ពេត្រុសទី២ ២:១-២២
២ ប៉ុន្តែ ពួកអ្នកប្រកាសទំនាយមិនពិតក៏បានលេចមកក្នុងចំណោមបណ្ដាជន ដូចគ្រូក្លែងក្លាយនឹងលេចមកក្នុងចំណោមអ្នករាល់គ្នាដែរ។+ អ្នកទាំងនោះនឹងលួចបង្កើតនិកាយដែលនាំឲ្យអន្តរាយ ហើយពួកគេនឹងបោះបង់ចោលសូម្បីតែម្ចាស់ដែលបានទិញពួកគេមក។+ យ៉ាងនេះ ពួកគេនឹងនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាសយ៉ាងឆាប់រហ័ស។
២ ម្យ៉ាងទៀត មនុស្សជាច្រើននឹងប្រព្រឹត្តដោយឥតកោតក្រែង*+តាមពួកគេដែរ ហើយដោយសារពួកអ្នកទាំងនេះ មាគ៌ានៃសេចក្ដីពិតនឹងត្រូវគេនិយាយប្រមាថ។+
៣ បន្ថែមទៀត ពួកគេនឹងប្រើពាក្យបោកបញ្ឆោត ដើម្បីជញ្ជក់យកផលប្រយោជន៍ពីអ្នករាល់គ្នាដោយមានចិត្តលោភ។ ប៉ុន្តែ ការវិនិច្ឆ័យទោសដែលបានត្រូវកំណត់តាំងពីយូរមកហើយសម្រាប់ពួកគេ+ នឹងមកដោយឥតបង្អែបង្អង់ឡើយ ហើយសេចក្ដីហិនវិនាសរបស់ពួកគេនឹងមកជាក់ជាពុំខាន។+
៤ ព្រះប្រាកដជាមិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពួកទេវតាដែលបានធ្វើអំពើខុសឆ្គងទេ។+ ផ្ទុយទៅវិញ លោកបានបោះពួកគេទៅក្នុងឋាឋារ៉ុស*+ ទាំងដាក់ច្រវាក់*ពួកគេក្នុងភាពងងឹតសូន្យសុង ដើម្បីឲ្យពួកគេទទួលការវិនិច្ឆ័យទោស។+
៥ លោកក៏មិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពិភពលោកនៅសម័យបុរាណដែរ។+ លោកបានធ្វើឲ្យទឹកជន់លិចពិភពលោកនៃមនុស្សដែលមិនកោតខ្លាចព្រះ+ តែលោកបានការពារណូអេ ដែលជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត+ និងមនុស្ស៧នាក់ទៀត។+
៦ ម្យ៉ាងទៀត លោកដាក់ទោសក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដោយបំផ្លាញក្រុងទាំងនោះឲ្យទៅជាផេះ+ ទុកជាការព្រមាន*អំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃមុខចំពោះមនុស្សដែលមិនកោតខ្លាចព្រះ។+
៧ លោកបានសង្គ្រោះឡុតជាមនុស្សសុចរិត+ ដែលបានកើតទុក្ខយ៉ាងខ្លាំងដោយសារពួកអ្នកបំពានលើច្បាប់ ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង។*
៨ ព្រោះជារៀងរាល់ថ្ងៃបុរសសុចរិតនោះឈឺចាប់យ៉ាងខ្លាំង ដោយសារការប្រព្រឹត្តរបស់ពួកអ្នកបំពានលើច្បាប់ ដែលគាត់បានឃើញនិងបានឮ កាលដែលរស់នៅក្នុងចំណោមពួកគេ។
៩ អាស្រ័យហេតុនោះ ព្រះយេហូវ៉ា*ស្គាល់វិធីសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក+ តែទុកមនុស្សមិនសុចរិតដោយឡែកដើម្បីឲ្យទទួលការបំផ្លាញនៅថ្ងៃវិនិច្ឆ័យទោស+
១០ ជាពិសេស អស់អ្នកដែលស្វែងរកឱកាសដើម្បីធ្វើឲ្យអ្នកឯទៀតស្មោកគ្រោក+ និងអស់អ្នកដែលមើលងាយពួកអ្នកមានអំណាច។+
អ្នកទាំងនោះជាមនុស្សដែលហ៊ាន និងប្រកាន់តែគំនិតខ្លួន ហើយពួកគេមិនខ្លាចនិយាយប្រមាថពួកអ្នកដែលព្រះបានផ្ដល់កិត្តិយសឲ្យទេ។
១១ រីឯពួកទេវតា ទោះជាមានសមត្ថភាពនិងកម្លាំងខ្លាំងជាងពួកអ្នកទាំងនោះក៏ដោយ ក៏ពួកទេវតាមិនចោទប្រកាន់ពួកអ្នកទាំងនោះដោយប្រើពាក្យប្រមាថឡើយ ដោយសារពួកទេវតាគោរពព្រះយេហូវ៉ា។*+
