ដើមកំណើត ២៨:១-២២

  • អ៊ីសាក​ចាត់​យ៉ាកុប​ឲ្យ​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម (​១​-​៩)

  • សុបិន​របស់​យ៉ាកុប នៅ​ឯ​បេតអែល (​១០​-​២២)

    • ព្រះ​បាន​បញ្ជាក់​ម្ដង​ទៀត​អំពី​សេចក្ដី​សន្យា​របស់​លោក​ដល់​យ៉ាកុប (​១៣​-​១៥)

២៨  ដូច្នេះ អ៊ីសាក​បាន​ហៅ​យ៉ាកុប​មក​ជួប ហើយ​ឲ្យ​ពរ​គាត់ ថែម​ទាំង​បង្គាប់គាត់​ថា​៖ ​«​កូន​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ឡើយ។+ ២  ចូរ​កូន​ទៅ​ឯ​តំបន់​ប៉ាដាន់អេរ៉ាម ទៅ​ផ្ទះ​របស់​បេធូអែល​ជា​ជីតា​ខាង​ម្ដាយ​កូន ហើយ​ចូរ​កូន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​ឡាបាន់+អ៊ំ​ប្រុស​របស់​កូន។ ៣  ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​ឲ្យ​ពរ​កូន ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​កូន។+ ៤  ព្រះ​នឹង​ឲ្យ​ពរ​ដល់​កូន​និង​កូន​ចៅ*របស់​កូន ជា​ពរ​ដែល​លោក​បាន​ឲ្យ​ដល់​អាប្រាហាំ+ ដើម្បី​ឲ្យ​កូន​អាច​ទទួល​ស្រុក​នេះ​ជា​មត៌ក ជា​ស្រុក​ដែល​កូន​រស់​នៅ​ជា​ជន​បរទេស និង​ជា​ស្រុក​ដែល​ព្រះ​បាន​ឲ្យ​ដល់​អាប្រាហាំ​»។+ ៥  បន្ទាប់​ពី​និយាយ​រួច អ៊ីសាក​បាន​ឲ្យ​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម គឺ​ទៅ​ឯ​ឡាបាន់​ជា​កូន​បេធូអែល​ជា​ជន​ជាតិ​អេរ៉ាម។+ ឡាបាន់​ត្រូវ​ជា​បង​ប្រុស​របស់​រេបិកា+ម្ដាយ​យ៉ាកុប​និង​អេសាវ។ ៦  ឯ​អេសាវ​វិញ គាត់​បាន​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​ឲ្យ​យ៉ាកុប​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម​ដើម្បី​យក​ប្រពន្ធ​នៅ​ទី​នោះ។ នៅ​ពេល​នោះ គាត់​ក៏​បាន​ឮ​ឪពុក​បង្គាប់​ដល់​យ៉ាកុប​ថា​៖ ​«​កូន​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ឡើយ​»។+ ៧  គាត់​បាន​ឃើញ​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក​ម្ដាយ ដោយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម។+ ៨  ដូច្នេះ អេសាវ​បាន​យល់​ថា​ឪពុក​គាត់​មិន​ពេញ​ចិត្ត​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ទេ។+ ៩  ម្ល៉ោះ​ហើយ អេសាវ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​អ៊ីសម៉ាអែល​ជា​កូន​អាប្រាហាំ ហើយ​យក​ម៉ាហាឡាត​ជា​កូន​ស្រី​របស់​អ៊ីសម៉ាអែល​ធ្វើ​ជា​ប្រពន្ធ​មួយ​ទៀត។ នាង​ត្រូវ​ជា​ប្អូន​ស្រី​ណេបេយ៉ោត។+ ១០  ចំណែក​យ៉ាកុប គាត់​បាន​ចេញ​ពី​ក្រុង​បៀរសេបា ហើយ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ហារ៉ាន។+ ១១  លុះ​ថ្ងៃ​លិច គាត់​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​សម្រាក​នៅ​ទី​នោះ។ គាត់​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​ក៏​ដេក​លក់​ទៅ។+ ១២  នៅ​យប់​នោះ គាត់​បាន​យល់​សប្ដិ​ឃើញ​មាន​ជណ្ដើរ​មួយ​ឡើង​ពី​ផែនដី​ទៅ​ស្ថាន​សួគ៌ ហើយ​ឃើញ​មាន​ទេវតា​របស់​ព្រះ​កំពុង​ឡើង​ចុះ​តាម​ជណ្ដើរ​នោះ។+ ១៣  នៅ​ខាង​លើ​ជណ្ដើរ​នោះ​ឃើញ​មាន​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​មាន​ប្រសាសន៍​មក​គាត់​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​បុព្វ​បុរស​របស់​អ្នក និង​ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​អ្នក។+ ខ្ញុំ​នឹង​ប្រគល់​ដី​ដែល​អ្នក​កំពុង​ដេក​លើ​នេះ ឲ្យ​ដល់​អ្នក​និង​កូន​ចៅ​អ្នក។+ ១៤  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ដូច​លម្អង​ធូលី​នៅ​ផែនដី+ ហើយ​ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ដល់​ភាគ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង។ គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​អ្នក​និង​កូន​ចៅ​អ្នក។+ ១៥  ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច ហើយ​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ខ្ញុំ​នឹង​ការ​ពារ​អ្នក។ ខ្ញុំ​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ។+ ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ទាល់​តែ​ខ្ញុំ​បាន​សម្រេច​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ​ចំពោះ​អ្នក​»។+ ១៦  បន្ទាប់​មក យ៉ាកុប​បាន​ភ្ញាក់​ឡើង ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ!​»។ ១៧  គាត់​បាន​ស្ញែង​ខ្លាច​និង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​បន្ថែម​ថា​៖ ​«​កន្លែង​នេះ​មិន​មែន​ជា​កន្លែង​ធម្មតា​ទេ តែ​ជា​កន្លែង​បរិសុទ្ធ! ទី​នេះ​ច្បាស់​ជា​ផ្ទះ​របស់​ព្រះ​ហើយ។+ នេះ​ជា​ខ្លោង​ទ្វារ​នៃ​ស្ថាន​សួគ៌​»។+ ១៨  ដូច្នេះ គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ ទៅ​បញ្ឈរ​ជា​បង្គោល​មួយ រួច​ចាក់​ប្រេង​លើ​នោះ។+ ១៩  គាត់​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​បេតអែល* តែ​ពី​មុន​ក្រុង​នោះ​ឈ្មោះ​ថា​លូស។+ ២០  បន្ទាប់​មក យ៉ាកុប​បាន​សន្យា​នឹង​ព្រះ​ថា​៖ ​«​បើ​លោក​បន្ត​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ជួយ​ការ​ពារ​ខ្ញុំ​តាម​ផ្លូវ ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដល់​ខ្ញុំ ២១  ព្រម​ទាំង​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ​ដោយ​សុខ​សាន្ត នោះ​លោក​នឹង​បង្ហាញ​ថា​លោក​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ​ពិត​មែន។ ២២  កន្លែង​ដែល​ខ្ញុំ​បាន​ដំឡើង​ថ្ម​ទុក​ជា​បង្គោល​រំលឹក នឹង​ក្លាយ​ទៅ​ជា​ផ្ទះ​របស់​ព្រះ។+ ខ្ញុំ​នឹង​ជូន​លោក​១​ភាគ​១០​នៃ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ដល់​ខ្ញុំ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពូជ​»​
មាន​ន័យ​ថា​«​ផ្ទះ​របស់​ព្រះ​»​