ច្បាប់លេវី ៨:១-៣៦
-
ការតែងតាំងពួកសង្ឃដែលជាកូនចៅអេរ៉ុន (១-៣៦)
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
២ «ចូរនាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មក+ ហើយយកសម្លៀកបំពាក់+ និងប្រេងសម្រាប់ចាក់តែងតាំង+ គោឈ្មោលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ចៀមឈ្មោលពីរ និងកញ្ជើដែលមាននំឥតដំបែ។+
៣ រួចត្រូវប្រមូលបណ្ដាជនទាំងអស់ឲ្យមកជួបជុំគ្នានៅត្រង់ច្រកចូលត្រសាលជំនុំ»។
៤ បន្ទាប់មក ម៉ូសេបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ហើយប្រមូលបណ្ដាជនទាំងអស់ឲ្យមកជួបជុំគ្នានៅត្រង់ច្រកចូលត្រសាលជំនុំ។
៥ រួចម៉ូសេបានប្រាប់ពួកគេថា៖ «នេះជាអ្វីដែលព្រះយេហូវ៉ាបង្គាប់ឲ្យយើងធ្វើ»។
៦ ដូច្នេះ ម៉ូសេបាននាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មក ហើយលាងជម្រះកាយពួកគាត់។*+
៧ បន្ទាប់មក ម៉ូសេយកអាវវែងមកបំពាក់ឲ្យអេរ៉ុន+ ហើយយកខ្សែក្រវាត់មកក្រវាត់ចង្កេះគាត់។+ រួចគាត់យកអាវវែងអត់ដៃមកបំពាក់ឲ្យអេរ៉ុន+ ហើយបំពាក់អាវអេផូឌ+ពីលើ រួចចងខ្សែក្រវាត់អេផូឌ។+
៨ រួចមក ម៉ូសេយកប្រដាប់បាំងទ្រូង+មកបំពាក់ឲ្យអេរ៉ុន ហើយដាក់យូរីមនិងធូមីម+នៅខាងក្នុងនោះ។
៩ បន្ទាប់មក ម៉ូសេយកឈ្នួត+មកបំពាក់លើក្បាលអេរ៉ុន ហើយយកស្លាកមាសដែលខាត់យ៉ាងភ្លឺ ជាស្លាកសញ្ញាបរិសុទ្ធ*+មកចងលើឈ្នួតនោះ ដូចព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
១០ ក្រោយនោះ ម៉ូសេបានយកប្រេងសម្រាប់ចាក់តែងតាំង ទៅចាក់លើត្រសាលជំនុំនិងប្រដាប់ប្រដាទាំងអស់ដែលនៅក្នុងនោះ+ ដើម្បីញែកអ្វីទាំងនោះជាបរិសុទ្ធ។
១១ បន្ទាប់មក គាត់យកប្រេងនោះទៅប្រោះលើទីបូជាអស់៧ដង ហើយប្រោះលើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់នៅទីបូជា ព្រមទាំងអាងទឹកនិងជើងទ្រ ដើម្បីញែកអ្វីទាំងនោះជាបរិសុទ្ធ។
១២ រួចមក ម៉ូសេចាក់ប្រេងនោះលើក្បាលអេរ៉ុនដើម្បីតែងតាំងគាត់។ យ៉ាងនេះ អេរ៉ុនបានត្រូវញែកជាបរិសុទ្ធ។+
១៣ បន្ទាប់ពីនោះ ម៉ូសេបាននាំកូនប្រុសៗរបស់អេរ៉ុនមក ហើយបំពាក់អាវវែងឲ្យពួកគាត់ រួចយកខ្សែក្រវាត់មកក្រវាត់ចង្កេះ ថែមទាំងយកមួកមកបំពាក់លើក្បាលពួកគាត់+ ដូចព្រះយេហូវ៉ាបានបង្គាប់។
១៤ ក្រោយមក ម៉ូសេបានយកគោឈ្មោលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងមក ហើយអេរ៉ុននិងកូនប្រុសៗរបស់គាត់ដាក់ដៃលើក្បាលគោនោះ។+
