បណ្ដាស្ដេចទី២ ៩:១-៣៧
៩ ក្រោយមក អេលីសេបានហៅកូនចៅអ្នកប្រកាសទំនាយម្នាក់មកប្រាប់ថា៖ «ចូរក្រវាត់អាវនៅចង្កេះ ហើយយកប្រេងមួយដបទៅក្រុងរ៉ាម៉ូតគីលាតជាប្រញាប់។+
២ ពេលទៅដល់ ចូររកយេហ៊ូ+ជាកូនយេហូសាផាត ដែលត្រូវជាកូននីមសាយ។ ពេលឃើញគាត់ ចូរហៅគាត់ចេញពីចំណោមពួកមេទ័ព ហើយនាំចូលទៅបន្ទប់ខាងក្នុង។
៣ រួចយកប្រេងចាក់លើក្បាលគាត់ ហើយប្រាប់ថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល»›។+ បន្ទាប់មក ចូរបើកទ្វារហើយចាកចេញពីទីនោះជាប្រញាប់»។
៤ ដូច្នេះ កូនចៅអ្នកប្រកាសទំនាយនោះក៏ធ្វើដំណើរចេញទៅក្រុងរ៉ាម៉ូតគីលាត។
៥ ពេលទៅដល់ គាត់ក៏ឃើញពួកមេទ័ពកំពុងអង្គុយជុំគ្នានៅទីនោះ។ រួចគាត់ក៏និយាយថា៖ «លោកមេទ័ពអើយ! ខ្ញុំមានដំណឹងមកជម្រាបលោក»។ យេហ៊ូក៏សួរថា៖ «ជម្រាបមេទ័ពមួយណា?»។ អ្នកនោះឆ្លើយថា៖ «គឺលោកហ្នឹងហើយ»។
៦ ដូច្នេះ យេហ៊ូក៏ក្រោកឡើង ហើយចូលទៅក្នុងផ្ទះជាមួយនឹងអ្នកនោះ។ រួចអ្នកនោះយកប្រេងចាក់លើក្បាលយេហ៊ូ ហើយនិយាយថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំជាយេហូវ៉ា ខ្ញុំតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។+
៧ អ្នកត្រូវប្រហារកូនចៅទាំងអស់របស់អាហាប់ជាម្ចាស់អ្នក។ ខ្ញុំនឹងសងសឹកឲ្យពួកអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ា ទាំងអ្នកប្រកាសទំនាយ ទាំងអ្នកបម្រើឯទៀតរបស់លោក ដែលយេសិបិលបានសម្លាប់។+
៨ ខ្ញុំនឹងបំផ្លាញពូជពង្សអាហាប់ឲ្យអស់គ្មានសល់ ពោលគឺកូនប្រុសៗទាំងអស់របស់គាត់ រួមទាំងអ្នកតូចទាបក្នុងស្រុកអ៊ីស្រាអែលផងដែរ។+
៩ ខ្ញុំនឹងធ្វើឲ្យពូជពង្សអាហាប់ដូចពូជពង្សយេរ៉ូបោម+ជាកូនណេបាត និងដូចពូជពង្សបាអាសា+ជាកូនអាហាយ៉ា។
១០ ចំណែកឯយេសិបិលវិញ ឆ្កែនឹងហែកស៊ីនាងនៅទីវាលក្នុងក្រុងយេសរៀល+ ហើយគ្មានអ្នកណាបញ្ចុះសពនាងឡើយ›»។ ក្រោយប្រាប់រួចហើយ អ្នកនោះក៏បើកទ្វារ ហើយចាកចេញទៅជាប្រញាប់។+
១១ រួចយេហ៊ូទៅជួបពួកមេទ័ពវិញ ហើយពួកគេក៏សួរគាត់ថា៖ «តើមានរឿងអ្វី? ហេតុអ្វីក៏មនុស្សឆ្កួតនោះមកជួបអ្នក?»។ យេហ៊ូឆ្លើយថា៖ «អ្នករាល់គ្នាដឹងហើយថាមនុស្សដូចគាត់ សម្ដីយកជាការមិនបានទេ»។
