ច្បាប់លេវី ២១:១-២៤
២១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ «ចូរទៅប្រាប់ពួកសង្ឃជាកូនចៅអេរ៉ុនថា៖ ‹អ្នករាល់គ្នាជាសង្ឃមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារសាកសពអ្នកណាម្នាក់ក្នុងចំណោមជនរួមជាតិខ្លួនឡើយ+
២ លើកលែងតែសាច់ញាតិជិត ដូចជាឪពុក ម្ដាយ កូនប្រុស កូនស្រី បងប្រុស ឬប្អូនប្រុស
៣ ព្រមទាំងបងស្រីឬប្អូនស្រីនៅក្រមុំបរិសុទ្ធនិងនៅជិត ហើយមិនទាន់រៀបការ។
៤ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធនិងស្មោកគ្រោក ដោយសារសាកសពស្ត្រីដែលមានប្ដីក្នុងចំណោមជនរួមជាតិខ្លួននោះទេ។
៥ អ្នករាល់គ្នាមិនត្រូវកោរសក់+ កាត់តម្រឹមពុកចង្កា ឬឆូតសាច់ខ្លួនឡើយ។+
៦ អ្នករាល់គ្នាត្រូវតែបរិសុទ្ធចំពោះព្រះរបស់អ្នករាល់គ្នា+ ហើយមិនត្រូវធ្វើឲ្យនាមរបស់ព្រះនៃអ្នករាល់គ្នាអាប់ឱនឡើយ+ ព្រោះអ្នករាល់គ្នាជាអ្នកដុតគ្រឿងបូជាជូនព្រះយេហូវ៉ា ដែលជាអាហារ*របស់លោក។ ដូច្នេះ អ្នករាល់គ្នាត្រូវតែបរិសុទ្ធ។+
៧ អ្នករាល់គ្នាមិនត្រូវរៀបការជាមួយនឹងស្ត្រីពេស្យា+ ស្ត្រីដែលបាត់បង់ភាពបរិសុទ្ធ ឬស្ត្រីប្ដីលែងឡើយ+ ព្រោះសង្ឃត្រូវតែបរិសុទ្ធនៅចំពោះព្រះ។
៨ ឯអ្នករាល់គ្នាជាបណ្ដាជនអ៊ីស្រាអែលវិញ អ្នករាល់គ្នាត្រូវចាត់ទុកសង្ឃជាបរិសុទ្ធ+ ព្រោះគាត់ជាអ្នកជូនអាហារ*ដល់ព្រះ។ គាត់ត្រូវតែបរិសុទ្ធចំពោះអ្នករាល់គ្នា ព្រោះខ្ញុំបរិសុទ្ធ ខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។+
៩ «‹បើកូនស្រីរបស់សង្ឃធ្វើឲ្យខ្លួនស្មោកគ្រោកដោយប្រព្រឹត្តអំពើពេស្យាចារ នាងធ្វើឲ្យឪពុកអាប់ឱនកិត្តិយសហើយ។ នាងនឹងត្រូវគេសម្លាប់ ហើយដុតចោល។+
១០ «‹ឯសង្ឃដែលបានត្រូវជ្រើសរើសពីចំណោមបងប្អូនគាត់ ហើយដែលបានត្រូវចាក់ប្រេងតែងតាំង+ឲ្យបំពេញតួនាទីជាសម្ដេចសង្ឃនិងឲ្យស្លៀកសម្លៀកបំពាក់បរិសុទ្ធ+ គាត់មិនត្រូវទុកសក់ឲ្យគ្មានរបៀប ហើយក៏មិនត្រូវហែកសម្លៀកបំពាក់ខ្លួនឡើយ។+
១១ គាត់មិនត្រូវចូលទៅជិតសាកសពណាមួយឡើយ+ សូម្បីតែសាកសពឪពុកឬម្ដាយក៏គាត់មិនត្រូវចូលទៅជិតដែរ ដើម្បីកុំឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ។
