ដានីយ៉ែល ៨:១-២៧
៨ នៅឆ្នាំទី៣នៃរាជ្យបេលសាសារ+ ក្រោយពីខ្ញុំដានីយ៉ែលបានឃើញការបើកបង្ហាញនៅលើកមុន ខ្ញុំក៏បានឃើញការបើកបង្ហាញមួយទៀត។+
២ កាលខ្ញុំបានឃើញក្នុងគំនិត ខ្ញុំនៅក្នុងរាជធានី*ស៊ូសាន*+ ដែលស្ថិតក្នុងខេត្តអេឡាំ។+ ពេលនោះ ខ្ញុំនៅក្បែរទន្លេ*យូឡាយ។
៣ ខ្ញុំបានសម្លឹងមើលទៅឃើញមានចៀមឈ្មោលមួយ+ឈរនៅក្បែរទន្លេនោះ។ ចៀមនោះមានស្នែងវែងពីរ+ តែស្នែងម្ខាងវែងជាងស្នែងម្ខាងទៀត។ ស្នែងដែលវែងជាងបានដុះឡើងក្រោយស្នែងដែលខ្លីជាង។+
៤ ខ្ញុំបានឃើញចៀមឈ្មោលនោះបោលទៅទិសខាងលិច ខាងជើង និងខាងត្បូងដើម្បីជល់សត្រូវរបស់វា។ គ្មានសត្វណាអាចតទល់ជាមួយនឹងវាបានទេ ហើយក៏គ្មានអ្នកណាម្នាក់អាចជួយឲ្យរួចពីអំណាចរបស់វាដែរ។+ វាលើកតម្កើងខ្លួន ហើយធ្វើតាមតែទំនើងចិត្ត។
៥ កាលខ្ញុំកំពុងសម្លឹងមើលនៅឡើយ ខ្ញុំឃើញមានពពែឈ្មោលមួយ+មកពីទិសខាងលិច កំពុងបោលកាត់ផ្ទៃផែនដីយ៉ាងលឿនដោយជើងមិនប៉ះដីឡើយ។ ពពែនោះមានស្នែងមួយដ៏ធំអស្ចារ្យនៅចន្លោះភ្នែកទាំងពីរ។+
៦ វាបានបោលសំដៅទៅចៀមឈ្មោលដែលមានស្នែងពីរដោយកំហឹងជាខ្លាំង គឺទៅឯចៀមដែលខ្ញុំបានឃើញនៅក្បែរទន្លេ។
៧ ខ្ញុំបានឃើញពពែនោះបោលសម្រុកចូលកាន់តែជិតចៀមឈ្មោលទាំងខឹងយ៉ាងខ្លាំង។ ពពែនោះបានជល់ចៀមឈ្មោល ហើយបំបាក់ស្នែងទាំងពីររបស់វា។ ចៀមនោះគ្មានកម្លាំងតតាំងនឹងពពែវិញទេ។ ពពែបានផ្ដួលចៀមទៅដី ហើយជាន់កម្ទេចចៀមនោះ។ គ្មាននរណាម្នាក់អាចជួយចៀមឲ្យរួចពីអំណាចរបស់ពពែឡើយ។
៨ បន្ទាប់មក ពពែឈ្មោលនោះបានតម្កើងខ្លួនយ៉ាងក្រអឺត។ ប៉ុន្តែ កាលវាកំពុងមានកម្លាំងខ្លាំងក្លា ស្នែងដ៏ធំរបស់វាក៏បានបាក់មួយរំពេច។ រួចមានស្នែងធំបួនដុះមកជំនួសស្នែងនោះ។ ស្នែងទាំងនោះបានបែរតម្រង់ទៅទិសទាំងបួន។+
៩ រួចមក មានស្នែងតូចមួយទៀតបានដុះចេញពីស្នែងមួយក្នុងចំណោមស្នែងទាំងបួន។ ស្នែងនោះបានលូតឡើងយ៉ាងធំ បែរតម្រង់ទៅទិសខាងត្បូង ទិសខាងកើត និងបែរទៅស្រុកដ៏ស្រស់ស្អាត។+
១០ បន្ទាប់មក ស្នែងនោះលូតឡើងធំក្រៃលែង រហូតទៅដល់បណ្ដាកងទ័ពនៅលើមេឃ ហើយធ្វើឲ្យកងទ័ពខ្លះនិងផ្កាយខ្លះធ្លាក់មកផែនដី រួចវាក៏ជាន់កម្ទេចទៅ។
