ការបើកបង្ហាញចំពោះយ៉ូហាន ៦:១-១៧
-
កូនចៀមបកត្រា៦ដំបូង (១-១៧)
៦ ក្រោយមក ខ្ញុំឃើញកូនចៀម+បកត្រាមួយពីចំណោមត្រាទាំង៧+ រួចខ្ញុំឮចេរូប៊ីនមួយពីចំណោមចេរូប៊ីនទាំងបួននោះ+ បន្លឺសំឡេងដូចផ្គរលាន់ថា៖ «មក!»។
២ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស+ ហើយអ្នកដែលជិះសេះនោះមានធ្នូ ក៏ទទួលមកុដ+ រួចអ្នកនោះចេញទៅយកជ័យជម្នះ និងដើម្បីបង្ហើយជ័យជម្នះរបស់លោក។+
៣ ពេលដែលកូនចៀមបកត្រាទី២ ខ្ញុំឮចេរូប៊ីនទី២+និយាយថា៖ «មក!»។
៤ បន្ទាប់មក មានសេះមួយទៀតមក ជាសេះសម្បុរក្រហមដូចភ្លើង។ អ្នកដែលជិះសេះនោះបានត្រូវអនុញ្ញាតឲ្យដកយកសន្តិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយអ្នកនោះក៏ទទួលដាវធំមួយ។+
៥ ពេលដែលកូនចៀមបកត្រាទី៣+ ខ្ញុំឮចេរូប៊ីនទី៣+និយាយថា៖ «មក!»។ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរខ្មៅ ហើយអ្នកដែលជិះសេះនោះមានជញ្ជីងនៅដៃ។
៦ រួចមក ខ្ញុំឮសំឡេងមួយហាក់ដូចជាចេញពីចំណោមចេរូប៊ីនទាំងបួនថា៖ «ស្រូវសាលីមួយឃ្វាត់*តម្លៃមួយឌីណារី*+ ឯស្រូវបាលីបីឃ្វាត់តម្លៃមួយឌីណារី ហើយកុំប៉ះពាល់ប្រេងអូលីវ ឬស្រាទំពាំងបាយជូរឡើយ»។+
៧ ពេលដែលកូនចៀមបកត្រាទី៤ ខ្ញុំឮចេរូប៊ីនទី៤+និយាយថា៖ «មក!»។
៨ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស្លាំង ហើយអ្នកដែលជិះសេះនោះមានឈ្មោះថាសេចក្ដីស្លាប់។ ឯផ្នូរ*ក៏តាមអ្នកនោះទៅយ៉ាងប្រកិត។ ពួកគេបានទទួលអំណាចសម្លាប់មនុស្ស១ភាគ៤នៅផែនដី ដោយដាវវែង ដោយការខ្វះស្បៀងអាហារ+ ដោយជំងឺដែលនាំឲ្យស្លាប់ និងដោយសត្វសាហាវនៅផែនដី។+
៩ ពេលដែលកូនចៀមបកត្រាទី៥ ខ្ញុំឃើញថានៅខាងក្រោមទីបូជា+មានឈាម+របស់ពួកអ្នកដែលបានត្រូវសម្លាប់ដោយសារបណ្ដាំរបស់ព្រះ និងដោយសារកិច្ចការជាសាក្សីដែលពួកគេធ្លាប់ធ្វើ។+
១០ ពួកគេបានស្រែកឡើងយ៉ាងខ្លាំងថា៖ «ម្ចាស់ដ៏ឧត្ដមបំផុត បរិសុទ្ធ និងពិតប្រាកដអើយ+ តើពេលណាទើបលោកនឹងវិនិច្ឆ័យទោស ហើយសងសឹកពួកអ្នកដែលបានសម្លាប់ពួកយើងនៅផែនដី?»។+
១១ រួចមក ពួកគេម្នាក់ៗបានទទួលអាវវែងពណ៌សមួយ+ ហើយបានត្រូវប្រាប់ឲ្យចាំបន្តិច រហូតដល់បង្គ្រប់ចំនួនបងប្អូនរបស់ពួកគេ និងចំនួនខ្ញុំបម្រើឯទៀតដែលរួមការងារជាមួយនឹងពួកគេ ដែលហៀបនឹងត្រូវសម្លាប់ដូចពួកគេដែរ។+
១២ ខ្ញុំឃើញកូនចៀមបកត្រាទី៦ រួចដីក៏រញ្ជួយយ៉ាងខ្លាំង ហើយថ្ងៃក៏ប្រែទៅជាងងឹតដូចបាវ*ពណ៌ខ្មៅ ខែទាំងមូលបានក្លាយទៅជាពណ៌ក្រហមដូចឈាម+
១៣ ផ្កាយទាំងឡាយនៅលើមេឃក៏ធ្លាក់ចុះដល់ផែនដី ដូចពេលដែលខ្យល់បក់ខ្លាំងអង្រួនដើមល្វាឲ្យជ្រុះផ្លែខ្ចីដែរ។
១៤ ចំណែកឯមេឃក៏បាត់ទៅដូចរមូរដែលត្រូវគេមូរ+ ហើយភ្នំនិងកោះទាំងអស់ក៏ត្រូវដកចេញ។+
១៥ ឯស្ដេចទាំងឡាយនៅផែនដី ពួកមន្ត្រីជាន់ខ្ពស់ ពួកមេបញ្ជាការកងទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ខ្ញុំបម្រើទាំងឡាយ និងអស់អ្នកដែលមានសេរីភាព សុទ្ធតែបានលាក់ខ្លួននៅក្នុងរូងភ្នំនិងតាមផ្ទាំងថ្មនានា។+
១៦ ពួកគេនិយាយទៅកាន់ភ្នំនិងផ្ទាំងថ្មទាំងឡាយម្ដងហើយម្ដងទៀតថា៖ «ចូរធ្លាក់គ្របលើយើងមក+ ហើយបាំងយើងពីមុខលោកដែលអង្គុយលើបល្ល័ង្ក+ និងពីកំហឹងរបស់កូនចៀម+
១៧ ពីព្រោះថ្ងៃដ៏ធំនៃកំហឹងរបស់លោកទាំងពីរបានមកដល់ហើយ+ ដូច្នេះតើអ្នកណាអាចរួចជីវិតបាន?»។+
កំណត់សម្គាល់
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ កាក់ប្រាក់មួយរបស់ជនជាតិរ៉ូម ដែលស្មើនឹងប្រាក់ឈ្នួលសម្រាប់មួយថ្ងៃ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ប្រហែលជាបាវធ្វើពីរោមសត្វពពែ