បណ្ដាស្ដេចទី២ ១៧:១-៤១
១៧ នៅឆ្នាំទី១២ក្នុងរាជ្យអេហាសជាស្ដេចស្រុកយូដា ហូស៊ា+ជាកូនអេឡាបានគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយគាត់គ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេល៩ឆ្នាំ។
២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តែមិនដល់បណ្ដាស្ដេចស្រុកអ៊ីស្រាអែលដែលនៅមុនៗគាត់ទេ។
៣ នៅគ្រានោះ សាលម៉ាននីសឺជាស្ដេចស្រុកអាស៊ីរីបានមកច្បាំងនឹងហូស៊ា។+ ហូស៊ាបានចុះចាញ់ ហើយសុខចិត្តបម្រើស្ដេចស្រុកអាស៊ីរី ថែមទាំងយល់ព្រមបង់សួយអាករដល់គាត់ទៀតផង។+
៤ ប៉ុន្តែក្រោយមក ហូស៊ាបានក្បត់នឹងស្ដេចស្រុកអាស៊ីរី ដោយចាត់អ្នកនាំសារទៅជួបសូ ជាស្ដេចស្រុកអេហ្ស៊ីប+ ហើយលែងបង់សួយអាករដល់ស្ដេចស្រុកអាស៊ីរីទៀត។ ពេលស្ដេចស្រុកអាស៊ីរីដឹងអំពីរឿងនោះ គាត់ក៏ចាប់ហូស៊ាដាក់ច្រវាក់ យកទៅឃុំឃាំងក្នុងគុក។
៥ គ្រានោះ ស្ដេចស្រុកអាស៊ីរីបានចូលមកឈ្លានពានទឹកដីអ៊ីស្រាអែលទាំងមូល ហើយទៅឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។
៦ នៅឆ្នាំទី៩ក្នុងរាជ្យហូស៊ា ស្ដេចស្រុកអាស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី។+ បន្ទាប់មក គាត់បាននិរទេសជនជាតិអ៊ីស្រាអែល+ទៅស្រុកអាស៊ីរី ហើយបានឲ្យពួកគេរស់នៅក្នុងតំបន់ហាឡា និងតំបន់ហាបោជិតទន្លេកូសាន+ រួមទាំងក្រុងផ្សេងៗរបស់ពួកមេឌី។+
៧ រឿងនេះបានកើតឡើងដោយសារជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងព្រះយេហូវ៉ា ជាព្រះដែលបានរំដោះពួកគេចេញពីកណ្ដាប់ដៃផារ៉ូជាស្ដេចស្រុកអេហ្ស៊ីប។+ ពួកគេបានគោរពបូជា*ដល់ព្រះឯទៀត។+
៨ ពួកគេក៏បានធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខពួកគេ។ បន្ថែមទៅទៀត ពួកគេក៏ធ្វើតាមទម្លាប់របស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែលដែរ។
៩ ជនជាតិអ៊ីស្រាអែលតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ពួកគេចេះតែធ្វើទីខ្ពស់ពិសិដ្ឋនៅក្រុងទាំងឡាយ+ គឺចាប់ពីប៉មចាំយាមរហូតដល់ក្រុងដែលមានកំពែងរឹងមាំ។*
១០ ម្យ៉ាងទៀត ពួកគេតែងតែបញ្ឈរបង្គោលថ្មនិងបង្គោលឈើពិសិដ្ឋ*+ នៅលើទីទួលនិងនៅក្រោមដើមឈើខៀវខ្ចី។+
១១ ឯនៅលើទីខ្ពស់ពិសិដ្ឋវិញ ពួកគេតែងតែដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង តាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខពួកគេ។+ ពួកគេបានប្រព្រឹត្តអ្វីដែលអាក្រក់ជានិច្ច ហើយធ្វើឲ្យព្រះយេហូវ៉ាខឹងនឹងពួកគេ។