១១ ស្នែងនោះថែមទាំងតម្កើងខ្លួនប្រឆាំងនឹងមេបញ្ជាការលើកងទ័ពទាំងនោះទៀតផង។ ម្យ៉ាងទៀត គ្រឿងបូជាដែលត្រូវជូនជាប្រចាំដល់លោក បានត្រូវដកចេញ។ ឯទីបរិសុទ្ធដែលលោកបានតាំងឡើងយ៉ាងមាំ ក៏ត្រូវផ្ដួលរំលំដែរ។+
១២ ដោយសារតែអំពើរំលង កងទ័ពមួយបានត្រូវប្រគល់ឲ្យវា ហើយគ្រឿងបូជាដែលត្រូវជូនជាប្រចាំបានត្រូវបញ្ឈប់។ វាចេះតែបោះសេចក្ដីពិតទៅដី ហើយវាបានប្រព្រឹត្តដោយជោគជ័យ។
១៣ ក្រោយនោះ ខ្ញុំបានឮអ្នកបរិសុទ្ធម្នាក់និយាយទៅកាន់អ្នកបរិសុទ្ធម្នាក់ទៀតថា៖ «តើការបើកបង្ហាញអំពីគ្រឿងបូជាដែលត្រូវជូនជាប្រចាំ និងអំពើរំលងដែលបណ្ដាលឲ្យមានការបំផ្លាញនឹងមានដល់កាលណា?+ តើកន្លែងបរិសុទ្ធនិងកងទ័ពត្រូវរងការជាន់ឈ្លីដល់កាលណាទៅ?»។
១៤ ដូច្នេះ គាត់បាននិយាយមកខ្ញុំថា៖ «រហូតដល់គម្រប់២.៣០០ល្ងាចនិងព្រឹក។ រួចមក កន្លែងបរិសុទ្ធនឹងត្រូវស្ថាបនាឲ្យមានស្ថានភាពល្អឡើងវិញ»។
១៥ កាលខ្ញុំដានីយ៉ែលកំពុងមើលការបើកបង្ហាញនោះ ហើយកំពុងស្វែងយល់អំពីអ្វីដែលខ្ញុំបានឃើញ ស្រាប់តែមានបុគ្គលម្នាក់ដែលមើលទៅដូចជាមនុស្ស បានមកឈរនៅចំពោះមុខខ្ញុំ។
១៦ បន្ទាប់មក ខ្ញុំបានឮសំឡេងបុរសម្នាក់ចេញពីកណ្ដាលទន្លេយូឡាយ+ ស្រែកឡើងថា៖ «កាព្រីយ៉ែល+អើយ! ចូរជួយបំភ្លឺគាត់ឲ្យយល់អំពីអ្វីដែលគាត់បានឃើញនោះផង»។+
១៧ ដូច្នេះ គាត់ក៏ចូលមកជិតកន្លែងដែលខ្ញុំកំពុងឈរ តែពេលគាត់ចូលមកក្បែរ ខ្ញុំក៏ភ័យតក់ស្លុតជាខ្លាំង ហើយក្រាបមុខដល់ដី។ រួចគាត់និយាយមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរដឹងថាការបើកបង្ហាញនេះនឹងកើតឡើងនៅគ្រាចុងបញ្ចប់»។+
១៨ ប៉ុន្តែ កាលគាត់កំពុងនិយាយមកកាន់ខ្ញុំ ខ្ញុំបានដេកលក់ទាំងក្រាបមុខនៅដី។ ដូច្នេះ គាត់បានពាល់ខ្ញុំ ហើយលើកខ្ញុំឲ្យក្រោកឈរនៅកន្លែងដដែល។+
១៩ បន្ទាប់មក គាត់បាននិយាយថា៖ «មើល! ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងអំពីអ្វីដែលនឹងកើតឡើងនៅផ្នែកចុងក្រោយនៃគ្រាវិនិច្ឆ័យទោស ព្រោះការបើកបង្ហាញនោះនឹងកើតឡើងនៅពេលកំណត់នាគ្រាចុងបញ្ចប់។+