១២ គាត់មិនត្រូវចេញពីកន្លែងបរិសុទ្ធ ហើយមិនត្រូវធ្វើឲ្យកន្លែងបរិសុទ្ធរបស់ព្រះនៃគាត់អាប់ឱនឡើយ+ ព្រោះគាត់បានទទួលការចាក់ប្រេងតែងតាំងពីព្រះ+ ដែលជាសញ្ញាសម្គាល់នៃការប្រគល់ខ្លួន។ ខ្ញុំគឺយេហូវ៉ា។
១៣ «‹គាត់ត្រូវយកស្ត្រីក្រមុំបរិសុទ្ធធ្វើជាប្រពន្ធ។+
១៤ គាត់មិនត្រូវរៀបការជាមួយនឹងស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីដែលបាត់បង់ភាពបរិសុទ្ធ ឬស្ត្រីពេស្យាឡើយ។ ប៉ុន្តែ គាត់ត្រូវរៀបការជាមួយនឹងស្ត្រីក្រមុំបរិសុទ្ធពីចំណោមជនរួមជាតិរបស់គាត់។
១៥ គាត់មិនត្រូវធ្វើឲ្យកូនចៅខ្លួនទៅជាមិនស្អាតបរិសុទ្ធនៅក្នុងចំណោមជនរួមជាតិគាត់ឡើយ+ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំជាអ្នកញែកគាត់ជាបរិសុទ្ធ›»។
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
១៧ «ចូរប្រាប់អេរ៉ុនថា៖ ‹កុំឲ្យកូនចៅរបស់អ្នកគ្រប់ជំនាន់ ដែលមានកាយសម្បទាមិនពេញលក្ខណៈ ចូលទៅជូនគ្រឿងបូជាដល់ព្រះរបស់ខ្លួនឡើយ។
១៨ បើអ្នកណាម្នាក់មានកាយសម្បទាមិនពេញលក្ខណៈ គាត់មិនអាចចូលទៅជូនគ្រឿងបូជាបានទេ ដូចជាអ្នកងងឹតភ្នែក ពិការជើង ច្រមុះឆែប ដៃជើងមិនស្មើគ្នា
១៩ អ្នកបាក់ដៃបាក់ជើង
២០ អ្នកគមខ្នង អ្នកតឿ* អ្នកមានជំងឺភ្នែក ជំងឺសើស្បែក កើតស្រែង ឬខូចប្រដាប់បន្តពូជ។+
២១ ដូច្នេះ មិនត្រូវឲ្យកូនចៅអេរ៉ុនជាសង្ឃណាម្នាក់ដែលមានកាយសម្បទាខុសប្រក្រតី ចូលទៅដុតគ្រឿងបូជាជូនព្រះយេហូវ៉ាឡើយ លុះត្រាតែគាត់មានកាយសម្បទាពេញលក្ខណៈ។
២២ គាត់អាចបរិភោគគ្រឿងបូជារបស់ព្រះបាន គឺពីអ្វីដែលបរិសុទ្ធ+ និងពីអ្វីដែលបរិសុទ្ធបំផុត។+
២៣ ប៉ុន្តែ គាត់មិនអាចចូលទៅជិតវាំងនន+និងទីបូជាបានទេ+ ព្រោះគាត់មានកាយសម្បទាមិនពេញលក្ខណៈ។ គាត់មិនត្រូវធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំអាប់ឱនឡើយ+ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំជាអ្នកញែកពួកគេឲ្យបានបរិសុទ្ធ›»។+
២៤ ដូច្នេះ ម៉ូសេក៏ប្រាប់អ្វីទាំងនេះដល់អេរ៉ុននិងកូនប្រុសៗរបស់អេរ៉ុន ព្រមទាំងបណ្ដាជនអ៊ីស្រាអែលទាំងអស់។
កំណត់សម្គាល់
^ ន័យត្រង់«នំប៉័ង»។ នេះសំដៅលើគ្រឿងបូជា
^ ន័យត្រង់«នំប៉័ង»
^ ឬប្រហែលជាមានន័យថា«ស្គមស្គាំង»