យេរេមា ៤៦:១-២៨
៤៦ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីប្រជាជាតិទាំងឡាយ។+
២ នៅឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀសជាស្ដេចស្រុកយូដា ទ័ពរបស់ផារ៉ូនេកូ+ជាស្ដេចស្រុកអេហ្ស៊ីបដែលស្ថិតនៅតាមដងទន្លេអឺប្រាត បានច្បាំងចាញ់នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូននៅក្រុងកាកេមីស។ ស្ដីអំពីស្រុកអេហ្ស៊ីប+និងទ័ពពួកគេ ព្រះបានមានប្រសាសន៍ដូចតទៅ៖
៣ «ចូររៀបចំខែលតូច*និងខែលធំ ហើយចូលប្រយុទ្ធទៅ។
៤ ឱទ័ពសេះអើយ! ចូរត្រៀមសេះ ហើយឡើងជិះចុះ។
ចូរតម្រៀបទ័ព ហើយពាក់មួកចម្បាំង។
ចូរខាត់លំពែង ហើយពាក់អាវក្រោះ។
៥ ព្រះយេហូវ៉ាប្រកាសថា៖ ‹ហេតុអ្វីក៏ខ្ញុំឃើញពួកគេភ័យតក់ស្លុតដូច្នេះ?
ពួកគេកំពុងដកថយ ហើយទ័ពដ៏អង់អាចរបស់ពួកគេបានខ្ចាត់ខ្ចាយ។
ពួកគេរត់ស្លន់ស្លោ ហើយទ័ពអង់អាចរបស់ពួកគេមិនបែរក្រោយទេ។
ពេលនោះ មានការភ័យខ្លាចនៅគ្រប់ទិសទី›។
៦ ‹អ្នកដែលរត់លឿនមិនអាចរត់គេចបានទេហើយទ័ពខ្លាំងពូកែក៏មិនអាចគេចខ្លួនបានដែរ។
នៅទិសខាងជើង ក្បែរច្រាំងទន្លេអឺប្រាត ពួកគេបានជំពប់ដួល›។+
៧ តើអ្នកណាកំពុងឡើងមកដូចជាទន្លេនីលគឺដូចជាទឹកទន្លេដែលកញ្ជ្រោលបក់បោក?
៨ ពួកអេហ្ស៊ីបកំពុងឡើងមកដូចជាទន្លេនីល+គឺដូចជាទឹកទន្លេដែលកញ្ជ្រោលបក់បោកហើយពោលថា៖ ‹ខ្ញុំនឹងឡើងទៅគ្របលើផែនដី។
ខ្ញុំនឹងបំផ្លាញក្រុងនេះនិងពួកអ្នកក្រុងចោល›។
៩ សេះទាំងឡាយអើយ! ចូរឡើងទៅ។
រទេះចម្បាំងអើយ! ចូរបរឲ្យលឿនឡើង។
ចូរឲ្យទ័ពអង់អាចសម្រុកចូលទៅជាទ័ពគូសនិងទ័ពផឹតដែលកំពុងកាន់ខែល+រួមទាំងទ័ពលូតឌីម+ដែលកំពុងយឹតធ្នូដែរ។+
១០ «ថ្ងៃនោះជាថ្ងៃរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបំផុត គឺជាថ្ងៃដែលលោកសងសឹកនឹងពួកសត្រូវ។ ដាវលោកនឹងត្របាក់ពួកគេទាល់តែឆ្អែត ហើយប្រឡាក់ជោកជាំដោយឈាម ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបំផុត មានគ្រឿងបូជាមួយនៅស្រុកខាងជើងក្បែរទន្លេអឺប្រាត។+
១១ ឱកូនក្រមុំបរិសុទ្ធនៃស្រុកអេហ្ស៊ីប*អើយ!
