ច្បាប់លេវី ២២:១-៣៣
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ថែមទៀតទៅកាន់ម៉ូសេថា៖
២ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ឲ្យប្រុងប្រយ័ត្នក្នុងការជូនគ្រឿងបូជាបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលបានយកមកឲ្យខ្ញុំ+ ដើម្បីមិនធ្វើឲ្យនាមបរិសុទ្ធរបស់ខ្ញុំអាប់ឱនឡើយ។+ ខ្ញុំគឺយេហូវ៉ា។
៣ ចូរប្រាប់ពួកគាត់ថា៖ ‹នៅគ្រប់ជំនាន់តទៅ កុំឲ្យកូនចៅណាម្នាក់របស់អ្នករាល់គ្នាដែលមិនស្អាតបរិសុទ្ធ ចូលទៅជិតគ្រឿងបូជាបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលបានញែកទុកជូនព្រះយេហូវ៉ានោះឡើយ។ បើអ្នកណាចូលទៅជិត អ្នកនោះត្រូវស្លាប់ជាមិនខាន។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
៤ បើកូនចៅអេរ៉ុនណាម្នាក់ កើតជំងឺឃ្លង់+ ឬហូរខ្ទុះ+ អ្នកនោះមិនអាចបរិភោគអ្វីដែលបរិសុទ្ធបានឡើយ ទាល់តែគាត់បានស្អាតបរិសុទ្ធសិន។+ បើគាត់ចេញទឹកកាម+ ឬប៉ះអ្នកណាម្នាក់ដែលមិនស្អាតបរិសុទ្ធដោយសារអ្នកនោះប៉ះសាកសព+ នោះគាត់ក៏មិនអាចបរិភោគបានដែរ។
៥ បើគាត់ប៉ះសត្វល្អិតដែលមិនស្អាតបរិសុទ្ធ+ ឬប៉ះបុគ្គលណាម្នាក់ដែលមិនស្អាតបរិសុទ្ធដោយមូលហេតុណាមួយ ដែលអាចធ្វើឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ+
៦ នោះគាត់នឹងនៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ គាត់មិនអាចបរិភោគអ្វីដែលបរិសុទ្ធបានទេ ហើយគាត់ត្រូវងូតទឹកសម្អាតខ្លួន។+
៧ ក្រោយថ្ងៃលិច គាត់នឹងបានស្អាតបរិសុទ្ធ ហើយអាចបរិភោគចំណែកខ្លះពីអ្វីដែលបរិសុទ្ធបាន ព្រោះនោះជាអាហាររបស់គាត់។+
៨ បន្ថែមទៀត គាត់មិនត្រូវបរិភោគសត្វដែលងាប់ឯង ឬសត្វដែលត្រូវសត្វសាហាវហែកស៊ីនោះឡើយ ព្រោះនោះនឹងនាំឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ។+ ខ្ញុំគឺយេហូវ៉ា។
៩ «‹ពួកគេត្រូវធ្វើតាមបង្គាប់របស់ខ្ញុំ ដើម្បីកុំឲ្យពួកគេធ្វើខុសឆ្គង ហើយត្រូវស្លាប់ព្រោះតែពួកគេធ្វើឲ្យអ្វីដែលបរិសុទ្ធទៅជាអាប់ឱន។ ខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកពួកគេជាបរិសុទ្ធ។
១០ «‹ឯអ្នកផ្សេងដែលគ្មានសិទ្ធិ* ឬជនបរទេសដែលជាភ្ញៀវរបស់សង្ឃ ឬកម្មករដែលគេជួល អ្នកទាំងនោះមិនអាចបរិភោគអ្វីដែលបរិសុទ្ធបានឡើយ។+
១១ ប៉ុន្តែ អ្នកដែលសង្ឃបានទិញដោយប្រាក់ និងពួកអ្នកបម្រើដែលកើតក្នុងផ្ទះរបស់គាត់អាចបរិភោគអាហារទាំងនោះបាន។+
១២ បើកូនស្រីរបស់សង្ឃរៀបការជាមួយនឹងអ្នកណាម្នាក់ដែលមិនមែនជាសង្ឃ នាងមិនអាចបរិភោគចំណែកពីអ្វីដែលបរិសុទ្ធនោះបានទេ។
១៣ ប៉ុន្តែ បើកូនស្រីនោះលែងលះគ្នាឬទៅជាមេម៉ាយទាំងគ្មានកូន ហើយត្រឡប់មកផ្ទះរបស់ឪពុកនាងវិញដូចកាលដែលនាងនៅក្មេង នោះនាងអាចបរិភោគចំណែកពីអាហាររបស់ឪពុកបាន។+ ប៉ុន្តែ អ្នកផ្សេងដែលគ្មានសិទ្ធិ មិនអាចបរិភោគបានឡើយ។
១៤ «‹បើអ្នកណាម្នាក់ច្រឡំបរិភោគអ្វីដែលបរិសុទ្ធ អ្នកនោះត្រូវថែម១ភាគ៥ពីលើតម្លៃអ្វីនោះ ហើយជូនគ្រឿងបូជាបរិសុទ្ធដល់សង្ឃ។+
១៥ ពួកសង្ឃមិនត្រូវធ្វើឲ្យគ្រឿងបូជាបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលជូនព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ។+
១៦ ពួកគេមិនត្រូវធ្វើឲ្យបណ្ដាជនមានទោសដោយសារតែការបរិភោគគ្រឿងបូជាបរិសុទ្ធឡើយ។ ព្រោះខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកពួកគេជាបរិសុទ្ធ›»។