១២ ប៉ុន្តែ មនុស្សទាំងនោះនិយាយប្រមាថអ្វីដែលពួកគេមិនស្គាល់ច្បាស់។ ពួកគេនឹងទទួលសេចក្ដីហិនវិនាសក្នុងផ្លូវទុច្ចរិតរបស់ខ្លួន ដូចសត្វឥតវិចារណញ្ញាណដែលកើតមកដើម្បីឲ្យគេចាប់+ រួចបំផ្លាញចោល។
១៣ ពួកគេនឹងទទួលទោស ដោយសារការប្រព្រឹត្តអាក្រក់របស់ពួកគេ។
ពួកគេភ្លើតភ្លើននឹងការរស់នៅយ៉ាងសម្បូរសប្បាយ+ សូម្បីតែនៅពេលថ្ងៃ។ ពួកគេប្រៀបដូចជាស្នាមប្រឡាក់ ហើយពួកគេត្រេកត្រអាលនឹងសេចក្ដីបង្រៀនបោកបញ្ឆោតរបស់ខ្លួន កាលដែលពួកគេជប់លៀងជាមួយនឹងអ្នករាល់គ្នា។+
១៤ ពួកគេមានភ្នែកពោរពេញទៅដោយការផិតក្បត់+ ហើយមិនអាចឈប់ប្រព្រឹត្តអំពើខុសឆ្គងឡើយ។ ពួកគេទាក់ទាញចិត្តពួកអ្នកដែលមិនមាំមួន។ ចិត្តរបស់ពួកគេបានត្រូវបង្ហាត់ខាងសេចក្ដីលោភ។ ពួកគេជាកូនដែលត្រូវបណ្ដាសា។
១៥ ពួកគេបានបោះបង់ចោលផ្លូវត្រង់ ពួកគេបានត្រូវបំភាន់។ ពួកគេដើរតាមគន្លងរបស់បាឡាម+ ជាកូនបេអ័រ និងជាអ្នកដែលបានស្រឡាញ់រង្វាន់ដែលមកពីអំពើខុសឆ្គង+
១៦ ប៉ុន្តែ គាត់បានត្រូវប្រដៅតម្រង់ដោយសារគាត់ប្រព្រឹត្តអំពើរំលង។*+ សត្វអូសទាញដែលមិនចេះនិយាយ បាននិយាយដោយសំឡេងមនុស្សដើម្បីឃាត់អ្នកប្រកាសទំនាយមិនឲ្យធ្វើអំពើឆ្កួត។+
១៧ អ្នកទាំងនោះគឺដូចជាប្រភពទឹកស្ងួត និងដូចជាអ័ព្ទដែលត្រូវបក់បោកដោយព្យុះសង្ឃរា ហើយភាពងងឹតសូន្យសុងបានត្រូវបម្រុងទុកសម្រាប់ពួកគេ។+
១៨ ពួកគេនិយាយអ្វីដែលស្ដាប់ទៅដូចជាសំខាន់ ប៉ុន្តែសុទ្ធតែឥតប្រយោជន៍។ ពួកគេប្រើសេចក្ដីប៉ងប្រាថ្នាខុសឆ្គង+និងការប្រព្រឹត្តដោយឥតកោតក្រែង*ដើម្បីទាក់ទាញពួកអ្នកដែលទើបតែគេចរួចពីមនុស្សដែលមានរបៀបរស់នៅខុសឆ្គង។+
១៩ ពួកគេសន្យាថានឹងធ្វើឲ្យអ្នកទាំងនោះមានសេរីភាព តែពួកគេផ្ទាល់ជាខ្ញុំបម្រើនៃសេចក្ដីខូចអាក្រក់។+ ព្រោះបើបុគ្គលណានៅក្រោមអំណាចរបស់អ្នកណា បុគ្គលនោះទៅជាខ្ញុំបម្រើរបស់អ្នកនោះ។*+
២០ ប្រសិនបើក្រោយពីពួកគេបានរួចពីភក់ជ្រាំនៃអំពើខុសឆ្គងក្នុងពិភពលោកនេះ+ តាមរយៈចំណេះត្រឹមត្រូវអំពីលោកម្ចាស់យេស៊ូគ្រិស្តដែលជាអ្នកសង្គ្រោះ តែបែរជាជាប់ជំពាក់នឹងការទាំងនេះម្ដងទៀត ហើយការទាំងនេះចាប់ផ្ដើមមានអំណាចលើពួកគេ នោះស្ថានភាពចុងក្រោយរបស់ពួកគេគឺអាក្រក់ជាងស្ថានភាពដំបូងទៅទៀត។+
២១ ប្រសិនបើពួកគេមិនបានស្គាល់ច្បាស់នូវផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងបានស្គាល់ច្បាស់ ហើយក្រោយមកបែរចេញពីបញ្ញត្ដិបរិសុទ្ធដែលពួកគេបានទទួលវិញ។+
២២ អ្វីដែលពួកគេបានធ្វើ សឲ្យឃើញថាសុភាសិតនេះគឺត្រឹមត្រូវមែន ដែលថា៖ «ឆ្កែបានត្រឡប់ទៅឯកម្អួតរបស់វា ហើយជ្រូកដែលគេបានលាងសម្អាតបានត្រឡប់ទៅននៀលក្នុងភក់វិញ»។+
កំណត់សម្គាល់
^ ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
^ ឬប្រហែលជាមានន័យថា«រណ្ដៅ»
^ មើលនិយមន័យពាក្យ«ឋាឋារ៉ុស»
^ ន័យត្រង់«ទុកជាគំរូ»
^ ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
^ ន័យត្រង់«គាត់បំពានលើច្បាប់»
^ ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
^ ឬ«បើបុគ្គលណានៅក្រោមអំណាចអ្វីមួយ បុគ្គលនោះទៅជាខ្ញុំបម្រើរបស់អ្វីនោះ»