យ៉ូស្វេ ២២:១-៣៤
២២ ក្រោយមក យ៉ូស្វេបានហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេឲ្យមកជួបគាត់។
២ គាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាបានធ្វើតាមអ្វីៗទាំងអស់ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានបង្គាប់ដល់អ្នករាល់គ្នា+ ហើយអ្នករាល់គ្នាក៏បានធ្វើតាមបង្គាប់ទាំងអស់របស់ខ្ញុំដែរ។+
៣ តាំងពីមុនរហូតដល់សព្វថ្ងៃ អ្នករាល់គ្នាមិនបានចាកចេញពីបងប្អូនរបស់អ្នករាល់គ្នាទេ+ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាជានិច្ច។+
៤ នៅបច្ចុប្បន្ន ព្រះយេហូវ៉ាដែលជាព្រះរបស់អ្នករាល់គ្នា លោកបានឲ្យបងប្អូនអ្នករាល់គ្នាបានសេចក្ដីសុខសាន្តដូចដែលលោកសន្យា។+ ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាអាចត្រឡប់ទៅទឹកដីនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។+
៥ សូមអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមបញ្ញត្តិ និងច្បាប់ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា+ គឺដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ ដោយប្រើជីវិតតាមផ្លូវរបស់លោក+ ដោយបន្តធ្វើតាមបញ្ញត្តិរបស់លោក+ ដោយនៅជាប់ជាមួយនឹងលោក+ និងដោយបម្រើលោក+អស់ពីដួងចិត្តនិងអស់មួយជីវិត»។*+
៦ រួចមក យ៉ូស្វេបានឲ្យពរពួកគេ ហើយឲ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។
៧ រីឯពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេវិញ ម៉ូសេបានចែកទឹកដីនៅតំបន់បាសាន+ឲ្យពួកគេរួចហើយ។ ដូច្នេះ ពាក់កណ្ដាលកុលសម្ព័ន្ធទៀតដែលនៅសល់ យ៉ូស្វេបានឲ្យទឹកដីនៅខាងលិចទន្លេយ៉ូដាន់+ទៅពួកគេនិងបងប្អូនរបស់ពួកគេ។ រួចមក យ៉ូស្វេឲ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេ ហើយបានឲ្យពរពួកគេ
៨ ថែមទាំងនិយាយថា៖ «សូមត្រឡប់ទៅទឹកដីរបស់អ្នករាល់គ្នាវិញចុះ ដោយនាំយកទ្រព្យសម្បត្តិយ៉ាងច្រើនក្រៃ មានមាស ប្រាក់ ស្ពាន់ ដែក សម្លៀកបំពាក់ជាច្រើន និងហ្វូងសត្វច្រើនសន្ធឹកទៅជាមួយផង។+ សូមយកជ័យភណ្ឌដែលអ្នករាល់គ្នាបានរឹបអូស+ពីពួកសត្រូវ ចែកជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ»។
៩ បន្ទាប់មក កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាល បានចាកចេញពីជនជាតិអ៊ីស្រាអែលឯទៀត គឺពីក្រុងស៊ីឡូរក្នុងស្រុកកាណាន ត្រឡប់ទៅស្រុកគីលាត+ជាទឹកដីដែលពួកគេបានតាំងលំនៅ ដូចដែលព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ។+
១០ ពេលដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានមកដល់តំបន់ទន្លេយ៉ូដាន់ក្នុងស្រុកកាណាន ពួកគេបានសង់ទីបូជាដ៏ធំសម្បើមមួយនៅជិតទន្លេយ៉ូដាន់។
១១ ក្រោយមក ពេលជនជាតិអ៊ីស្រាអែលឯទៀតបានឮអំពីរឿងនោះ+ ពួកគេនិយាយគ្នាថា៖ «មើល! កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានសង់ទីបូជានៅព្រំប្រទល់ទឹកដីស្រុកកាណាននៃតំបន់ទន្លេយ៉ូដាន់ដែលនៅខាងពួកយើង»។
១២ ពេលឮដូច្នោះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏មកជួបជុំគ្នានៅក្រុងស៊ីឡូរ+ ដើម្បីចេញទៅច្បាំងនឹងពួកគេ។
