យេរេមា ៤១:១-១៨
៤១ រីឯអ៊ីសម៉ាអែល+ជាកូននេថានៀដែលត្រូវជាកូនអេលីសាម៉ា គាត់ជាពូជពង្សស្ដេច និងជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ស្ដេច។ នៅខែទី៧ គាត់និងបុរស១០នាក់បានទៅជួបកេដាលៀជាកូនអាហាយខាមនៅក្រុងមីសប៉ា។+ កាលពួកគេកំពុងបរិភោគអាហារជាមួយគ្នានៅទីនោះ
២ អ៊ីសម៉ាអែលជាកូននេថានៀនិងបុរស១០នាក់ដែលនៅជាមួយគាត់បានក្រោកឡើង ហើយហូតដាវសម្លាប់កេដាលៀជាកូនអាហាយខាមដែលជាកូនសាផានទៅ។ ដូច្នេះ អ៊ីសម៉ាអែលបានសម្លាប់បុគ្គលដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងលើស្រុកយូដា។
៣ មិនត្រឹមតែប៉ុណ្ណោះ អ៊ីសម៉ាអែលក៏បានសម្លាប់ពួកយូដា និងពួកទាហានខាល់ដេទាំងប៉ុន្មានដែលនៅជាមួយនឹងកេដាលៀក្នុងក្រុងមីសប៉ាដែរ។
៤ ការដែលគេសម្លាប់កេដាលៀនោះ គ្មានអ្នកណាដឹងទេ។ លុះពីរថ្ងៃក្រោយមក
៥ មានបុរស៨០នាក់ធ្វើដំណើរមកពីក្រុងស៊ីគឹម+ ក្រុងស៊ីឡូរ+ និងក្រុងសាម៉ារី។+ ពួកអ្នកទាំងនោះជាអ្នកដែលបានកោរពុកចង្កា ហែកអាវ និងឆូតសាច់ខ្លួន។+ ពួកគេបាននាំយកគ្រឿងបូជាពីស្រូវ និងម្សៅក្រអូប+មកឯវិហាររបស់ព្រះយេហូវ៉ា។
៦ ពេលនោះ អ៊ីសម៉ាអែលជាកូននេថានៀបានចេញពីក្រុងមីសប៉ាទៅជួបពួកបុរសទាំងនោះ ទាំងដើរបណ្ដើរយំបណ្ដើរ។ កាលទៅដល់ គាត់ក៏និយាយថា៖ «សូមអញ្ជើញមកឯកេដាលៀជាកូនអាហាយខាម»។
៧ ប៉ុន្តែ ពេលពួកគេចូលក្នុងក្រុង អ៊ីសម៉ាអែលជាកូននេថានៀនិងគ្នីគ្នាគាត់បានសម្លាប់ពួកគេ រួចបោះសពពួកគេទៅក្នុងអណ្ដូង។
៨ ពេលនោះដែរ បុរស១០នាក់ក្នុងចំណោមពួកគេ បានអង្វរអ៊ីសម៉ាអែលថា៖ «សូមកុំសម្លាប់យើងអី ព្រោះយើងដឹងកន្លែងលាក់ទុកស្បៀងអាហារនៅឯវាល គឺស្រូវ* ប្រេង និងទឹកឃ្មុំ»។ ដូច្នេះ អ៊ីសម៉ាអែលក៏ទុកជីវិតឲ្យបុរស១០នាក់នោះ។
៩ ឯពួកអ្នកដែលអ៊ីសម៉ាអែលបានសម្លាប់ អ៊ីសម៉ាអែលបានបោះសាកសពពួកគេទៅក្នុងអណ្ដូងធំមួយ ជាអណ្ដូងដែលស្ដេចអេសាបានជីកនៅគ្រាដែលគាត់ច្បាំងនឹងបាអាសាស្ដេចអ៊ីស្រាអែល។+ អ៊ីសម៉ាអែលជាកូននេថានៀបានបោះសាកសពពេញក្នុងអណ្ដូងនោះ។
១០ គ្រានោះ អ៊ីសម៉ាអែលជាកូននេថានៀបានចាប់យកបណ្ដាជនដែលនៅសេសសល់ក្នុងក្រុងមីសប៉ា+ និងកូនស្រីៗរបស់ស្ដេចស្រុកយូដាធ្វើជាឈ្លើយ ហើយនាំពួកគេធ្វើដំណើរឆ្លងទៅឯពួកអាំម៉ូន។+ ពួកអ្នកទាំងនោះជាអ្នកដែលនេប៊ូសារ៉ាដានជាមេលើពួកអង្គរក្សស្ដេចស្រុកបាប៊ីឡូនបានទុកឲ្យនៅក្នុងស្រុក ក្រោមការមើលខុសត្រូវរបស់កេដាលៀ+ជាកូនអាហាយខាម។
១១ ឯយ៉ូហាណាន+ជាកូនការៀនិងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់ ពួកគេក៏បានឮអំពីការអាក្រក់ទាំងអស់ដែលអ៊ីសម៉ាអែលជាកូននេថានៀបានធ្វើ។
១២ ដូច្នេះ ពួកគេបានលើកទ័ពទាំងអស់ទៅច្បាំងនឹងអ៊ីសម៉ាអែលជាកូននេថានៀ ហើយប្រទះឃើញគាត់នៅត្រង់ផ្លូវទឹកធំ*ក្នុងក្រុងគីបៀន។
១៣ ពេលឃើញយ៉ូហាណានជាកូនការៀនិងពួកមេទ័ពទាំងអស់ ពួកអ្នកដែលអ៊ីសម៉ាអែលបានចាប់ធ្វើជាឈ្លើយ ត្រេកអរជាខ្លាំង។
១៤ បន្ទាប់មក ពួកឈ្លើយដែលអ៊ីសម៉ាអែលបានចាប់ពីក្រុងមីសប៉ា+ បានមកខាងយ៉ូហាណានជាកូនការៀ ហើយធ្វើដំណើរត្រឡប់ទៅវិញជាមួយគាត់។
១៥ ចំណែកអ៊ីសម៉ាអែលជាកូននេថានៀនិងគ្នីគ្នាគាត់៨នាក់ ពួកគេបានរត់គេចខ្លួនពីយ៉ូហាណាន ហើយធ្វើដំណើរទៅឯពួកអាំម៉ូន។
១៦ ហេតុនេះ យ៉ូហាណានជាកូនការៀបានរំដោះបណ្ដាជនទាំងអស់ពីក្រុងគីបៀនមកវិញ។ ពួកគេជាអស់អ្នកដែលអ៊ីសម៉ាអែលជាកូននេថានៀបានចាប់ពីក្រុងមីសប៉ាយកមកធ្វើជាឈ្លើយ ក្រោយពីគាត់បានសម្លាប់កេដាលៀ+ជាកូនអាហាយខាម។ ពួកអ្នកទាំងនោះរួមមានបុរស ស្ត្រី កូនក្មេង ពួកទាហាន និងមន្ត្រីជាន់ខ្ពស់។
១៧ រួចមក ពួកគេបានធ្វើដំណើរទៅស្នាក់នៅផ្ទះសម្នាក់របស់គីមហាំដែលនៅក្បែរក្រុងបេថ្លេហិម+ ក្នុងបំណងឆ្ពោះទៅស្រុកអេហ្ស៊ីប+
១៨ ដោយសារពួកគេខ្លាចពួកខាល់ដេ។ នេះមកពីអ៊ីសម៉ាអែលជាកូននេថានៀបានសម្លាប់កេដាលៀជាកូនអាហាយខាម ជាបុគ្គលដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងលើស្រុកយូដា។+