សៀវភៅម៉ាថាយ ២១:១-៤៦
-
លោកយេស៊ូចូលក្រុងទាំងមានជ័យជម្នះ (១-១១)
-
លោកយេស៊ូសម្អាតវិហារ (១២-១៧)
-
ដាក់បណ្ដាសាដើមល្វាតូច (១៨-២២)
-
ការជំទាស់សិទ្ធិអំណាចរបស់លោកយេស៊ូ (២៣-២៧)
-
ឧទាហរណ៍អំពីកូនប្រុសពីរនាក់ (២៨-៣២)
-
ឧទាហរណ៍អំពីកសិករដែលជាឃាតករ (៣៣-៤៦)
-
ថ្មដ៏សំខាន់បំផុតត្រូវគេបដិសេធ (៤២)
-
២១ លុះលោកយេស៊ូនិងពួកគាត់បានទៅដល់បេតផាជី នៅភ្នំដើមអូលីវ ជិតក្រុងយេរូសាឡិម លោកចាត់អ្នកកាន់តាមពីរនាក់ឲ្យទៅ+
២ ដោយប្រាប់ថា៖ «ចូរទៅក្នុងភូមិនៅខាងមុខនុះ។ ពេលចូលទៅភ្លាម អ្នកនឹងឃើញសត្វលាមួយក្បាលនិងកូនវាដែលគេបានចង។ ចូរស្រាយពួកវា រួចដឹកមកឲ្យខ្ញុំ។
៣ បើមានអ្នកណាសួរ អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការពួកវា›។ ពេលឮដូច្នេះ អ្នកនោះនឹងឲ្យពួកវាមកភ្លាម»។
៤ នេះបានកើតឡើងពិតមែន ដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយ ដែលថា៖
៥ «ចូរប្រាប់កូនស្រីនៃស៊ីយ៉ូន*ថា៖ ‹មើល! ស្ដេចរបស់នាងកំពុងមកឯនាង+ លោកមានចិត្តស្លូតបូត+ ហើយកំពុងជិះសត្វលា គឺសត្វលាស្ទាវដែលជាកូនសត្វពាហនៈមួយ›»។+
៦ ដូច្នេះ អ្នកកាន់តាមបានចេញទៅធ្វើតាមអ្វីដែលលោកយេស៊ូបានបង្គាប់។+
៧ រួចពួកគាត់បានដឹកសត្វលានិងកូនវាមក ក៏បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើខ្នងវា ហើយលោកក៏ឡើងជិះ។+
៨ មនុស្សភាគច្រើនពីចំណោមបណ្ដាជន បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ។+ ចំណែកអ្នកឯទៀតវិញ ពួកគេបានកាត់យកមែកឈើមករាយលើផ្លូវ។
៩ ឯបណ្ដាជនដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយលោក បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះបុត្រដាវីឌ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+ សូមលោកដែលស្ថិតនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។+
១០ ពេលដែលលោកចូលក្នុងក្រុងយេរូសាឡិម នោះអ្នកក្រុងទាំងឡាយក៏រំជើបរំជួល ហើយសួរគ្នាថា៖ «តើអ្នកនេះជានរណា?»។
១១ បណ្ដាជនបានប្រកាសហើយប្រកាសទៀតថា៖ «នេះជាលោកយេស៊ូពីក្រុងណាសារ៉ែត នៅស្រុកកាលីឡេ! លោកជាអ្នកប្រកាសទំនាយ+ដែលបានត្រូវសន្យា!»។
១២ លោកយេស៊ូបានចូលទៅក្នុងវិហារ ហើយបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ារបស់អ្នកលក់សត្វព្រាប។+
១៣ លោកក៏មានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹វិហាររបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន›។+ ប៉ុន្តែ អ្នករាល់គ្នាកំពុងយកធ្វើជាសម្បុកចោរទៅវិញ»។+
១៤ នៅពេលនោះដែរ មនុស្សងងឹតភ្នែកនិងមនុស្សខ្វិនបានមកឯលោកក្នុងវិហារ ហើយលោកបានធ្វើឲ្យពួកគេជាសះស្បើយ។
១៥ នៅពេលដែលពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ ឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ និងឃើញក្មេងប្រុសៗដែលកំពុងស្រែកនៅក្នុងវិហារថា៖ «សូមមេត្តាសង្គ្រោះបុត្រដាវីឌ!»+ នោះធ្វើឲ្យពួកគេទាស់ចិត្តណាស់។+