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
១៨ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ ព្រមទាំងបណ្ដាជនអ៊ីស្រាអែលថា៖ ‹បើជនជាតិអ៊ីស្រាអែលឬជនបរទេសណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា យកគ្រឿងបូជាដុត+ទៅជូនព្រះយេហូវ៉ាដើម្បីលាសម្បថឬជូនជាគ្រឿងបូជាស្ម័គ្រពីចិត្ត+
១៩ នោះគាត់ត្រូវជូនសត្វឈ្មោលដែលល្អឥតខ្ចោះ+ពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែ ដើម្បីទទួលការពេញចិត្តពីព្រះ។
២០ អ្នករាល់គ្នាមិនត្រូវជូនសត្វណាដែលមានកាយសម្បទាមិនពេញលក្ខណៈឡើយ+ ព្រោះព្រះមិនពេញចិត្តនឹងគ្រឿងបូជាបែបនោះទេ។
២១ «‹បើអ្នកណាម្នាក់ជូនគ្រឿងបូជានៃមេត្រីភាព+ដល់ព្រះយេហូវ៉ាដើម្បីលាសម្បថ ឬដើម្បីជូនជាគ្រឿងបូជាស្ម័គ្រពីចិត្ត អ្នកនោះត្រូវជូនសត្វដែលល្អឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែ ដើម្បីទទួលការពេញចិត្តពីព្រះ។ ប៉ុន្តែ មិនត្រូវជូនសត្វណាដែលមានកាយសម្បទាមិនពេញលក្ខណៈឡើយ
២២ ដូចជាសត្វដែលខ្វាក់ភ្នែក បាក់ឆ្អឹង មានរបួស ឬជំងឺសើស្បែក កើតឫស ឬកើតស្រែងជាដើម។ អ្នករាល់គ្នាមិនត្រូវយកសត្វបែបនោះមកជូនព្រះយេហូវ៉ា ឬដុតជាគ្រឿងបូជានៅលើទីបូជារបស់ព្រះយេហូវ៉ាជាដាច់ខាត។
២៣ ឯគោឈ្មោលឬចៀមដែលមានជើងម្ខាងវែងពេកឬខ្លីពេក អ្នករាល់គ្នាអាចជូនជាគ្រឿងបូជាស្ម័គ្រពីចិត្តបាន តែមិនអាចជូនជាគ្រឿងបូជាលាសម្បថទេ ព្រោះព្រះមិនពេញចិត្តគ្រឿងបូជាបែបនោះឡើយ។
២៤ អ្នករាល់គ្នាមិនត្រូវជូនព្រះយេហូវ៉ានូវសត្វដែលមានពងខូច ឬបែក ឬគ្រៀវឡើយ។ អ្នករាល់គ្នាមិនត្រូវជូនសត្វបែបនេះនៅក្នុងស្រុកអ្នករាល់គ្នាជាដាច់ខាត។
២៥ អ្នករាល់គ្នាមិនត្រូវទទួលសត្វទាំងនោះពីជនបរទេស មកជូនជាគ្រឿងបូជាដល់ព្រះរបស់អ្នករាល់គ្នាឡើយ ព្រោះសត្វទាំងនោះមិនល្អឥតខ្ចោះ ហើយមិនពេញលក្ខណៈ។ ព្រះនឹងមិនទទួលសត្វទាំងនោះពីអ្នករាល់គ្នាទេ›»។
២៦ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
២៧ «ពេលគោឈ្មោលឬចៀមឈ្មោលឬកូនពពែកើតមក ត្រូវឲ្យវានៅជាមួយនឹងមេវាអស់រយៈពេល៧ថ្ងៃ+ តែចាប់ពីថ្ងៃទី៨ឡើងទៅ អ្នករាល់គ្នាអាចយកវាទៅដុតជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាបាន។ លោកនឹងពេញចិត្តគ្រឿងបូជានោះ។
២៨ អ្នករាល់គ្នាមិនត្រូវសម្លាប់គោឬចៀមទាំងមេទាំងកូន នៅថ្ងៃតែមួយឡើយ។+
២៩ «បើអ្នករាល់គ្នាជូនគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ អ្នករាល់គ្នាត្រូវជូនតាមរបៀបដែលព្រះពេញចិត្ត។
៣០ អ្នករាល់គ្នាត្រូវបរិភោគគ្រឿងបូជានៅថ្ងៃនោះតែម្ដង មិនត្រូវទុកដល់ព្រឹកស្អែកឡើយ។+ ខ្ញុំគឺយេហូវ៉ា។
៣១ «អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងបញ្ញត្តិរបស់ខ្ញុំ។+ ខ្ញុំគឺយេហូវ៉ា។
៣២ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យនាមបរិសុទ្ធរបស់ខ្ញុំអាប់ឱនឡើយ។+ បណ្ដាជនអ៊ីស្រាអែលត្រូវគោរពខ្ញុំ។*+ ខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ+
៣៣ ហើយជាអ្នកដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបដើម្បីបង្ហាញថាខ្ញុំជាព្រះនៃអ្នករាល់គ្នា។+ ខ្ញុំគឺយេហូវ៉ា»។
កំណត់សម្គាល់
^ ន័យត្រង់«អ្នកដទៃ»។ នេះសំដៅលើអ្នកដែលមិនមែនមកពីក្រុមគ្រួសារអេរ៉ុន
^ ន័យត្រង់«ត្រូវញែកខ្ញុំជាបរិសុទ្ធ»