សៀវភៅយ៉ូហាន ១៨:១-៤០
-
យូដាសក្បត់លោកយេស៊ូ (១-៩)
-
ពេត្រុសប្រើដាវ (១០, ១១)
-
លោកយេស៊ូបានត្រូវនាំទៅឯអេណាស (១២-១៤)
-
ពេត្រុសមិនទទួលស្គាល់លោកជាលើកទី១ (១៥-១៨)
-
លោកយេស៊ូនៅចំពោះមុខអេណាស (១៩-២៤)
-
ពេត្រុសមិនទទួលស្គាល់លោកជាលើកទី២និងទី៣ (២៥-២៧)
-
លោកយេស៊ូនៅចំពោះមុខពីឡាត (២៨-៤០)
-
«រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ» (៣៦)
-
១៨ លុះមានប្រសាសន៍អ្វីៗទាំងនេះចប់ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានឆ្លងជ្រលងគីដ្រុន+ទៅសួនច្បារមួយ រួចក៏ចូលទៅក្នុងសួនច្បារនោះ។+
២ យូដាសដែលជាអ្នកក្បត់លោក ក៏បានស្គាល់កន្លែងនោះដែរ ពីព្រោះលោកយេស៊ូធ្លាប់ជួបជាមួយនឹងពួកអ្នកកាន់តាមលោកនៅទីនោះជាច្រើនដង។
៣ ដូច្នេះ យូដាសបាននាំកងទាហាន និងពួកអាជ្ញាធរនៃពួកសង្ឃនាយកនិងពួកផារិស៊ី មកទីនោះទាំងកាន់ចន្លុះ ចង្កៀង និងអាវុធ។+
៤ លោកយេស៊ូជ្រាបអំពីការទាំងប៉ុន្មានដែលនឹងកើតឡើងដល់លោក នោះលោកបានចេញមកខាងមុខ ហើយមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?»។
៥ ពួកគេឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត»។+ លោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ ឯយូដាសដែលជាអ្នកក្បត់លោក គាត់កំពុងឈរជាមួយនឹងពួកគេដែរ។+
៦ ក៏ប៉ុន្តែ ពេលដែលលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនេះហើយជាអ្នកនោះ» នោះពួកគេក៏ថយក្រោយ ហើយដួលដល់ដី។+
៧ ដូច្នេះ លោកសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?»។ ពួកគេឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត»។
៨ លោកយេស៊ូតបថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា ខ្ញុំនេះហើយជាអ្នកនោះ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាកំពុងរកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ»។
៩ នេះគឺដើម្បីសម្រេចពាក្យរបស់លោក ដែលថា៖ «ខ្ញុំមិនបានបាត់បង់អ្នកណាម្នាក់ពីចំណោមពួកអ្នកដែលលោកបានប្រគល់ឲ្យខ្ញុំទេ»។+
១០ បន្ទាប់មក ដោយសារស៊ីម៉ូនពេត្រុសមានដាវ គាត់ក៏ហូតដាវនោះកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើសម្ដេចសង្ឃ។+ ខ្ញុំបម្រើនោះឈ្មោះម៉ាលឃូស។
១១ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពេត្រុសថា៖ «ចូរស៊កដាវក្នុងស្រោមវិញ។+ តើខ្ញុំមិនគួរផឹកពីពែង*ដែលបិតានៅស្ថានសួគ៌បានឲ្យខ្ញុំទេឬ?»។+
១២ រួចមក កងទាហាន មេបញ្ជាការ និងពួកអាជ្ញាធរនៃជនជាតិយូដា បានចាប់ចងលោកយេស៊ូ។
១៣ មុនដំបូង ពួកគេនាំលោកទៅឯអេណាស ព្រោះគាត់ជាឪពុកក្មេករបស់កៃផាស+ ដែលជាសម្ដេចសង្ឃនៅឆ្នាំនោះ។+
១៤ កៃផាសជាអ្នកដែលបានឲ្យយោបល់ដល់ជនជាតិយូដាថា គឺមានប្រយោជន៍ដល់ពួកគេ បើមនុស្សម្នាក់ស្លាប់ដើម្បីបណ្ដាជន។+
១៥ ពេលនោះ ស៊ីម៉ូនពេត្រុសនិងអ្នកកាន់តាមម្នាក់ទៀតកំពុងដើរតាមលោកយេស៊ូ។+ សម្ដេចសង្ឃស្គាល់អ្នកកាន់តាមម្នាក់នោះ ដូច្នេះអ្នកនោះបានចូលទីធ្លាផ្ទះរបស់សម្ដេចសង្ឃជាមួយនឹងលោកយេស៊ូ។
១៦ ប៉ុន្តែ ពេត្រុសកំពុងឈរខាងក្រៅនៅឯមាត់ទ្វារ។* ដូច្នេះ អ្នកកាន់តាមដែលសម្ដេចសង្ឃស្គាល់ បានចេញទៅនិយាយជាមួយនឹងអ្នកយាមទ្វារ រួចបាននាំពេត្រុសចូលក្នុង។
១៧ ស្ត្រីបម្រើដែលជាអ្នកយាមទ្វារនោះ បានសួរពេត្រុសថា៖ «តើអ្នកជាអ្នកកាន់តាមម្នាក់របស់បុរសនេះដែរឬ?»។ គាត់និយាយថា៖ «មិនមែនទេ»។+
១៨ ដោយសារមានអាកាសធាតុត្រជាក់ នោះពួកខ្ញុំបម្រើនិងពួកអាជ្ញាធរបានយកធ្យូងមកបង្កាត់ភ្លើង រួចនាំគ្នាឈរអាំងភ្លើង។ ពេត្រុសក៏បានឈរអាំងភ្លើងជាមួយនឹងពួកគេដែរ។
១៩ ពេលនោះ សង្ឃនាយកបានសួរលោកយេស៊ូអំពីពួកអ្នកកាន់តាម និងអំពីសេចក្ដីបង្រៀនរបស់លោក។
២០ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំបាននិយាយទៅកាន់ពិភពលោកជាចំហ។ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំនិងក្នុងវិហារ+ ជាកន្លែងដែលជនជាតិយូដាទាំងឡាយជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។
២១ ហេតុអ្វីអ្នកសួរខ្ញុំ? ចូរសួរអ្នកដែលបានឮអ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកគេ។ មើល! ពួកគេដឹងអំពីអ្វីដែលខ្ញុំបាននិយាយ»។
២២ ពេលលោកយេស៊ូមានប្រសាសន៍ដូច្នោះ អាជ្ញាធរម្នាក់ដែលឈរនៅក្បែរ បានទះកំផ្លៀងលោក+ ក៏និយាយថា៖ «តើអ្នកឯងហ៊ានឆ្លើយបែបនេះទៅសង្ឃនាយកផងឬ?»។
២៣ លោកយេស៊ូតបទៅគាត់ថា៖ «បើខ្ញុំបាននិយាយខុស ចូរប្រាប់មកថាខ្ញុំនិយាយខុសត្រង់ណា តែបើខ្ញុំនិយាយត្រូវ ហេតុអ្វីអ្នកវាយខ្ញុំ?»។
២៤ រួចមក អេណាសបញ្ជូនលោកទាំងជាប់ចំណងទៅឯកៃផាស ដែលជាសម្ដេចសង្ឃ។+
២៥ ឯស៊ីម៉ូនពេត្រុស គាត់កំពុងឈរអាំងភ្លើង។ ពេលនោះពួកគេសួរគាត់ថា៖ «តើអ្នកជាអ្នកកាន់តាមម្នាក់របស់គាត់ដែរឬ?»។ គាត់បដិសេធថា៖ «មិនមែនទេ»។+
២៦ ខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ ដែលជាសាច់ញាតិរបស់បុរសដែលត្រូវពេត្រុសកាប់ដាច់ស្លឹកត្រចៀក+ បាននិយាយថា៖ «ខ្ញុំពិតជាបានឃើញអ្នកនៅសួនច្បារជាមួយនឹងគាត់មែន»។
២៧ ប៉ុន្តែ ពេត្រុសបដិសេធម្ដងទៀត ហើយរំពេចនោះមាន់ក៏រងាវឡើង។+
២៨ បន្ទាប់មក ពួកគេនាំលោកយេស៊ូចេញពីកៃផាសទៅវិមានរបស់អភិបាល។+ ពេលនោះព្រលឹមហើយ ប៉ុន្តែពួកគេមិនចូលក្នុងវិមានរបស់អភិបាលទេ ដើម្បីកុំឲ្យពួកគេត្រូវស្មោកគ្រោក+ ហើយមិនអាចបរិភោគអាហារបុណ្យរំលងបាន។
