រេចដូចប្រាថ្នានោះ? អ្នកចម្រៀងដ៏ល្បីឈ្មោះម្នាក់ដែលគាត់ធ្លាប់ពុះពារឧបសគ្គដើម្បីក្លាយជាតន្ត្រីករដែលទទួលបានជោគជ័យនិយាយថា៖ «អ្នកប្រហែលជាមិនអាចសម្រេចដូចបំណងទេ»។
បើសិនជាអ្នកមានអារម្មណ៍ដូចជាគាត់ក្នុងការស្វែងរកសុភមង្គល ចូរអ្នកកុំអស់សង្ឃឹមឡើយ នៅមានហេតុល្អៗដែលបញ្ជាក់ថាអ្នកអាចរកសុភមង្គលបាន។ បើអ្នកស្វែងរកសុភមង្គលតាមរបៀបត្រឹមត្រូវ នោះអ្នកនឹងរកឃើញជាប្រាកដ។ ហេតុអ្វីក៏យើងអាចនិយាយដូច្នេះ? អត្ថបទមុនបញ្ជាក់ថា ព្រះយេហូវ៉ាជាព្រះប្រកបដោយ«សុភមង្គល»។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ដូច្នេះការស្វែងរកសុភមង្គលរបស់អ្នកពិតជាមិនក្លាយទៅជាការខកចិត្តឡើយ ពីព្រោះព្រះបានផ្ដល់ការណែនាំដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ។ ព្រះយេហូវ៉ាអាចជួយអ្នកឲ្យយកឈ្នះលើហេតុដែលបង្កឲ្យមានទុក្ខសោកដល់មនុស្សភាគច្រើន។ ជាឧទាហរណ៍សូមពិចារណាពីការសម្រាលទុក្ខដែលទ្រង់ផ្ដល់ជូនពេលមានអ្នកជាទីស្រឡាញ់បានស្លាប់។
ពេលអ្នកជាទីស្រឡាញ់បាត់បង់ជីវិតសូន្យ
តើអាចមានអ្វីល្អខ្លះៗដែលគួរនិយាយអំពីសេចក្ដីស្លាប់ទេ? សេចក្ដីស្លាប់ពង្រាត់មាតាបិតាពីបុត្រធីតានិងបុត្រធីតាពីមាតាបិតា។ សេចក្ដីស្លាប់នាំឲ្យអ្នកភូមិផងរបងជាមួយមានការភ័យព្រួយ និងបំបែកមិត្តជិតស្និទ្ធទីទៃពីគ្នា។ ពេលមានសេចក្ដីស្លាប់ញាំញី គ្រួសារដែលធ្លាប់មានសុភមង្គល ប្រហែលជាអាចពោរពេញទៅដោយក្ដីទុក្ខសោកទៅវិញ។
ច្បាស់ហើយមិនចាំបាច់មាននរណាម្នាក់មកប្រាប់អ្នកថាសេចក្ដីស្លាប់ជារឿងខ្លោចផ្សាទេ។ យ៉ាងណាក៏ដោយ មនុស្សខ្លះបដិសេធការពិតនោះ ហើយរៀបរាប់អំពីសេចក្ដីស្លាប់ជាអ្វីល្អទៅវិញ។ សូមកត់សម្គាល់
ពីអ្វីដែលបានកើតឡើងបន្ទាប់ពីខ្យល់ព្យុះកាទ្រីណាដែលបានបោកបក់លើឈូងសមុទ្រម៉ិកស៊ិកនៅខែសីហាឆ្នាំ២០០៥។ នៅពិធីបុណ្យបញ្ចុះសពនៃជនរងគ្រោះម្នាក់ គ្រូគង្វាលបាននិយាយថា៖ «កាទ្រីណាមិនបានសម្លាប់គាត់ទេ។ ព្រះបានហៅគាត់ឲ្យត្រឡប់ទៅស្ថានសួគ៌វិញ»។ នៅពេលមួយទៀត បុគ្គលិកម្នាក់នៅមន្ទីរពេទ្យដែលមានបំណងល្អចង់ជួយរំលែកទុក្ខ បានប្រាប់នារីម្នាក់ដែលមានម្ដាយស្លាប់ថាកុំព្រួយអី ពីព្រោះព្រះបានយកម្ដាយនាងទៅឯស្ថានសួគ៌វិញ។ នាងជាកូនស្រីបានទ្រហោយំហើយសួរថា៖ «ហេតុអ្វី? ហេតុអ្វីបានជាទ្រង់យកគាត់ពីខ្ញុំ?»