២០ «ចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ សំដៅទៅលើស្ដេចស្រុកមេឌីនិងស្ដេចស្រុកពើស៊ី។+
២១ ពពែឈ្មោលដែលមានរោមស្រមូវ សំដៅទៅលើស្ដេចស្រុកក្រិច+ ហើយស្នែងដ៏ធំដែលនៅចន្លោះភ្នែកទាំងពីរ គឺសំដៅទៅលើស្ដេចដំបូង។+
២២ ស្នែងនោះបានបាក់ ហើយដុះជំនួសដោយស្នែងបួនវិញ។+ ស្នែងបួននោះសំដៅទៅលើរាជាណាចក្របួន ដែលបែកចេញពីរាជាណាចក្ររបស់ស្ដេចដំបូងនោះ តែមិនមានអំណាចខ្លាំងក្លាដូចគាត់ទេ។
២៣ «នៅផ្នែកចុងបញ្ចប់នៃការគ្រប់គ្រងរបស់ពួកគេ គឺកាលដែលជនទុច្ចរិតបានប្រព្រឹត្តអំពើរំលងដល់កម្រិតហើយ នោះនឹងមានស្ដេចមួយរូបដែលមានទឹកមុខកាចសាហាវនិងចេះយល់អាថ៌កំបាំង* ឡើងកាន់អំណាច។
២៤ គាត់នឹងមានអំណាចខ្លាំងក្លា តែមិនមែនដោយអំណាចខ្លួនឯងទេ។ គាត់នឹងបំផ្លិចបំផ្លាញយ៉ាងសម្បើម ហើយរាល់សកម្មភាពរបស់គាត់តែងទទួលជោគជ័យ។ គាត់នឹងបំផ្លាញអ្នកខ្លាំងពូកែនិងបណ្ដាជនបរិសុទ្ធ។+
២៥ គាត់ពូកែប្រើកលឧបាយដើម្បីបានជ័យជម្នះ ហើយក្នុងចិត្តគាត់តែងលើកតម្កើងខ្លួន។ ក្នុងអំឡុងគ្រាដែលមានសេចក្ដីសុខសាន្ត* គាត់នឹងបំផ្លាញមនុស្សជាច្រើន។ គាត់ថែមទាំងក្រោកឡើងប្រឆាំងនឹងមេដឹកនាំលើអស់ទាំងមេដឹកនាំទៀតផង។ ទីបំផុត គាត់នឹងត្រូវបំបាក់បំបែក តែមិនមែនដោយដៃមនុស្សទេ។
២៦ «អ្វីដែលប្រកាសនៅក្នុងការបើកបង្ហាញអំពីល្ងាចនិងព្រឹក គឺជាការពិត តែអ្នកត្រូវរក្សាទុកការបើកបង្ហាញនោះជារឿងអាថ៌កំបាំង ព្រោះការបើកបង្ហាញនោះនឹងកើតឡើងនៅគ្រាអនាគតដ៏យូរអង្វែង»។+
២៧ ចំណែកខ្ញុំដានីយ៉ែលវិញ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ហើយបានឈឺអស់ជាច្រើនថ្ងៃ។+ ក្រោយមក ខ្ញុំបានក្រោកឡើងទៅបំពេញភារកិច្ចឲ្យស្ដេច+ តែខ្ញុំបានភាំងដោយសារអ្វីដែលខ្ញុំបានឃើញ ហើយគ្មានអ្នកណាអាចយល់បានទេ។+
កំណត់សម្គាល់
^ ឬ«វិមាន»
^ ឬ«ស៊ូសា»
^ ឬ«ព្រែក»
^ ឬ«ពូកែរៀបគម្រោងអាក្រក់»
^ ឬប្រហែលជាមានន័យថា«ដោយគ្មានការព្រមានជាមុន»