១២ ពួកគេបន្តគោរពបម្រើរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។+ ស្ដីអំពីរឿងនេះ ព្រះយេហូវ៉ាធ្លាប់ហាមពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវធ្វើដូច្នេះឡើយ!»។+
១៣ តាមរយៈពួកអ្នកប្រកាសទំនាយនិងពួកអ្នកមើលធ្លុះ ព្រះយេហូវ៉ាតែងតែព្រមានបណ្ដាជនអ៊ីស្រាអែលនិងបណ្ដាជនយូដា+ថា៖ «ចូរលះចោលផ្លូវអាក្រក់របស់អ្នករាល់គ្នាទៅ+ ហើយធ្វើតាមបង្គាប់និងបញ្ញត្តិរបស់ខ្ញុំ គឺច្បាប់ទាំងអស់ដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងច្បាប់ដែលខ្ញុំឲ្យដល់អ្នករាល់គ្នា តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើរបស់ខ្ញុំ»។
១៤ ប៉ុន្តែ ពួកគេមិនបានស្ដាប់លោកទេ។ ពួកគេនៅតែរឹងចចេសដូចបុព្វបុរសពួកគេ គឺជាអ្នកដែលមិនបានបង្ហាញជំនឿលើព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។+
១៥ ពួកគេមិនបានកាន់តាមច្បាប់របស់ព្រះ ហើយក៏មិនធ្វើតាមកិច្ចព្រមព្រៀង+ដែលលោកបានធ្វើជាមួយនឹងបុព្វបុរសរបស់ពួកគេដែរ។ ឯសេចក្ដីរំលឹករបស់លោកវិញ ពួកគេមិនបានធ្វើតាមសោះ។+ ពួកគេចេះតែគោរពបូជារូបព្រះដែលឥតបានការ+ ហេតុនេះពួកគេក៏ទៅជាមនុស្សដែលឥតបានការដែរ។+ ពួកគេធ្វើតាមប្រជាជាតិដែលនៅជុំវិញ គឺប្រជាជាតិដែលព្រះយេហូវ៉ាបានហាមពួកគេមិនឲ្យធ្វើតាមឡើយ។+
១៦ ជនជាតិអ៊ីស្រាអែលចេះតែលះចោលបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។ ពួកគេបានធ្វើរូបកូនគោពីរពីលោហៈ+ និងបង្គោលឈើពិសិដ្ឋ*+ ថែមទាំងក្រាបគោរពផ្កាយទាំងប៉ុន្មាននៅលើមេឃ+ ហើយគោរពបម្រើព្រះបាលផងដែរ។+
១៧ បន្ថែមទៅទៀត ពួកគេបានដុតកូនប្រុសកូនស្រីខ្លួនជាគ្រឿងបូជា+ ហើយមើលប្រផ្នូល ព្រមទាំងទស្សន៍ទាយទៀតផង។+ ពួកគេបានបណ្ដោយខ្លួនឲ្យប្រព្រឹត្តអ្វីដែលអាក្រក់ជានិច្ច ហើយធ្វើឲ្យព្រះយេហូវ៉ាខឹង។
១៨ ដូច្នេះ ព្រះយេហូវ៉ាខឹងនឹងជនជាតិអ៊ីស្រាអែលជាខ្លាំង។ ម្ល៉ោះហើយ លោកបានបណ្ដេញពួកគេចេញពីមុខលោកទៅ+ ដោយមិនទុកឲ្យសល់កុលសម្ព័ន្ធណាមួយឡើយ លើកលែងតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
១៩ ក្រោយមក សូម្បីតែកុលសម្ព័ន្ធយូដាក៏មិនបានកាន់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួនដែរ។+ ផ្ទុយទៅវិញ ពួកគេធ្វើតាមទំនៀមទម្លាប់របស់បណ្ដាជនអ៊ីស្រាអែល។+
២០ ព្រះយេហូវ៉ាឈប់ទទួលស្គាល់កូនចៅអ៊ីស្រាអែលទាំងអស់។ លោកបានធ្វើឲ្យពួកគេអាម៉ាស់មុខ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ រហូតដល់ពួកគេបាត់ចេញពីមុខលោកទៅ។
