ដំណើរចាកចេញ ២៦:១-៣៧

២៦  «​អ្នក​ត្រូវ​ធ្វើ​ត្រសាល​ជំនុំ+ ដោយ​ប្រើ​ក្រណាត់​១០​ផ្ទាំង ធ្វើ​ពី​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* និង​អំបោះ​ពណ៌​ក្រហម។ អ្នក​ត្រូវ​ឲ្យ​គេ​ប៉ាក់​រូប​ចេរូប៊ីន+នៅ​លើ​ក្រណាត់​ទាំង​នោះ។+ ២  ក្រណាត់​ទាំង​នោះ​ត្រូវ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​២៨​ហត្ថ* និង​ទទឹង​៤​ហត្ថ។+ ៣  ក្រណាត់​ប្រាំ​ផ្ទាំង​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ ឯ​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ៤  បន្ទាប់​មក អ្នក​ត្រូវ​យក​អំបោះ​ពណ៌​ខៀវ​មក​វេញ​ធ្វើ​ខ្សែ​កង​ភ្ជាប់​នៅ​ជាយ​ក្រណាត់​ផ្ទាំង​ធំ​នោះ ហើយ​ក្រណាត់​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​ទុក​ភ្ជាប់​ផ្ទាំង​ទាំង​ពីរ។ ៥  នៅ​លើ​ផ្ទាំង​មួយ​ត្រូវ​មាន​ខ្សែ​កង​៥០ លើ​ផ្ទាំង​មួយ​ទៀត​ក៏​ត្រូវ​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ៦  អ្នក​ត្រូវ​ធ្វើ​កន្លាស់​មាស​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ សម្រាប់​គ្រប​លើ​ត្រសាល។+ ៧  ​«​អ្នក​ក៏​ត្រូវ​ធ្វើ​ក្រណាត់​ពី​រោម​ពពែ​១១​ផ្ទាំង+ សម្រាប់​គ្រប​លើ​ត្រសាល​ដែរ។ ៨  ក្រណាត់​ទាំង​នោះ​ត្រូវ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​៣០​ហត្ថ និង​ទទឹង​៤​ហត្ថ។ ៩  ក្រណាត់​៥​ផ្ទាំង​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ឯ​ផ្ទាំង​ទី​៦​ដែល​នៅ​ខាង​មុខ​ត្រសាល អ្នក​ត្រូវ​បត់​ពាក់​កណ្ដាល។ ១០  នៅ​ចុង​ផ្ទាំង​ធំ​មួយ​ត្រូវ​មាន​ខ្សែ​កង​៥០ ហើយ​នៅ​ចុង​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​ត្រូវ​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ១១  អ្នក​ត្រូវ​ធ្វើ​កន្លាស់​ស្ពាន់​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ។ ១២  ឯ​ក្រណាត់​ដែល​នៅ​សល់​ចំហៀង​សង​ខាង​និង​ខាង​ក្រោយ​ត្រសាល ត្រូវ​ទុក​ឲ្យ​ធ្លាក់​សំយាក។ ១៣  ក្រណាត់​ដែល​នៅ​សល់​ចំហៀង​ត្រសាល មាន​ប្រវែង​មួយ​ហត្ថ​សង​ខាង ហើយ​ត្រូវ​ទុក​ឲ្យ​ធ្លាក់​សំយាក​ដើម្បី​គ្រប​បាំង​ត្រសាល។ ១៤  ​«​អ្នក​ក៏​ត្រូវ​យក​ស្បែក​ចៀម​ឈ្មោល​ដែល​ជ្រលក់​ពណ៌​ក្រហម មក​គ្រប​លើ​ត្រសាល ហើយ​ត្រូវ​យក​ស្បែក​ទន់*មក​គ្រប​ពី​លើ​នោះ។+ ១៥  ​«​អ្នក​ត្រូវ​យក​ឈើ​អាកាស្យា​មក​ធ្វើ​ក្ដារ​ស៊ុម+ ហើយ​តម្រៀប​បញ្ឈរ​ជា​ជញ្ជាំង​ត្រសាល។+ ១៦  ក្ដារ​ស៊ុម​នីមួយ​ៗ​មាន​កម្ពស់​១០​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ១៧  នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្ដារ​ស៊ុម​នីមួយ​ៗ អ្នក​ត្រូវ​ធ្វើ​ពន្លួញ​ពីរ​លៀន​ចេញ​ពី​ក្ដារ​ស៊ុម។ នោះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ត្រសាល។ ១៨  អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០ សម្រាប់​ជញ្ជាំង​ខាង​ត្បូង​នៃ​ត្រសាល។ ១៩  ​«​អ្នក​ត្រូវ​យក​ប្រាក់​ធ្វើ​ជា​ជើង​ពន្លួញ​៤០+ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។+ ២០  ឯ​ជញ្ជាំង​ខាង​ជើង​នៃ​ត្រសាល​វិញ អ្នក​ក៏​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០​ដែរ ២១  