ច្បាប់លេវី ១៧:១-១៦
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ថែមទៀតទៅកាន់ម៉ូសេថា៖
២ «ចូរប្រាប់អេរ៉ុន និងកូនប្រុសៗរបស់គាត់ ព្រមទាំងបណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ ‹ព្រះយេហូវ៉ាបានបង្គាប់ដូចតទៅ៖
៣ «‹«បើជនជាតិអ៊ីស្រាអែលណាម្នាក់សម្លាប់គោឈ្មោល ចៀមឈ្មោល ឬពពែ ទោះជានៅក្នុងឬក្រៅជំរំក្ដី
៤ អ្នកនោះនឹងមានទោស ហើយត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិរបស់ខ្លួន ព្រោះគាត់មិនបានសម្លាប់សត្វដើម្បីជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា នៅត្រង់ច្រកចូលត្រសាលជំនុំរបស់ព្រះយេហូវ៉ា។
៥ បង្គាប់នេះគឺដើម្បីកុំឲ្យបណ្ដាជនអ៊ីស្រាអែលជូនគ្រឿងបូជានៅឯវាលទៀត តែត្រូវយកមកជូនព្រះយេហូវ៉ាតាមរយៈសង្ឃនៅត្រង់ច្រកចូលត្រសាលជំនុំវិញ។ ពួកគេត្រូវជូនគ្រឿងបូជាទាំងនេះទុកជាគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា។+
៦ សង្ឃត្រូវយកឈាមសត្វនៃគ្រឿងបូជាទៅប្រោះលើទីបូជារបស់ព្រះយេហូវ៉ាត្រង់ច្រកចូលត្រសាលជំនុំ ហើយយកខ្លាញ់ទៅដុតលើទីបូជាឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*+
៧ ពួកគេត្រូវឈប់ប្រព្រឹត្តខុសឆ្គងតទៅទៀត+ ដោយជូនគ្រឿងបូជាដល់រូបព្រះដែលមានរាងដូចពពែ។+ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាបតរៀងទៅ»›។
៨ «អ្នកត្រូវប្រាប់ពួកគេថា៖ ‹បើជនជាតិអ៊ីស្រាអែលឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ជូនគ្រឿងបូជាដុតឬគ្រឿងបូជាណាមួយ
៩ ក្រៅពីជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ានៅត្រង់ច្រកចូលត្រសាលជំនុំ អ្នកនោះនឹងត្រូវកាត់ចេញ*ពីចំណោមបណ្ដាជន។+
១០ «‹បើជនជាតិអ៊ីស្រាអែលឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាបរិភោគឈាម+ នោះខ្ញុំនឹងមិនទទួលស្គាល់អ្នកនោះជាដាច់ខាត ហើយខ្ញុំនឹងកាត់អ្នកនោះចេញ*ពីចំណោមបណ្ដាជន។
១១ ព្រោះជីវិតទាំងឡាយគឺនៅក្នុងឈាម+ ហើយខ្ញុំអនុញ្ញាតឲ្យប្រើឈាមនៅលើទីបូជា+ សម្រាប់ជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។ ឈាមជាអ្វីដែលជម្រះភាពខុសឆ្គង+ ព្រោះជីវិតនៅក្នុងឈាម។
១២ ហេតុនេះហើយបានជាខ្ញុំបង្គាប់បណ្ដាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគឈាមជាដាច់ខាត ហើយជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា+ ក៏មិនត្រូវបរិភោគឈាមដែរ»។+
១៣ «‹បើជនជាតិអ៊ីស្រាអែលឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា បរបាញ់បានសត្វព្រៃឬសត្វស្លាបណាមួយដែលអាចបរិភោគបាន អ្នកនោះត្រូវបង្ហូរឈាមវា+ រួចយកដីមកលុបមុននឹងយកសត្វនោះទៅបរិភោគ។
១៤ ព្រោះជីវិតទាំងឡាយគឺនៅក្នុងឈាម។ ហេតុនេះហើយបានជាខ្ញុំបង្គាប់បណ្ដាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគឈាមជាដាច់ខាត ព្រោះជីវិតទាំងឡាយគឺនៅក្នុងឈាម។ អ្នកណាដែលបរិភោគឈាម អ្នកនោះនឹងត្រូវកាត់ចេញ»។*+
១៥ បើអ្នកស្រុកឬជនបរទេសណាម្នាក់បរិភោគសាច់សត្វដែលងាប់ឯង ឬសាច់សត្វណាដែលសត្វសាហាវហែកស៊ី+ អ្នកនោះត្រូវបោកសម្លៀកបំពាក់ ងូតទឹកសម្អាតខ្លួន ហើយនៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ ក្រោយមក គាត់នឹងទៅជាស្អាតបរិសុទ្ធ។
១៦ ប៉ុន្តែ បើគាត់មិនបោកសម្លៀកបំពាក់ ងូតទឹកសម្អាតខ្លួនទេ នោះគាត់នឹងទទួលទោសចំពោះកំហុសរបស់ខ្លួនជាមិនខាន›»។+
កំណត់សម្គាល់
^ ឬ«ត្រូវស្លាប់»
^ ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
^ ឬ«អ្នកនោះនឹងត្រូវស្លាប់»
^ ឬ«ខ្ញុំនឹងប្រហារអ្នកនោះ»
^ ឬ«អ្នកនោះនឹងត្រូវស្លាប់»