ប្រវត្តិហេតុទី២ ១៤:១-១៥
១៤ ក្រោយមក អាប៊ីយ៉ាបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់នៅក្រុងដាវីឌ។+ រួចមក អេសាជាកូនរបស់គាត់ ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។ នៅគ្រាដែលគាត់គ្រប់គ្រង ស្រុកមានសេចក្ដីសុខសាន្តអស់រយៈពេល១០ឆ្នាំ។
២ អេសាបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាជាព្រះរបស់គាត់ពេញចិត្ត។
៣ គាត់បានបំផ្លាញទីបូជារបស់ព្រះនៃជនជាតិដទៃ+ ព្រមទាំងទីខ្ពស់ពិសិដ្ឋនានា។ គាត់ក៏បំបាក់បំបែកបង្គោលថ្មពិសិដ្ឋ*+ និងកាប់រំលំបង្គោលឈើពិសិដ្ឋ*ដែរ។+
៤ បន្ថែមទៅទៀត គាត់បានលើកទឹកចិត្តបណ្ដាជនយូដាឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ ហើយឲ្យកាន់តាមច្បាប់និងបញ្ញត្តិរបស់លោក។
៥ គាត់បានបំផ្លាញចោលទីខ្ពស់ពិសិដ្ឋនិងកន្លែងដុតគ្រឿងក្រអូប អស់ពីក្រុងនានាក្នុងស្រុកយូដា។+ រាជាណាចក្ររបស់គាត់មានសេចក្ដីសុខសាន្តត្រាណ។
៦ ក្នុងគ្រាដែលគ្មានសង្គ្រាម គាត់បានសង់ក្រុងនានាដ៏រឹងមាំក្នុងស្រុកយូដា+ ដោយសារព្រះយេហូវ៉ាបានជួយឲ្យមានសេចក្ដីសុខសាន្តត្រាណ។+
៧ គាត់បាននិយាយទៅកាន់បណ្ដាជនយូដាថា៖ «ចូរឲ្យយើងសង់ក្រុងទាំងនេះ ហើយសង់កំពែងព័ទ្ធជុំវិញ ដោយមានប៉ម+ ទ្វារ និងរនុកផង។ ស្រុកនេះជារបស់យើងហើយ ព្រោះយើងបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះរបស់យើង ហើយលោកបានជួយយើងឲ្យមានសេចក្ដីសុខសាន្តត្រាណ»។ ម្ល៉ោះហើយ ពួកគេបានសាងសង់ក្រុងទាំងនោះរួចរាល់ជាស្ថាពរ។+
៨ អេសាមានទ័ព៣០០.០០០នាក់ពីកុលសម្ព័ន្ធយូដា ពួកគេប្រដាប់ដោយខែលធំនិងលំពែង។ គាត់ក៏មានទ័ព២៨០.០០០នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែរ ពួកគេសុទ្ធតែជាទាហានពូកែអង់អាច និងជាអ្នកកាន់ខែលតូច*និងធ្នូ។+
៩ ក្រោយមក សេរ៉ាជាជនជាតិអេត្យូពីបានលើកទ័ព១.០០០.០០០នាក់ និងរទេះចម្បាំង៣០០គ្រឿង មកប្រយុទ្ធនឹងពួកយូដា។+ ពេលគាត់មកដល់ក្រុងម៉ារីសារ+
១០ អេសាក៏លើកទ័ពទៅតទល់នឹងគាត់វិញ ហើយពួកគេតម្រៀបទ័ពនៅជ្រលងភ្នំសេផាថា នៅក្រុងម៉ារីសារ។
១១ បន្ទាប់មក អេសាបានអង្វរសុំជំនួយពីព្រះយេហូវ៉ា+ថា៖ «ឱព្រះយេហូវ៉ាអើយ! ទោះជាយើងខ្លាំង*ឬខ្សោយក៏ដោយ ក៏លោកអាចជួយយើងយកឈ្នះបានដែរ។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមជួយយើងផង ព្រោះយើងទុកចិត្តលើលោកហើយ។+ យើងចេញទៅច្បាំងនឹងពួកគេក្នុងនាមលោក។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមកុំឲ្យមនុស្សឈ្នះលោកឡើយ»។+
១២ ដូច្នេះ ព្រះយេហូវ៉ាបានជួយអេសាយកឈ្នះលើពួកអេត្យូពី ហើយពួកអេត្យូពីបានបាក់ទ័ពរត់ពីពួកយូដាទៅ។+
១៣ អេសានិងទ័ពយូដាបានដេញតាមពួកអេត្យូពី រហូតដល់តំបន់ខេរ៉ា។+ ពួកអេត្យូពីបានស្លាប់ទាំងអស់គ្មានសល់ ព្រោះព្រះយេហូវ៉ានិងកងទ័ពរបស់លោកបានបំផ្លាញពួកគេ។ ក្រោយមក ពួកគេប្រមូលយករបស់របរយ៉ាងច្រើនសន្ធឹកសន្ធាប់។
១៤ បន្ថែមទៅទៀត ទ័ពយូដាបានទៅវាយប្រហារលើក្រុងនានានៅតំបន់ខេរ៉ា ហើយពួកគេបានឈ្នះក្រុងទាំងនោះ ដោយសារអ្នកនៅក្រុងទាំងនោះភ័យខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង។ បន្ទាប់មក ពួកយូដាបានប្រមូលយករបស់របរជាច្រើន។
១៥ ពួកគេក៏វាយលុកជំរំរបស់ពួកគង្វាល ហើយចាប់យកសត្វចៀមនិងសត្វអូដ្ឋជាច្រើន។ ក្រោយមក ពួកយូដាក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«បង្គោលថ្មពិសិដ្ឋ»
^ មើលនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
^ ធម្មតាពលធ្នូកាន់ខែលតូច
^ ន័យត្រង់«មានគ្នាច្រើន»