នេហេមា ១២:១-៤៧

  • ពួក​សង្ឃ​និង​ពួក​លេវី (​១​-​២៦)

  • ការ​សម្ពោធ​កំពែង​វិហារ (​២៧​-​៤៣)

  • ការ​គាំទ្រ​កិច្ច​បម្រើ​នៅ​វិហារ (​៤៤​-​៤៧)

១២  រីឯ​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ជា​មួយ​នឹង​សេរ៉ូបាបិល+ជា​កូន​សាលធាល+ និង​យេសួរ+មាន​ដូច​ត​ទៅ​៖ សេរ៉ាយ៉ា យេរេមា អែសរ៉ា ២  អាម៉ារៀ ម៉ាឡាក ហាធូស ៣  សេកានៀ រេហម មេរេម៉ត ៤  អ៊ីតដូ គីនេថូយ អាប៊ីយ៉ា ៥  មីយ៉ាមីន ម៉ាអាឌា ប៊ីលកា ៦  សិមម៉ាយ៉ា យ៉ូយ៉ារីប យេដាយយ៉ា ៧  សាលលូ អេម៉ក់ ហ៊ីលគីយ៉ា និង​យេដាយយ៉ា។ ពួក​គេ​ទាំង​នេះ​សុទ្ធតែ​ជា​មេ​ដឹក​នាំ​លើ​ពួក​សង្ឃ​និង​លើ​បង​ប្អូន​របស់​ខ្លួន នៅ​ក្នុង​គ្រា​យេសួរ។ ៨  ពួក​លេវី​មាន​ដូច​ជា យេសួ ប៊ីននូអាយ កាតម៉ែល+ សេរេបៀ យូដា និង​ម៉ាថានៀ។+ ម៉ាថានៀ​ជា​អ្នក​នាំ​មុខ​ច្រៀង​ថ្លែង​អំណរ​គុណ​ជា​មួយ​នឹង​បង​ប្អូន​របស់​គាត់។ ៩  ឯ​បាកប៊ូគា​និង​អាន់ណាយ ពួក​គាត់​ឈរ​ទល់​មុខ​ពួក​អ្នក​ទាំង​នោះ បំពេញ​ភារកិច្ច​ជា​អ្នក​យាម។ ១០  យេសួ​ជា​ឪពុក*យ៉ូយ៉ាគីម យ៉ូយ៉ាគីម​ជា​ឪពុក​អេឡាយអាស៊ីប+ អេឡាយអាស៊ីប​ជា​ឪពុក​យ៉ូយ៉ាដា។+ ១១  យ៉ូយ៉ាដា​ជា​ឪពុក​យ៉ូណាថាន យ៉ូណាថាន​ជា​ឪពុក​យ៉ាដួរ។ ១២  នៅ​គ្រា​យ៉ូយ៉ាគីម ពួក​សង្ឃ​ដែល​ជា​ប្រមុខ​គ្រួសារ​មាន​ដូច​ត​ទៅ​៖ មេរ៉ាយ៉ា​ជា​តំណាង​ក្រុម​គ្រួសារ​សេរ៉ាយ៉ា។+ ហាណានា​ជា​តំណាង​ក្រុម​គ្រួសារ​យេរេមា។ ១៣  មេស៊ូឡាម​ជា​តំណាង​ក្រុម​គ្រួសារ​អែសរ៉ា។+ យេហូហេណាន​ជា​តំណាង​ក្រុម​គ្រួសារ​អាម៉ារៀ។ ១៤  យ៉ូណាថាន​ជា​តំណាង​ក្រុម​គ្រួសារ​ម៉ាឡាកាយ។ យ៉ូសែប​ជា​តំណាង​ក្រុម​គ្រួសារ​សេបានៀ។ ១៥  អាតណា​ជា​តំណាង​ក្រុម​គ្រួសារ​ហារីម។+ ហេលកាយ​ជា​តំណាង​ក្រុម​គ្រួសារ​មេរ៉ាយ៉ុត។ ១៦  សាការី​ជា​តំណាង​ក្រុម​គ្រួសារ​អ៊ីតដូ។ មេស៊ូឡាម​ជា​តំណាង​ក្រុម​គ្រួសារ​គីនេថូន។ ១៧  ស៊ីកក្រាយ​ជា​តំណាង​ក្រុម​គ្រួសារ​អាប៊ីយ៉ា។+ តំណាង​ក្រុម​គ្រួសារ​មីណាយអាមីន​គឺ . . .។* ពីលថាយ​ជា​តំណាង​ក្រុម​គ្រួសារ​ម៉ូអាឌា។ ១៨  សាំមូអា​ជា​តំណាង​ក្រុម​គ្រួសារ​ប៊ីលកា។+ យេហូណាថាន​ជា​តំណាង​ក្រុម​គ្រួសារ​សិមម៉ាយ៉ា។ ១៩  ម៉ាធីណាយ​ជា​តំណាង​ក្រុម​គ្រួសារ​យ៉ូយ៉ារីប។ អើសាយ​ជា​តំណាង​ក្រុម​គ្រួសារ​យេដាយយ៉ា។+ ២០  កាឡាយ​ជា​តំណាង​ក្រុម​គ្រួសារ​សាឡាយ។ ហេបឺរ​ជា​តំណាង​ក្រុម​គ្រួសារ​អេម៉ក់។ ២១  ហាសាបៀ​ជា​តំណាង​ក្រុម​គ្រួសារ​ហ៊ីលគីយ៉ា។ នេថានេល​ជា​តំណាង​ក្រុម​គ្រួសារ​យេដាយយ៉ា។ ២២  គេ​បាន​កត់​ឈ្មោះ​ប្រមុខ​គ្រួសារ​ពួក​លេវី​និង​ពួក​សង្ឃ​ក្នុង​បញ្ជី ចាប់​ពី​គ្រា​អេឡាយអាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និង​យ៉ាដួរ+ រហូត​ដល់​រាជ្យ​ដារីយុស​ជា​ស្ដេច​ស្រុក​ពើស៊ី។ ២៣  គេ​បាន​កត់​ឈ្មោះ​ពួក​លេវី​ដែល​ជា​ប្រមុខ​គ្រួសារ ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ រហូត​ដល់​គ្រា​យ៉ូហាណាន​ជា​កូន​អេឡាយអាស៊ីប។ ២៤  ឯ​ពួក​លេវីដែល​ជា​ប្រមុខ មាន​ហាសាបៀ សេរេបៀ យេសួ+ជា​កូន​កាតម៉ែល+ និង​បង​ប្អូន​របស់​ពួក​គេ​ដែល​ជា​ក្រុម​អ្នក​យាម។ ពួក​គេ​ឈរ​ជា​ក្រុម​ៗ​ទល់​មុខ​គ្នា ដើម្បី​ច្រៀង​សរសើរ​តម្កើង​និង​ថ្លែង​អំណរ​គុណ​ព្រះ ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ+ជា​តំណាង​ព្រះ​ពិត។ ២៥  ចំណែក​ម៉ាថានៀ+ បាកប៊ូគា អូបាឌា មេស៊ូឡាម តាល់ម៉ូន និង​អាកខុប+ ពួក​គេ​មាន​ភារកិច្ច​ជា​អ្នក​យាម​ទ្វារ។+ ពួក​គេ​ឈរ​យាម​បន្ទប់​ឃ្លាំង​ដែល​នៅ​ក្បែរ​ទ្វារ​វិហារ។ ២៦  ពួក​អ្នក​ទាំង​នោះ​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ នៅ​គ្រា​យ៉ូយ៉ាគីម​ជា​កូន​យេសួរ+ ត្រូវ​ជា​ចៅ​យ៉ូសាដាក។ ពួក​គេ​ក៏​បម្រើ​នៅ​គ្រា​នេហេមា​ជា​អភិបាល ព្រម​ទាំង​គ្រា​អែសរ៉ា+ជា​សង្ឃ​និង​ជា​អ្នក​ចម្លង​ឯកសារ​ដែរ។ ២៧  នៅ​ពិធី​សម្ពោធ​កំពែង​ក្រុង​យេរូសាឡិម គេ​បាន​ស្វែង​រក​ពួក​លេវី​ពី​គ្រប់​កន្លែង រួច​នាំ​មក​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​មក​អបអរ​ពិធី​សម្ពោធ និង​ច្រៀង​ថ្លែង​អំណរ​គុណ​ព្រះ+ អម​ជា​មួយ​នឹង​សំឡេង​ឆាប ពិណ និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។ ២៨  ឯ​ក្រុម​អ្នក​ចម្រៀង​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន* ពួក​គេ​ក៏​បាន​មក​ជួប​ជុំ​គ្នា​ដែរ។ ពួក​គេ​មក​ពី​តំបន់​ជិត​ទន្លេ​យូ​ដាន់ តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម ពី​ភូមិ​នានា​ក្នុង​តំបន់​ណេថូផា+ ២៩  ពី​ក្រុង​បេតគីលកាល+ ពី​តំបន់​វាល​នៅ​ក្រុង​កេបា+ និង​ក្រុង​អាសម៉ាវែត+ ព្រោះ​ពួក​អ្នក​ចម្រៀង​បាន​តាំង​ទី​លំនៅ​នៅ​តំបន់​ផ្សេង​ៗ​ជុំវិញ​ក្រុង​យេរូសាឡិម។ ៣០  ពួក​សង្ឃ​និង​ពួក​លេវី បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ។ បន្ទាប់​មក ពួក​គេ​ធ្វើ​ឲ្យ​បណ្ដា​ជន​ស្អាត​បរិសុទ្ធ​ដែរ+ រួម​ទាំង​ទ្វារ​ក្រុង+ និង​កំពែង។+ ៣១  