១២ ប៉ុន្តែ មេទ័ពទាំងនោះបាននិយាយថា៖ «យើងមិនជឿទេ! សូមប្រាប់ការពិតមក»។ ហេតុនេះ យេហ៊ូក៏ប្រាប់ពួកគេអំពីអ្វីដែលអ្នកនោះនិយាយ។ យេហ៊ូក៏ស្រដីថា៖ «អ្នកនោះប្រាប់ខ្ញុំថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល»›»។+
១៣ ក្រោយពីឮភ្លាម ពួកគេក៏ដោះសម្លៀកបំពាក់ក្រៅយកមកក្រាលលើជណ្ដើរឲ្យយេហ៊ូដើរលើ+ ហើយក៏ផ្លុំស្នែង រួចស្រែកថា៖ «យេហ៊ូក្លាយជាស្ដេចហើយ!»។+
១៤ ក្រោយមក យេហ៊ូ+ជាកូនយេហូសាផាត ដែលត្រូវជាកូននីមសាយ បានរៀបផែនការណ៍ក្បត់នឹងយេហូរ៉ាម។
រីឯយេហូរ៉ាមនិងទ័ពអ៊ីស្រាអែល ពួកគេបាននៅការពារក្រុងរ៉ាម៉ូតគីលាត+ ពីការវាយប្រហារពីហាសេអែល+ជាស្ដេចស្រុកស៊ីរី។
១៥ កាលដែលយេហូរ៉ាមច្បាំងនឹងហាសេអែល+ គាត់បានត្រូវរបួស ហើយក៏ត្រឡប់ទៅក្រុងយេសរៀល+វិញដើម្បីព្យាបាលរបួសគាត់។
ឯយេហ៊ូវិញ គាត់និយាយទៅកាន់ពួកមេទ័ពថា៖ «បើអ្នករាល់គ្នានៅខាងខ្ញុំ សូមកុំឲ្យអ្នកណាម្នាក់ចេញពីក្រុង នាំដំណឹងទៅក្រុងយេសរៀលឲ្យសោះ»។
១៦ បន្ទាប់មក យេហ៊ូក៏ឡើងជិះរទេះធ្វើដំណើរទៅក្រុងយេសរៀល។ នៅទីនោះ យេហូរ៉ាមកំពុងដេកឈឺ ហើយអាហាស៊ីយ៉ាជាស្ដេចស្រុកយូដាបានមកសួរសុខទុក្ខគាត់។
១៧ ពេលយេហ៊ូនិងពលទាហានគាត់កំពុងធ្វើដំណើរសំដៅមកក្រុងយេសរៀល អ្នកឈរយាមនៅលើប៉មក៏បានឃើញ ហើយស្រែកឡើងថា៖ «ខ្ញុំឃើញទាហានមួយក្រុម»។ ឮដូច្នេះ យេហូរ៉ាមបាននិយាយថា៖ «ចូរចាត់ទាហានសេះម្នាក់ឲ្យទៅជួបពួកគេ ហើយសួរថា៖ ‹តើអ្នកមកក្នុងបំណងល្អឬ?›»។
១៨ ដូច្នេះ ទាហានសេះនោះក៏ចេញទៅជួបយេហ៊ូ។ ពេលជួបហើយ គាត់ក៏និយាយថា៖ «ស្ដេចបានសួរដូច្នេះថា៖ ‹តើអ្នកមកក្នុងបំណងល្អឬ?›»។ ប៉ុន្តែ យេហ៊ូបានតបទៅវិញថា៖ «នេះមិនមែនជារឿងរបស់អ្នកទេ។ ចូរមកខាងក្រោយខ្ញុំចុះ!»។
ពេលនោះ អ្នកយាមក៏ស្រែកប្រាប់ថា៖ «ទាហានសេះនោះបានទៅដល់ហើយ តែមិនបានត្រឡប់មកវិញទេ»។
