ជំរឿនបណ្ដាជន ១៦:១-៥០
១៦ ឯកូរ៉ា+ជាកូនអ៊ីសហា+ ត្រូវជាចៅរបស់កូហាត+ មកពីកុលសម្ព័ន្ធលេវី+ គាត់បានចូលដៃជាមួយនឹងដាថាន អាបាយរ៉ាម និងអុន។ ចំណែកដាថាននិងអាបាយរ៉ាម ពួកគេជាកូនរបស់អេលាប+ ហើយអុនជាកូនរបស់ភេឡេត ពួកគេទាំងបីនាក់មកពីកុលសម្ព័ន្ធរូបេន។+
២ ពួកគេបានរួមដៃគ្នាប្រឆាំងនឹងម៉ូសេ ដោយមានពួកបុរសអ៊ីស្រាអែលចំនួន២៥០នាក់ចូលរួមប្រឆាំងដែរ។ ពួកគេជាមេដឹកនាំនិងជាតំណាងពួកជំនុំ ហើយជាអ្នកមានមុខមាត់។
៣ ពួកគេនាំគ្នានិយាយប្រឆាំង+ម៉ូសេនិងអេរ៉ុនថា៖ «យើងលែងទ្រាំនឹងអ្នកទាំងពីរទៀតហើយ! ពួកជំនុំទាំងមូលក៏បរិសុទ្ធ+ ហើយព្រះយេហូវ៉ាក៏នៅក្នុងចំណោមពួកគេដែរ។+ ហេតុអ្វីបានជាអ្នកទាំងពីរលើកតម្កើងខ្លួនខ្ពស់ជាងពួកជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»។
៤ ឮដូច្នោះ ម៉ូសេបានក្រាបមុខដល់ដី
៥ រួចនិយាយទៅកាន់កូរ៉ានិងពួកអ្នកគាំទ្រគាត់ថា៖ «នៅព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថាអ្នកណាជារបស់ផងលោក+ ព្រមទាំងអ្នកណាគឺបរិសុទ្ធ និងអ្នកណាត្រូវចូលទៅជិតលោក។+ អ្នកណាដែលលោកជ្រើសរើស+ គឺអ្នកនោះហើយដែលត្រូវចូលទៅជិតលោក។
៦ សូមធ្វើដូចតទៅនេះ៖ កូរ៉ានិងពួកអ្នកដែលគាំទ្រគាត់+ ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើងមក+
៧ ហើយដាក់ភ្លើងលើនោះ រួចដុតគ្រឿងក្រអូបពីលើ នៅចំពោះព្រះយេហូវ៉ានាថ្ងៃស្អែក។ អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើស+ គឺអ្នកនោះហើយដែលបរិសុទ្ធ។ ឱកូនចៅលេវីអើយ!+ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
៨ បន្ទាប់មក ម៉ូសេនិយាយទៅកាន់កូរ៉ាថា៖ «សូមស្ដាប់ ឱកូនចៅលេវីអើយ!
៩ ព្រះនៃជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាពីពួកជំនុំចេញជាបរិសុទ្ធ+ ហើយឲ្យអ្នករាល់គ្នាចូលទៅជិតលោកដើម្បីបំពេញកិច្ចបម្រើនៅត្រសាលជំនុំរបស់ព្រះយេហូវ៉ា ព្រមទាំងបម្រើបណ្ដាជន។ តើអ្នករាល់គ្នាគិតថានោះជាកិច្ចការតូចតាចឬ?+
១០ ឱកូនចៅលេវីអើយ! ការដែលលោកនាំអ្នករាល់គ្នាចូលមកជិតលោកជាមួយនឹងបងប្អូនទាំងអស់របស់អ្នករាល់គ្នា តើអ្នករាល់គ្នាស្មានថានោះជាការតូចពេកឬ បានជាចង់បានមុខងារជាសង្ឃថែមទៀត?+
១១ ហេតុនេះ អ្នកនិងពួកអ្នកគាំទ្រអ្នកកំពុងនាំគ្នាប្រឆាំងនឹងព្រះយេហូវ៉ាហើយ។ តើអេរ៉ុនជាអ្នកណាបានជាអ្នករអ៊ូរទាំទាស់នឹងគាត់ដូច្នេះ?»។+
១២ ក្រោយមក ម៉ូសេបានចាត់គេឲ្យទៅហៅដាថាននិងអាបាយរ៉ាម+ជាកូនអេលាប តែពួកគេបានឆ្លើយមកវិញថា៖ «យើងមិនព្រមទៅទេ!
