យ៉ូស្វេ ៩:១-២៧

  • ពួក​អ្នក​ក្រុង​គីបៀន​រៀប​គម្រោង​ការ​យ៉ាង​ឈ្លាស​វៃ​ដើម្បី​មាន​សន្តិភាព (​១​-​១៥)

  • ល្បិច​បញ្ឆោត​របស់​ពួក​អ្នក​ក្រុង​គីបៀន​បាន​ត្រូវ​លាត​ត្រដាង (​១៦​-​២១)

  • ពួក​អ្នក​ក្រុង​គីបៀន​ត្រូវ​កាប់​ប្រមូល​អុស​និង​ដង​ទឹក (​២២​-​២៧)

 ពេល​ស្ដេច​ទាំង​អស់​ដែល​នៅ​ខាង​លិច​ទន្លេយ៉ូដាន់+ គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​សេភីឡា នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ធំ*+ និង​នៅ​ទល់​មុខ​ស្រុក​លីបង់ គឺ​ស្ដេច​ជន​ជាតិ​ហេត ស្ដេច​ជន​ជាតិ​អាម៉ូរី ស្ដេច​ជន​ជាតិ​កាណាន ស្ដេច​ជន​ជាតិ​ពេរិស៊ីត ស្ដេច​ជន​ជាតិ​ហេវី និង​ស្ដេច​ជន​ជាតិ​យេប៊ូស បាន​ឮ​អំពី​អ្វី​ដែល​កើត​ឡើង+ ២  ពួក​គេ​បាន​រួម​ដៃ​គ្នា ដើម្បី​ច្បាំង​នឹង​យ៉ូស្វេ​និង​ជន​ជាតិ​អ៊ីស្រាអែល។+ ៣  ពួក​អ្នក​ក្រុង​គីបៀន+ក៏​បាន​ឮ​អំពី​អ្វី​ដែល​យ៉ូស្វេ​បាន​ធ្វើ​ទៅ​លើ​ក្រុង​យេរីខូ+និង​ក្រុង​អៃ​ដែរ។+ ៤  ប៉ុន្តែ ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា គឺ​ពួក​គេ​ដាក់​ស្បៀង​អាហារ​ក្នុង​បាវ​ចាស់​ដាច​សឹក រួច​ផ្ទុក​លើ​សត្វ​លា ព្រម​ទាំង​យក​ថង់​ស្បែក​ចាស់​មាន​បំណះ​សម្រាប់​ដាក់​ស្រា​ទៅ​ជា​មួយ​ផង។ ៥  ពួក​គេ​ស្លៀក​សម្លៀក​បំពាក់​រហែក ពាក់​ស្បែក​ជើង​សង្រែក​ចាស់​មាន​បំណះ ហើយ​ក៏​យក​នំ​ប៉័ង​ក្រៀម​ផុយ​ទៅ​ជា​មួយ​ដែរ។ ៦  រួច​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​យ៉ូស្វេ​នៅ​ជំរំ​ជិត​ក្រុង​គីលកាល។+ ពេល​ទៅ​ដល់ ពួក​គេ​និយាយ​ទៅ​កាន់​យ៉ូស្វេ​និង​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​សុំ​ពួក​លោក​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង​ខ្ញុំ​»។ ៧  ប៉ុន្តែ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​ពួក​បុរស​ជន​ជាតិ​ហេវី*+ថា​៖ ​«​ប្រហែល​ជា​ពួក​អ្នក​នៅ​ស្រុក​ជិត​នេះ​ទេ​ដឹង។ តើ​ឲ្យ​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អ្នក​ដូច​ម្ដេច​បាន?​»។+ ៨  ពួក​គេ​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា​៖ ​«​យើង​ខ្ញុំ​ជា​អ្នក​បម្រើ*របស់​លោក​»។ យ៉ូស្វេ​សួរ​ពួក​គេ​ថា​៖ ​«​តើ​ពួក​អ្នក​ជា​នរណា ហើយ​មក​ពី​ណា?