បន្ទាប់​ពី​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​យូដា​ឡើង​លើ​កំពែង។ រួច​ខ្ញុំ​បាន​រៀបចំ​ឲ្យ​មាន​អ្នក​ចម្រៀង​ពីរ​ក្រុម​ធំ​ៗ ដើរ​ដង្ហែ​គ្នា​ច្រៀង​ថ្លែង​អំណរ​គុណ​ព្រះ។ ខ្ញុំ​បាន​ឲ្យ​ក្រុម​មួយ​ដើរ​លើ​កំពែង​ទៅ​ខាង​ស្ដាំ ឆ្ពោះ​ទៅ​ទ្វារសំរាម។+ ៣២  ពួក​អ្នក​ដែល​ដើរ​ខាង​ក្រោយ​ក្រុម​ទី​១ មាន​ហូសាយ៉ា និង​ពួក​អ្នក​គ្រប់​គ្រង​ចំនួន​ពាក់​កណ្ដាល ៣៣  ព្រម​ទាំង​អាសារៀ អែសរ៉ា មេស៊ូឡាម ៣៤  យូដា បេនយ៉ាមីន សិមម៉ាយ៉ា និង​យេរេមា។ ៣៥  កូន​ប្រុស​ខ្លះ​របស់​ពួក​សង្ឃ​បាន​កាន់​ត្រែ​ដើរ​ដង្ហែ​ជា​មួយ​នឹង​ពួក​គេ​ដែរ ក្នុង​នោះ​មាន​៖+ សាការី​ជា​កូន​យ៉ូណាថាន យ៉ូណាថាន​ជា​កូន​សិមម៉ាយ៉ា សិមម៉ាយ៉ា​ជា​កូន​ម៉ាថានៀ ម៉ាថានៀ​ជា​កូន​មីកាយ៉ា មីកាយ៉ា​ជា​កូន​សាកឺ សាកឺ​ជា​កូន​អេសាភ+ ៣៦  ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ដែរ គឺ​សិមម៉ាយ៉ា អាសារ៉េល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និង​ហាណាណៃ ពួក​គេ​បាន​កាន់​ឧបករណ៍​ភ្លេង​ដែល​ដាវីឌ+ជា​តំណាង​ព្រះ​ពិត​បាន​ធ្វើ។ ពេល​នោះ អែសរ៉ា+ជា​អ្នក​ចម្លង​ឯកសារ បាន​ដើរ​ពី​មុខ​ពួក​គេ។ ៣៧  ពេល​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក+ ពួក​គេ​ឡើង​ជណ្ដើរ+ក្រុង​ដាវីឌ+ ដែល​នៅ​ក្បែរ​ជម្រាល​កំពែង​ប៉ែក​ខាង​លើ​វិមាន​ដាវីឌ ហើយ​ឆ្ពោះ​ទៅ​ទ្វារទឹក+ដែល​នៅ​ប៉ែក​ខាង​កើត។ ៣៨  ឯ​ក្រុម​ទី​២ ពួក​គេ​ដើរ​ដង្ហែ​គ្នា​លើ​កំពែង​ទៅ​ខាង​ឆ្វេង​វិញ ដោយ​ច្រៀង​ថ្លែង​អំណរ​គុណ​ព្រះ។ ឯ​ខ្ញុំ​និង​អ្នក​ដែល​នៅ​សល់​ពាក់​កណ្ដាល​ទៀត​ដើរ​តាម​ក្រោយ​ក្រុម​អ្នក​ចម្រៀង​នោះ​ដែរ យើង​ធ្វើ​ដំណើរ​កាត់​តាម​ប៉ម​ឡ​នំ​ប៉័ង+ និង​កំពែង​ធំ+ ៣៩  ហើយ​កាត់​តាម​ទ្វារអេប្រាអ៊ីម+ ទ្វារ​ក្រុង​ចាស់+ ទ្វារត្រី+ ប៉ម​ហាណានៀល+ ប៉ម​ម៉េអា និង​ទ្វារចៀម។+ បន្ទាប់​មក ពួក​គេ​បាន​ឈប់​នៅ​ត្រង់​ទ្វារ​អ្នក​ចាំ​យាម។ ៤០  ទី​បំផុត អ្នក​ចម្រៀង​ទាំង​ពីរ​ក្រុម បាន​ទៅ​ដល់​ខាង​មុខ​វិហារ​របស់​ព្រះ​ពិត ហើយ​ខ្ញុំ​និង​ពួក​អ្នក​គ្រប់​គ្រង​ពាក់​កណ្ដាល​ក៏​ទៅ​ដល់​ទី​នោះ​ដែរ។ ៤១  ឯ​ពួក​សង្ឃ​ដែល​កាន់​ត្រែ​ក៏​នៅ​ទី​នោះ​ដែរ​គឺ អេលាគីម ម៉ាអាសៀ មីណាយអាមីន មីកាយ៉ា អេលីយ៉ូអ៊ីណាយ សាការី ហាណានា ៤២  ម៉ាអាសៀ សិមម៉ាយ៉ា អេលាសារ អើសាយ យេហូហេណាន ម៉ាលខាយយ៉ា អេឡាំ និង​អេសឺ។ ពេល​នោះ ក្រុម​អ្នក​ចម្រៀង​បាន​ច្រៀង​ឡើង​យ៉ាង​ខ្លាំង