១៣ ការដែលអ្នកនាំពួកយើងចេញពីស្រុកដែលសម្បូរទៅដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ ឲ្យមកស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះ+ តើនៅមិនទាន់គ្រប់គ្រាន់ទេឬ បានជាចង់ត្រួតត្រាលើពួកយើងថែមទៀត?
១៤ រហូតមកដល់ឥឡូវ អ្នកមិនបាននាំយើងចូលទៅក្នុងស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំទេ+ ហើយក៏មិនបានឲ្យយើងមានដីស្រែនិងចម្ការទំពាំងបាយជូរដែរ។ តើចង់ឲ្យពួកបុរសទាំងនេះតាមអ្នកដូចជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅជាដាច់ខាត!»។
១៥ ឮដូច្នេះ ម៉ូសេខឹងជាខ្លាំង ហើយជម្រាបព្រះយេហូវ៉ាថា៖ «សូមលោកកុំទទួលយកគ្រឿងបូជាពីស្រូវរបស់ពួកគេឡើយ។ ខ្ញុំមិនបានយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក្បាល ហើយខ្ញុំក៏មិនបានធ្វើបាបពួកគេណាម្នាក់ដែរ»។+
១៦ រួចមក ម៉ូសេបានប្រាប់កូរ៉ាថា៖ «ថ្ងៃស្អែក អ្នកនិងពួកអ្នកគាំទ្រអ្នក រួមទាំងអេរ៉ុនផង ចូរមកឯព្រះយេហូវ៉ា។
១៧ អ្នកនិងបុរស២៥០នាក់ ព្រមទាំងអេរ៉ុន ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើង ហើយដាក់គ្រឿងក្រអូបពីលើ រួចមកឈរនៅចំពោះព្រះយេហូវ៉ា»។
១៨ ដូច្នេះ ពួកគេកាន់ប្រដាប់ដាក់រងើកភ្លើង ទាំងមានភ្លើងនៅលើនោះ ហើយដាក់គ្រឿងក្រអូបពីលើ រួចនាំគ្នាទៅឈរនៅច្រកចូលត្រសាលជំនុំជាមួយម៉ូសេនិងអេរ៉ុន។
១៩ ពេលដែលកូរ៉ានិងពួកអ្នកគាំទ្រគាត់+ឈរនៅឯច្រកចូលត្រសាលជំនុំ នោះសិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកឲ្យពួកជំនុំទាំងមូលឃើញ។+
២០ ពេលនោះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនថា៖
២១ «ចូរញែកខ្លួនចេញពីក្រុមមនុស្សនេះទៅ ដើម្បីឲ្យខ្ញុំបំផ្លាញពួកគេចោលភ្លាមមួយរំពេច»។+
២២ ឮដូច្នេះ ពួកគាត់បានក្រាបមុខដល់ដីជម្រាបលោកថា៖ «ឱព្រះដែលផ្ដល់ជីវិតដល់មនុស្សទាំងឡាយអើយ!+ សូមលោកកុំខឹងនឹងពួកជំនុំទាំងមូល ដោយសារតែអំពើខុសឆ្គងរបស់មនុស្សម្នាក់នេះឡើយ»។+
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖
២៤ «ចូរប្រាប់ពួកជំនុំថា៖ ‹ចូរចេញឲ្យឆ្ងាយពីត្រសាលរបស់កូរ៉ា ដាថាន និងអាបាយរ៉ាមទៅ!›»។+
២៥ ក្រោយពីនោះ ម៉ូសេបានក្រោកឡើង ហើយគាត់និងពួកបុរសចាស់ទុំ+អ៊ីស្រាអែល បានទៅជួបដាថាននិងអាបាយរ៉ាម។