។ច្បាស់ណាស់ គំនិតយល់ច្រឡំអំពីមនុស្សស្លាប់បែបនេះ ជារឿយៗមិនបានជួយសម្រាលទុក្ខដល់អស់អ្នកដែលបានព្រាត់ប្រាសគ្នាដោយសារសេចក្ដីស្លាប់នោះទេ។ ហេតុអ្វី? ដោយសារគំនិតទាំងនោះគ្មានការពិតអំពីសេចក្ដីស្លាប់។ អាក្រក់ជាងនេះទៅទៀត មនុស្សដែលមានគំនិតបែបនោះនិយាយពីព្រះថាជាអ្នកពង្រាត់យកមនុស្សដែលជាទីស្រឡាញ់ពីក្រុមគ្រួសារនិងញាតិមិត្តរបស់គេតាមរបៀបដែលគួរឲ្យតក់ស្លុតនិងឈឺចាប់ណាស់។ ជាជាងថាព្រះជាប្រភពនៃការសម្រាលទុក្ខ ពួកគេពិពណ៌នាពីព្រះហាក់ដូចជាទ្រង់អាក្រក់ឃោរឃៅដោយធ្វើឲ្យមានសោកនាដកម្មកើតឡើង។ ក៏ប៉ុន្តែ បន្ទូលរបស់ព្រះប្រាប់ការពិតអំពីសេចក្ដីស្លាប់។
ព្រះគម្ពីរចែងពីសេចក្ដីស្លាប់ថាជាសត្រូវម្នាក់។ ព្រះគម្ពីរប្រៀបសេចក្ដីស្លាប់ទៅនឹងស្តេចមួយអង្គដែលបានសោយរាជ្យលើមនុស្សជាតិ។ (រ៉ូម ៥:១៧; កូរិនថូសទី១ ១៥:២៦) សេចក្ដីស្លាប់ជាសត្រូវម្នាក់មានអំណាចដល់ម្ល៉េះ ដែលមនុស្សជាតិមិនអាចទប់ទល់បានឡើយ ហើយមនុស្សជាទីស្រឡាញ់ដែលបានបាត់បង់ជីវិតនោះ គឺគ្រាន់តែបន្ថែមទៅលើចំនួនរាប់មិនអស់នៃជនរងគ្រោះដែលបានស្លាប់ប៉ុណ្ណោះ។ ការពិតអំពីសេចក្ដីស្លាប់ដែលរៀបរាប់ក្នុងព្រះគម្ពីរបញ្ជាក់មូលហេតុដែលមនុស្សកើតទុក្ខព្រមទាំងមានអារម្មណ៍អស់សង្ឃឹម ពេលមានអ្នកជាទីស្រឡាញ់បានបាត់បង់ជីវិតសូន្យទៅ។ នោះគឺជាអារម្មណ៍ធម្មតា។ ទោះជាយ៉ាងនេះក្ដី តើព្រះប្រើសត្រូវដែលជាសេចក្ដីស្លាប់ដើម្បីពង្រាត់មនុស្សជាទីស្រឡាញ់របស់យើងទៅស្ថានសួគ៌ឬ? សូមទុកឲ្យព្រះគម្ពីរផ្ដល់ចម្លើយចំពោះសំណួរនោះ។
ក្នុងព្រះគម្ពីរនៅសាស្ដា ៩:៥, ១០ ចែងថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ តើស្ថានឃុំព្រលឹងមនុស្សស្លាប់ជាអ្វី? គឺជានិមិត្តរូបនៃស្ថានភាពមនុស្សស្លាប់។ ពេលដែលមនុស្សបាត់បង់ជីវិតទៅ គឺប្រៀបដូចជាពួកគេទាំងអស់គ្នាស្ថិតនៅក្នុងកន្លែងនោះ។ ក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ មនុស្សស្លាប់គ្មានសកម្មភាព អត់ដឹងអ្វីសោះ ព្រមទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ។ គឺហាក់ដូចជាពួកគេកំពុងតែដេកលក់ស៊ប់។ * ដូច្នេះព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះមិនពង្រាត់អ្នកដែលជាទីស្រឡាញ់របស់យើងយកទៅស្ថានសួគ៌ជាមួយទ្រង់ឡើយ សេចក្ដីស្លាប់បានទុកពួកគាត់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់។
