បណ្ដាស្ដេចទី២ ១០:១-៣៦
១០ អាហាប់+មានកូន៧០នាក់នៅក្រុងសាម៉ារី។ ដូច្នេះ យេហ៊ូក៏បានផ្ញើសារទៅក្រុងសាម៉ារី ដល់ពួកអ្នកគ្រប់គ្រងក្រុងយេសរៀល និងបុរសចាស់ទុំ+ ព្រមទាំងអ្នកដែលបីបាច់រក្សាកូនចៅរបស់អាហាប់។ សំបុត្រនោះមានសេចក្ដីដូចតទៅ៖
២ «ឥឡូវនេះ អស់លោកស្ថិតនៅក្រុងរឹងមាំ មានទាំងកូនស្ដេច រទេះចម្បាំង សេះ និងគ្រឿងចម្បាំង នៅជាមួយស្រាប់ហើយ។ ដូច្នេះ ពេលអស់លោកទទួលសំបុត្រនេះ
៣ ចូរតែងតាំងកូនស្ដេចម្នាក់ដែលប្រសើរជាងគេ ឲ្យគ្រប់គ្រងជំនួសឪពុកគាត់។ បន្ទាប់មក ចូរច្បាំងការពារពូជពង្សរបស់ម្ចាស់អ្នកចុះ»។
៤ ឮដូច្នេះ ពួកគេភ័យខ្លាចខ្លាំងណាស់ ហើយនិយាយគ្នាថា៖ «សូម្បីតែស្ដេចពីររូបក៏មិនអាចឈ្នះគាត់ទៅហើយ+ ចុះទម្រាំតែយើង តើនឹងឈ្នះម្ដេចបាន?»។
៥ ដូច្នេះ អ្នកមើលការខុសត្រូវក្នុងវិមាន និងអភិបាលក្រុង ពួកបុរសចាស់ទុំ រួមទាំងពួកអ្នកបីបាច់ថែរក្សាកូនស្ដេច បានផ្ញើសារទៅយេហ៊ូវិញថា៖ «យើងនឹងមិនតែងតាំងអ្នកណាម្នាក់ជាស្ដេចឡើយ។ យើងទាំងអស់គ្នាជាអ្នកបម្រើរបស់លោក ព្រមធ្វើតាមបង្គាប់លោកទាំងអស់។ អ្វីដែលលោកយល់ថាល្អ សូមធ្វើចុះ»។
៦ បន្ទាប់មក យេហ៊ូបានផ្ញើសារមួយទៀតទៅពួកគេថា៖ «បើអស់លោកពិតជានៅខាងខ្ញុំ ហើយព្រមធ្វើតាមបង្គាប់របស់ខ្ញុំមែន ចូរកាត់ក្បាលកូនស្ដេចទាំងអស់ ហើយនៅថ្ងៃស្អែកថ្មើរនេះ ចូរយកមកឲ្យខ្ញុំនៅក្រុងយេសរៀល»។
ឯកូនស្ដេចទាំង៧០នាក់នោះ ពួកគេនៅជាមួយនឹងពួកអ្នកធំដែលបីបាច់ថែរក្សាពួកគេ។
៧ ក្រោយពីទទួលនិងអានសំបុត្រនោះរួច ពួកគេក៏យកកូនស្ដេចទាំង៧០នាក់+ទៅកាត់ក្បាល ហើយដាក់ក្បាលទាំងនោះនៅក្នុងកញ្ឆេ ផ្ញើទៅឲ្យយេហ៊ូនៅក្រុងយេសរៀល។
៨ ឯអ្នកនាំសារក៏ចូលទៅជម្រាបយេហ៊ូថា៖ «ពួកគេបានយកក្បាលរបស់កូនស្ដេចមកហើយ»។ ដូច្នេះ យេហ៊ូក៏បង្គាប់ថា៖ «ចូរយកក្បាលទាំងនោះ ទៅគរជាពីរគំនរនៅខ្លោងទ្វារក្រុង រហូតដល់ព្រឹកទៅ»។
៩ លុះព្រឹកឡើង យេហ៊ូក៏ចេញទៅឈរនៅមុខបណ្ដាជនទាំងអស់ ហើយនិយាយថា៖ «អ្នករាល់គ្នាគ្មានទោសទេ។ គឺខ្ញុំទេដែលក្បត់ម្ចាស់ខ្ញុំ ហើយសម្លាប់គាត់។+ រីឯអ្នកទាំងនេះ តើអ្នកណាបានសម្លាប់ពួកគេ?