ហើយ​អ្នក​ត្រូវ​យក​ប្រាក់​ធ្វើ​ជា​ជើង​ពន្លួញ​៤០ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។ ២២  ចំណែក​ជញ្ជាំង​ខាង​លិច​ផ្នែក​ខាង​ក្រោយ​ត្រសាល អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​៦។+ ២៣  អ្នក​ត្រូវ​ធ្វើ​ក្ដារ​ស៊ុម​ពីរ​សម្រាប់​ធ្វើ​ជា​ជ្រុង​ជញ្ជាំង​ទាំង​ពីរ ដែល​នៅ​ខាង​ក្រោយ​ត្រសាល។ ២៤  ក្ដារ​ស៊ុម​នោះ​ត្រូវ​មាន​បន្ទះ​ឈើ​ពីរ​ផ្ទាំង​អប​គ្នា ចាប់​ពី​ក្រោម​ឡើង​ទៅ​លើ ភ្ជាប់​នៅ​ត្រង់​កង​ទី​១ ដើម្បី​ទប់​ជ្រុង​ជញ្ជាំង​ទាំង​ពីរ​នៅ​ខាង​ក្រោយ។ ២៥  ម្ល៉ោះ​ហើយ ជញ្ជាំង​ខាង​ក្រោយ​មាន​ក្ដារ​ស៊ុម​ចំនួន​៨ ហើយ​មាន​ជើង​ពន្លួញ​១៦​ធ្វើ​ពី​ប្រាក់ គឺ​ជើង​ពីរ​សម្រាប់​ស៊ក​ពន្លួញ​ពីរ​នៃ​ក្ដារ​ស៊ុម​១។ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។ ២៦  ​«​អ្នក​ត្រូវ​ធ្វើ​រនុក​ពី​ឈើ​អាកាស្យា ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ត្រសាល+ ២៧  ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ម្ខាង​ទៀត ហើយ​ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ផ្នែក​ខាង​ក្រោយ​ត្រសាល​ប៉ែក​ខាង​លិច។ ២៨  ឯ​រនុក​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​ត្រង់​កណ្ដាល ត្រូវ​មាន​ប្រវែង​វែង​ពី​ចុង​ម្ខាង​ត្រសាល​ដល់​ចុង​ម្ខាង​ទៀត។ ២៩  ​«​អ្នក​ត្រូវ​ស្រោប​ក្ដារ​ស៊ុម​ទាំង​អស់​ដោយ​មាស+ ហើយ​ត្រូវ​ធ្វើ​កង​ភ្ជាប់​ក្ដារ​ស៊ុម​នីមួយ​ៗ​ពី​មាស។ ឯ​រនុក​សម្រាប់​ស៊ក​ចូល​កង​ទាំង​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ។ ៣០  អ្នក​ត្រូវ​ដំឡើង​ត្រសាល​នោះ ស្រប​ទៅ​តាម​ប្លង់​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ។+ ៣១  ​«​អ្នក​ត្រូវ​ធ្វើ​វាំងនន+ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា ហើយ​ត្រូវ​ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​វាំងនន​នោះ។ ៣២  អ្នក​ត្រូវ​ព្យួរ​វាំងនន​នោះ​នៅ​លើ​សសរ​បួន​ដើម​ដែល​ធ្វើ​ពី​ឈើ​អាកាស្យា​ស្រោប​ដោយ​មាស ហើយ​តម្ពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ ឯ​ជើង​សសរ​បួន​នោះ ត្រូវ​ធ្វើ​ពី​ប្រាក់។ ៣៣  អ្នក​ត្រូវ​ព្យួរ​វាំងនន​នៅ​លើ​តម្ពក់​ទាំង​នោះ រួច​ត្រូវ​នាំ​យក​ហឹប​នៃ​សេចក្ដី​រំលឹក+ទៅ​ដាក់​នៅ​ក្រោយ​វាំងនន។ វាំងនន​នោះ​គឺ​សម្រាប់​ខណ្ឌ​ទី​បរិសុទ្ធ+និង​ទី​បរិសុទ្ធ​បំផុត។+ ៣៤  អ្នក​ត្រូវ​គ្រប​គម្រប​ហឹប​នៃ​សេចក្ដី​រំលឹក​ដែល​នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។ ៣៥  ​«​អ្នក​ត្រូវ​ដាក់​តុ​មាស​នៅ​ខាង​មុខ​វាំងនន​ប៉ែក​ខាង​ជើង​ត្រសាល ហើយ​ដាក់​ជើង​ចង្កៀង+ទល់​មុខ​តុ​នោះ​នៅ​ប៉ែក​ខាង​ត្បូង។ ៣៦  នៅ​ទ្វារ​ចូល​ត្រសាល អ្នក​ត្រូវ​ធ្វើ​វាំងនន​ដែល​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។+ ៣៧  អ្នក​ត្រូវ​ធ្វើ​សសរ​ប្រាំ​ដើម​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​មាស សម្រាប់​ព្យួរ​វាំងនន​នោះ ហើយ​តម្ពក់​ក៏​ត្រូវ​ធ្វើ​ពីមាស​ដែរ។ ឯ​ជើង​សសរ​ប្រាំ​នោះ អ្នក​ត្រូវ​ធ្វើ​ពី​ស្ពាន់។

កំណត់សម្គាល់

ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​
មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង