ប្រវត្តិហេតុទី២ ២៤:១-២៧

  • ការ​គ្រប់​គ្រង​របស់​យេហូអាស (​១​-​៣)

  • យេហូអាស​ជួស​ជុល​វិហារ (​៤​-​១៤)

  • យេហូអាស​ក្បត់​ជំនឿ (​១៥​-​២២)

  • យេហូអាស​បាន​ត្រូវ​គេ​សម្លាប់ (​២៣​-​២៧)

២៤  ពេល​យេហូអាស​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៧​ឆ្នាំ។+ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ស៊ីបបៀ​ជា​អ្នក​ក្រុង​បៀរសេបា។+ ២  យេហូអាស​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ក្នុង​គ្រា​ដែល​យេហូយ៉ាដា​ជា​សង្ឃ​នៅ​រស់។+ ៣  យេហូយ៉ាដា​បាន​ជ្រើស​រើស​ស្ត្រី​ពីរ​នាក់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​យេហូអាស ហើយ​យេហូអាស​ក៏​មាន​កូន​ប្រុស​ស្រី​ជា​ច្រើន។ ៤  ក្រោយ​មក យេហូអាស​មាន​បំណង​ចិត្ត​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។+ ៥  ដូច្នេះ គាត់​បាន​កោះ​ហៅ​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ចេញ​ទៅ​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា ហើយ​ប្រមូល​ប្រាក់​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ យក​មក​ជួស​ជុល​វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ចូរ​ធ្វើ​ដូច្នោះ​ជា​រៀង​រាល់​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ជា​ប្រញាប់​»។ ប៉ុន្តែ ពួក​លេវី​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ភ្លាម​ៗ​ទេ។+ ៦  ដូច្នេះ ស្ដេច​យេហូអាស​បាន​ហៅ​យេហូយ៉ាដា​ជា​សម្ដេច​សង្ឃ​មក ហើយ​និយាយ​ថា​៖+ ​«​ពី​មុន​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​បណ្ដា​ជន ឲ្យ​បង់​ពន្ធ​ពិសិដ្ឋ​សម្រាប់​ត្រសាល​បរិសុទ្ធ+ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។+ ហេតុ​អ្វី​អ្នក​មិន​តម្រូវ​ឲ្យ​ពួក​លេវី​ទារ​ពន្ធ​នោះ​ពី​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ដូច្នេះ? ៧  កូន​ប្រុស​ៗ​របស់​អាថាលៀ+ដែល​ជា​ស្ត្រី​អាក្រក់​នោះ បាន​គាស់​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា+ ហើយ​យក​របស់​របរ​បរិសុទ្ធ​ក្នុង​វិហារ​លោក ទៅ​ប្រើ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​បាល​វិញ​»។ ៨  បន្ទាប់​មក ស្ដេច​បាន​បង្គាប់​ឲ្យ​គេ​ធ្វើ​ហឹប​មួយ+ដាក់​នៅ​ខាង​ក្រៅ ក្បែរ​ខ្លោង​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា។+ ៩  ក្រោយ​មក មាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ឲ្យ​បណ្ដា​ជន​មក​បង់​ពន្ធ​ពិសិដ្ឋ​ជូន​ព្រះ​យេហូវ៉ា+ គឺ​ជា​ពន្ធ​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​ពិត បាន​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បង់ កាល​ដែល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ១០  ក្រោយ​ពី​ឮ​សេចក្ដី​ប្រកាស​នោះ ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​និង​បណ្ដា​ជន​ទាំង​ឡាយ​នាំ​គ្នា​យក​វិភាគទាន​មក​ដាក់​ពេញ​ក្នុង​ហឹប*ដោយ​ចិត្ត​អរ​សប្បាយ។+ ១១  ពួក​លេវី​មាន​ភារកិច្ច​យក​ហឹប​នោះ​ទៅ​ប្រគល់​ជូន​ស្ដេច ហើយ​រាល់​ដង​ពួក​គេ​ឃើញ​មាន​ប្រាក់​ពេញ​ក្នុង​ហឹប។ រួច​លេខា​ស្ដេច​និង​ជំនួយ​ការ​សង្ឃនាយក​ក៏​មក​ប្រមូល​ប្រាក់+ ហើយ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​ប្រមូល​ប្រាក់​ជា​ច្រើន។ ១២  ក្រោយ​មក ស្ដេច​និង​យេហូយ៉ាដា​បាន​ប្រគល់​ប្រាក់​ឲ្យ​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​កាត់​ថ្ម​និង​ជាង​ចម្លាក់​ឲ្យ​មក​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ថែម​ទាំង​ជួល​ជាង​ដែក និង​ជាង​ស្ពាន់​ឲ្យ​មក​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ផង​ដែរ។ ១៣  អ្នក​មើល​ការ​ខុស​ត្រូវ​ទាំង​នោះ​ក៏​បាន​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​របស់​ពួក​គេ​ទៅ។ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ពួក​គេ កិច្ចការ​ជួស​ជុល​បាន​ដំណើរ​ការ​យ៉ាង​រលូន។ ដូច្នេះ វិហារ​របស់​ព្រះ​ពិត​ក៏​បាន​រឹង​មាំ​ហើយ​មាន​ស្ថានភាព​ដូច​មុន។ ១៤  ក្រោយ​ពី​ពួក​គេ​បញ្ចប់​កិច្ចការ​ជួស​ជុល​រួច ពួក​គេ​ក៏​យក​ប្រាក់​ដែល​នៅ​សេស​សល់​ទៅ​ប្រគល់​ជូន​ស្ដេច​និង​យេហូយ៉ាដា។ បន្ទាប់​មក ពួក​គេ​បាន​ប្រើ​ប្រាក់​ទាំង​នោះ​ធ្វើ​ជា​ប្រដាប់​ប្រដា​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ប្រដាប់​ប្រដា​ទាំង​នោះ​មាន​ដូច​ជា ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ពី​ប្រាក់+ ប្រដាប់​ប្រដា​សម្រាប់​ជូន​គ្រឿង​បូជា​និង​សម្រាប់​កិច្ច​បម្រើ។ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត+ជា​ទៀង​ទាត់​នៅ​វិហារ​ព្រះ​យេហូវ៉ា នៅ​គ្រា​ដែល​យេហូយ៉ាដា​នៅ​រស់។ ១៥  ពេល​យេហូយ៉ាដា​អាយុ​បាន​១៣០​ឆ្នាំ គាត់​ក៏​ស្លាប់​ទៅ ហើយ​គាត់​ស្កប់​ស្កល់​នឹង​អាយុ​ខ្លួន។ ១៦  ដូច្នេះ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បណ្ដា​ស្ដេច+ ដោយ​សារ​គាត់​បាន​ធ្វើ​កិច្ចការ​ល្អ​ជា​ច្រើន​សម្រាប់​ព្រះ​ពិត សម្រាប់​វិហារ​របស់​លោក និង​បណ្ដា​ជន​អ៊ីស្រាអែល។+ ១៧  ក្រោយ​យេហូយ៉ាដា​ស្លាប់ ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​យូដា​បាន​ចូល​មក​លំឱន​កាយ​គោរព​ស្ដេច។ តាំង​ពី​ពេល​នោះ​មក ស្ដេច​ក៏​បាន​ធ្វើ​តាម​សំណើ​របស់​ពួក​គេ។ ១៨  ពួក​គេ​បាន​បោះ​បង់​ចោល​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ចាប់​ផ្ដើម​គោរព​បូជា​ដល់​រូប​ព្រះ​និង​បង្គោល​ឈើ​ពិសិដ្ឋ។* អំពើ​ខុស​ឆ្គង​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​ខឹង​ជា​ខ្លាំង​នឹង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម។ ១៩  ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​បណ្ដា​ជន​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ត្រឡប់​មក​រក​លោក​វិញ។ ប៉ុន្តែ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​តាម​ការ​ព្រមាន​នោះ​ទេ។+ ២០  គ្រា​នោះ សាការី​កូន​យេហូយ៉ាដា+ជា​សង្ឃ បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ ហើយ​គាត់​បាន​ឈរ​នៅ​មុខ​បណ្ដា​ជន រួច​និយាយ​ថា​៖ ​«​ព្រះ​ពិត​បាន​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ព្រះ​យេហូវ៉ា​ដូច្នេះ? អ្នក​នឹង​នាំ​ឲ្យ​ខ្លួន​អន្តរាយ​មិន​ខាន! ដោយ​សារ​អ្នក​រាល់​គ្នា​លះ​ចោល​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​លះ​ចោល​អ្នក​រាល់​គ្នា​វិញ›​»។+ ២១  ក្រោយ​ពី​ស្ដាប់​រួច បណ្ដា​ជន​បាន​រួម​គំនិត​គ្នា​ប្រឆាំង​នឹង​សាការី+ ហើយ​នាំ​គ្នា​គប់​សម្លាប់​គាត់​នឹង​ថ្ម​តាម​បង្គាប់​របស់​ស្ដេច នៅ​ទី​ធ្លា​វិហារ​ព្រះ​យេហូវ៉ា។+ ២២  តាម​របៀប​នេះ​ហើយ ដែល​យេហូអាស​បាន​សម្លាប់​សាការី​ជា​កូន​យេហូយ៉ាដា។ យេហូអាស​មិន​បាន​ចាំ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​យេហូយ៉ាដា​បាន​បង្ហាញ​ចំពោះ​គាត់​ទេ។ មុន​ស្លាប់ សាការី​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ដាក់​ទោស​អ្នក​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក​ចុះ​»។+ ២៣  នៅ​ដើម​ឆ្នាំ ពួក​ទ័ព​ស៊ីរី​បាន​ឡើង​ទៅ​ច្បាំង​នឹង​យេហូអាស ហើយ​បាន​ទន្ទ្រាន​ចូល​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម។+ បន្ទាប់​មក ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់+ ហើយ​យក​របស់​របរ​ទាំង​អស់​ដែល​ពួក​គេ​រឹប​អូស​បាន ផ្ញើ​ទៅ​ឲ្យ​ស្ដេច​ក្រុង​ដាម៉ាស់។ ២៤  ទោះ​ជា​ទ័ព​ស៊ីរី​មាន​ចំនួន​តិច​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ​លើ​ទ័ព​យេហូអាស​ដែល​មាន​ចំនួន​យ៉ាង​ច្រើន+ ព្រោះ​ពួក​យូដា​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​ប្រើ​ពួក​ស៊ីរី​ដើម្បី​ដាក់​ទោស​យេហូអាស។ ២៥  ក្រោយ​មក ពួក​ទ័ព​ស៊ីរី​បាន​ដក​ទ័ព​ចេញ​ទៅ។ ក្នុង​ចម្បាំង​នោះ​យេហូអាស​មាន​របួស​ជា​ទម្ងន់ ហើយ​ពួក​អ្នក​បម្រើ​របស់​យេហូអាស​បាន​រួម​គំនិត​គ្នា​ក្បត់​នឹង​គាត់ ដោយ​សារ​គាត់​បាន​សម្លាប់​កូន​របស់​យេហូយ៉ាដា+ជា​សង្ឃ។ អ្នក​បម្រើ​ទាំង​នោះ​សម្លាប់​គាត់​នៅ​លើ​គ្រែ​ដេក​របស់​គាត់​តែ​ម្ដង។+ រួច​មក គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ។+ ប៉ុន្តែ គេ​មិន​បាន​បញ្ចុះ​គាត់​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ឡើយ។+ ២៦  អ្នក​ដែល​រួម​គំនិត​ក្បត់+គាត់​មាន សាបាត​ជា​កូន​នាង​ស៊ីមៀត​ជា​ជន​ជាតិ​អាំម៉ូន និង​យេហូសាបាត​ជា​កូន​នាង​ស៊ីមរីត​ជា​ជន​ជាតិ​ម៉ូអាប់។ ២៧  ឯ​កិច្ចការ​ជួស​ជុល​វិហារ​របស់​ព្រះ​ពិត+ និង​ព័ត៌មាន​អំពី​កូន​ៗ​របស់​យេហូអាស ព្រម​ទាំង​ការ​ប្រកាស​ជា​ច្រើន​ដែល​ផ្ដន្ទា​ទោស​គាត់+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច។ ក្រោយ​មក អាម៉ាស៊ា​ជា​កូន​របស់​គាត់ បាន​ឡើង​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ឬ​ប្រហែល​ជាមាន​ន័យ​ថា​«​រហូត​ដល់​ពួក​គេ​ទាំង​អស់​បាន​បង់​ពន្ធ​គ្រប់​ៗ​គ្នា​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើពិសិដ្ឋ​»​