១០ ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា គ្រប់ប្រសាសន៍របស់ព្រះយេហូវ៉ាដែលព្រះយេហូវ៉ាបានពោលទាស់នឹងពូជពង្សអាហាប់ សុទ្ធតែនឹងក្លាយទៅជាការពិត។+ ពាក្យទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអេលីយ៉ា លោកបានធ្វើឲ្យកើតឡើងមែន»។+
១១ មិនត្រឹមតែប៉ុណ្ណោះ យេហ៊ូបានសម្លាប់អស់អ្នកដែលនៅសេសសល់ពីពូជពង្សអាហាប់ក្នុងក្រុងយេសរៀល រួមទាំងអ្នកធំ មិត្តសម្លាញ់របស់អាហាប់ និងពួកសង្ឃទាំងអស់។+ ដូច្នេះ គ្មាននៅសល់អ្នកណាម្នាក់នៅខាងអាហាប់ឡើយ។+
១២ បន្ទាប់មក យេហ៊ូបានធ្វើដំណើរទៅក្រុងសាម៉ារី ហើយបានឆ្លងកាត់កន្លែងកាត់រោមចៀម។
១៣ នៅកន្លែងនោះ យេហ៊ូក៏បានជួបបងប្អូនប្រុសរបស់អាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដា។ យេហ៊ូក៏សួរពួកគេថា៖ «តើពួកអ្នកជាអ្នកណា?»។ ពួកគេក៏ឆ្លើយថា៖ «យើងជាបងប្អូនរបស់អាហាស៊ីយ៉ា ហើយយើងកំពុងធ្វើដំណើរទៅសួរសុខទុក្ខកូនស្ដេច និងកូនរបស់មាតាស្ដេច»។
១៤ ភ្លាមនោះ យេហ៊ូក៏បង្គាប់ថា៖ «ចូរចាប់ពួកគេទាំងរស់!»។ ដូច្នេះ ពួកបុរសរបស់យេហ៊ូក៏ចាប់ពួកគេទាំង៤២នាក់* ហើយយកទៅសម្លាប់នៅត្រង់អណ្ដូងក្បែរកន្លែងកាត់រោមចៀម។ យេហ៊ូមិនបានទុកជីវិតឲ្យអ្នកណាម្នាក់ឡើយ។+
១៥ លុះយេហ៊ូចេញពីទីនោះ គាត់ក៏ជួបយេហូណាដាប+ជាកូនរេកាប+ ដែលកំពុងធ្វើដំណើរមកជួបគាត់។ យេហ៊ូក៏ជូនពរយេហូណាដាប រួចនិយាយថា៖ «តើអ្នកមានចិត្តស្មោះនឹងខ្ញុំ ដូចខ្ញុំស្មោះនឹងអ្នកឬទេ?»។
យេហូណាដាបក៏ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។
យេហ៊ូក៏និយាយថា៖ «បើដូច្នេះ ចូរហុចដៃមក»។
ពេលនោះ គាត់ក៏ហុចដៃ រួចយេហ៊ូក៏ទាញគាត់ឡើងជិះរទេះជាមួយទៅ។
១៦ បន្ទាប់មក យេហ៊ូនិយាយថា៖ «ចូរមកជាមួយខ្ញុំ ដើម្បីមើលថាខ្ញុំមិនត្រាប្រណីនឹងអ្នកដែលប្រឆាំងនឹងព្រះយេហូវ៉ាឡើយ»។*+ ដូច្នេះ ពួកគេក៏បររទេះទៅជាមួយគ្នា។
១៧ ពេលយេហ៊ូទៅដល់ក្រុងសាម៉ារី គាត់បានសម្លាប់ពូជពង្សអាហាប់ដែលនៅសេសសល់ទាំងប៉ុន្មានឲ្យសាបសូន្យ+ ដូចប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈអេលីយ៉ា។+
១៨ ក្រោយមក យេហ៊ូបានប្រមូលបណ្ដាជនទាំងអស់ឲ្យមកជួបជុំគ្នា ហើយប្រកាសថា៖ «អាហាប់បានគោរពបូជាព្រះបាលល្មមៗទេ។+ ឯខ្ញុំវិញ ខ្ញុំនឹងគោរពបូជាព្រះបាលលើសគាត់ទៅទៀត។
