បណ្ដាស្ដេចទី១ ១១:១-៤៣

  • ប្រពន្ធ​ទាំង​ឡាយ​របស់​សាឡូម៉ូន​ទាញ​នាំ​ចិត្ត​របស់​គាត់ (​១​-​១៣)

  • ពួក​អ្នក​បះ​បោរ​ប្រឆាំង​នឹង​សាឡូម៉ូន (​១៤​-​២៥)

  • យេរ៉ូបោម​បាន​ត្រូវ​សន្យា​ឲ្យ​កុលសម្ព័ន្ធ​១០ (​២៦​-​៤០)

  • សាឡូម៉ូន​ស្លាប់ ហើយ​រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច (​៤១​-​៤៣)

១១  ស្ដេច​សាឡូម៉ូន​បាន​ស្រឡាញ់​ស្ត្រី​ជន​ជាតិ​ដទៃ​ជា​ច្រើន​ទៀត+ ក្រៅ​ពី​កូន​ស្រី​របស់​ផារ៉ូ។+ ស្ត្រី​ទាំង​នោះ​រួម​មាន​៖ ជន​ជាតិ​ម៉ូអាប់+ ជន​ជាតិ​អាំម៉ូន+ ជន​ជាតិ​អេដំ ជន​ជាតិ​ស៊ីដូន+ និង​ជន​ជាតិ​ហេត។+ ២  ស្ត្រី​ទាំង​នោះ​មក​ពី​ជន​ជាតិ​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហាម​ពួក​អ៊ីស្រាអែល​ថា​៖ ​«​អ្នក​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ពួក​គេ​ឡើយ ព្រោះ​ពួក​គេ​នឹង​បំបែរ​ចិត្ត​អ្នក​ទៅ​តាម​ព្រះ​របស់​ពួក​គេ​មិន​ខាន​»។+ ប៉ុន្តែ សាឡូម៉ូន​បាន​នៅ​ជិត​ស្និទ្ធ​នឹង​ពួក​គេ ហើយ​ស្រឡាញ់​ពួក​គេ។ ៣  គាត់​មាន​ភរិយា​ចំនួន​៧០០​នាក់​ជា​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់ ហើយ​មាន​ភរិយា​បន្ទាប់​ចំនួន​៣០០​នាក់។ បន្តិច​ម្ដង​ៗ​ស្ត្រី​ទាំង​នោះ​បាន​បំបែរ​ចិត្ត​គាត់។ ៤  កាល​គាត់​ចាស់​ទៅ+ ភរិយា​ទាំង​នោះ​បាន​បំបែរ​ចិត្ត​គាត់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ។+ ខុស​ពី​ដាវីឌ​ជា​ឪពុក សាឡូម៉ូន​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ទាំង​ស្រុង​ទេ។ ៥  សាឡូម៉ូន​បាន​កាន់​តាម​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន​ដែល​មាន​ឈ្មោះ​ថា​ព្រះ​នាង​អាសថារ៉ូត+ ព្រម​ទាំង​កាន់​តាម​ព្រះ​មីលខម+ជា​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ជន​ជាតិ​អាំម៉ូន​គោរព​បូជា។ ៦  សាឡូម៉ូន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​គាត់​មិន​បាន​កាន់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​ដូច​ដាវីឌ​ជា​ឪពុក​នោះ​ទេ។+ ៧  នៅ​គ្រា​នោះ សាឡូម៉ូន​បាន​សង់​ទី​ខ្ពស់+លើ​ភ្នំ​ដើម្បី​គោរព​បូជា​ដល់​ព្រះកេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡេក+របស់​ជន​ជាតិ​អាំម៉ូន+ ដែល​សុទ្ធតែ​ជា​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ គាត់​បាន​សង់​ទី​ខ្ពស់​នោះ​នៅ​ទល់​មុខ​ក្រុង​យេរូសាឡិម។ ៨  គាត់​បាន​សង់​ទី​ខ្ពស់​ទាំង​នោះ​សម្រាប់​ភរិយា​ទាំង​ប៉ុន្មាន​របស់​គាត់​ដែល​ជា​ជន​ជាតិ​ដទៃ ទុក​ជា​កន្លែង​ដុត​គ្រឿង​បូជា*ដល់​ព្រះ​របស់​ពួក​គេ។ ៩  ព្រះ​យេហូវ៉ា​ខឹង​នឹង​សាឡូម៉ូន​យ៉ាង​ខ្លាំង ដោយ​សារ​ចិត្ត​របស់​គាត់​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ ដែល​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ពីរ​ដង+ ១០  ហើយ​នោះ​ជា​អ្វី​ដែល​លោក​បាន​ព្រមាន​គាត់​រួច​ហើយ​ថា​មិន​គួរ​កាន់​តាម​ព្រះ​ឯ​ទៀត​ឡើយ។+ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ១១  ពេល​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​ព្រោះ​តែ​អ្នក​ធ្វើ​ដូច្នោះ ហើយ​មិន​បាន​កាន់​តាម​កិច្ច​ព្រម​ព្រៀង​និង​បញ្ញត្តិ​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ដក​ហូត​រាជាណាចក្រ​នោះ​ពី​អ្នក ហើយ​ប្រគល់​ឲ្យ​អ្នក​បម្រើ​ម្នាក់​របស់​អ្នក​វិញ។+ ១២  ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ​ឪពុក​របស់​អ្នក ខ្ញុំ​នឹង​មិន​ដក​ហូត​រាជ្យ​នោះ​នៅ​គ្រា​របស់​អ្នក​ទេ។ ខ្ញុំ​នឹង​ដក​ហូត​រាជ្យ​នោះ​ពី​ដៃ​របស់​កូន​អ្នក​វិញ+ ១៣  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​មិន​ដក​ហូត​រាជ្យ​នោះ​ទាំង​មូល​ទេ។+ ខ្ញុំ​នឹង​ទុក​កុលសម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក+ ព្រោះ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ និង​យល់​ដល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​»។+ ១៤  រួច​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ប្រឆាំង​នឹង​សាឡូម៉ូន+ គឺ​ហាដាត​ជា​ជន​ជាតិ​អេដំ ដែល​មក​ពី​វង្ស​ត្រកូល​ស្ដេច​នៅ​ស្រុក​អេដំ។+ ១៥  កាល​ដែល​ដាវីឌ​បាន​វាយ​ឈ្នះ​ស្រុក​អេដំ+ យ៉ូអាប់​ដែល​ជា​មេ​ទ័ព​បាន​ឡើង​ទៅ​បញ្ចុះ​សព​ពល​ទ័ព ហើយ​គាត់​បាន​ព្យាយាម​សម្លាប់​បុរស​ទាំង​អស់​នៅ​ស្រុក​អេដំ។ ១៦  (​យ៉ូអាប់​និង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្នាក់​នៅ​ស្រុក​អេដំ​អស់​រយៈ​ពេល​៦​ខែ រហូត​ដល់​គាត់​បាន​សម្លាប់​បុរស​ទាំង​អស់​នៅ​ទី​នោះ​) ១៧  ប៉ុន្តែ ហាដាត​និង​អ្នក​បម្រើ​ខ្លះ​របស់​ឪពុក​គាត់​ដែល​ជា​ជន​ជាតិ​អេដំ​បាន​រត់​រួច​ទៅ​ស្រុក​អេហ្ស៊ីប។ គ្រា​នោះ ហាដាត​នៅ​ជា​កុមារ​នៅ​ឡើយ។ ១៨  ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​បាន​នាំ​អ្នក​ស្រុក​ប៉ារ៉ាន+ខ្លះ​ទៅ​ជា​មួយ ហើយ​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប ទៅ​ឯ​ផារ៉ូ​ជា​ស្ដេច​ស្រុក​នោះ។ ផារ៉ូ​ក៏​បាន​ឲ្យ​ទី​លំនៅ ស្បៀងអាហារ និង​ដី​ធ្លី​ដល់​ហាដាត។ ១៩  ផារ៉ូ​ស្រឡាញ់​ពេញ​ចិត្ត​ហាដាត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ឲ្យ​ប្អូន​ថ្លៃ​របស់​គាត់ ធ្វើ​ជា​ប្រពន្ធ​របស់​ហាដាត​ទៅ។ នាង​ជា​ប្អូន​របស់​ថាភេនីស​ភរិយា​របស់​ផារ៉ូ។ ២០  ក្រោយ​មក ប្អូន​របស់​ថាភេនីស​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ហាដាត កូន​នោះ​ឈ្មោះ​កេនូបាត។ ថាភេនីស​បាន​ចិញ្ចឹម​អប់រំ​កូន​នោះ​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ ហើយ​កេនូបាត​បាន​រស់​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ​ជា​មួយ​នឹង​កូន​ៗ​របស់​ផារ៉ូ។ ២១  នៅ​ស្រុក​អេហ្ស៊ីប ហាដាត​បាន​ឮ​ដំណឹង​ថា​ដាវីឌ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។+ គាត់​ក៏​បាន​ឮ​ថា​យ៉ូអាប់​ជា​មេ​ទ័ព​បាន​ស្លាប់​ដែរ។+ ដូច្នេះ ហាដាត​បាន​និយាយ​ទៅ​កាន់​ផារ៉ូ​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្ញុំ​វិញ​ផង​»។ ២២  ប៉ុន្តែ ផារ៉ូ​បាន​សួរ​គាត់​ថា​៖ ​«​កាល​ដែល​អ្នក​នៅ​ជា​មួយ​នឹង​ខ្ញុំ តើ​មាន​ខ្វះ​អ្វី​ខ្លះ​បាន​ជា​អ្នក​ចង់​ទៅ​ស្រុក​របស់​អ្នក​វិញ​ដូច្នេះ?