២៦ គាត់បានប្រាប់ពួកជំនុំថា៖ «សូមថយចេញពីត្រសាលរបស់ពួកបុរសទុច្ចរិតទាំងនេះទៅ កុំពាល់របស់ពួកគេឲ្យសោះ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញចោល ដោយសារតែអំពើខុសឆ្គងរបស់ពួកគេនោះឡើយ»។
២៧ ភ្លាមនោះ ពួកគេបានថយចេញពីត្រសាលរបស់កូរ៉ា ដាថាន និងអាបាយរ៉ាម។ ឯដាថាននិងអាបាយរ៉ាម ពួកគេបានចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ជាមួយនឹងប្រពន្ធកូនពួកគេ។
២៨ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «អ្នករាល់គ្នានឹងដឹងថាព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យធ្វើកិច្ចការទាំងអស់នេះ មិនមែនខ្ញុំធ្វើដោយចិត្តឯងទេ។ អ្នករាល់គ្នានឹងឃើញច្បាស់តាមរបៀបនេះ
២៩ បើមនុស្សទាំងនេះស្លាប់តាមធម្មតាដូចមនុស្សទូទៅ ហើយបើទោសរបស់ពួកគេដូចទោសរបស់មនុស្សទាំងឡាយ នោះបានសេចក្ដីថាព្រះយេហូវ៉ាមិនបានចាត់ខ្ញុំទេ។+
៣០ ប៉ុន្តែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានអ្វីចម្លែកកើតឡើងដល់ពួកគេ គឺឲ្យដីប្រេះហាលេបពួកគេនិងទ្រព្យសម្បត្តិរបស់ពួកគេ ហើយឲ្យពួកគេចុះទៅក្នុងផ្នូរ*ទាំងរស់ នោះអ្នករាល់គ្នានឹងដឹងច្បាស់ថាពួកអ្នកទាំងនេះមិនបានបង្ហាញការគោរពចំពោះព្រះយេហូវ៉ាទាល់តែសោះ»។
៣១ គ្រាន់តែគាត់និយាយចប់ភ្លាម ស្រាប់តែដីនៅក្រោមពួកគេ ប្រេះចេញពីគ្នា+
៣២ ហើយលេបត្របាក់ពួកគេ និងក្រុមគ្រួសារ ព្រមទាំងទ្រព្យសម្បត្តិ និងពួកអ្នកដែលគាំទ្រកូរ៉ា+អស់ទៅ។
៣៣ ដូច្នេះ ពួកគេនិងអស់អ្នកដែលគាំទ្រពួកគេបានចុះទៅក្នុងផ្នូរទាំងរស់ រួចដីបិទភ្ជិតវិញ។ ហេតុនេះ ពួកគេបានវិនាសបាត់ពីចំណោមពួកជំនុំទៅ។+
៣៤ ពេលឮសម្រែកពួកអ្នកទាំងនោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញបាននាំគ្នារត់ ហើយនិយាយថា៖ «ចូរយើងរត់ទៅ ក្រែងដីលេបត្របាក់យើងដែរ!»។
៣៥ ខណៈនោះ ភ្លើងពីព្រះយេហូវ៉ា+បានមកឆាបឆេះពួកបុរស២៥០នាក់ដែលកំពុងជូនគ្រឿងក្រអូប។+
៣៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖
៣៧ «ចូរប្រាប់អេលាសារជាកូនអេរ៉ុនដែលជាសង្ឃ ឲ្យគាត់យកប្រដាប់ដាក់រងើកភ្លើង+ចេញពីភ្លើងនោះទៅ ព្រោះប្រដាប់ទាំងនោះគឺបរិសុទ្ធ។ រួចប្រាប់គាត់ឲ្យយករងើកភ្លើងចេញទៅឲ្យឆ្ងាយ។
៣៨ ឯប្រដាប់ដាក់រងើកភ្លើងរបស់ពួកបុរសដែលបានធ្វើខុស ហើយបាត់បង់ជីវិតនោះ ត្រូវយកទៅដំធ្វើជាបន្ទះស្តើងៗស្រោបទីបូជា+ ព្រោះអ្វីទាំងនោះបានត្រូវជូននៅចំពោះព្រះយេហូវ៉ាហើយ។ ដូច្នេះ អ្វីទាំងនោះគឺបរិសុទ្ធ។ អ្វីទាំងនោះនឹងទៅជាសញ្ញាព្រមានដល់បណ្ដាជនអ៊ីស្រាអែល»។+