១៩ ដូច្នេះ ចូរទៅប្រមូលពួកអ្នកប្រកាសទំនាយទាំងអស់របស់ព្រះបាល+ឲ្យមកឯខ្ញុំ ទាំងអ្នកគោរពបូជាព្រះបាល និងសង្ឃរបស់ព្រះបាលដែរ។+ ត្រូវឲ្យពួកគេមកទាំងអស់គ្នា កុំឲ្យមានអ្នកណាម្នាក់ខានឡើយ ព្រោះខ្ញុំនឹងជូនគ្រឿងបូជាដ៏ធំដល់ព្រះបាល។ បើអ្នកណាម្នាក់មិនមកទេ អ្នកនោះនឹងត្រូវស្លាប់»។ ប៉ុន្តែ តាមពិតនេះជាកលល្បិចរបស់យេហ៊ូទេ ដើម្បីបំផ្លាញចោលអស់អ្នកដែលគោរពបូជាព្រះបាល។
២០ យេហ៊ូក៏បន្តថា៖ «ចូររៀបចំពិធីបុណ្យពិសេសមួយជូនព្រះបាល»។ ដូច្នេះ ពួកគេក៏រៀបចំតាមបង្គាប់គាត់។
២១ ក្រោយនោះ យេហ៊ូក៏ចាត់គេឲ្យទៅប្រាប់នៅទូទាំងស្រុកអ៊ីស្រាអែល។ ដូច្នេះ អ្នកគោរពបូជាព្រះបាលទាំងអស់បានមក គ្មានខានអ្នកណាម្នាក់ឡើយ។ ពួកគេបានចូលក្នុងវិហារព្រះបាល+ពេញណែនតាន់តាប់។
២២ យេហ៊ូបានបង្គាប់អ្នកមើលខុសត្រូវខាងសម្លៀកបំពាក់ថា៖ «ចូរចែកសម្លៀកបំពាក់ឲ្យដល់អ្នកគោរពបូជាទាំងអស់របស់ព្រះបាលទៅ»។ ដូច្នេះ អ្នកនោះក៏ចែកឲ្យពួកគេ។
២៣ បន្ទាប់មក យេហ៊ូនិងយេហូណាដាប+ជាកូនរេកាប បានចូលទៅក្នុងវិហាររបស់ព្រះបាល។ ខណៈនោះ យេហ៊ូក៏និយាយទៅកាន់ពួកអ្នកគោរពបូជាព្រះបាលថា៖ «ចូររកមើល កុំឲ្យមានអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅទីនេះឲ្យសោះ គឺទុកឲ្យមានតែអ្នកគោរពបូជាព្រះបាលបានហើយ»។
២៤ រួចមក ពួកគេក៏ចាប់ផ្ដើមជូនគ្រឿងបូជានិងគ្រឿងបូជាដុតដល់ព្រះបាល។ នៅខាងក្រៅវិហារ យេហ៊ូបានដាក់ទាហានរបស់គាត់៨០នាក់ ដោយបង្គាប់ថា៖ «បើអ្នករាល់គ្នាឲ្យអ្នកណាម្នាក់ចេញពីវិហារនេះរត់រួច អ្នករាល់គ្នានឹងត្រូវស្លាប់ជំនួសវិញ»។
២៥ ក្រោយពីជូនគ្រឿងបូជាដុតរួច យេហ៊ូក៏បញ្ជាពួកអ្នកយាមនិងពួកនាយទាហានរបស់គាត់ថា៖ «ចូរសម្លាប់ពួកគេចោលទៅ! កុំឲ្យអ្នកណាម្នាក់រួចខ្លួនឡើយ!»។+ ដូច្នេះ ពួកអ្នកយាមនិងពួកមេទ័ពបានហូតដាវប្រហារពួកគេទៅ ហើយបោះសពពួកគេចេញទៅក្រៅ។ ពួកគេបន្តសម្លាប់រហូតដល់បន្ទប់ខាងក្នុងនៃវិហារព្រះបាល។
២៦ រួចពួកគេក៏យកបង្គោលឈើពិសិដ្ឋ*+ចេញពីវិហារព្រះបាល មកដុតបំផ្លាញចោល។+
២៧ បន្ទាប់មក ពួកគេបំផ្លាញបង្គោលថ្មពិសិដ្ឋ+សម្រាប់គោរពបូជាព្រះបាល ហើយក៏រំលំវិហារព្រះបាលចោលដែរ។+ រួចពួកគេយកទីនោះធ្វើជាកន្លែងបន្ទោបង់ រហូតដល់សព្វថ្ងៃ។