១៦ ពួកគេសួរលោកថា៖ «តើលោកឮអ្វីៗដែលក្មេងទាំងនោះកំពុងស្រែកឬទេ?»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ឮហើយ។ តើអ្នករាល់គ្នាមិនធ្លាប់អានសេចក្ដីដែលថា៖ ‹លោកបានធ្វើឲ្យពាក្យសរសើរចេញពីមាត់កូនក្មេងនិងទារក›ទេឬ?»។+
១៧ រួចមក លោកចាកចេញពីពួកគេ ទៅឯភូមិបេថានីនៅខាងក្រៅក្រុង រួចលោកបានស្នាក់នៅភូមិនោះមួយយប់។+
១៨ លុះព្រលឹមឡើង ពេលដែលលោកកំពុងធ្វើដំណើរត្រឡប់ទៅក្រុងនោះវិញ នោះលោកចាប់ផ្ដើមឃ្លាន។+
១៩ រួចមក លោកក្រឡេកទៅឃើញដើមល្វាតូច*មួយនៅក្បែរផ្លូវ ក៏បានដើរឆ្ពោះទៅដើមនោះ។ លុះទៅដល់ហើយ លោកឃើញថាដើមនោះមានតែស្លឹកប៉ុណ្ណោះ+ ហើយលោកនិយាយទៅកាន់ដើមនោះថា៖ «កុំឲ្យមានផ្លែទៀតឡើយ ចាប់តាំងពីឥឡូវនេះរហូតទៅ»។+ រំពេចនោះ ដើមល្វាតូចក៏បានក្រៀមស្វិត។
២០ ប៉ុន្តែ ពេលដែលអ្នកកាន់តាមលោកឃើញដូច្នេះ ពួកគាត់នឹកអស្ចារ្យ ក៏បានសួរថា៖ «ហេតុដូចម្ដេចបានជាដើមល្វាតូចនោះក្រៀមស្វិតភ្លាមយ៉ាងនេះ?»។+
២១ លោកយេស៊ូតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿ ហើយមិនសង្ស័យសោះ នោះអ្នកមិនត្រឹមតែអាចធ្វើអ្វីដែលខ្ញុំបានធ្វើដល់ដើមល្វាតូចនេះប៉ុណ្ណោះទេ តែទោះជាអ្នកនិយាយទៅកាន់ភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះទៅធ្លាក់ក្នុងសមុទ្រវិញ› នោះក៏នឹងកើតឡើងដែរ+
២២ ហើយអ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំដោយមានជំនឿ នោះអ្នកនឹងទទួល»។+
២៣ បន្ទាប់ពីលោកចូលទៅក្នុងវិហារ ហើយកំពុងបង្រៀន នោះពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានចូលមកជិតលោក ហើយសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ហើយតើអ្នកណាបានប្រគល់សិទ្ធិអំណាចនេះឲ្យអ្នក?»។+
២៤ លោកយេស៊ូតបថា៖ «ខ្ញុំក៏សួរអ្នករាល់គ្នារឿងមួយដែរ។ ប្រសិនបើអ្នកអាចឆ្លើយបាន ខ្ញុំនឹងប្រាប់អ្នកថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។
២៥ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹកឲ្យគេពីណាមក? ពីស្ថានសួគ៌ ឬពីមនុស្ស?»។ ប៉ុន្តែ ពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរថា៖ ‹ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ូហាន?›។+
២៦ ប៉ុន្តែ បើយើងឆ្លើយថា៖ ‹ពីមនុស្ស›វិញ យើងខ្លាចបណ្ដាជនខឹង ពីព្រោះពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ»។
២៧ ដូច្នេះ ពួកគេឆ្លើយទៅលោកយេស៊ូថា៖ «យើងមិនដឹងទេ»។ លោកមានប្រសាសន៍តបទៅវិញថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ។
២៨ «តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ គាត់ទៅប្រាប់កូនទី១ថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ›។
២៩ កូនទី១ឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ› តែដោយសារគាត់ស្ដាយក្រោយ គាត់បានចេញទៅចម្ការ។
៣០ រួចមក បុរសនោះទៅប្រាប់កូនទី២ដូចគ្នា។ កូនទី២ឆ្លើយថា៖ ‹ខ្ញុំនឹងទៅ លោកឪពុក!› តែគាត់មិនបានទៅទេ។
៣១ តើកូនមួយណាបានធ្វើតាមចិត្តរបស់ឪពុក?»។ ពួកគេឆ្លើយថា៖ «កូនទី១»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកអ្នកយកពន្ធនិងពួកស្ត្រីពេស្យាកំពុងចូលរាជាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា
៣២ ព្រោះយ៉ូហានបានមកឯអ្នករាល់គ្នាដោយបង្រៀនអំពីផ្លូវនៃសេចក្ដីសុចរិត តែអ្នករាល់គ្នាមិនបានជឿគាត់ឡើយ។ ប៉ុន្តែ ពួកអ្នកយកពន្ធនិងពួកស្ត្រីពេស្យាបានជឿគាត់+ ឯអ្នករាល់គ្នាទោះជាឃើញដូច្នេះក៏ដោយ ក៏នៅតែមិនស្ដាយក្រោយ ហើយជឿគាត់ទេ។
៣៣ «ចូរស្ដាប់ឧទាហរណ៍មួយទៀត៖ បុរសម្នាក់ដែលជាម្ចាស់ដី បានធ្វើចម្ការទំពាំងបាយជូរមួយ+ ក៏បានព័ទ្ធរបង ជីកកន្លែងសម្រាប់ជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ហើយសង់ប៉មមួយ+ រួចប្រវាស់ចម្ការឲ្យពួកកសិករ។ បន្ទាប់មក គាត់ធ្វើដំណើរទៅក្រៅប្រទេស។+
៣៤ លុះដល់រដូវផ្លែទុំ គាត់ចាត់ពួកខ្ញុំបម្រើឲ្យទៅយកផលដែលជាចំណែករបស់គាត់ពីពួកកសិករ។
៣៥ ក៏ប៉ុន្តែ ពួកកសិករបានចាប់ពួកខ្ញុំបម្រើរបស់គាត់ រួចវាយដំម្នាក់ សម្លាប់ម្នាក់ ហើយយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។+
៣៦ គាត់បានចាត់ខ្ញុំបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យទៅម្ដងទៀត។ ប៉ុន្តែ ពួកកសិករបានប្រព្រឹត្តទៅលើខ្ញុំបម្រើទាំងនោះដូចពីមុន។+
៣៧ ក្រោយបង្អស់ គាត់បានចាត់កូនប្រុសរបស់គាត់ឲ្យទៅ ដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។
៣៨ ពេលដែលពួកកសិករឃើញកូនប្រុសរបស់គាត់ នោះពួកគេនិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។+ ចូរយើងនាំគ្នាសម្លាប់គាត់ ដើម្បីយើងអាចទទួលមត៌ករបស់គាត់!›។
៣៩ ដូច្នេះ ពួកគេបានចាប់កូនប្រុសនោះ បោះទៅក្រៅចម្ការ រួចសម្លាប់គាត់ចោល។+
៤០ ម្ល៉ោះហើយ ពេលដែលម្ចាស់ចម្ការនោះមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកកសិករទាំងនោះ?»។
៤១ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំជម្រាបលោកថា៖ «ដោយសារពួកគេជាមនុស្សអាក្រក់ នោះម្ចាស់ចម្ការនឹងបំផ្លាញពួកគេចោលឥតត្រាប្រណី ហើយប្រវាស់ចម្ការនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងឲ្យផលដល់គាត់តាមរដូវ»។
៤២ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មដ៏សំខាន់បំផុត។*+ ព្រះយេហូវ៉ា*បានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង› តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរនេះទេឬ?+
៤៣ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ។
៤៤ ម្យ៉ាងទៀត អ្នកណាដែលធ្លាក់លើថ្មនេះ អ្នកនោះនឹងបាក់បែកខ្ទេចខ្ទីទៅ+ ហើយបើថ្មនេះធ្លាក់លើអ្នកណា ថ្មនេះនឹងកិនកម្ទេចអ្នកនោះ»។+
៤៥ ពេលដែលពួកសង្ឃនាយកនិងពួកផារិស៊ីបានស្ដាប់ឧទាហរណ៍ទាំងប៉ុន្មានរបស់លោកហើយ ពួកគេដឹងថាលោកកំពុងមានប្រសាសន៍អំពីពួកគេ។+
៤៦ ទោះជាពួកគេចង់ចាប់លោកក៏ដោយ តែពួកគេខ្លាចបណ្ដាជន ដោយសារបណ្ដាជនចាត់ទុកលោកជាអ្នកប្រកាសទំនាយ។+
កំណត់សម្គាល់
^ នេះសំដៅលើក្រុងស៊ីយ៉ូនឬអ្នកស្នាក់នៅទីនោះ
^ ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ
^ សំដៅលើដុំថ្មដែលដាក់នៅជំនួបជញ្ជាំងពីរនៅកែងឬជ្រុងសំណង់