សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ២:១-១៧

  • ប៉ូល​ចង់​ឲ្យ​បង​ប្អូន​មាន​អំណរ (​១​-​៤)

  • អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​បាន​ទទួល​ការ​អភ័យ​ទោស​និង​ចូល​មិត្តភាព​វិញ (​៥​-​១១)

  • ប៉ូល​នៅ​ក្រុង​ត្រូអាស​និង​តំបន់​ម៉ាសេដូន (​១២, ១៣)

  • កិច្ច​បម្រើ​ផ្សាយ​ជា​ក្បួន​អបអរ​ជ័យ​ជម្នះ (​១៤​-​១៧)

    • មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ (​១៧)

 ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ពេល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ។ ២  ព្រោះ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តើ​នឹង​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​វិញ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ? ៣  ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ទៅ​ជា​ហេតុ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​វិញ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ដែរ។ ៤  ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​វេទនា​និង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ផង មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ឡើយ+ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។ ៥  ប្រសិន​បើ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត+ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ។ ប៉ុន្តែ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត​ខ្លះ​ដែរ តែ​មិន​មែន​ខ្ញុំ​ចង់​និយាយ​ខ្លាំង​ពេក​ទេ​អំពី​រឿង​នេះ។ ៦  ការ​ប្រដៅ​តម្រង់​ដែល​បុរស​នោះ​បាន​ទទួល​ពី​បង​ប្អូន​ភាគ​ច្រើន គឺ​គ្រប់​គ្រាន់​ហើយ។ ៧  ឥឡូវ អ្នក​រាល់​គ្នា​គួរ​តែ​មេត្តា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់+ ដើម្បី​កុំ​ឲ្យ​គាត់​ព្រួយ​ចិត្ត*ខ្លាំង​ហួស​ហេតុ​ពេក។+ ៨  ដូច្នេះ ខ្ញុំ​ចង់​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា អ្នករាល់​គ្នា​ស្រឡាញ់​គាត់។+ ៩  ព្រោះ​ខ្ញុំ​ក៏​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ក្នុង​បំណង​នេះ​ដែរ គឺ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​យ៉ាង​ណា។ ១០  ប្រសិន​បើ​អ្នក​រាល់​គ្នា​អភ័យ​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​អភ័យ​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ តាម​ការ​ពិត ប្រសិន​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ (​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ​ចំពោះ​រឿង​ណា​មួយ​) នោះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍ ដោយ​មាន​គ្រិស្ត​ជា​សាក្សី ១១  ដើម្បី​កុំ​ឲ្យ​សាថាន*មាន​ឱកាស​ឈ្នះ​យើង​ឡើយ+ ព្រោះ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច*ទាំង​ប៉ុន្មាន​របស់​សាថាន​ទេ។+ ១២  ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ក្រុង​ត្រូអាស+ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត មាន​ទ្វារ​មួយ​បើក​ចំហ​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​ការ​របស់​លោក​ម្ចាស់ ១៣  តែ​ខ្ញុំ​មិន​បាន​ធូរ​ចិត្ត​សោះ ដោយ​សារ​ខ្ញុំ​រក​ទីតុស+ជា​បង​ប្អូន​របស់​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​ពួក​អ្នក​កាន់​តាម​នៅ​ទី​នោះ រួច​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន។+ ១៤  ប៉ុន្តែ ខ្ញុំ​អរគុណ​ព្រះ​ដែល​តែង​តែ​នាំ​មុខ​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ហែ​ក្បួន​អបអរ​ជ័យ​ជម្នះ​ជា​មួយ​នឹង​គ្រិស្ត ហើយ​ក្លិន​ក្រអូប​នៃ​ចំណេះ​អំពី​ព្រះ​បាន​សាយភាយ​ដល់​គ្រប់​ទី​កន្លែង​តាម​រយៈ​យើង! ១៥  ព្រោះ​ចំពោះ​ព្រះ យើង​ជា​ក្លិន​ក្រអូប​នៃ​ដំណឹង​អំពី​គ្រិស្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ និង​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស។ ១៦  ចំពោះ​ពួក​អ្នក​ដែល​កំពុង​វិនាស នោះ​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់+ តែ​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ នោះ​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ទៅ​ដល់​ជីវិត។ តើ​អ្នក​ណា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ច​ការ​ទាំង​នេះ? ១៧  យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​យើង​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ+ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​យើង​និយាយ​ដោយ​ចិត្ត​ស្មោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ចំពោះ​មុខ​ព្រះ និង​ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ។

កំណត់សម្គាល់

ឬ​«​កុំ​ឲ្យ​គាត់​ត្រូវ​លេប​បាត់​ដោយ​ការ​ព្រួយ​ចិត្ត​»​
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
ឬ​«​គម្រោង​ការ​»​