​»។ ៩  ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់+ ព្រោះ​យើង​ខ្ញុំ​បាន​ឮ​អំពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក និង​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​របស់​លោក​បាន​ធ្វើ​នៅ​ស្រុក​អេហ្ស៊ីប+ ១០  ព្រម​ទាំង​អំពី​ការ​ទាំង​អស់​ដែល​ព្រះ​របស់​លោក​បាន​ធ្វើ​ចំពោះ​ស្ដេច​ទាំង​ពីរ​របស់​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ម្ខាង*ទន្លេយ៉ូដាន់ គឺ​ស៊ីហុន+ស្ដេច​ក្រុង​ហែសបូន និង​អុក+ស្ដេច​តំបន់បាសាន​នៅ​ក្រុង​អាសថារ៉ូត។ ១១  ម្ល៉ោះ​ហើយ ពួក​បុរស​ចាស់​ទុំ​និង​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​របស់​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ​ថា​៖ ‹ចូរ​យក​ស្បៀងអាហារ​ធ្វើ​ដំណើរ​ទៅ​ជួប​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​មេត្តា​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង​ខ្ញុំ+ នោះ​យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ​របស់​ពួក​លោក​»​›។+ ១២  សូម​មើល​នំ​ប៉័ង​ដែល​យើង​ខ្ញុំ​បាន​យក​មក​នេះ។ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ពី​ផ្ទះ​មក​ជួប​លោក នំ​ប៉័ង​នៅ​ក្ដៅ​នៅ​ឡើយ។ តែ​មើល! ឥឡូវ​វា​ក្រៀម​ផុយ​អស់​ហើយ។+ ១៣  រីឯ​ថង់​ស្បែក​ទាំង​នេះ​នៅ​ថ្មី​ទេ ពេល​ដែល​យើង​ខ្ញុំ​ចាក់​ស្រា​ចូល។ តែ​មើល! ឥឡូវ​វា​ដាច​ធ្លុះ​ធ្លាយ​អស់​ហើយ។+ ចំណែក​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ក៏​ចាស់​សឹក​អស់​ដែរ ដោយ​សារ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​»។ ១៤  ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​យក​នំ​ប៉័ង​ខ្លះ​មក​ពិនិត្យ​មើល តែ​ពួក​គេ​មិន​បាន​សួរ​ព្រះ​យេហូវ៉ា​ទេ។+ ១៥  ដូច្នេះ យ៉ូស្វេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស​ន្តិ​ភាព​ជា​មួយ​នឹង​ពួក​គេ+ ហើយ​ទុក​ជីវិត​ឲ្យ​ពួក​គេ​ទាំង​អស់។ ពួក​មេ​បណ្ដា​ជន​ក៏​បាន​ស្បថ​នឹង​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។+ ១៦  នៅ​ចុង​ថ្ងៃ​ទី​៣ ក្រោយ​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ​ហើយ ទើប​ពួក​អ៊ីស្រាអែល​ទទួល​ដំណឹង​ថា ការ​ពិត​ពួក​គេ​ជា​អ្នក​រស់​នៅ​ស្រុក​ជិត​ៗ​នេះ​ទេ។ ១៧  រួច​មក ពួក​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​បាន​ទៅ​ដល់​នៅ​ថ្ងៃ​ទី​៣។ ក្រុង​ទាំង​នោះ​មាន​ក្រុង​គីបៀន+ ក្រុង​កេភីរ៉ា ក្រុង​បៀរ៉ូត និង​ក្រុង​គារីអាតយារីម។+ ១៨  ប៉ុន្តែ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​វាយ​ប្រហារ​ពួក​គេ​ទេ ដោយ​សារ​ពួក​មេ​បណ្ដា​ជន​បាន​ស្បថ​នឹង​ពួក​គេ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​តាំង​រអ៊ូ​រទាំ​នឹង​ពួក​មេ​បណ្ដា​ជន​ទាំង​នោះ។ ១៩  ម្ល៉ោះ​ហើយ ពួក​មេ​ទាំង​អស់​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​មូល​ថា​៖ ​«​យើង​បាន​ស្បថ​នឹង​ពួក​គេ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ។ ហេតុ​នេះ យើង​គ្មាន​សិទ្ធិ​ធ្វើ​បាប​ពួក​គេ​ទេ។ ២០  ប៉ុន្តែ យើង​ត្រូវ​ធ្វើ​យ៉ាង​នេះ​វិញ គឺ​យើង​ត្រូវ​ទុក​ជីវិត​ឲ្យ​ពួក​គេ ដើម្បី​កុំ​ឲ្យ​ព្រះ​ទាស់​ចិត្ត​នឹង​យើង ព្រោះ​យើង​បាន​ស្បថ​នឹង​ពួក​គេ​ហើយ​»។+ ២១  ពួក​មេ​ទាំង​នោះ​និយាយ​ថែម​ទៀត​ថា​៖ ​«​យើង​មិន​ត្រូវ​សម្លាប់​ពួក​គេ​ទេ តែ​យើង​ទុក​ឲ្យ​ពួក​គេ​កាប់​ប្រមូល​អុស និង​ដង​ទឹក​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​វិញ​»។ នេះ​ជា​ពាក្យ​សន្យា​របស់​ពួក​មេ​ទាំង​នោះ​ចំពោះ​បណ្ដា​ជន។ ២២  យ៉ូស្វេ​បាន​ហៅ​ពួក​គេ​មក រួច​សួរ​ថា​៖ ​«​ហេតុ​អ្វី​ពួក​អ្នក​បញ្ឆោត​យើង ដោយ​និយាយ​ថា​៖ ‹យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់›? ប៉ុន្តែ តាម​ពិត​ពួក​អ្នក​រស់​នៅ​ជិត​ៗ​នេះ​សោះ។+ ២៣  ចាប់​ពី​ពេល​នេះ​ទៅ ពួក​អ្នក​ត្រូវ​បណ្ដាសា​ហើយ។+ ពួក​អ្នក​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ គឺ​ពួក​អ្នក​ត្រូវ​កាប់​ប្រមូល​អុស និង​ដង​ទឹក​ឲ្យ​វិហារ*ព្រះ​របស់​ខ្ញុំ​»។ ២៤  ពួក​គេ​តប​ទៅ​យ៉ូស្វេ​ថា​៖ ​«​យើង​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ឮ​យ៉ាង​ល្អិត​ល្អន់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​បង្គាប់​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​ទាំង​អស់​នេះ​ដល់​ពួក​លោក ហើយ​ឲ្យ​កម្ចាត់​មនុស្ស​ទាំង​អស់​ចេញ​ពី​ទឹក​ដី​ទាំង​នេះ។+ យើង​ខ្ញុំ​ខ្លាច​អ្នក​រាល់​គ្នា​សម្លាប់​យើង​ខ្ញុំ+ បាន​ជា​យើង​ខ្ញុំ​ធ្វើ​បែប​នេះ។+ ២៥  ឥឡូវ​យើង​ខ្ញុំ​នៅ​ក្នុង​ដៃ​របស់​ពួក​លោក​ហើយ សូម​ធ្វើ​អ្វី​ដែល​ពួក​លោក​គិត​ថា​ល្អ​ចុះ​»។ ២៦  យ៉ូស្វេ​បាន​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​គេ គឺ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​សម្លាប់​ពួក​គេ​ទេ។ ២៧  ចាប់​ពី​ថ្ងៃ​នោះ​មក យ៉ូស្វេ​បាន​ឲ្យ​ពួក​គេ​កាប់​ប្រមូល​អុស និង​ដង​ទឹក​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល+ និង​សម្រាប់​ប្រើ​នៅ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា នៅ​កន្លែង​ដែល​លោក​បាន​ជ្រើស​រើស។+ ពួក​គេ​ធ្វើ​កិច្ចការ​ទាំង​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
នៅ​គ្រា​នោះ​ជន​ជាតិ​ហេវី​រស់​នៅ​ក្រុង​គីបៀន
ឬ​«​ខ្ញុំ​បម្រើ​»​
នេះ​សំដៅ​លើ​ខាង​កើត
ន័យ​ត្រង់​«​ផ្ទះ​»​