ពាក្យផ្ដើម
គម្ពីរបរិសុទ្ធជាប្រសាសន៍របស់ព្រះដែលបានត្រូវសរសេរដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងយើងទាំងអស់គ្នា។ ដូច្នេះ យើងត្រូវសិក្សាគម្ពីរដើម្បីស្គាល់ព្រះដែលជាអ្នកនិពន្ធគម្ពីរ។ (យ៉ូហាន ១៧:៣; ធីម៉ូថេទី២ ៣:១៦) ក្នុងគម្ពីរនេះ ព្រះយេហូវ៉ាប្រាប់អំពីគោលបំណងរបស់លោកសម្រាប់មនុស្ស និងសម្រាប់ផែនដី។—ដើមកំណើត ៣:១៥; ការបើកបង្ហាញ ២១:៣, ៤
គម្ពីរជាសៀវភៅដែលមានឥទ្ធិពលលើជីវិតមនុស្ស ខ្លាំងជាងសៀវភៅឯទៀតទាំងអស់។ គម្ពីរជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងចិត្តអាណិតអាសូរ។ គម្ពីរផ្ដល់នូវសេចក្ដីសង្ឃឹម ហើយអាចជួយមនុស្សឲ្យស៊ូទ្រាំនឹងទុក្ខវេទនាដ៏ខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ គម្ពីរបកអាក្រាតអំពីអ្វីៗដែលមានក្នុងពិភពលោកនេះ ដែលមិនស្របតាមបំណងប្រាថ្នាដ៏ល្អឥតខ្ចោះរបស់ព្រះ។—ចម្រៀងសរសើរព្រះ ១១៩:១០៥; ហេប្រឺ ៤:១២; យ៉ូហានទី១ ២:១៥-១៧
ដំបូង គម្ពីរបានត្រូវសរសេរជាភាសាហេប្រឺ អេរ៉ាម និងក្រិច។ ក្រោយមក គម្ពីរបានត្រូវបកប្រែទាំងមូលឬផ្នែកខ្លះ ច្រើនជាង៣.០០០ភាសា។ រហូតមកដល់ពេលនេះ គម្ពីរបានត្រូវបកប្រែនិងចែកចាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ ព្រោះគម្ពីរបានប្រកាសទុកជាមុនថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រ[ប្រធានបទសំខាន់ក្នុងគម្ពីរ]នឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
ពេលពិចារណាអំពីសារៈសំខាន់នៃព័ត៌មានក្នុងគម្ពីរ យើងតាំងចិត្តធ្វើកំណែថ្មី ដោយគោរពតាមឯកសារដើម ហើយក៏ព្យាយាមបញ្ជាក់គំនិតយ៉ាងត្រឹមត្រូវដែរ។ កំណែថ្មីនេះមានមូលដ្ឋានលើគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ដែលបានចេញលើកដំបូងជាង៦០ឆ្នាំមុន។ ក៏ប៉ុន្តែ ក្នុងអំឡុង៥០ឆ្នាំមកនេះ ភាសាអង់គ្លេសបានផ្លាស់ប្ដូរ ដូច្នេះគណៈកម្មាធិការសេចក្ដីបកប្រែពិភពលោកថ្មីយល់ឃើញថា ត្រូវមានកំណែថ្មីដែលស្រួលយល់។ យើងមានបំណងបង្កើតសេចក្ដីបកប្រែនេះ មិនគ្រាន់តែបកយ៉ាងស្មោះត្រង់នឹងអត្ថន័យភាសាដើមប៉ុណ្ណោះទេ តែក៏ត្រូវច្បាស់ និងស្រួលអានដែរ។ នៅផ្នែកខាងក្រោយ មានសេចក្ដីពន្យល់បន្ថែមដូចជា «គោលការណ៍នៃការបកប្រែគម្ពីរ» «លក្ខណៈនៃសេចក្ដីបកប្រែនេះ» និង«របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង» ដែលប្រាប់អំពីលក្ខណៈនិងរបៀបបកប្រែកំណែថ្មីនេះ។
អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានិងគោរពប្រណិប័តន៍លោក ចង់អានគម្ពីរដែលជាបណ្ដាំរបស់ព្រះ ដែលមានការបកប្រែយ៉ាងត្រឹមត្រូវ និងស្រួលយល់។ (ធីម៉ូថេទី១ ២:៤) ដើម្បីធ្វើដូច្នេះ យើងបានបកប្រែគម្ពីរនេះជាភាសាខ្មែរ ស្របតាមបំណងរបស់យើងដែលចង់បកប្រែគម្ពីរជាភាសាច្រើនបំផុតតាមដែលអាចធ្វើបាន។ អ្នកអានជាទីស្រឡាញ់ យើងអធិដ្ឋានហើយសង្ឃឹមថា គម្ពីរបរិសុទ្ធនេះនឹងមានប្រយោជន៍សម្រាប់អ្នក កាលដែលអ្នកខំព្យាយាម«ស្វះស្វែងរកលោក នោះ . . . នឹងរកលោកឃើញ»។—សកម្មភាព ១៧:២៧
គណៈកម្មាធិការគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី
ខែសីហា ឆ្នាំ២០១៣