ព្រះយេស៊ូបញ្ជាក់បន្ថែមពីសេចក្ដីពិតនេះ បន្ទាប់ពីលោកឡាសារដែលជាមិត្តរបស់ទ្រង់បានបាត់បង់ជីវិតសូន្យទៅ។ ព្រះយេស៊ូប្រៀបសេចក្ដីស្លាប់ទៅនឹងការដេកលក់។ បើឡាសារបានឡើងទៅស្ថានសួគ៌ជាមួយព្រះដ៏មានគ្រប់ព្រះចេស្ដា រួចព្រះយេស៊ូយកគាត់ត្រឡប់មកផែនដីវិញ ហើយនៅទីបំផុតឡាសារស្លាប់ម្ដងទៀត អ្វីបែបនេះមិនធ្វើឲ្យឡាសារសប្បាយចិត្តទេ។ កំណត់ហេតុក្នុងព្រះគម្ពីររៀបរាប់ថានៅឯទីបញ្ចុះសព ព្រះយេស៊ូបានមានបន្ទូលដោយសំឡេងខ្លាំងៗថា៖ «ឡាសារអើយ! ចូរចេញមក!»។ ព្រះគម្ពីរចែងបន្តថា៖ «នោះអ្នកដែលបានស្លាប់ ក៏ចេញមក»។ ឡាសារក៏មានជីវិតរស់ឡើងវិញម្ដងទៀត។ ព្រះយេស៊ូដឹងច្បាស់ថា ឡាសារមិនបានចាកចេញពីផែនដីទេ។ គាត់បានដេកស្តូកស្ដឹងដោយបាត់បង់ជីវិតសូន្យទៅហើយ។—យ៉ូហាន ១១:១១-១៤, ៣៤, ៣៨-៤៤
កំណត់ហេតុក្នុងព្រះគម្ពីរជួយយើងឲ្យយល់ថាសេចក្ដីស្លាប់មិនមែនជារបៀបដែលព្រះបញ្ជូនមនុស្សពីផែនដីទៅស្ថានសួគ៌ឡើយ។ ដូច្នេះ ដោយដឹងថាទ្រង់មិនមែនជាអ្នកបង្កឲ្យមានទុក្ខលំបាកដល់យើងទេ យើងអាចចូលទៅជិតព្រះ។ យើងក៏អាចទុកចិត្តទ្រង់ដែរថា ទ្រង់យល់ទាំងស្រុងនូវទុក្ខសោក ការឈឺចាប់ផ្សេងៗដែលជាផលវិបាកបន្សល់ទុកដោយសត្រូវរបស់យើងគឺសេចក្ដីស្លាប់។ សេចក្ដីពិតពីព្រះគម្ពីរស្តីអំពីស្ថានភាពនៃមនុស្សស្លាប់បង្ហាញថា មនុស្សស្លាប់មិនរងទុក្ខនៅស្ថាននរកឬស្ថានណាផ្សេងទៀតទេ ក៏ប៉ុន្តែ ជីវិតរបស់ពួកគេបានបាត់បង់សូន្យទៅហើយ។ ដូច្នេះ ពេលដែលយើងនឹកចាំអំពីអ្នកដែលជាទីស្រឡាញ់ គ្មានហេតុធ្វើឲ្យយើងស្អប់ព្រះ ឬមួយក៏ភ័យខ្លាចថាពួកគេស្ថិតនៅស្ថានណាផ្សេងទៀតទេ។ លើសពីនោះទៅទៀត ក្នុងព្រះគម្ពីរព្រះយេហូវ៉ាបានផ្ដល់ការសម្រាលទុក្ខដល់យើងថែមទៀត។
សេចក្ដីសង្ឃឹមនាំឲ្យមានសុភមង្គល
បទគម្ពីរដែលយើងបានពិភាក្សាចង្អុលប្រាប់ថា សេចក្ដីសង្ឃឹមជាកត្ដាមួយចាំបាច់ដើម្បីឲ្យមានសុភមង្គល។ ពាក្យ«សេចក្ដីសង្ឃឹម»ដែលប្រើនៅក្នុងព្រះគម្ពីររួមបញ្ចូលន័យថាទន្ទឹងចាំទទួលសេចក្ដីល្អ។ ដើម្បីឲ្យដឹងពីរបៀបដែលសេចក្ដីសង្ឃឹមនាំឲ្យមានសុភមង្គលបានសូម្បីតែនៅពេលឥឡូវនេះក៏ដោយ សូមអញ្ជើញមើលម្ដងទៀតអំពីកំណត់ហេតុនោះ ដែលយើងទើបតែបានពិភាក្សារួចហើយ គឺពេលដែលព្រះយេស៊ូប្រោសឡាសារឲ្យរស់ឡើងវិញ។