១៥ បន្ទាប់មក ម៉ូសេសម្លាប់គោនោះ ហើយជ្រលក់ចុងម្រាមដៃក្នុងឈាមវា+ រួចយកទៅលាបលើស្នែងទីបូជា ដើម្បីជម្រះទីបូជាឲ្យបរិសុទ្ធ។* ឯឈាមដែលនៅសល់ គាត់យកទៅចាក់នៅជើងទីបូជា។ យ៉ាងនេះ ម៉ូសេញែកទីបូជាជាបរិសុទ្ធសម្រាប់ជម្រះភាពខុសឆ្គង។
១៦ ក្រោយពីនោះ ម៉ូសេយកខ្លាញ់ដែលនៅជាប់នឹងពោះវៀន ខ្លាញ់ដែលស្រោបថ្លើម ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ទៅដុតលើទីបូជាឲ្យផ្សែងហុយឡើង។+
១៧ ឯផ្នែកដែលនៅសល់ ដូចជាស្បែក សាច់ និងលាមក គាត់ឲ្យគេយកទៅដុតនៅខាងក្រៅជំរំ+ ដូចព្រះយេហូវ៉ាបានបង្គាប់។
១៨ បន្ទាប់មក ម៉ូសេបានយកចៀមឈ្មោលសម្រាប់ជូនជាគ្រឿងបូជាដុតមក ហើយអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+
១៩ រួចម៉ូសេសម្លាប់ចៀមនោះ ហើយយកឈាមវាទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។
២០ គាត់ក៏កាប់ចៀមនោះជាដុំៗ ហើយយកក្បាល ដុំសាច់ និងខ្លាញ់* ទៅដុតឲ្យផ្សែងហុយឡើង។
២១ រួចគាត់យកទឹកមកលាងពោះវៀន និងជើងរបស់វា ហើយគាត់ដុតចៀមនោះទាំងមូលនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។* ម៉ូសេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។
២២ បន្ទាប់មក ម៉ូសេបានយកចៀមឈ្មោលមួយទៀតមក ដើម្បីជូនជាគ្រឿងបូជាសម្រាប់ការតែងតាំង+ ហើយអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+
២៣ រួចម៉ូសេសម្លាប់ចៀមនោះ ហើយយកឈាមវាទៅលាបលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អេរ៉ុន។
២៤ ក្រោយនោះ ម៉ូសេនាំកូនប្រុសៗរបស់អេរ៉ុនចូលមក ហើយយកឈាមចៀមនោះទៅលាបលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគាត់។ ឯឈាមដែលនៅសល់ ម៉ូសេយកទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។+
២៥ បន្ទាប់មក ម៉ូសេយកខ្លាញ់ទាំងអស់ គឺខ្លាញ់កន្ទុយ ខ្លាញ់ជាប់ពោះវៀន ខ្លាញ់ជាប់ថ្លើម តម្រងនោមទាំងពីរនិងខ្លាញ់ជុំវិញ ព្រមទាំងជើងស្ដាំរបស់សត្វនោះ។+
២៦ រួចគាត់យកនំឥតដំបែពីក្នុងកញ្ជើដែលនៅចំពោះព្រះយេហូវ៉ា គឺនំកងមួយ+ នំកងលាយប្រេងមួយ+ និងនំស្រួយមួយ ទៅដាក់លើខ្លាញ់និងជើងស្ដាំសត្វនោះ។
២៧ បន្ទាប់ពីនោះ ម៉ូសេដាក់របស់ទាំងនោះលើដៃអេរ៉ុននិងកូនប្រុសៗរបស់គាត់ ហើយលើករេចុះរេឡើងជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។