​»។ ហាដាត​បាន​តប​ថា​៖ ​«​ពុំ​មាន​ខ្វះ​អ្វី​ទេ តែ​សូម​មេត្តា​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ផង​»។ ២៣  គ្រា​នោះ ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​បុគ្គល​ម្នាក់​ទៀត​ប្រឆាំង​នឹង​សាឡូម៉ូន។+ បុគ្គល​នោះ​ឈ្មោះ​រេសោន​ជា​កូន​ប្រុស​របស់​អេលាដា។ រេសោន​បាន​រត់​ចោល​ម្ចាស់​របស់​គាត់ ឈ្មោះ​ហាដាឌីសឺ+ជា​ស្ដេច​ស្រុក​សូបា។ ២៤  ពេល​ដាវីឌ​វាយ​ឈ្នះ​ទ័ព​នៅ​ស្រុក​សូបា រេសោន​បាន​ប្រមូល​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់ ហើយ​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​មេ​ក្រុម​ចោរ​ប្លន់។+ ដូច្នេះ ពួក​គេ​បាន​រត់​ទៅ​រស់​នៅ​ក្រុង​ដាម៉ាស់+ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ក្រុង​នោះ។ ២៥  គាត់​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​គ្រា​ដែល​សាឡូម៉ូន​គ្រប់​គ្រង ហើយ​ក៏​បាន​បង្ក​ឲ្យ​មាន​បញ្ហា ដូច​ហាដាត​បាន​ធ្វើ​ដែរ។ រេសោន​ស្អប់​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ពេល​ដែល​គាត់​គ្រប់​គ្រង​លើ​ស្រុក​ស៊ីរី។ ២៦  នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យេរ៉ូបោម+ គាត់​ជា​កូន​របស់​ណេបាត​ជា​ពួក​អេប្រាអ៊ីម​ដែល​មក​ពី​ក្រុង​សេរេដា។ គាត់​ជា​អ្នក​បម្រើ​របស់​សាឡូម៉ូន+ ហើយ​មាន​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​សេរូអា។ យេរ៉ូបោម​ក៏​តាំង​បះ​បោរ​ប្រឆាំង​នឹង​សាឡូម៉ូន​ដែរ។+ ២៧  មូលហេតុ​ដែល​យេរ៉ូបោម​បះ​បោរ​ប្រឆាំង​សាឡូម៉ូន គឺ​ដោយ​សារ​សាឡូម៉ូន​បាន​សង់​មិឡូ*+ ហើយ​បាន​ពង្រឹង​កំពែង​ក្រុង​ដាវីឌ​ជា​ក្រុង​របស់​ឪពុក​គាត់។+ ២៨  យេរ៉ូបោម​ជា​យុវជន​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការងារ។ ពេល​សាឡូម៉ូន​ឃើញ​ថា​គាត់​ឧស្សាហ៍​ធ្វើ​ការ សាឡូម៉ូន​ក៏​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ+លើ​កម្មករ​កំណែន​ដែល​មក​ពី​ពូជ​ពង្ស​របស់​យ៉ូសែប។ ២៩  ថ្ងៃ​មួយ យេរ៉ូបោម​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម។ ឯ​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ+ដែល​មក​ពី​ស៊ីឡូរ គាត់​បាន​ជួប​យេរ៉ូបោម​នៅ​តាម​ផ្លូវ ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​ឯ​វាល​ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ អាហាយ៉ា​ពាក់​សម្លៀក​បំពាក់​ថ្មី ៣០  រួច​គាត់​ក៏​បាន​ហែក​អាវ​ថ្មី​នោះ ជា​១២​ចំណែក ៣១  ហើយ​និយាយ​ទៅ​កាន់​យេរ៉ូបោម​ថា​៖ ​«​សូម​យក​១០​ចំណែក​ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ដក​ហូត​រាជាណាចក្រ​នេះ​ចេញ​ពី​ដៃ​របស់​សាឡូម៉ូន ហើយ​ខ្ញុំ​នឹង​ឲ្យ​កុលសម្ព័ន្ធ​១០​ដល់​អ្នក។+ ៣២  ប៉ុន្តែ ខ្ញុំ​ទុក​កុលសម្ព័ន្ធ​មួយ​ឲ្យ​គាត់+ ព្រោះ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ និង​យល់​ដល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ចេញ​ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៣  ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ ដោយ​សារ​រាស្ត្រ​របស់​ខ្ញុំ​បាន​បែរ​ចេញ​ពី​ខ្ញុំ+ ហើយ​ទៅ​ក្រាប​គោរព​ដល់​ព្រះ​នាង​អាសថារ៉ូត ជា​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន។ ពួក​គេ​ក៏​គោរព​បូជា​ដល់​ព្រះ​កេម៉ូស​ជា​ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់ និង​ដល់​ព្រះ​មីលខម​ជា​ព្រះ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ ពួក​គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ដោយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ហើយ​មិន​បាន​កាន់​តាម​បញ្ញត្តិ និង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ ដូច​ដាវីឌ​ជា​ឪពុក​របស់​សាឡូម៉ូន​ទេ។ ៣៤  ប៉ុន្តែ ខ្ញុំ​នឹង​មិន​ដក​ហូត​រាជាណាចក្រ​ទាំង​មូល​ពី​ដៃ​របស់​សាឡូម៉ូន​ទេ។ ខ្ញុំ​នឹង​ទុក​ឲ្យ​គាត់​គ្រប់​គ្រង​រហូត​ដល់​ស្លាប់ ដោយ​សារ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ ព្រោះ​គាត់​បាន​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ។ ៣៥  ប៉ុន្តែ ខ្ញុំ​នឹង​ដក​ហូត​ការ​គ្រប់​គ្រង​នោះ​ពី​ដៃ​របស់​កូន​គាត់ ហើយ​ប្រគល់​ឲ្យ​អ្នក​វិញ គឺ​ខ្ញុំ​នឹង​ឲ្យ​អ្នក​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​១០។+ ៣៦  ចំណែក​ឯ​កូន​របស់​គាត់​វិញ ខ្ញុំ​នឹង​ទុក​កុលសម្ព័ន្ធ​មួយ ដើម្បី​ឲ្យ​កូន​ចៅ​របស់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ គ្រប់​គ្រង​បន្ត​នៅ​ចំពោះ​មុខ​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម+ ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​ខ្ញុំ និង​ជា​កន្លែង​ដែល​តាង​នាម​ខ្ញុំ។ ៣៧  ឯ​អ្នក​ជា​បុគ្គល​ដែល​ខ្ញុំ​នឹង​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​អ្នក​នឹង​គ្រប់​គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។ ៣៨  បើ​អ្នក​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ហើយ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ដោយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ ដូច​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក។ ខ្ញុំ​នឹង​តាំង​តំណ​វង្ស​របស់​អ្នក​ឲ្យ​នៅ​គង់​វង្ស ដូច​ដែល​ខ្ញុំ​បាន​តាំង​តំណ​វង្ស​របស់​ដាវីឌ​ដែរ+ ហើយ​ខ្ញុំ​នឹង​ប្រគល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​អ្នក។ ៣៩  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ដាវីឌ​រង​ការ​អាម៉ាស់ ដោយ​សារ​ការ​ទាំង​នេះ+ តែ​មិន​មែន​រហូត​ទេ›​»។+ ៤០  ហេតុ​នេះ​ហើយ​បាន​ជា​សាឡូម៉ូន​រក​សម្លាប់​យេរ៉ូបោម។ ប៉ុន្តែ យេរ៉ូបោម​បាន​រត់​ទៅ​សុំ​ជ្រក​កោន​ជា​មួយ​នឹង​ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប+ ហើយ​គាត់​បាន​នៅ​ទី​នោះ​រហូត​ដល់​សាឡូម៉ូន​ស្លាប់។ ៤១  រីឯ​ប្រាជ្ញា​របស់​សាឡូម៉ូន​និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​ស្ដេច​សាឡូម៉ូន។+ ៤២  សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ៤៣  ក្រោយ​មក គាត់​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​របស់​ដាវីឌ​ជា​ឪពុក ហើយ​រេហូបោម+ជា​កូន​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​
ឬ​«​ទួល​»។ ពាក្យ​ភាសា​ហេប្រឺ​«​មិឡូ​»​មាន​ន័យ​ថា​«​លើក​ដី​»​