៣៩ រួចមក អេលាសារជាសង្ឃបានយកប្រដាប់ដាក់រងើកភ្លើងធ្វើពីស្ពាន់ទាំងនោះ ទៅដំដើម្បីស្រោបទីបូជា
៤០ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍ប្រាប់ម៉ូសេ។ នោះជាសេចក្ដីរំលឹកដល់បណ្ដាជនអ៊ីស្រាអែលថា គ្មានបុគ្គលណាម្នាក់ដែលមិនមែនជាកូនចៅអេរ៉ុន អាចចូលទៅដុតគ្រឿងក្រអូបនៅចំពោះព្រះយេហូវ៉ាបានទេ+ ហើយជាការព្រមានដល់អ្នកឯទៀតថា មិនត្រូវប្រព្រឹត្តដូចកូរ៉ានិងពួកអ្នកដែលគាំទ្រគាត់ឡើយ។+
៤១ លុះស្អែកឡើង ពួកជំនុំទាំងមូលចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ថា៖ «អ្នកទាំងពីរបានសម្លាប់រាស្ត្ររបស់ព្រះយេហូវ៉ា»។
៤២ កាលពួកជំនុំកំពុងទាស់នឹងម៉ូសេនិងអេរ៉ុន ពួកគេទាំងអស់គ្នាក្រឡេកទៅត្រសាលជំនុំ ឃើញមានពពកពេញលើកន្លែងនោះ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាលេចមក។+
៤៣ ឃើញដូច្នោះ ម៉ូសេនិងអេរ៉ុនក៏ទៅខាងមុខត្រសាលជំនុំ+
៤៤ រួចព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖
៤៥ «ចូរអ្នកទាំងពីរថយចេញពីពួកគេទៅ ដើម្បីឲ្យខ្ញុំបំផ្លាញពួកគេចោលភ្លាមមួយរំពេច»។+ ខណៈនោះ ម៉ូសេនិងអេរ៉ុនបានលុតជង្គង់ចុះក្រាបមុខដល់ដី។+
៤៦ បន្ទាប់មក ម៉ូសេប្រាប់អេរ៉ុនថា៖ «សូមប្រញាប់យកប្រដាប់ដាក់រងើកភ្លើង និងយកភ្លើងពីទីបូជាដាក់ពីលើ+ រួចដុតគ្រឿងក្រអូបលើនោះ ហើយចេញទៅឯពួកជំនុំទៅ ដើម្បីធ្វើឲ្យពួកគេជ្រះស្អាតពីភាពខុសឆ្គង+ ព្រោះព្រះយេហូវ៉ាបានខឹងជាខ្លាំង ហើយសេចក្ដីវេទនាបានចាប់ផ្ដើមហើយ!»។
៤៧ ភ្លាមនោះ អេរ៉ុនបានធ្វើតាមបង្គាប់ម៉ូសេ។ គាត់បានរត់ទៅឯពួកជំនុំ ហើយមើល! សេចក្ដីវេទនាបានចាប់ផ្ដើមកើតឡើងដល់បណ្ដាជន។ ដូច្នេះ គាត់បានដុតគ្រឿងក្រអូបនៅលើប្រដាប់ដាក់រងើកភ្លើង ដើម្បីធ្វើឲ្យពួកជំនុំជ្រះស្អាតពីភាពខុសឆ្គងរបស់ពួកគេ។
៤៨ ពេលនោះ គាត់បន្តឈរនៅចន្លោះ ពួកអ្នកដែលបានស្លាប់និងពួកអ្នកដែលនៅរស់។ ក្រោយមក សេចក្ដីវេទនានោះក៏បាត់ទៅ។
៤៩ ពួកអ្នកដែលបានស្លាប់ដោយសារសេចក្ដីវេទនានោះ មានចំនួន១៤.៧០០នាក់។ ចំនួននេះគឺផ្សេងពីពួកអ្នកដែលស្លាប់ដោយសារអំពើខុសឆ្គងរបស់កូរ៉ា។
៥០ ក្រោយពីសេចក្ដីវេទនានោះបានឈប់ អេរ៉ុនក៏ត្រឡប់ទៅម៉ូសេនៅឯច្រកចូលត្រសាលជំនុំវិញ។
កំណត់សម្គាល់
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»