១៩ ដូច្នេះ ស្ដេចក៏ចាត់ទាហានសេះម្នាក់ទៀតឲ្យចេញទៅជួបយេហ៊ូ។ ពេលទៅដល់ ទាហាននោះនិយាយថា៖ «ស្ដេចបានសួរដូច្នេះថា៖ ‹តើអ្នកមកក្នុងបំណងល្អឬ?›»។ ប៉ុន្តែ យេហ៊ូបានតបទៅវិញថា៖ «នេះមិនមែនជារឿងរបស់អ្នកទេ។ ចូរមកខាងក្រោយខ្ញុំចុះ!»។
២០ ក្រោយមក អ្នកយាមនោះបានស្រែកប្រាប់ទៀតថា៖ «ទាហានសេះនោះបានទៅដល់ហើយ តែមិនបានត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះ មើលទៅដូចជាយេហ៊ូជាចៅនីមសាយ ព្រោះគាត់បររទេះលឿនដូចព្យុះ»។
២១ ពេលឮដូច្នេះ យេហូរ៉ាមជាស្ដេចស្រុកអ៊ីស្រាអែលបានបញ្ជាអ្នកបម្រើគាត់ថា៖ «ចូរទឹមរទេះឲ្យខ្ញុំ!»។ ដូច្នេះ គេទឹមរទេះចម្បាំងឲ្យគាត់ ហើយគាត់ក៏ឡើងជិះចេញដំណើរទៅ។ ខណៈនោះ អាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដាក៏ឡើងជិះរទេះចម្បាំងរបស់ខ្លួនដែរ។ ស្ដេចទាំងពីរធ្វើដំណើរចេញទៅជួបយេហ៊ូ ហើយក៏បានជួបគាត់នៅត្រង់ដីចម្ការរបស់ណាបោត+ជាអ្នកក្រុងយេសរៀល។
២២ ពេលយេហូរ៉ាមជួបយេហ៊ូភ្លាម គាត់សួរថា៖ «យេហ៊ូ តើអ្នកមកក្នុងបំណងល្អឬ?»។ ប៉ុន្តែ យេហ៊ូឆ្លើយតបថា៖ «តើបំណងល្អម្ដេចបាន បើយេសិបិល+ម្ដាយអ្នកនៅតែប្រព្រឹត្តអំពើធ្មប់និងអំពើពេស្យាចារដូច្នេះ?»។+
២៣ ឮដូច្នេះ យេហូរ៉ាមក៏បកក្រោយភ្លាម ហើយស្រែកប្រាប់អាហាស៊ីយ៉ាថា៖ «អាហាស៊ីយ៉ាអើយ! ពួកគេក្បត់ហើយ!»។
២៤ ពេលនោះ យេហ៊ូក៏យឹតធ្នូបាញ់ធ្លុះខ្នងយេហូរ៉ាមចំបេះដូង ហើយផ្លែព្រួញធ្លាយចេញមកក្រៅ។ គាត់ក៏ដួលស្លាប់ក្នុងរទេះចម្បាំងទៅ។
២៥ បន្ទាប់មក យេហ៊ូប្រាប់ប៊ីតកាជានាយទាហានម្នាក់ថា៖ «ចូរលើកសពគាត់បោះទៅក្នុងដីចម្ការរបស់ណាបោតជាអ្នកក្រុងយេសរៀល+ទៅ។ តើអ្នកនៅចាំទេ? អ្នកនិងខ្ញុំធ្លាប់បររទេះពីក្រោយអាហាប់ឪពុកគាត់។ កាលនោះព្រះយេហូវ៉ាបានប្រកាសផ្ដន្ទាទោសអាហាប់ថា៖+
២៦ ‹ព្រះយេហូវ៉ាប្រកាសថា៖ «កាលពីម្សិលមិញ ខ្ញុំបានឃើញឈាមណាបោត+ និងឈាមកូនគាត់»។ រួចព្រះយេហូវ៉ាប្រកាសទៀតថា៖ «ដូច្នេះ នៅដីចម្ការនេះ ខ្ញុំនឹងសងសឹក+អ្នកជាមិនខាន»›។ ហេតុនេះ ចូរលើកសពគាត់បោះទៅក្នុងដីចម្ការនោះ តាមប្រសាសន៍របស់ព្រះយេហូវ៉ាទៅ»។+