២១ ព្រះយេហូវ៉ាបានផ្ដាច់ជនជាតិអ៊ីស្រាអែលចេញពីពូជពង្សរបស់ដាវីឌ។ ពួកគេក៏បានតែងតាំងយេរ៉ូបោមជាកូនណេបាតឲ្យធ្វើជាស្ដេចគ្រប់គ្រងលើពួកគេវិញ។+ ប៉ុន្តែ យេរ៉ូបោមបាននាំឲ្យជនជាតិអ៊ីស្រាអែលបែរចេញពីលោក ព្រមទាំងនាំពួកគេប្រព្រឹត្តអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរទៀតផង។
២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលតែងតែប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោម+ ហើយក៏មិនបានបែរចេញពីអំពើខុសឆ្គងទាំងនោះឡើយ។
២៣ ហេតុនេះ ព្រះយេហូវ៉ាបានបណ្ដេញជនជាតិអ៊ីស្រាអែលចេញពីមុខលោក ដូចដែលលោកបានមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក។+ ម្ល៉ោះហើយ ជនជាតិអ៊ីស្រាអែលបានត្រូវនិរទេសទៅទឹកដីអាស៊ីរី+ ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
២៤ គ្រានោះ ស្ដេចស្រុកអាស៊ីរីបាននាំជនជាតិដទៃពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម+ ឲ្យទៅរស់នៅតាមបណ្ដាក្រុងក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែលវិញ។ ហេតុនេះ ជនជាតិដទៃក៏បានរស់នៅពេញក្នុងស្រុកសាម៉ារី។
២៥ ពេលពួកគេមករស់នៅដំបូង ពួកគេមិនបានកោតខ្លាច*ព្រះយេហូវ៉ាទេ។ ដូច្នេះ ព្រះយេហូវ៉ាប្រើសត្វតោឲ្យទៅប្រហារពួកគេអស់មួយចំនួនទៅ។+
២៦ ក្រោយមក មានគេទៅជម្រាបស្ដេចស្រុកអាស៊ីរីថា៖ «ជនជាតិដទៃដែលលោកបានឲ្យទៅរស់នៅតាមបណ្ដាក្រុងក្នុងស្រុកសាម៉ារីនោះ ពួកគេមិនស្គាល់ទំនៀមទម្លាប់សាសនា និងព្រះនៃស្រុកនោះទេ។ ហេតុនេះហើយបានជាព្រះនៃស្រុកនោះប្រើសត្វតោឲ្យទៅប្រហារពួកគេ»។
២៧ លំដាប់នោះ ស្ដេចស្រុកអាស៊ីរីក៏បញ្ជាថា៖ «ចូរបញ្ជូនសង្ឃម្នាក់ដែលអ្នកបានចាប់ពីទីនោះ ឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យគាត់បង្រៀនអំពីទំនៀមទម្លាប់សាសនា និងព្រះនៃស្រុកនោះ»។
២៨ ដូច្នេះ គេក៏បញ្ជូនសង្ឃម្នាក់ ឲ្យត្រឡប់ទៅរស់នៅក្នុងក្រុងបេតអែល+នៅស្រុកសាម៉ារីវិញ។ សង្ឃនោះក៏ចាប់ផ្ដើមបង្រៀនបណ្ដាជននៅទីនោះឲ្យចេះកោតខ្លាចព្រះយេហូវ៉ា។+
២៩ ក៏ប៉ុន្តែ ជនជាតិដទៃទាំងនោះបានធ្វើរូបព្រះសម្រាប់ពួកគេរៀងៗខ្លួន ហើយក៏យកទៅតម្កល់ក្នុងវិហារលើទីខ្ពស់ពិសិដ្ឋដែលពួកសាម៉ារីបានសង់ពីមុន។ ជនជាតិទាំងនោះបានធ្វើដូច្នេះនៅតាមក្រុងនានាដែលពួកគេរស់នៅ។
៣០ អ្នកមកពីក្រុងបាប៊ីឡូនបានធ្វើរូបព្រះសិកូតបេណូត។ ឯអ្នកមកពីក្រុងគូថាធ្វើរូបព្រះនើកាល។ ចំណែកអ្នកមកពីក្រុងហាម៉ាត+ធ្វើរូបព្រះអាស៊ីម៉ា
៣១ ហើយអ្នកមកពីក្រុងអាវ៉ាធ្វើរូបព្រះនីបហាសនិងថើថាក។ រីឯអ្នកមកពីក្រុងសេផាវែមបានដុតកូនរបស់ពួកគេ ជូនជាគ្រឿងបូជាដល់ព្រះអាត្រាម៉ាលេកនិងព្រះអាណែម៉ាលេក ជាព្រះរបស់ខ្លួន។+
