ដើមកំណើត ៣៣:១-២០
៣៣ យ៉ាកុបបានឃើញអេសាវពីចម្ងាយ កំពុងធ្វើដំណើរឆ្ពោះមករកគាត់ ដោយមានបុរស៤០០នាក់មកជាមួយ។+ ឃើញដូច្នោះ គាត់បានបែងចែកប្រពន្ធកូនរបស់គាត់ដោយឡែកពីគ្នា គឺលេអានិងកូនៗ រ៉ាជែលនិងកូនៗ ព្រមទាំងស្រីបម្រើទាំងពីរនិងកូនៗ។+
២ គាត់បានឲ្យស្រីបម្រើទាំងពីរនិងកូនៗដើរខាងមុខ+ ហើយឲ្យលេអានិងកូនៗនាងដើរបន្ទាប់+ រួចមកឲ្យរ៉ាជែល+និងយ៉ូសែបដើរខាងក្រោយបង្អស់។
៣ ចំណែកយ៉ាកុបវិញ គាត់បានដើរខាងមុខពួកគេ។ កាលដែលគាត់ដើរឆ្ពោះទៅអេសាវ គាត់បានដើរបណ្ដើរនិងក្រាបគោរពបណ្ដើរ រហូតដល់៧ដង។
៤ ឯអេសាវ គាត់រត់ទៅជួបយ៉ាកុប ហើយឱបនិងថើបគាត់ រួចពួកគេបានយំជាមួយគ្នា។
៥ ពេលអេសាវបានឃើញស្ត្រីនិងក្មេងៗ គាត់ក៏សួរថា៖ «តើពួកគេជាអ្នកណា?»។ យ៉ាកុបក៏ឆ្លើយថា៖ «នោះជាកូនៗរបស់ខ្ញុំ ដែលព្រះបានផ្ដល់ឲ្យ»។+
៦ ពេលនោះ ស្រីបម្រើនិងកូនៗរបស់ពួកនាង បានដើរទៅក្រាបគោរពអេសាវ។
៧ បន្ទាប់មក លេអានិងកូនៗរបស់នាង បានដើរចូលទៅក្រាបគោរព។ ក្រោយបង្អស់ រ៉ាជែលនិងយ៉ូសែបក៏ដើរចូលទៅ ហើយក្រាបគោរពដែរ។+
៨ អេសាវបានសួរថា៖ «ហេតុអ្វីប្អូនបានចាត់ក្រុមអ្នកដំណើរឲ្យនាំអំណោយមកឲ្យបងដូច្នេះ?»។+ យ៉ាកុបបានឆ្លើយថា៖ «ដើម្បីទទួលការសន្ដោសប្រណីពីបង»។+
៩ រួចអេសាវបាននិយាយថា៖ «ប្អូនអើយ! បងមានទ្រព្យសម្បត្តិច្រើនហើយ។+ សូមប្អូនទុកសម្រាប់ខ្លួនចុះ»។
១០ ប៉ុន្តែ យ៉ាកុបបាននិយាយថា៖ «ទេ បើបងសន្ដោសប្រណីដល់ខ្ញុំ សូមបងទទួលយកអំណោយទាំងនេះចុះ ព្រោះខ្ញុំបានយកមកជូនបង ដើម្បីខ្ញុំអាចឃើញមុខបង។ ពេលបានឃើញមុខបងប្រៀបដូចជាខ្ញុំបានឃើញមុខព្រះ ដោយសារបងបានទទួលខ្ញុំដោយអំណរ។+
១១ ដូច្នេះ សូមបងទទួលយកអំណោយ*ទាំងនេះចុះ+ ព្រោះព្រះបានពេញចិត្តខ្ញុំ ហើយខ្ញុំមានអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ»។+ យ៉ាកុបចេះតែទទូចឲ្យអេសាវទទួល ដូច្នេះអេសាវក៏ព្រមទទួលទៅ។
១២ ក្រោយមក អេសាវបាននិយាយថា៖ «តោះយើងចេញដំណើរទៅ។ បងនឹងនាំមុខប្អូន»។
១៣ ប៉ុន្តែ យ៉ាកុបបាននិយាយទៅកាន់អេសាវថា៖ «ដូចបងដឹងស្រាប់ហើយ កូនៗខ្ញុំសុទ្ធតែនៅតូច+ ហើយហ្វូងចៀមនិងហ្វូងគោក៏នៅបំបៅកូនដែរ។ បើបង្ខំឲ្យធ្វើដំណើរពេញមួយថ្ងៃ ហ្វូងសត្វទាំងអស់មុខជាស្លាប់អស់មិនខាន។
១៤ សូមបងអញ្ជើញទៅមុនខ្ញុំចុះ។ ខ្ញុំនឹងធ្វើដំណើរយឺតៗតាមកម្លាំងកូនក្មេង និងហ្វូងសត្វ។ រួចខ្ញុំនឹងជួបបងនៅតំបន់សៀ»។+
១៥ បន្ទាប់មក អេសាវបាននិយាយថា៖ «បើដូច្នេះ បងនឹងទុកពួកអ្នកបម្រើខ្លះរបស់បង ឲ្យនៅជាមួយនឹងប្អូន»។ យ៉ាកុបបានឆ្លើយថា៖ «បងមិនចាំបាច់ធ្វើដូច្នេះទេ ខ្ញុំបានទទួលការសន្ដោសប្រណីពីបង នោះគឺល្មមគ្រប់គ្រាន់ហើយ»។
១៦ ម្ល៉ោះហើយ នៅថ្ងៃនោះអេសាវបានធ្វើដំណើរត្រឡប់ទៅតំបន់សៀវិញ។
១៧ ឯយ៉ាកុប គាត់បានធ្វើដំណើរទៅឯសិកូត+ ហើយសង់ជម្រកមួយនៅទីនោះ ព្រមទាំងសង់រោងសម្រាប់ហ្វូងសត្វផងដែរ។ ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកន្លែងនោះថាសិកូត។*
១៨ ក្រោយពីធ្វើដំណើរចេញពីតំបន់ប៉ាដាន់អេរ៉ាម+ យ៉ាកុបបានទៅដល់ក្រុងស៊ីគឹម+ក្នុងទឹកដីកាណានដោយសុវត្ថិភាព។+ រួចគាត់បានបោះជំរំនៅជិតក្រុងនោះ។
១៩ យ៉ាកុបបានទិញដីមួយនៅកន្លែងដែលគាត់ដំឡើងត្រសាលពីកូនចៅហេម័រជាឪពុកស៊ីគឹម ក្នុងតម្លៃប្រាក់១០០ដុំ។+
២០ នៅទីនោះ គាត់បានធ្វើទីបូជាមួយ ហើយបានហៅទីបូជានោះថា ព្រះនៃអ៊ីស្រាអែល។+