២៨ ដោយហេតុនោះ យេហ៊ូបានបំបាត់ចោលការគោរពបូជាព្រះបាលចេញអស់ពីស្រុកអ៊ីស្រាអែល។
២៩ ក៏ប៉ុន្តែ យេហ៊ូមិនបានបែរចេញពីអំពើខុសឆ្គងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យជនជាតិអ៊ីស្រាអែលប្រព្រឹត្តខុសឆ្គងឡើយ ព្រោះយេហ៊ូបានអនុញ្ញាតឲ្យនៅមានការគោរពបូជាដល់រូបកូនគោមាសនៅក្រុងបេតអែលនិងក្រុងដាន់ដដែល។+
៣០ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅកាន់យេហ៊ូថា៖ «អ្នកបានធ្វើល្អ និងប្រព្រឹត្តអ្វីដែលត្រឹមត្រូវនៅចំពោះភ្នែករបស់ខ្ញុំ ដោយបំផ្លាញពូជពង្សអាហាប់ស្របតាមបំណងចិត្តរបស់ខ្ញុំ។+ ដូច្នេះ កូនចៅអ្នកនឹងគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដល់ទៅបួនជំនាន់»។+
៣១ ប៉ុន្តែ យេហ៊ូមិនបានធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល យ៉ាងអស់ពីចិត្តទេ។+ គាត់មិនបានបែរចេញពីអំពើខុសឆ្គងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គងឡើយ។+
៣២ នៅគ្រានោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យគេដណ្ដើមយកទឹកដីអ៊ីស្រាអែលម្ដងបន្តិចៗ។ ហេតុនេះ ហាសេអែលចេះតែមកឈ្លានពានទឹកដីអ៊ីស្រាអែលជានិច្ច+
៣៣ គឺចាប់ពីភាគខាងកើតទន្លេយ៉ូដាន់ ជាទឹកដីគីលាតទាំងមូល ដែលមានកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេរស់នៅ+ ហើយចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរជ្រលងអើណូន ទៅដល់តំបន់គីលាតនិងតំបន់បាសាន។+
៣៤ រីឯកិច្ចការទាំងប៉ុន្មានដែលយេហ៊ូបានធ្វើនិងភាពខ្លាំងពូកែរបស់គាត់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចនៅស្រុកអ៊ីស្រាអែល។
៣៥ ក្រោយមក យេហ៊ូបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅក្រុងសាម៉ារីជាមួយនឹងបុព្វបុរសរបស់គាត់។ បន្ទាប់មក យេហូអាហាស+ជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
៣៦ យេហ៊ូបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារីអស់រយៈពេល២៨ឆ្នាំ។
កំណត់សម្គាល់
^ ឬ«ពួកបុរសទាំង៤២នាក់»
^ ឬ«ខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងណាចំពោះព្រះយេហូវ៉ា»
^ ឬ«បង្គោលថ្មពិសិដ្ឋ»