៣២ ប៉ុន្តែ ជនជាតិទាំងនោះក៏គោរពកោតខ្លាចព្រះយេហូវ៉ាដែរ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេបានតែងតាំងបណ្ដាជនធម្មតាឲ្យធ្វើជាសង្ឃ ហើយឲ្យពួកគេបម្រើនៅកន្លែងគោរពបូជាលើទីខ្ពស់ពិសិដ្ឋ។+
៣៣ ថ្វីដ្បិតតែពួកគេគោរពកោតខ្លាចព្រះយេហូវ៉ាក៏ពិតមែន តែពួកគេនៅតែគោរពបូជាដល់ព្រះរបស់ពួកគេរៀងខ្លួន តាមទំនៀមទម្លាប់សាសនាដើមរបស់ពួកគេដដែល។+
៣៤ ពួកគេនៅតែកាន់តាមទំនៀមទម្លាប់សាសនារបស់ពួកគេរហូតដល់សព្វថ្ងៃ ហើយគ្មាននរណាម្នាក់គោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ ពួកគេក៏មិនបានកាន់តាមច្បាប់ បញ្ញត្តិ និងការវិនិច្ឆ័យ ដែលព្រះយេហូវ៉ាបានឲ្យដល់កូនចៅយ៉ាកុបដែរ។ យ៉ាកុបជាអ្នកដែលព្រះបានឲ្យឈ្មោះថាអ៊ីស្រាអែល។+
៣៥ ពេលព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងជនជាតិអ៊ីស្រាអែល+ លោកបានបង្គាប់ពួកគេថា៖ «អ្នកមិនត្រូវកោតខ្លាចព្រះណាទៀតឡើយ ហើយក៏មិនត្រូវក្រាបគោរពចំពោះព្រះទាំងនោះដែរ។ អ្នកមិនត្រូវបម្រើឬជូនគ្រឿងបូជាដល់ព្រះទាំងនោះឲ្យសោះ។+
៣៦ ប៉ុន្តែ អ្នកត្រូវគោរពកោតខ្លាចព្រះយេហូវ៉ាវិញ+ ជាព្រះដែលបានសង្គ្រោះអ្នកពីស្រុកអេហ្ស៊ីប ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ អ្នកត្រូវក្រាបគោរពនិងជូនគ្រឿងបូជាដល់លោកតែមួយប៉ុណ្ណោះ។
៣៧ ឯច្បាប់ ការវិនិច្ឆ័យ និងបញ្ញត្តិទាំងប៉ុន្មានដែលលោកបានឲ្យនោះ អ្នកត្រូវធ្វើតាមឲ្យបានដិតដល់។+ អ្នកមិនត្រូវកោតខ្លាចព្រះណាទៀតឡើយ។
៣៨ អ្នកមិនត្រូវភ្លេចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងអ្នកទេ+ ហើយអ្នកមិនត្រូវកោតខ្លាចព្រះណាទៀតឡើយ។
៣៩ ប៉ុន្តែ អ្នកត្រូវកោតខ្លាចព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ព្រោះលោកជាអ្នកដែលនឹងសង្គ្រោះអ្នកពីកណ្ដាប់ដៃពួកខ្មាំងសត្រូវ»។
៤០ ពួកគេមិនបានស្ដាប់បង្គាប់លោកទេ តែបែរជាកាន់តាមទំនៀមទម្លាប់សាសនាពីមុនទៅវិញ។+
៤១ ជនជាតិដទៃទាំងនោះចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា+ តែពួកគេនៅគោរពបម្រើរូបព្រះរបស់ពួកគេដដែល។ កូនចៅរបស់ពួកគេបន្តធ្វើតាមបុព្វបុរសរបស់ខ្លួន ដរាបដល់សព្វថ្ងៃ។
កំណត់សម្គាល់
^ ន័យត្រង់«កោតខ្លាច»
^ នេះសំដៅលើគ្រប់ទីកន្លែង ទោះជាមានមនុស្សតិចឬច្រើនក្ដី
^ មើលនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
^ មើលនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
^ ឬ«គោរពប្រណិប័តន៍»