១៣ រួចមក ជនជាតិអ៊ីស្រាអែលបានចាត់ភីនេហាស+កូនប្រុសរបស់អេលាសារជាសង្ឃ ឲ្យទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅក្នុងទឹកដីស្រុកគីលាត
១៤ មានមេ១០នាក់ទៅជាមួយនឹងគាត់ដែរ។ ពួកគេទាំងនោះជាប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល ហើយពួកគេម្នាក់ៗជាប្រមុខលើជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់។+
១៥ ពេលពួកគេបានមកជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅក្នុងទឹកដីស្រុកគីលាត ពួកគេនិយាយថា៖
១៦ «បណ្ដាជនទាំងអស់របស់ព្រះយេហូវ៉ាចង់សួរថា៖ ‹ហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តមិនស្មោះត្រង់+ចំពោះព្រះនៃជនជាតិអ៊ីស្រាអែលដូច្នេះ? ថ្ងៃនេះ ពួកអ្នកបានបែរចេញពីព្រះយេហូវ៉ា ដោយសង់ទីបូជាដើម្បីបះបោរប្រឆាំងព្រះយេហូវ៉ា។+
១៧ តើអំពើខុសឆ្គងនៅពេអរមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេឬ? តើពួកអ្នកភ្លេចទុក្ខវេទនាដែលបានកើតឡើងចំពោះបណ្ដាជនរបស់ព្រះយេហូវ៉ាហើយឬ? រហូតមកដល់ពេលនេះ យើងមិនទាន់បានស្អាតបរិសុទ្ធនៅឡើយទេ។+
១៨ ឥឡូវពួកអ្នកហ៊ានបែរចេញពីព្រះយេហូវ៉ាទៀត! បើថ្ងៃនេះពួកអ្នកប្រឆាំងព្រះយេហូវ៉ា នោះថ្ងៃស្អែកលោកនឹងខឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់។+
១៩ ប្រសិនបើពួកអ្នកគិតថាទឹកដីរបស់ពួកអ្នកមិនស្អាតបរិសុទ្ធនៅចំពោះព្រះទេ ចូរឆ្លងមកទឹកដីរបស់ព្រះយេហូវ៉ា+ដែលមានត្រសាលនៃព្រះយេហូវ៉ា+ ហើយមករស់នៅជាមួយនឹងពួកយើងចុះ។ ប៉ុន្តែ សូមកុំបះបោរប្រឆាំងព្រះយេហូវ៉ាឡើយ។ យើងរាល់គ្នាមានទីបូជានៃព្រះយេហូវ៉ារួចហើយ ដូច្នេះកុំនាំឲ្យពួកយើងជាប់ឈ្មោះជាអ្នកបះបោរប្រឆាំង ដោយសារពួកអ្នកសង់ទីបូជាមួយទៀត។+
២០ ពេលដែលអេកាន+កូនប្រុសសេរ៉ាបានប្រព្រឹត្តមិនស្មោះត្រង់ដោយលួចរបស់ដែលត្រូវបំផ្លាញចោល តើព្រះមិនបានខឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់ទេឬ?+ មិនមែនតែគាត់ម្នាក់ទេដែលស្លាប់នោះ តែអ្នកឯទៀតក៏ស្លាប់ដោយសារកំហុសរបស់គាត់ដែរ›»។+
២១ ពេលឮដូច្នោះ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានឆ្លើយទៅពួកប្រមុខនៃជនជាតិអ៊ីស្រាអែល*ថា៖+
២២ «ព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ! ព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ!+ លោកដឹងមូលហេតុដែលពួកយើងសង់ទីបូជានោះ ហើយពួកយើងក៏ចង់ឲ្យជនជាតិអ៊ីស្រាអែលដឹងដែរ។ បើពួកយើងបះបោរ ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា សូមលោកកុំទុកជីវិតឲ្យពួកយើងនៅថ្ងៃនេះឡើយ។
២៣ បើពួកយើងសង់ទីបូជានោះដើម្បីបះបោរប្រឆាំងព្រះយេហូវ៉ា ហើយដើម្បីជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជានៃមេត្រីភាព នោះព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសពួកយើង។+
២៤ ប៉ុន្តែ មិនមែនដូច្នោះទេ យើងសង់ទីបូជានោះ ព្រោះយើងគិតថា៖ ‹នៅថ្ងៃមុខ បើកូនចៅពួកអ្នកសួរកូនចៅពួកយើងថា៖ «តើអ្នករាល់គ្នាពាក់ព័ន្ធអ្វីនឹងព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល?