យ៉ាងហោចណាស់ មានមូលហេតុពីរយ៉ាងដែលជំរុញឲ្យព្រះយេស៊ូធ្វើអព្ភូតហេតុនោះ។ ទីមួយគឺជួយរំលែកទុក្ខសោករបស់នាងម៉ាថា ម៉ារា និងពួកសម្លាញ់ដែលបានរួមទុក្ខជាមួយពួកនាង ដោយសារពួកគេអាចសេពគប់យ៉ាងសប្បាយជាមួយអ្នកដែលជាទីស្រឡាញ់របស់ពួកគេជាថ្មីម្ដងទៀត។ ក៏ប៉ុន្តែ ព្រះយេស៊ូបានបញ្ជាក់ប្រាប់ម៉ាថានូវមូលហេតុទីពីរដែលសំខាន់ជាងនោះទៅទៀត ដោយមានបន្ទូលថា៖ «តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី?»។ (យ៉ូហាន ១១:៤០) ព្រះគម្ពីរកំណែផ្សេងទៀតបានបកប្រែឃ្លាចុងក្រោយនោះថា«សមត្ថភាពអស្ចារ្យរបស់ព្រះ»។ (The New Testament in Modern English, by J. B. Phillips) ដោយប្រោសឡាសារឲ្យរស់ឡើងវិញ ព្រះយេស៊ូប្រទានឲ្យឃើញជាមុនអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅពេលអនាគត។ សូមមើលចំណុចខាងក្រោមនេះដែលរៀបរាប់ថែមទៀតអំពី«សមត្ថភាពអស្ចារ្យរបស់ព្រះ»។
នៅយ៉ូហាន ៥:២៨, ២៩ ព្រះយេស៊ូមានបន្ទូលថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។ នេះមានន័យថាមនុស្សទាំងអស់រួមទាំងអ្នកជាទីស្រឡាញ់របស់យើង ដែលពួកគេស្ថិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ កិច្ចការ ២៤:១៥ បង្ហាញឲ្យឃើញអំពីព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយថែមទៀតដោយចែងថា៖ «ទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ ដូច្នេះ សូម្បីតែ«មនុស្សទុច្ចរិត»ដែលមិនបានស្គាល់និងបម្រើព្រះយេហូវ៉ាក៏ដោយ ក៏ពួកគេនឹងមានឱកាសម្ដងទៀតដើម្បីទទួលការប្រោសប្រណីពីទ្រង់ដែរ។
តើដំណើររស់ឡើងវិញនឹងកើតឡើងនៅទីណា? ទំនុកដំកើង ៣៧:២៩ ចែងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ សូមគិតអំពីអត្ថន័យនៃពាក្យទាំងនោះ។ គ្រួសារនិងពួកសម្លាញ់ដែលបានបែកព្រាត់ប្រាសនិរាសពីគ្នានោះនឹងជួបគ្នាម្ដងទៀតនៅលើផែនដីនេះ។ ពេលដែលអ្នកគិតពីការសប្បាយដែលអ្នកអាចមានជាមួយមនុស្សដែលអ្នកធ្លាប់ស្រឡាញ់ពេញចិត្តនោះ វាជាការសមហេតុសមផលដែលចិត្តអ្នកពោរពេញទៅដោយអំណរ។
ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអ្នកមានសុភមង្គល
យើងបានពិនិត្យមើលរបៀបពីរយ៉ាងដែលព្រះយេហូវ៉ាអាចជួយអ្នកឲ្យកាន់តែមានសុភមង្គលថែមទៀតទោះបីជាមានបញ្ហាក្ដី។ ទីមួយ តាមរយៈព្រះគម្ពីរ ទ្រង់ផ្ដល់ចំណេះនិងការណែនាំដើម្បីជួយអ្នកឲ្យចេះស៊ូទ្រាំបានដោយជោគជ័យនឹងទុក្ខលំបាកផ្សេងៗ។ ក្រៅពីជួយយើងឲ្យចេះស៊ូទ្រាំនឹងការសោកសៅបណ្ដាលមកពីសេចក្ដីស្លាប់ ឱវាទក្នុងព្រះគម្ពីរអាចជួយយើងឲ្យចេះប្រឈមមុខពេលមានបញ្ហាសេដ្ឋកិច្ចនិងបញ្ហាសុខភាពក្ដី។ ឱវាទក្នុងព្រះគម្ពីរក៏អាចជួយអ្នកឲ្យចេះទ្រាំទ្រនឹងអំពើអយុត្ដិធម៌និងស្ថានភាពនយោបាយដ៏ច្របូកច្របល់ថែមទៀត។ បើធ្វើតាមឱវាទទាំងនោះក្នុងជីវិតរបស់អ្នក នោះក៏អាចជួយអ្នកឲ្យចេះដោះស្រាយនឹងបញ្ហាផ្ទាល់ខ្លួនផ្សេងឯទៀត។
ទីពីរ ដោយសារការសិក្សាព្រះគម្ពីរ អ្នកនឹងទទួលសេចក្ដីសង្ឃឹមដែលប្រសើរជាងឆ្ងាយណាស់ លើសអ្វីៗទាំងអស់ដែលសង្គមមនុស្សអាចផ្ដល់ឲ្យអ្នកបាន។ ការប្រោសឲ្យរស់ឡើងវិញពួកសម្លាញ់និងក្រុមគ្រួសារគឺជាផ្នែកមួយនៃសេចក្ដីសង្ឃឹមដែលព្រះគម្ពីរបានរៀបរាប់។ វិវរណៈ ២១:៣, ៤ រៀបរាប់បន្ថែមថា៖ «ព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់[មនុស្សជាតិ]។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ នេះមានន័យថាហេតុដែលបង្កឲ្យមានទុក្ខព្រួយដល់ជីវិតរបស់អ្នក នឹងកន្លងបាត់ទៅជារៀងរហូតក្នុងពេលឆាប់ៗនេះ។ អ្វីដែលព្រះគម្ពីរបានសន្យានឹងក្លាយទៅជាការពិត ហើយអ្នកនឹងមានការអរសប្បាយពេលឃើញសេចក្ដីសន្យា ទាំងនោះសម្រេច។ គ្រាន់តែដឹងថាអ្វីល្អៗស្ថិតនៅពីមុខយើង នោះពិតជាធ្វើឲ្យយើងមានការធូរស្រាលមែន។ ការដឹងថាអ្នកមិនរងទុក្ខជារៀងរហូតបន្ទាប់ពីអ្នកបានបាត់បង់ជីវិតសូន្យទៅនោះ នេះគឺជាមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍សុខសាន្តមែន។
ជាក់ស្តែងប៉ុន្មានឆ្នាំមុន ម៉ារីយ៉ាបានឃើញស្វាមីរបស់នាងបាត់បង់ជីវិតដោយសារជំងឺមហារីក។ បញ្ហាខ្វះខាតថវិកាបង្ខំនាងនិងកូននាងបីនាក់ឲ្យចុះចេញពីផ្ទះរបស់ខ្លួន នៅពេលដែលទឹកភ្នែកនៃការសោកសង្រេងរបស់នាងមិនទាន់ទាំងស្ងួតផង។ ពីរឆ្នាំក្រោយមក ម៉ារីយ៉ាបានដឹងថាខ្លួននាងមានរោគមហារីក។ នាងមានការវះកាត់ដ៏ធ្ងន់ធ្ងរពីរដង ហើយជារៀងរាល់ថ្ងៃនាងទ្រាំទ្រនឹងការឈឺចុកចាប់ហួសប្រមាណ។ ទោះបីជាមានបញ្ហាទាំងនោះក្ដី នាងនៅតែរក្សាគំនិតសុទិដ្ឋិនិយម ហើយនោះបានជំរុញនាងឲ្យជួយលើកទឹកចិត្តដល់មនុស្សឯទៀត។ តើនាងបានធ្វើដូចម្ដេចខ្លះដើម្បីរក្សាសុភមង្គលរបស់នាង?