២៩ ដូច្នេះ ពីឡាតក៏ចេញមកក្រៅ ហើយនិយាយទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះអំពីបទអ្វី?»។
៣០ ពួកគេតបទៅគាត់ថា៖ «ប្រសិនបើបុរសនេះមិនបានធ្វើអ្វីខុស* យើងមិនប្រគល់គាត់ឲ្យលោកទេ»។
៣១ ដូច្នេះ ពីឡាតនិយាយទៅកាន់ពួកគេថា៖ «ចូរយកគាត់ទៅវិនិច្ឆ័យតាមច្បាប់របស់អ្នករាល់គ្នាចុះ»។+ ជនជាតិយូដានិយាយទៅគាត់ថា៖ «យើងគ្មានច្បាប់សម្លាប់អ្នកណាទេ»។+
៣២ នោះគឺដើម្បីសម្រេចតាមប្រសាសន៍របស់លោកយេស៊ូ ដែលបានបញ្ជាក់អំពីរបៀបដែលលោកនឹងទទួលមរណភាព។+
៣៣ ដូច្នេះ ពីឡាតចូលក្នុងវិមានរបស់អភិបាលម្ដងទៀត រួចហៅលោកយេស៊ូ ហើយសួរលោកថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។+
៣៤ លោកយេស៊ូឆ្លើយថា៖ «តើអ្នកនិយាយដូច្នេះចេញពីខ្លួនអ្នកទេ? ឬក៏តើអ្នកឯទៀតបានប្រាប់អ្នកអំពីខ្ញុំ?»។
៣៥ ពីឡាតឆ្លើយថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ មែនទេ? ជនរួមជាតិរបស់អ្នកនិងពួកសង្ឃនាយកបានប្រគល់អ្នកឲ្យខ្ញុំ។ តើអ្នកបានធ្វើអ្វី?»។
៣៦ លោកយេស៊ូឆ្លើយថា៖+«រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។+ ប្រសិនបើរាជាណាចក្រខ្ញុំជារបស់ពិភពលោកនេះ ពួកអ្នកបម្រើរបស់ខ្ញុំមុខជាបានតយុទ្ធដើម្បីកុំឲ្យខ្ញុំត្រូវប្រគល់ឲ្យជនជាតិយូដា។+ ប៉ុន្តែ រាជាណាចក្រខ្ញុំមិនមែនមកពីពិភពលោកនេះទេ»។
៣៧ ម្ល៉ោះហើយ ពីឡាតនិយាយទៅកាន់លោកថា៖ «បើដូច្នេះ តើអ្នកជាស្ដេចឬ?»។ លោកយេស៊ូឆ្លើយថា៖ «អ្នកហើយដែលនិយាយថាខ្ញុំជាស្ដេច។+ ខ្ញុំបានកើតមក ក៏បានចូលក្នុងពិភពលោកដើម្បីការនោះឯង គឺដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត។+ អស់អ្នកណាដែលនៅខាងសេចក្ដីពិត អ្នកទាំងនោះស្ដាប់សំឡេងខ្ញុំ»។
៣៨ ពីឡាតនិយាយទៅកាន់លោកថា៖ «តើសេចក្ដីពិតជាអ្វី?»។
លុះនិយាយចប់ គាត់ក៏ចេញទៅម្ដងទៀត ហើយនិយាយទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ។+
៣៩ ម្យ៉ាងទៀត អ្នករាល់គ្នាមានទម្លាប់ឲ្យខ្ញុំដោះលែងបុរសម្នាក់ឲ្យអ្នករាល់គ្នាក្នុងឱកាសបុណ្យរំលង។+ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាឲ្យអ្នករាល់គ្នាឬទេ?»។
៤០ រួចពួកគេស្រែកឡើងម្ដងទៀតថា៖ «មិនមែនបុរសនោះទេ! ចូរដោះលែងបារ៉ាបាសវិញ!»។ ឯបារ៉ាបាសជាចោរប្លន់។+
កំណត់សម្គាល់
^ ពាក្យ«ពែង»ជាតំណាងបំណងប្រាថ្នារបស់ព្រះសម្រាប់លោកយេស៊ូ គឺអនុញ្ញាតឲ្យលោកស្លាប់ដោយត្រូវគេចោទប្រកាន់មិនពិតថាបានប្រមាថព្រះ
^ ឬ«ច្រកចូល»
^ ឬ«ប្រព្រឹត្តបទឧក្រិដ្ឋ»