ដើមកំណើត ៤០:១-២៣

  • យ៉ូសែប​កាត់​ស្រាយ​សុបិន​របស់​អ្នក​ទោស (​១​-​១៩)

    • «​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​សុបិន​បាន​»​ (​)

  • ពិធី​ជប់​លៀង​ខួប​កំណើត​របស់​ផារ៉ូ (​២០​-​២៣)

៤០  ក្រោយ​នោះ​មក មាន​មន្ត្រី​ពីរ​នាក់​របស់​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប បាន​ប្រព្រឹត្ត​ខុស​នឹង​ផារ៉ូ ម្នាក់​ជា​មេ​លើ​ពួក​អ្នក​កាន់​ពែង+ ហើយ​ម្នាក់​ទៀត​ជា​មេ​លើ​ពួក​អ្នក​ដុត​នំ។ ២  ផារ៉ូ​បាន​ខឹង​នឹង​អ្នក​បម្រើ​ទាំង​ពីរ​នោះ​ជា​ខ្លាំង។+ ៣  ដូច្នេះ គាត់​បាន​ឲ្យ​គេ​យក​អ្នក​បម្រើ​ទាំង​ពីរ​នាក់​នោះ​ទៅ​ឃុំ​នៅ​ផ្ទះ​របស់​មេ​អង្គរក្ស+ ជា​កន្លែង​ដែល​គេ​ឃុំ​ឃាំង​យ៉ូសែប។+ ៤  បន្ទាប់​មក មេ​អង្គរក្ស​បាន​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+ ពួក​គេ​ទាំង​ពីរ​បាន​ជាប់​ឃុំ​ឃាំង​នៅ​ទី​នោះ​អស់​មួយ​រយៈ។ ៥  នៅ​យប់​មួយ មេ​លើ​ពួក​អ្នក​កាន់​ពែង និង​មេ​លើ​ពួក​អ្នក​ដុត​នំ បាន​យល់​សប្ដិ។ ប៉ុន្តែ សុបិន​របស់​ពួក​គេ​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា។ ៦  លុះ​ព្រឹក​ឡើង យ៉ូសែប​បាន​ចូល​មក ហើយ​ឃើញ​ពួក​គេ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់។ ៧  ដូច្នេះ យ៉ូសែប​បាន​សួរ​មន្ត្រី​ទាំង​នោះ​ដែល​កំពុង​ជាប់​ឃុំ​ជា​មួយ​នឹង​គាត់​ក្នុង​ផ្ទះ​ម្ចាស់​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ទាំង​ពីរ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​ម្ល៉េះ?​»។ ៨  ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​ទាំង​ពីរ​នាក់​បាន​យល់​សប្ដិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សុបិន​ឲ្យ​យើង​បាន​ទេ​»។ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​សុបិន​បាន។+ សូម​ប្រាប់​សុបិន​របស់​អ្នក​ទាំង​ពីរ​ដល់​ខ្ញុំ​មក​»។ ៩  ដូច្នេះ មេ​លើ​ពួក​អ្នក​កាន់​ពែង​បាន​ប្រាប់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ដើម​ទំពាំង​បាយ​ជូរ​មួយ។ ១០  ដើម​នោះ​មាន​ខ្នែង​បី ហើយ​ខ្នែង​ទាំង​នោះ​បាន​ចេញ​ពន្លក កើត​បាន​ជា​ផ្កា រួច​ចេញ​ជា​ចង្កោម​ផ្លែ​ទុំ។ ១១  ពេល​នោះ ខ្ញុំ​កំពុង​កាន់​ពែង​របស់​ផារ៉ូ ហើយ​ខ្ញុំ​បាន​បេះ​ចង្កោម​ទំពាំង​បាយ​ជូរ​ទាំង​នោះ មក​ច្របាច់​យក​ទឹក​ដាក់​ក្នុង​ពែង រួច​លើក​ជូន​ផារ៉ូ​ពិសា​»។ ១២  បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​គាត់​ថា​៖ ​«​នេះ​ជា​អត្ថន័យ​សុបិន​របស់​អ្នក។ ខ្នែង​បី​គឺ​សំដៅ​លើ​បី​ថ្ងៃ។ ១៣  នៅ​បី​ថ្ងៃ​ទៀត ផារ៉ូ​នឹង​ដោះ​លែង​អ្នក ហើយ​នឹង​តែង​តាំង​អ្នក​ឲ្យ​មាន​តំណែង​ឡើង​វិញ។+ អ្នក​នឹង​លើក​ពែង​ជូន​លោក​ដូច​កាល​ពី​មុន។+ ១៤  ពេល​អ្នក​បាន​សុខ​ស្រួល​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ។ សូម​បង្ហាញ​សេ​ច​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ហើយ​សូម​ប្រាប់​ផារ៉ូ​អំពី​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ ១៥  ព្រោះ​ខ្ញុំ​បាន​ត្រូវ​គេ​ចាប់​ពី​ទឹក​ដី​របស់​ជន​ជាតិ​ហេប្រឺ​មក+ ហើយ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​គួរ​នឹង​ជាប់​គុក​ទេ​»។+ ១៦  ពេល​មេ​លើ​ពួក​អ្នក​ដុត​នំ​ឃើញ​ថា​យ៉ូសែប​បាន​កាត់​ស្រាយ​រឿង​ល្អ​អំពី​សុបិន​នោះ គាត់​បាន​ប្រាប់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​ក៏​មាន​សុបិន​មួយ​ដែរ។ ខ្ញុំ​យល់​សប្ដិ​ថា ខ្ញុំ​ទូល​នំ​បី​កញ្ច្រែង។ ១៧  កញ្ច្រែង​លើ​បង្អស់​មាន​ពេញ​ទៅ​ដោយ​នំ​គ្រប់​ប្រភេទ​សម្រាប់​ជូន​ផារ៉ូ​ពិសា តែ​ពេល​នោះ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ពី​កញ្ច្រែង​នោះ​ទៅ​»។ ១៨  បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​គាត់​ថា​៖ ​«​នេះ​ជា​អត្ថន័យ​សុបិន​របស់​អ្នក។ កញ្ច្រែង​បី​គឺ​សំដៅ​លើ​បី​ថ្ងៃ។ ១៩  នៅ​បី​ថ្ងៃ​ទៀត ផារ៉ូ​នឹង​ឲ្យ​គេ​កាត់​ក្បាល​អ្នក សព​អ្នក​នឹង​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ ហើយ​សត្វ​ស្លាប​នឹង​មក​ចឹក​ស៊ី​សាច់​អ្នក​»។+ ២០  លុះ​បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​ខួប​កំណើត​របស់​ផារ៉ូ។+ គាត់​បាន​ឲ្យ​គេ​រៀបចំ​ពិធី​ភោជនាហារ​សម្រាប់​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។ ពេល​នោះ គាត់បាន​ចាត់​គេ​ឲ្យ​នាំ​មេ​លើ​ពួក​អ្នក​កាន់​ពែង និង​មេ​លើ​ពួក​អ្នក​ដុត​នំ​ចេញ​មក។ ២១  ផារ៉ូ​បាន​តែង​តាំង​មេ​លើ​ពួក​អ្នក​កាន់​ពែង​ឲ្យ​មាន​តំណែង​ដូច​ដើម​វិញ។ ម្ល៉ោះ​ហើយ អ្នក​នោះ​ក៏​លើក​ពែង​ជូន​ផារ៉ូ​ត​ទៅ​ទៀត។ ២២  ចំណែក​ឯ​មេ​លើ​ពួក​អ្នក​ដុត​នំ​វិញ ផារ៉ូ​បាន​ឲ្យ​គេ​ព្យួរ​គាត់ ដូច​ដែល​យ៉ូសែប​បាន​កាត់​ស្រាយ​សុបិន​ប្រាប់​គាត់​មែន។+ ២៣  ប៉ុន្តែ មេ​លើ​ពួក​អ្នក​កាន់​ពែង​មិន​បាន​នឹក​ឃើញ​យ៉ូសែប​ទេ។ គាត់​បាន​ភ្លេច​ឈឹង​អំពី​យ៉ូសែប។+

កំណត់សម្គាល់