២៨ រួចម៉ូសេយកពីដៃពួកគាត់ ហើយដាក់លើគ្រឿងបូជាដុតនៅលើទីបូជា ដើម្បីដុតឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាសម្រាប់ការតែងតាំង ដែលដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*
២៩ រួចមក ម៉ូសេយកសាច់ទ្រូងមកលើករេចុះរេឡើងជាគ្រឿងបូជាសម្រាប់លើកចុះឡើង នៅចំពោះព្រះយេហូវ៉ា។+ សាច់ទ្រូងពីចៀមដែលត្រូវជូនជាគ្រឿងបូជាសម្រាប់ការតែងតាំងនោះ បានទៅជាចំណែករបស់ម៉ូសេ ដូចព្រះយេហូវ៉ាបានបង្គាប់។+
៣០ បន្ទាប់មក ម៉ូសេយកឈាមដែលនៅលើទីបូជានិងប្រេងសម្រាប់ចាក់តែងតាំង+ ទៅប្រោះលើអេរ៉ុននិងកូនប្រុសៗគាត់ ថែមទាំងលើសម្លៀកបំពាក់របស់ពួកគាត់ផងដែរ។ យ៉ាងនេះ ពួកគាត់និងសម្លៀកបំពាក់របស់ពួកគាត់បានទៅជាបរិសុទ្ធ។+
៣១ ក្រោយនោះ ម៉ូសេបានប្រាប់អេរ៉ុននិងកូនប្រុសៗគាត់ថា៖ «ចូរស្ងោរ+សាច់នៅត្រង់ច្រកចូលត្រសាលជំនុំ ហើយត្រូវបរិភោគនៅកន្លែងនោះ ជាមួយនឹងនំប៉័ងដែលនៅក្នុងកញ្ជើសម្រាប់ជូនជាគ្រឿងបូជាសម្រាប់ការតែងតាំង ព្រោះខ្ញុំបានទទួលបង្គាប់ថា៖ ‹អេរ៉ុននិងកូនប្រុសៗគាត់ត្រូវបរិភោគរបស់ទាំងនោះ›។+
៣២ ឯសាច់និងនំដែលនៅសល់ អ្នករាល់គ្នាត្រូវដុតចោល។+
៣៣ អ្នករាល់គ្នាត្រូវនៅក្បែរច្រកចូលត្រសាលជំនុំអស់រយៈពេល៧ថ្ងៃ ហើយមិនត្រូវចាកចេញមុនចប់ថ្ងៃទាំងនោះទេ ទាល់តែពិធីតែងតាំងអ្នករាល់គ្នាចប់សព្វគ្រប់សិន ព្រោះត្រូវការរយៈពេល៧ថ្ងៃដើម្បីតែងតាំងអ្នករាល់គ្នាជាសង្ឃ។+
៣៤ ព្រះយេហូវ៉ាបានបង្គាប់ឲ្យយើងធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីជម្រះភាពខុសឆ្គងឲ្យអ្នករាល់គ្នា។+
៣៥ អ្នករាល់គ្នាត្រូវនៅក្បែរច្រកចូលត្រសាលជំនុំទាំងយប់ទាំងថ្ងៃអស់រយៈពេល៧ថ្ងៃ+ ហើយបំពេញភារកិច្ចរបស់ខ្លួនជូនព្រះយេហូវ៉ា+ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវស្លាប់។ នេះជាបង្គាប់ដែលខ្ញុំបានទទួលពីលោក»។
៣៦ អេរ៉ុននិងកូនប្រុសៗរបស់គាត់បានធ្វើតាមបង្គាប់ទាំងអស់ដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ។
កំណត់សម្គាល់
^ ប្រហែលជាម៉ូសេប្រាប់ឲ្យពួកគាត់ងូតទឹកសម្អាតខ្លួន
^ ឬ«ស្លាកសញ្ញានៃការប្រគល់ខ្លួនជូនព្រះ»
^ ន័យត្រង់«ជម្រះទីបូជាពីភាពខុសឆ្គង»
^ ឬ«ខ្លាញ់ជុំវិញតម្រងនោម»
^ ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
^ ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»