២៧ ពេលអាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដាបានឃើញដូចនោះ គាត់ក៏រត់តាមផ្លូវទៅសួនធំមួយ។* (ក្រោយមក យេហ៊ូបានដេញតាម ហើយនិយាយថា៖ «ចូរសម្លាប់គាត់ដែរទៅ!»។ ដូច្នេះ ពួកគេក៏វាយប្រហារគាត់នៅក្នុងរទេះនៅតាមផ្លូវទៅគើ ដែលនៅជិតក្រុងអ៊ីបលាម។+ អាហាស៊ីយ៉ាបានរងរបួសជាទម្ងន់ តែគាត់រត់ទៅមុខទៀតរហូតដល់តំបន់មេគីដោ ហើយក៏បានស្លាប់នៅទីនោះទៅ។
២៨ បន្ទាប់មក ពួកអ្នកបម្រើរបស់គាត់ក៏ដឹកសពគាត់ទៅក្រុងយេរូសាឡិមវិញ រួចពួកគេបានបញ្ចុះសពគាត់នៅក្នុងផ្នូរជាមួយនឹងបុព្វបុរសរបស់គាត់នៅក្រុងដាវីឌ។+
២៩ នៅឆ្នាំទី១១ក្នុងរាជ្យយេហូរ៉ាមជាកូនអាហាប់ នោះអាហាស៊ីយ៉ា+ចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើស្រុកយូដា)។
៣០ ឯយេសិបិល+ក៏ឮដំណឹងថា យេហ៊ូមកដល់ក្រុងយេសរៀល។+ នាងក៏គូរភ្នែកឲ្យខ្មៅ ហើយតុបតែងសក់ រួចអើតមើលតាមបង្អួច។
៣១ ពេលយេហ៊ូចូលដល់ខ្លោងទ្វារវិមាន នាងក៏និយាយថា៖ «តើស៊ីមរីដែលសម្លាប់ម្ចាស់ខ្លួន បានរួចខ្លួនឬ?»។+
៣២ យេហ៊ូក៏ងើយមើលទៅបង្អួច ហើយនិយាយថា៖ «តើអ្នកណានៅខាងខ្ញុំ?»។+ ភ្លាមនោះ មានមន្ត្រីពីរបីនាក់អើតមើលទៅគាត់។
៣៣ យេហ៊ូក៏បង្គាប់ថា៖ «ចូរបោះនាងចុះមក!»។ ដូច្នេះ ពួកគេក៏បោះនាងចុះទៅ ហើយឈាមរបស់នាងបានខ្ទាតទៅលើជញ្ជាំងនិងលើសេះ។ រួចយេហ៊ូបានបំបោលសេះតន្ត្រំលើនាងទៅ។
៣៤ ក្រោយមក យេហ៊ូក៏ចូលទៅបរិភោគអាហារ។ រួចគាត់បាននិយាយថា៖ «ចូរយកសពស្ត្រីដែលត្រូវបណ្ដាសានេះទៅកប់ចុះ។ ព្រោះនាងក៏ជាកូនស្ដេចដែរ»។+
៣៥ ពេលពួកគេចេញទៅកប់សពរបស់នាង ពួកគេឃើញតែលលាដ៍ក្បាលនិងប្រអប់ដៃប្រអប់ជើងរបស់នាងប៉ុណ្ណោះ។+
៣៦ ដូច្នេះ ពួកគេក៏ទៅប្រាប់អំពីរឿងនោះដល់យេហ៊ូវិញ។ ពេលនោះ យេហ៊ូនិយាយថា៖ «នេះកើតឡើងដូចព្រះយេហូវ៉ាបានមានប្រសាសន៍+តាមរយៈអេលីយ៉ាជាអ្នកភូមិធេសប៊ីថា៖ ‹ឆ្កែនឹងហែកស៊ីសាច់យេសិបិលនៅទីវាលក្នុងក្រុងយេសរៀល។+
៣៧ សពរបស់យេសិបិលនឹងក្លាយទៅជាជីនៅទីវាលក្នុងក្រុងយេសរៀល។ ហេតុនេះ គ្មានអ្នកណានឹងស្គាល់ថាជាសពរបស់នាងឡើយ›»។
កំណត់សម្គាល់
^ ន័យត្រង់«សួនច្បារវិមាន»