២៥ ព្រោះព្រះយេហូវ៉ាបានដាក់ទន្លេយ៉ូដាន់ធ្វើជាព្រំប្រទល់ខណ្ឌរវាងពួកយើង និងអ្នករាល់គ្នាដែលជាកូនចៅរូបេននិងកូនចៅកាដ។ ដូច្នេះ អ្នករាល់គ្នាមិនពាក់ព័ន្ធអ្វីនឹងព្រះយេហូវ៉ាទេ»។ រួចមក កូនចៅរបស់ពួកអ្នកនឹងរារាំងកូនចៅរបស់ពួកយើងមិនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា›។
២៦ «ម្ល៉ោះហើយ យើងនិយាយគ្នាថា៖ ‹ចូរយើងសង់ទីបូជាមួយ មិនមែនដើម្បីជូនគ្រឿងបូជាដុត ឬគ្រឿងបូជាផ្សេងៗទេ។
២៧ ប៉ុន្តែ ពួកយើងសង់ទីបូជានោះដើម្បីជាភ័ស្តុតាងបញ្ជាក់រវាងពួកអ្នកនិងពួកយើង+ និងកូនចៅជំនាន់ក្រោយថា ពួកយើងក៏មានសិទ្ធិគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយជូនគ្រឿងបូជាដុត គ្រឿងបូជានៃមេត្រីភាព និងគ្រឿងបូជាផ្សេងៗដល់លោកដែរ។+ ដូច្នេះ នៅថ្ងៃមុខ កូនចៅរបស់ពួកអ្នកមិនអាចនិយាយមកកូនចៅរបស់ពួកយើងថា៖ «អ្នករាល់គ្នាមិនពាក់ព័ន្ធនឹងព្រះយេហូវ៉ាទេ»›។
២៨ ហេតុនេះហើយបានជាយើងនិយាយគ្នាថា៖ ‹បើថ្ងៃក្រោយ ពួកគេនិយាយមកពួកយើងនិងកូនចៅពួកយើងយ៉ាងដូច្នោះ នោះពួកយើងនឹងនិយាយថា៖ «សូមមើលទីបូជាដែលបុព្វបុរសរបស់យើងបានធ្វើទុក មានរូបរាងដូចទីបូជារបស់ព្រះយេហូវ៉ា តែមិនមែនដើម្បីជូនគ្រឿងបូជាដុត ឬគ្រឿងបូជាផ្សេងៗទេ។ ទីបូជានេះជាភ័ស្តុតាងបញ្ជាក់ថា ពួកយើងជាអ្នកបម្រើព្រះដូចពួកអ្នកដែរ»›។
២៩ ដូច្នេះ មិនអាចទៅរួចទេដែលពួកយើងបះបោរប្រឆាំងព្រះយេហូវ៉ា ហើយបែរចេញពីព្រះយេហូវ៉ា+ ដោយសង់ទីបូជាមួយទៀតដើម្បីជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាផ្សេងៗ ក្រៅពីទីបូជានៃព្រះយេហូវ៉ាជាព្រះរបស់យើងដែលនៅមុខត្រសាលរបស់លោក!»។+
៣០ ពេលភីនេហាសជាសង្ឃ និងពួកមេដឹកនាំបណ្ដាជនដែលជាប្រមុខលើជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ បានឮពាក្យសម្ដីរបស់កូនចៅរូបេន កូនចៅកាដ និងកូនចៅម៉ាណាសេ នោះពួកគេក៏ពេញចិត្ត។+
៣១ ពេលនោះភីនេហាសកូនប្រុសអេលាសារជាសង្ឃ បាននិយាយទៅកូនចៅរូបេន កូនចៅកាដ និងកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងច្បាស់ថា ព្រះយេហូវ៉ានៅជាមួយនឹងយើងទាំងអស់គ្នាពិតមែន ព្រោះពួកអ្នកមិនបានធ្វើអ្វីដែលមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ។ ដូច្នេះ ព្រះយេហូវ៉ានឹងមិនដាក់ទោសយើងទាំងអស់គ្នាឡើយ»។
៣២ រួចមក ភីនេហាសកូនប្រុសអេលាសារដែលជាសង្ឃនិងពួកមេដឹកនាំ ក៏ចាកចេញពីកុលសម្ព័ន្ធរូបេននិងកុលសម្ព័ន្ធកាដក្នុងទឹកដីស្រុកគីលាត ត្រឡប់ទៅស្រុកកាណានវិញ។ ពួកគេក៏បានមករាយការណ៍ប្រាប់ជនជាតិអ៊ីស្រាអែលឯទៀត។
៣៣ បណ្ដាជនអ៊ីស្រាអែលទាំងឡាយពេញចិត្តដំណឹងនោះ។ ពួកគេនាំគ្នាសរសើរព្រះ ហើយឈប់និយាយអំពីរឿងទៅច្បាំងបំផ្លាញទឹកដីរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
៣៤ ក្រោយមក កុលសម្ព័ន្ធរូបេននិងកុលសម្ព័ន្ធកាដបានដាក់ឈ្មោះទីបូជា*នេះ។ ពួកគេនិយាយថា៖ «ទីបូជានេះជាសាក្សីរបស់ពួកយើងថា ព្រះយេហូវ៉ាជាព្រះពិត»។
កំណត់សម្គាល់
^ នេះសំដៅលើខាងកើត
^ មើលនិយមន័យពាក្យ«ជីវិត»
^ ន័យត្រង់«ពួកប្រមុខនៃជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់»
^ តាមការពន្យល់ ទីបូជានោះទំនងជាបានត្រូវដាក់ឈ្មោះថាសាក្សី