ម៉ារីយ៉ានិយាយថា៖ «ពេលមានបញ្ហាខ្ញុំមិនប្រឹងគិតពីបញ្ហានោះច្រើនពេកទេ។ ខ្ញុំជៀសវាងសួរសំណួរដូចជា ‹ហេតុអ្វីក៏កើតឡើងចំពោះខ្ញុំ? ហេតុអ្វីក៏ខ្ញុំត្រូវរងទុក្ខបែបនេះ? ហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនឈឺ?›។ ដោយហេតុថា គំនិតទុទ្ទិដ្ឋិនិយមអាចពង្រេចពង្រឹលកម្លាំងខ្ញុំនិងធ្វើឲ្យខ្ញុំចុះខ្សោយ នោះខ្ញុំខំប្រឹងប្រមូលកម្លាំងរបស់ខ្ញុំទៅបម្រើព្រះយេហូវ៉ានិងជួយអ្នកឯទៀត។ នោះហើយដែលនាំឲ្យខ្ញុំមានសុភមង្គល»។
តើសេចក្ដីសង្ឃឹមជួយជីវិតនាងម៉ារីយ៉ាយ៉ាងដូចម្ដេចខ្លះ? នាងមានចិត្តផ្ដោតទៅលើសេចក្ដីសង្ឃឹមចំពោះអនាគតនៅពេលព្រះយេហូវ៉ានឹងដកហូតយកជំងឺព្រមទាំងបញ្ហាផ្សេងៗទៀតរបស់មនុស្សជាតិចេញ។ ពេលនាងទៅមន្ទីរពេទ្យដើម្បីព្យាបាល នាងប្រាប់អំពីសេចក្ដីសង្ឃឹមរបស់នាងដល់អ្នកជំងឺឯទៀតដែលប្រហែលជាអស់សង្ឃឹម។ តើសេចក្ដីសង្ឃឹមសំខាន់ប៉ុណ្ណាចំពោះម៉ារីយ៉ា? នាងនិយាយថា៖ «ជាញយៗខ្ញុំគិតពីអ្វីដែលបានចែងនៅហេព្រើរ ៦:១៩ ដែលប៉ុលរៀបរាប់អំពីសេចក្ដីសង្ឃឹមដូចជាយុថ្កានៃព្រលឹង។ បើគ្មានយុថ្កានោះ អ្នកនឹងរសាត់ដូចជានាវាដែលរបូតបាត់ក្នុងព្យុះសង្ឃរាអញ្ចឹង។ ក៏ប៉ុន្តែ បើខ្លួនយើងនៅជាប់នឹងយុថ្កានោះ អ្នកនឹងមានអារម្មណ៍សុខសាន្តទោះបីជាអ្នកជួបប្រទះបញ្ហាលំបាកដែលធ្វើឲ្យមានកង្វល់ច្រើនយ៉ាងណាក្ដី»។ «សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ចដែលព្រះដ៏មិនចេះភូតទ្រង់បានសន្យា» ជួយម៉ារីយ៉ាឲ្យនាងមានអំណរបាន។ សេចក្ដីសង្ឃឹមនោះក៏អាចជួយអ្នកបានដែរ។—ទីតុស ១:២
តាមរយៈការសិក្សាព្រះគម្ពីរ អ្នកអាចរកឃើញសុភមង្គលពិតបាន ទោះបីជាអ្នកមានបញ្ហាក៏ដោយ។ ក៏ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា តើការសិក្សាព្រះគម្ពីរមានប្រយោជន៍ឬទេ? ស្មរបន្ទាល់ព្រះយេហូវ៉ាមានសេចក្ដីរីករាយនឹងបង្ហាញជូនអ្នកនូវចម្លើយពីបទគម្ពីរដែលអ្នកត្រូវស្គាល់ដើម្បីមានសុភមង្គលពិត។ ពេលអ្នកទន្ទឹងចាំការសម្រេចនៃសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ជូននោះ អ្នកអាចស្ថិតនៅក្នុងចំណោមអស់អ្នកដែលត្រូវរៀបរាប់ដូចតទៅនេះ «គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»។—អេសាយ ៣៥:១០
[កំណត់សម្គាល់]
^ វគ្គ 9 សព្វវចនាធិប្បាយមួយពន្យល់ថា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ អ្នកដែលស្លាប់«មិនមានការឈឺចាប់ឬការសប្បាយ ហើយក៏មិនរងទុក្ខទោសឬទទួលពរអ្វីដែរ»។—Encyclopædia Britannica (2003)
[រូបភាពនៅទំព័រ៥]
មានតែព្រះគម្ពីរទេ ដែលអាចបន្ថយសេចក្ដីទុក្ខសោកបាន
[រូបភាពនៅទំព័រ៧]
សេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ នៅក្នុងព្រះគម្ពីរអាចជួយឲ្យមានសុភមង្គល