ចូរឡើងទៅយកប្រេងបាលសាមនៅតំបន់គីលាត។+
នាងប្រើថ្នាំជាច្រើនមុខ តែឥតប្រយោជន៍ទេព្រោះនាងនឹងមិនជាសះស្បើយឡើយ។+
១២ ប្រជាជាតិនានាបានឮអំពីសេចក្ដីអាម៉ាស់របស់នាង+ហើយសម្រែករបស់នាងបានលាន់ឮពេញស្រុក។
ព្រោះពួកទាហានខ្លាំងពូកែរត់ប្រទាក់ជើងគ្នាហើយពួកគេដួលជាមួយគ្នា»។
១៣ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាមកកាន់យេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ដែលនឹងមកវាយប្រហារស្រុកអេហ្ស៊ីប។ លោកមានប្រសាសន៍ដូចតទៅ៖+
១៤ «ចូរទៅប្រកាសនៅស្រុកអេហ្ស៊ីប គឺនៅតំបន់មីកដុល+ក្រុងណូព* និងក្រុងថាផានីស។+
អ្នកត្រូវប្រកាសថា៖ ‹ចូរតម្រៀបទ័ព ហើយត្រៀមខ្លួនទៅព្រោះដាវមួយនឹងត្របាក់ពួកអ្នកដែលនៅជុំវិញអ្នករាល់គ្នា។
១៥ ហេតុអ្វីក៏ពួកបុរសខ្លាំងពូកែរបស់អ្នករាល់គ្នាបានខ្ចាត់ខ្ចាយទៅដូច្នេះ?
ពួកគេមិនបានឈរតតាំងនឹងសត្រូវទេព្រោះព្រះយេហូវ៉ាបានច្រានពួកគេឲ្យដួលហើយ។
១៦ ពួកគេជាច្រើននាក់បានជំពប់ដួល ហើយនិយាយគ្នាថា៖
«ចូរក្រោកឡើង ហើយរត់គេចពីដាវដ៏សាហាវនេះទៅយើងនឹងត្រឡប់ទៅឯជនរួមជាតិនិងស្រុកកំណើតរបស់យើងវិញ»›។
១៧ នៅទីនោះ ពួកគេបានប្រកាសថា៖
‹ផារ៉ូស្ដេចស្រុកអេហ្ស៊ីបចេះតែនិយាយឥតបានការហើយឲ្យឱកាសនោះកន្លងផុតទៅ›។+
១៨ មហាក្សត្រនៃបណ្ដាកងទ័ពស្ថានសួគ៌ដែលមាននាមជាយេហូវ៉ាបានប្រកាសថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅខ្ញុំស្បថថាបុគ្គលនោះ*នឹងចូលមកដូចជាភ្នំថេបោ+ក្នុងចំណោមភ្នំឯទៀតនិងដូចជាភ្នំកើមែល+នៅក្បែរសមុទ្រ។
១៩ ឱកូនស្រីដែលរស់នៅស្រុកអេហ្ស៊ីបអើយ!
