សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ៤:១-១៨
៤ ហេតុនេះ ដោយសារយើងមានកិច្ចបម្រើនេះតាមរយៈសេចក្ដីមេត្តាករុណាដែលបានត្រូវបង្ហាញចំពោះយើង នោះយើងមិនឈប់តស៊ូទេ។
២ ប៉ុន្តែ យើងបានលះចោលអំពើលួចលាក់ដែលគួរឲ្យអៀនខ្មាស ហើយមិនប្រព្រឹត្តដោយកិច្ចកល ឬដោយបំប្លែងបណ្ដាំរបស់ព្រះឡើយ។+ ប៉ុន្តែ នៅចំពោះមុខព្រះ យើងធ្វើឲ្យមនុស្សទាំងឡាយស្គាល់សេចក្ដីពិត ដោយទុកគំរូល្អដល់ពួកគេ។*+
៣ ប្រសិនបើដំណឹងល្អដែលយើងប្រកាសបានត្រូវគ្របបាំង* នោះគឺបានត្រូវគ្របបាំងក្នុងចំណោមពួកអ្នកដែលកំពុងវិនាស។
៤ ក្នុងករណីអ្នកទាំងនោះ ព្រះនៃរបៀបរបបពិភពលោក*នេះ+បានធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត+ ដើម្បីកុំឲ្យពួកគេទទួលពន្លឺនៃដំណឹងល្អដ៏រុងរឿងអំពីគ្រិស្តដែលបង្ហាញឲ្យយើងស្គាល់ព្រះ។+
៥ ព្រោះយើងមិនផ្សព្វផ្សាយអំពីខ្លួនយើងទេ តែយើងផ្សព្វផ្សាយអំពីលោកយេស៊ូគ្រិស្តថា លោកជាម្ចាស់ ហើយថាយើងជាខ្ញុំបម្រើរបស់អ្នករាល់គ្នាដើម្បីលោកយេស៊ូ។
៦ ព្រោះគឺជាព្រះដែលមានប្រសាសន៍ថា៖ «ចូរឲ្យពន្លឺភ្លឺចេញពីភាពងងឹត»+ ហើយតាមរយៈផ្ទៃមុខរបស់គ្រិស្ត ព្រះបានចែងចាំងមកលើចិត្តយើង+ ដើម្បីបំភ្លឺចិត្តយើងដោយចំណេះដ៏រុងរឿងអំពីព្រះ។
៧ ក៏ប៉ុន្តែ យើងមានទ្រព្យវិសេសនេះ+ក្នុងភាជនៈដី*+ ដើម្បីសឲ្យឃើញថា ឫទ្ធានុភាពដែលលើសពីធម្មតាបានមកពីព្រះ មិនមែនមកពីយើងទេ។+
៨ យើងត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក តែមិនមែនដោយរើមិនរួចឡើយ យើងទាល់គំនិត តែមិនមែនទាល់ច្រកទេ។*+
៩ យើងត្រូវគេបៀតបៀន តែមិនបានត្រូវបោះបង់ចោលឡើយ+ យើងត្រូវគេផ្ដួលដល់ដី តែមិនត្រូវគេបំផ្លាញទេ។+
១០ ទោះជាយើងទៅកន្លែងណាក៏ដោយ យើងត្រូវស៊ូទ្រាំទុក្ខវេទនាដ៏ធ្ងន់ធ្ងរ* ដូចដែលលោកយេស៊ូបានរងទុក្ខដែរ។+ នេះគឺដើម្បីឲ្យជីវិតរបស់លោកយេស៊ូបានត្រូវសឲ្យឃើញក្នុងរូបកាយរបស់យើង។
១១ ព្រោះយើងដែលនៅរស់ តែងតែប្រឈមមុខនឹងសេចក្ដីស្លាប់+ដើម្បីលោកយេស៊ូ ដើម្បីឲ្យជីវិតរបស់លោកយេស៊ូត្រូវសឲ្យឃើញក្នុងយើង។*
១២ ដូច្នេះ សេចក្ដីស្លាប់កំពុងមានសកម្មភាពក្នុងយើង តែជីវិតកំពុងមានសកម្មភាពក្នុងអ្នករាល់គ្នា។
១៣ នេះជាអ្វីដែលបទគម្ពីរចែងថា៖ «ខ្ញុំមានជំនឿ ដូច្នេះខ្ញុំនិយាយ»។+ យើងក៏ដូចគ្នាដែរ យើងមានជំនឿ ដូច្នេះយើងនិយាយ។
១៤ ពីព្រោះយើងដឹងថា ព្រះបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ នោះលោកក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដូចប្រោសលោកយេស៊ូដែរ ហើយព្រះនឹងប្រគល់យើងនិងអ្នករាល់គ្នាទៅលោកយេស៊ូ។+
១៥ ព្រោះអ្វីៗទាំងអស់នេះគឺដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍។ យ៉ាងនេះ គុណដ៏វិសេសលើសលប់នឹងមានកាន់តែច្រើនឡើងៗ ដោយសារមនុស្សជាច្រើនអរគុណព្រះ ដើម្បីឲ្យលោកទទួលការសរសើរតម្កើង។+
១៦ ហេតុនេះ យើងមិនឈប់តស៊ូឡើយ ទោះជារូបកាយរបស់យើងកំពុងខូចទៅក៏ដោយ តែចិត្ត*របស់យើងទទួលកម្លាំងជាថ្មីរាល់ថ្ងៃជានិច្ច។
១៧ ព្រោះទោះជាសេចក្ដីវេទនា*ដែលយើងជួបប្រទះមានតែមួយរយៈពេលខ្លី ហើយស្រាលក៏ដោយ សេចក្ដីវេទនានោះនាំឲ្យយើងទទួលសិរីរុងរឿងដែលកាន់តែឧត្ដុង្គឧត្ដម និងដែលស្ថិតស្ថេរជារៀងរហូត។+
១៨ នៅពេលជាមួយគ្នានោះដែរ យើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមើលមិនឃើញ មិនមែនលើអ្វីដែលយើងមើលឃើញនោះទេ។+ ព្រោះអ្វីដែលយើងមើលឃើញ គឺគ្រាន់តែបណ្ដោះអាសន្ន តែអ្វីដែលយើងមើលមិនឃើញ នោះស្ថិតស្ថេរជារៀងរហូត។
កំណត់សម្គាល់
^ ន័យត្រង់«ដោយគិតដល់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេ»
^ ឬ«គ្របបាំងដោយស្បៃ»
^ ឬ«យុគសម័យ»។ មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
^ ឬ«ក្នុងក្អមធ្វើពីដីឥដ្ឋ»
^ ឬប្រហែលជាមានន័យថា«មិនមែនអស់សង្ឃឹមទេ»
^ ឬ«ទុក្ខវេទនាដែលអាចនាំឲ្យបាត់បង់ជីវិត»
^ ន័យត្រង់«ក្នុងរូបកាយរបស់យើង»
^ នេះរួមបញ្ចូលលក្ខណៈសម្បត្តិនិងចិត្តគោរពកោតខ្លាចព្រះ
^ ឬ«ការល្បងល»