ការបំភ្លឺច្បាប់ ៨:១-២០

  • ការ​រំលឹក​ឡើង​វិញ​អំពី​ពរ​ពី​ព្រះ​យេហូវ៉ា (​១​-​៩)

    • «​មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ​»​ (​)

  • កុំ​ភ្លេច​ព្រះ​យេហូវ៉ា (​១០​-​២០)

 ​«​ចូរ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្រៀន​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បន្ត​រស់​នៅ+ និង​មាន​គ្នា​ច្រើន​ឡើង ព្រម​ទាំង​អាច​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។+ ២  ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ អំពី​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា បាន​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ឆ្នាំ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។+ លោក​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​មាន​ចិត្ត​រាប​ទាប និង​ដើម្បី​ល្បង​មើល​ចិត្ត​របស់​អ្នក​រាល់​គ្នា+ថា​អ្នក​រាល់​គ្នា​នឹង​បន្ត​កាន់​តាម​បញ្ញត្តិ​របស់​លោក​ឬ​ក៏​មិន​កាន់។ ៣  លោក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​មាន​ចិត្ត​រាប​ទាប។ លោក​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ឃ្លាន+ ហើយ​ចិញ្ចឹម​អ្នក​រាល់​គ្នា​ដោយ​ម៉ាណា+ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់​ឡើយ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​ព្រះ​យេហូវ៉ា​មក។+ ៤  ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​នោះ សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​បាន​សឹក​រេច​រឹល​ទេ ហើយ​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ហើម​ដែរ។+ ៥  អ្នក​រាល់​គ្នា​ដឹង​ក្នុង​ចិត្ត​ហើយ​ថា ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​អ្នក​រាល់​គ្នា​ដូច​ឪពុក​កែ​តម្រង់​កូន។+ ៦  ​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ដើរ​តាម​ផ្លូវ​របស់​លោក និង​កោត​ខ្លាច​លោក។ ៧  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា កំពុង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ+ ជា​ស្រុក​ដែល​សម្បូរ​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក*នៅ​តំបន់​ទំនាប និង​តំបន់​ភ្នំ។ ៨  ស្រុក​នោះ​ក៏​សម្បូរ​ស្រូវ​សាលី​និង​ស្រូវ​បាលី ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ល្វា និង​ផ្លែ​ទទឹម+ ព្រម​ទាំង​មាន​ប្រេង​អូលីវ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ៩  ស្រុក​នោះ​មាន​អាហារ​ជា​បរិបូរ ថែម​ទាំង​មាន​ដែក​នៅ​ក្នុង​ថ្ម និង​ស្ពាន់​នៅ​តាម​ភ្នំ​ទៀត​ផង អ្នក​រាល់​គ្នា​នឹង​មិន​ខ្វះ​អ្វី​ឡើយ។ ១០  ​«​ពេល​អ្នក​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ហើយ អ្នក​រាល់​គ្នា​ត្រូវ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រោះ​លោក​បាន​ឲ្យ​ស្រុក​ដ៏​ល្អ​នេះ​ដល់​អ្នក​រាល់​គ្នា។+ ១១  ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ក្រែង​លោ​ភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ឈប់​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​ក្រឹត្យ​ក្រម​របស់​លោក​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ១២  ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ​ល្អ​ៗ ហើយ​ចូល​ទៅ​រស់​នៅ ព្រម​ទាំង​មាន​អាហារ​បរិភោគ​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់+ ១៣  ថែម​ទាំង​មាន​ហ្វូង​គោ​ហ្វូង​ចៀម​សន្ធឹក​សន្ធាប់ ហើយ​មាន​មាស​ប្រាក់​និង​អ្វី​ៗ​គ្រប់​យ៉ាង​ជា​បរិបូរ ១៤  នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​មាន​អំណួត+ ហើយ​ភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ។+ ១៥  គឺ​លោក​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​ធំ​ៗ​និង​គួរ​ឲ្យ​ស្ញែង​ខ្លាច+ ដែល​មាន​ពស់​មាន​ពិស​និង​ខ្យា​ដំរី ជា​វាល​ហួត​ហែង​គ្មាន​ទឹក​ទាល់​តែ​សោះ។ លោក​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ផ្ទាំង​ថ្ម+ ១៦  ហើយ​បាន​ចិញ្ចឹម​អ្នក​រាល់​គ្នា​ដោយ​ម៉ាណា+ ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ដែល​ស្គាល់​ឡើយ ដើម្បី​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​មាន​ចិត្ត​រាប​ទាប+ និង​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​អនាគត។+ ១៧  បើ​អ្នក​រាល់​គ្នា​គិត​ក្នុង​ចិត្ត​ថា​៖ ‹ទ្រព្យ​សម្បត្តិ​ទាំង​នេះ​មាន​ដោយ​សារ​កម្លាំង​ញើស​ឈាម​និង​សមត្ថភាព​របស់​ខ្ញុំ​ទេ​តើ›+ ១៨  នោះ​សូម​ចាំ​ថា គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ដែល​ឲ្យ​កម្លាំង​ដល់​អ្នក​រាល់​គ្នា​រក​បាន​ទ្រព្យ​សម្បត្តិ​ទាំង​នោះ+ ព្រោះ​លោក​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ដូច​ដែល​លោក​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។+ ១៩  ​«​បើ​អ្នក​រាល់​គ្នា​ភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដើរ​តាម​ព្រះ​ឯ​ទៀត ទាំង​បម្រើ​និង​ក្រាប​គោរព​ចំពោះ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំ​ព្រមាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ​ជា​ប្រាកដ។+ ២០  អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ​ដូច​ជា​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​កំពុង​បំផ្លាញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ។+

កំណត់សម្គាល់

ឬ​«​ប្រភព​ទឹក​ជ្រៅ​»​