ក្រោម​ការ​ដឹក​នាំ​របស់​អ៊ីសរ៉ាហៀ។ ៤៣  នៅ​ថ្ងៃ​នោះ គេ​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​សន្ធឹក​ដល់​ព្រះ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ​ក្រៃ​លែង+ ព្រោះ​ព្រះ​ពិត​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង ទាំង​ស្ត្រី​ទាំង​កូន​ក្មេង​ក៏​អរ​សប្បាយ​ដែរ។+ យ៉ាង​នេះ នៅ​ក្រុង​យេរូសាឡិម​មាន​សំឡេង​អរ​សប្បាយ​លាន់​ឮ​កង​រំពង​ទៅ​ដល់​កន្លែង​ឆ្ងាយ​ៗ។+ ៤៤  នៅ​ថ្ងៃ​ដដែល​នោះ មាន​បុរស​ខ្លះ​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​បន្ទប់​ឃ្លាំង+ដាក់​វិភាគទាន+ ផល​ដំបូង+ និង​អំណោយ​១​ភាគ​១០។+ ពួក​គេ​ត្រូវ​ប្រមូល​ភោគ​ផល​ពី​ស្រែ​តាម​ក្រុង​នា​នា មក​ដាក់​ក្នុង​ឃ្លាំង សម្រាប់​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​និង​ពួក​លេវី ស្រប​តាម​ច្បាប់​តម្រូវ​ឲ្យ។+ ពេល​នោះ បណ្ដា​ជន​ក្នុង​ស្រុក​យូដា​មាន​អំណរ​ជា​ខ្លាំង ព្រោះ​ពួក​សង្ឃ​និង​ពួក​លេវី​បំពេញ​តួ​នាទី​នៅ​ឯ​វិហារ។ ៤៥  បន្ថែម​ទៀត ពួក​សង្ឃ​និង​ពួក​លេវី​បាន​បំពេញ​កិច្ច​បម្រើ​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ និង​បំពេញ​មុខ​ងារ​ក្នុង​ការ​ញែក​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ ចំណែក​ពួក​អ្នក​ចម្រៀង​និង​អ្នក​យាម​ទ្វារ​វិញ ពួក​គេ​ក៏​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដែរ ស្រប​តាម​ការ​ណែនាំ​ពី​ដាវីឌ​និង​សាឡូម៉ូន​ជា​កូន​របស់​គាត់។ ៤៦  តាំង​ពី​យូរ​មក​ហើយ នៅ​គ្រា​ដាវីឌ​និង​អេសាភ តែង​តែ​មាន​ពួក​អ្នក​ដឹក​នាំ​អ្នក​ចម្រៀង ក្នុង​ការ​ច្រៀង​សរសើរ​និង​ការ​ច្រៀង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ។+ ៤៧  នៅ​គ្រា​សេរ៉ូបាបិល+និង​គ្រា​នេហេមា បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ជូន​វិភាគទាន សម្រាប់​ពួក​អ្នក​ចម្រៀង+ និង​ពួក​អ្នក​យាម​ទ្វារ+ ស្រប​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ បណ្ដា​ជន​ក៏​បាន​ជូន​វិភាគទាន​សម្រាប់​ពួក​លេវី​ដែរ។+ ឯ​ពួក​លេវី​វិញ ពួក​គេ​បាន​ជូន​វិភាគទាន​សម្រាប់​កូន​ចៅ​អេរ៉ុន។

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​ឪពុក​»​អាច​សំដៅ​លើ​ឪពុក​បង្កើត​ឬ​បុព្វ​បុរស
តាម​មើល​ទៅឯកសារ​ជា​ភាសា​ហេប្រឺ អត់​មាន​ឈ្មោះ​នៅ​ទី​នេះ​ទេ
ន័យ​ត្រង់​«​កូន​ចៅ​ពួក​អ្នក​ចម្រៀង​»​