ដើមកំណើត ៣៥:១-២៩

  • យ៉ាកុប​បង្គាប់​ឲ្យ​បោះ​ចោល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ (​១​-​៤)

  • យ៉ាកុប​ត្រឡប់​ទៅ​បេតអែល​វិញ (​៥​-​១៥)

  • កំណើត​បេនយ៉ាមីន។ រ៉ាជែល​ស្លាប់ (​១៦​-​២០)

  • កូន​ប្រុស​១២​នាក់​របស់​អ៊ីស្រាអែល (​២១​-​២៦)

  • អ៊ីសាក​ស្លាប់ (​២៧​-​២៩)

៣៥  ក្រោយ​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ក្រុង​បេតអែល+ នៅ​ទី​នោះ ចូរ​ធ្វើ​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​លេច​មក​ជួប​អ្នក កាល​ដែល​អ្នក​រត់​គេច​ពី​អេសាវ​បង​របស់​អ្នក​»។+ ២  បន្ទាប់​មក យ៉ាកុប​បាន​ប្រាប់​ក្រុម​គ្រួសារ​គាត់ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​ចូរ​ប្រមូល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​យក​ទៅ​បោះ​ចោល+ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ទៅ។ ៣  ចូរ​យើង​ឡើង​ទៅ​ក្រុង​បេតអែល នៅ​ទី​នោះ​ខ្ញុំ​នឹង​សង់​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​ទៅ លោក​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»។+ ៤  ដូច្នេះ ពួក​គេ​បាន​ប្រគល់​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ និង​ក្រវិល​របស់​ពួក​គេ​ឲ្យ​ដល់​យ៉ា​កុប។ រួច​យ៉ាកុប​បាន​យក​ទៅ​កប់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ​ក្បែរ​ក្រុង​ស៊ីគឹម។ ៥  បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ទៅ ហើយ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ព្រះ​បានធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ហេតុនេះ អ្នក​ទាំង​នោះ​មិន​ហ៊ាន​ដេញ​តាម​យ៉ាកុប​និង​កូន​ចៅ​របស់​គាត់​ទេ។ ៦  ក្រោយ​មក យ៉ាកុប​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​មក​ដល់​ក្រុង​លូស+ជា​ក្រុង​បេតអែល​ក្នុង​ស្រុក​កាណាន។ ៧  នៅ​ទី​នោះ គាត់​បាន​សង់​ទី​បូជា​មួយ ហើយ​គាត់​បាន​ហៅ​កន្លែង​នោះ​ថា​អែលបេតអែល* ព្រោះ​នៅ​ទី​នោះ​ព្រះ​ពិត​បាន​លេច​មក​ជួប​គាត់​កាល​ដែល​គាត់​រត់​គេច​ពី​បង​ប្រុស​របស់​គាត់។+ ៨  ក្រោយ​មក ដេបូរ៉ា+ជា​មេ​ដោះរបស់​រេបិកា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ*ជិត​ក្រុង​បេតអែល។ ដូច្នេះ គាត់​បាន​ហៅ​ដើម​នោះ​ថា​អាល់ឡនបាកុត។* ៩  ក្នុង​អំឡុង​ពេល​យ៉ាកុប​ធ្វើ​ដំណើរ​ពី​តំបន់​ប៉ាដាន់​អេ​រ៉ាម ព្រះ​បាន​លេច​មក​ជួប​គាត់​ម្ដង​ទៀត ហើយ​លោក​បាន​ឲ្យ​ពរ​គាត់។ ១០  ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ឈ្មោះ​អ្នក​លែង​ជា​យ៉ាកុប+ទៀត​ហើយ តែ​ជា​អ៊ីស្រាអែល​វិញ​»។ ដូច្នេះ តាំង​ពី​នោះ​មក​ព្រះ​បាន​ហៅ​គាត់​ថា​អ៊ីស្រាអែល។+ ១១  ព្រះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។+ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង។ ប្រជា​ជាតិ​ជា​ច្រើន+និង​បណ្ដា​ស្ដេច​នឹង​កើត​ចេញ​ពី​អ្នក។+ ១២  ឯ​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​អាប្រាហាំ​និង​អ៊ីសាក ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​និង​កូន​ចៅ*អ្នក​ត​រៀង​ទៅ​»។+ ១៣  ក្រោយ​មាន​ប្រសាសន៍​រួច ព្រះ​ក៏​ចាក​ចេញ​ពី​គាត់​ទៅ។ ១៤  ដូច្នេះ យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​គាត់។ រួច​គាត់​បាន​ច្រួច​គ្រឿង​បូជា​ជា​ស្រា​និង​ចាក់​ប្រេង​នៅ​លើ​បង្គោល​នោះ។+ ១៥  យ៉ាកុប​នៅ​តែ​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​បេតអែល។+ ១៦  បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ក្រុង​អេ​ប្រា រ៉ាជែល​បាន​ឈឺ​ពោះ​សម្រាល​កូន​ទាំង​ពិបាក​ជា​ខ្លាំង។ ១៧  កាល​ដែល​នាង​កំពុង​សម្រាល​កូន​ទាំង​ឈឺ​ចាប់ ឆ្មប​បាន​ប្រាប់​នាង​ថា​៖ ​«​កុំ​ខ្លាច​អី! អ្នក​អាច​សម្រាល​កូន​ប្រុស​នេះ​បាន​»។+ ១៨  ពេល​នោះ រ៉ាជែល​ហៀបនឹង​ស្លាប់។ ប៉ុន្តែ មុន​នាង​ផុត​ដង្ហើម នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអូណាយ* តែ​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនយ៉ាមីន*វិញ។+ ១៩  ដូច្នេះ រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេ​ប្រា ជា​ក្រុង​បេថ្លេហិម។+ ២០  យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​លើ​ផ្នូរ​របស់​រ៉ាជែល។ បង្គោល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ ២១  ក្រោយ​នោះ អ៊ីស្រាអែល​បាន​បន្ត​ដំណើរ ហើយ​បាន​ទៅ​ដំឡើង​ត្រសាល​នៅ​កន្លែង​មួយ ហួស​ពី​ប៉ម​អ៊ីឌើរ។ ២២  អ៊ីស្រាអែល​បាន​ស្នាក់​នៅ​តំបន់​នោះ​អស់​មួយ​រយៈ។ មាន​ថ្ងៃ​មួយ រូបេន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប៊ីលហា​ជា​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់។ អ៊ីស្រាអែល​ជា​ឪពុក​ក៏​បាន​ឮ​អំពី​រឿង​នោះ​ដែរ។+ យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់។ ២៣  កូន​ដែល​កើត​ពី​លេអា​មាន រូបេន​ជា​កូន​ច្បង+ ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សេប៊ូឡូន។ ២៤  កូន​ដែល​កើត​ពី​រ៉ាជែល​មាន យ៉ូសែប និង​បេនយ៉ាមីន។ ២៥  កូន​ដែល​កើត​ពី​ប៊ីលហា​ជា​អ្នក​បម្រើ​របស់​រ៉ាជែល​មាន ដាន់ និង​ណែបថាលី។ ២៦  កូន​ដែល​កើត​ពី​ស៊ីលផា​ជា​អ្នក​បម្រើ​របស់​លេអា​មាន កាដ និង​អេស៊ើរ។ ពួក​គេ​ទាំង​អស់​នេះ​ជា​កូន​របស់​យ៉ាកុប​ដែល​កើត​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម។ ២៧  ទី​បំផុត យ៉ាកុប​បាន​ទៅ​ដល់​ម៉ាមរេ​ជា​កន្លែង​ដែល​អ៊ីសាក​ឪពុក​គាត់​រស់​នៅ+ ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​គារីអាតអាបា​ជា​ក្រុង​ហេប្រុន។ នៅ​ទី​នោះ អាប្រាហាំ​និង​អ៊ីសាក​បាន​ស្នាក់​នៅ​ជា​ជន​បរទេស។+ ២៨  អ៊ីសាក​រស់​បាន​១៨០​ឆ្នាំ+ ២៩  រួច​គាត់​បាន​ស្លាប់​ទៅ។ គាត់​មាន​អាយុ​វែង ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ខ្លួន។ អេសាវ​និង​យ៉ាកុប​ជា​កូន ក៏​បាន​បញ្ចុះ​សព​គាត់។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​ព្រះ​នៃ​បេតអែល​»​
ភាសា​អង់គ្លេស​ដើម​នេះ​ឈ្មោះ​ថា​ដើម​អូក
មាន​ន័យ​ថា​«​ដើម​អូក​ទឹក​ភ្នែក​»​
ន័យ​ត្រង់​«​ពូជ​»​
មាន​ន័យ​ថា​«​កូន​នៃ​ទំនួញ​ខ្ញុំ​»​
មាន​ន័យ​ថា​«​កូន​នៃ​ដៃ​ស្ដាំ​»​