ចូរវេចបង្វេចសម្រាប់ការនិរទេសទៅព្រោះក្រុងណូពនឹងត្រូវដុតបំផ្លាញចោល* ហើយគ្មាននរណានៅទៀតទេ។+
ពេលឮអំពីក្រុងនេះ មនុស្សនឹងភ័យតក់ស្លុត។
២០ ស្រុកអេហ្ស៊ីបប្រៀបដូចជាគោញីដ៏ស្អាតតែសត្វរបោមពីទិសខាងជើង នឹងមករោមខាំវា។
២១ សូម្បីតែទាហានដែលពួកគេបានជួល ក៏ប្រៀបដូចជាកូនគោធាត់ដែរពួកគេបានបែរក្រោយ ហើយរត់ទៅវិញជាមួយគ្នា។
ពួកគេមិនអាចឈរតតាំងនឹងសត្រូវបានទេ+ព្រោះថ្ងៃនោះជាថ្ងៃវិនិច្ឆ័យពួកគេ ហើយពួកគេនឹងវិនាសទៅជាប្រាកដ›។
២២ ‹សំឡេងនាងដូចជាពស់លូនគេចខ្លួនព្រោះសត្រូវតាមវាយប្រហារនាងដោយពូថៅដូចជាពួកអ្នកដែលកាប់រំលំដើមឈើ។*
២៣ ពួកគេនឹងកាប់បំផ្លាញព្រៃរបស់នាង ទោះជាព្រៃនោះពិបាកចូលក៏ដោយ›។នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
‹ព្រោះពួកគេមានគ្នាច្រើនជាងហ្វូងកណ្ដូបទៅទៀត ហើយគ្មាននរណាដឹងចំនួនឡើយ។
២៤ កូនស្រីអេហ្ស៊ីបនឹងអាម៉ាស់មុខមិនខាន។
នាងនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជាតិដែលមកពីទិសខាងជើង›។+
២៥ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ឥឡូវ ខ្ញុំនឹងដាក់ទោសអេម៉ុន+ជាព្រះនៃក្រុងណូ*+ ព្រមទាំងដាក់ទោសផារ៉ូ និងស្រុកអេហ្ស៊ីប ព្រះទាំងឡាយ+ និងបណ្ដាស្ដេចក្នុងស្រុកអេហ្ស៊ីបផងដែរ។ ខ្ញុំនឹងធ្វើដូច្នេះទៅលើផារ៉ូនិងអស់អ្នកដែលទុកចិត្តគាត់›។+
២៦ «‹ខ្ញុំនឹងប្រគល់ពួកអេហ្ស៊ីបទៅក្នុងកណ្ដាប់ដៃអស់អ្នកដែលតាមរកជីវិតពួកគេ គឺដល់នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន+និងពួកអ្នកបម្រើគាត់។ ប៉ុន្តែ ក្រោយមកស្រុកអេហ្ស៊ីបនឹងមានមនុស្សរស់នៅឡើងវិញដូចនៅគ្រាមុន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
២៧ ‹ចំណែកអ្នកវិញ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំភ័យខ្លាចឡើយឱអ៊ីស្រាអែលអើយ! កុំតក់ស្លុតឲ្យសោះ+ព្រោះខ្ញុំនឹងសង្គ្រោះអ្នកពីចម្ងាយព្រមទាំងសង្គ្រោះពូជពង្សអ្នកពីស្រុកដែលពួកគេជាប់ជាឈ្លើយ។+
យ៉ាកុបនឹងត្រឡប់មកវិញ ហើយរស់នៅដោយស្ងៀមស្ងាត់គ្មានអ្នកណាមករំខានទេហើយក៏គ្មានអ្នកណាមកបំភ័យពួកគេដែរ។+
២៨ ដូច្នេះ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយអ្នក។
ខ្ញុំនឹងបំផ្លាញប្រជាជាតិនានាដែលខ្ញុំអនុញ្ញាតឲ្យចាប់អ្នក+តែខ្ញុំនឹងមិនបំផ្លាញអ្នកទេ។+
ខ្ញុំនឹងប្រដៅតម្រង់អ្នកស្របតាមកំហុសរបស់អ្នក+តែខ្ញុំនឹងមិនឲ្យអ្នករួចពីទោសឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
កំណត់សម្គាល់
^ ធម្មតាពលធ្នូកាន់ខែលតូច
^ នេះសំដៅលើស្រុកអេហ្ស៊ីបឬអ្នកស្នាក់នៅទីនោះ
^ ឬ«ក្រុងមេមផឺស»
^ នេះសំដៅលើអ្នកដែលច្បាំងឈ្នះស្រុកអេហ្ស៊ីប
^ ឬប្រហែលជាមានន័យថា«នឹងក្លាយទៅជាទីរហោស្ថាន»
^ ឬ«ពួកអ្នកប្រមូលអុស»
^ នេះសំដៅលើក្រុងធេប