ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ៧:១-២៥

  • ឧទាហរណ៍​អំពី​ការ​រួច​ផុត​ពី​ច្បាប់ (​១​-​៦)

  • ច្បាប់​បង្ហាញ​ឲ្យ​ដឹង​ការ​ខុស​ឆ្គង (​៧​-​១២)

  • ប្រទាញ​ប្រទង់​ជា​មួយ​ភាព​ខុស​ឆ្គង (​១៣​-​២៥)

 បង​ប្អូន​អើយ តើ​មិន​ដឹង​ទេ​ឬ (​ព្រោះ​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​អ្នក​ដែលស្គាល់​ច្បាប់*ហើយ​) ថា​ច្បាប់​គឺ​ជា​ម្ចាស់​លើ​មនុស្ស​ដរាប​ណា​ដែល​គេ​នៅ​រស់? ២  ជា​ឧទាហរណ៍ ច្បាប់​ចែង​ថា ស្ត្រី​ដែល​រៀប​ការ​ហើយ ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ដរាប​ណា​ដែល​ប្ដី​នៅ​រស់ ប៉ុន្តែ​ប្រសិន​បើ​ប្ដី​ស្លាប់​ទៅ នាង​រួច​ផុត​ពី​ច្បាប់​របស់​ប្ដី​ហើយ។+ ៣  ម្ល៉ោះ​ហើយ ប្រសិន​បើ​នាង​រៀប​ការ​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត​កាល​ដែល​ប្ដី​នាង​នៅ​រស់ នោះ​គេ​នឹង​ចាត់​ទុក​នាង​ជា​ស្ត្រី​ផិត​ក្បត់។+ ប៉ុន្តែ ប្រសិន​បើ​ប្ដី​នាង​ស្លាប់​ហើយ នាង​រួច​ពី​ច្បាប់​របស់​ប្ដី ហើយ​បើ​នាង​រៀប​ការ​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត នាង​មិន​មែន​ជា​ស្ត្រី​ផិត​ក្បត់​ឡើយ។+ ៤  ដូច្នេះ បង​ប្អូន​ខ្ញុំ​អើយ តាម​រយៈ​រូប​កាយ​របស់​គ្រិស្ត អ្នក​រាល់​គ្នា​បាន​រួច​ផុត​ពី​ច្បាប់* ហើយ​ទៅ​ជា​របស់​អ្នក​ផ្សេង+ ពោល​គឺ​ទៅ​ជា​របស់​លោក​ដែល​បានត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ជូន​ព្រះ។+ ៥  ព្រោះ​ពី​មុន ពេល​ដែល​យើង​នៅ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នៅ​ឡើយ សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​ច្បាប់ បាន​បញ្ចេញ​ឥទ្ធិពល​មក​លើ​រូប​កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​នាំ​ឲ្យ​ស្លាប់។+ ៦  ប៉ុន្តែ ឥឡូវ​នេះ​យើង​បាន​រួច​ផុត​ពី​ចំណង​នៃ​ច្បាប់*ហើយ+ ព្រោះ​យើង​ប្រៀប​ដូច​ជា​ស្លាប់​ចំពោះ​អ្វី​ដែល​ធ្លាប់​ឃុំ​ឃាំង​យើង។ ដូច្នេះ យើង​អាច​ទៅ​ជា​ខ្ញុំ​បម្រើ​តាម​របៀប​ថ្មី គឺ​ធ្វើ​តាម​ការ​ណែនាំ​ពី​ឫទ្ធានុភាព​របស់​ព្រះ+ មិន​មែន​តាម​របៀប​ចាស់ ដោយ​ធ្វើ​តាម​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ។+ ៧  តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា​វិញ? តើ​ច្បាប់​ចែង​ខុស​ឬ?* ច្បាស់​ជា​មិន​អាច​ទេ! តាម​ការ​ពិត ប្រសិន​បើ​គ្មាន​ច្បាប់ នោះ​ខ្ញុំ​មិន​ដឹង​ថា​ការ​ខុស​ឆ្គង​ជា​អ្វី​ទេ។+ ជា​ឧទាហរណ៍ ប្រសិន​បើ​ច្បាប់​មិន​បាន​ចែង​ថា​៖ ​«​អ្នក​មិន​ត្រូវ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​»​ នោះ​ខ្ញុំ​មិន​បាន​ដឹង​ថា​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​គឺ​ខុស​ឡើយ។+ ៨  ប៉ុន្តែ ភាព​ខុស​ឆ្គង​បាន​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្ដិ​នោះ ហើយ​បណ្ដាល​ឲ្យ​ខ្ញុំ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​សព្វ​បែប​យ៉ាង ដែល​ជា​របស់​អ្នក​ដទៃ ព្រោះ​ពេល​គ្មាន​ច្បាប់ ភាព​ខុស​ឆ្គង​ប្រៀប​ដូច​ជា​ស្លាប់​ហើយ។+ ៩  តាម​ការ​ពិត កាល​ដែល​មិន​ទាន់​មាន​ច្បាប់ ខ្ញុំ​មាន​ជីវិត។ ប៉ុន្តែ ក្រោយ​ពី​បញ្ញត្ដិ​បាន​មក​ដល់​ហើយ ភាព​ខុស​ឆ្គង​បាន​រស់​ឡើង​វិញ តែ​ខ្ញុំ​បាន​ស្លាប់។+ ១០  បញ្ញត្ដិ​នោះ​ដែល​គួរ​នាំ​ទៅ​ដល់​ជីវិត+ បែរ​ជា​នាំ​ខ្ញុំ​ទៅ​ដល់​សេចក្ដី​ស្លាប់​វិញ។ ១១  ដោយ​សារ​បញ្ញត្ដិ​នោះ ភាព​ខុស​ឆ្គង​បាន​ឆ្លៀត​ឱកាស​ល្បួង​លួង​លោម​ខ្ញុំ ហើយ​បាន​សម្លាប់​ខ្ញុំ​តាម​រយៈ​បញ្ញត្ដិ​នោះ។ ១២  ចំណែក​ឯ​ច្បាប់​វិញ នោះ​បរិសុទ្ធ ហើយ​បញ្ញត្ដិ​គឺ​បរិសុទ្ធ សុចរិត​យុត្តិធម៌ និង​ល្អ។+ ១៣  ដូច្នេះ តើ​អ្វី​ដែល​ល្អ​បាន​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? មិន​អាច​ទៅ​រួច​ទេ! ប៉ុន្តែ​គឺ​ភាព​ខុស​ឆ្គង​វិញ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ នេះ​បង្ហាញ​ថា​ភាព​ខុស​ឆ្គង​បាន​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ+ ដើម្បី​ស​ឲ្យ​ឃើញ​ថា​ភាព​ខុស​ឆ្គង​ជា​អ្វី។ ដូច្នេះ តាម​រយៈ​បញ្ញត្ដិ​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ភាព​ខុស​ឆ្គង​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។+ ១៤  ព្រោះ​យើង​ដឹង​ថា​ច្បាប់​មក​ពី​ព្រះ* ប៉ុន្តែ​ខ្ញុំ​ជា​សាច់​ឈាម*ដែល​បាន​ត្រូវ​លក់​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។+ ១៥  ព្រោះ​ខ្ញុំ​មិន​យល់​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ទេ។ ព្រោះ​អ្វី​ដែល​ខ្ញុំ​ចង់*ធ្វើ ខ្ញុំ​មិន​ធ្វើ​ទេ តែ​ខ្ញុំ​បែរ​ជា​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ។ ១៦  ខ្ញុំ​យល់​ស្រប​ថា​ច្បាប់​គឺ​ល្អ​ប្រសើរ តែ​ខ្ញុំ​នៅ​តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ។ ១៧  ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ​នោះ តែ​គឺ​ជា​ភាព​ខុស​ឆ្គង​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ។+ ១៨  ព្រោះ​ខ្ញុំ​ដឹង​ថា​ក្នុង​ខ្លួន​ខ្ញុំ ពោល​គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​សោះ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ តែខ្ញុំ​គ្មាន​សមត្ថភាព​ធ្វើ​ការ​នោះ​ឡើយ។+ ១៩  ព្រោះ​ការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ទម្លាប់​ធ្វើ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​វិញ។ ២០  ប្រសិន​បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​ទេ តែ​គឺ​ជា​ភាព​ខុស​ឆ្គង​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ។ ២១  ដូច្នេះ ក្នុង​ករណី​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ថា​មាន​ច្បាប់​មួយ​នេះ​៖ ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ។+ ២២  ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ពិត​ជា​ត្រេក​អរ​នឹង​ច្បាប់​របស់​ព្រះ+ ២៣  ប៉ុន្តែ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ច្បាប់​មួយ​ទៀត​ក្នុង​រូប​កាយ*របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ+ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង+ ដែល​នៅ​ក្នុង​រូប​កាយ*របស់​ខ្ញុំ។ ២៤  ពិបាក​ចិត្ត​ណាស់​ខ្ញុំ! តើ​អ្នក​ណា​នឹង​សង្គ្រោះ​ខ្ញុំ​ពី​រូប​កាយ​ដែល​កំពុង​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​របៀប​នេះ? ២៥  ខ្ញុំ​អរគុណ​ព្រះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង! ដូច្នេះ គំនិត​របស់​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ច្បាប់​របស់​ព្រះ ប៉ុន្តែ​រូប​កាយ​របស់​ខ្ញុំ​ជា​ខ្ញុំបម្រើ​ច្បាប់​របស់​ភាព​ខុស​ឆ្គង។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​បាន​ស្លាប់​ចំពោះ​ច្បាប់​»​
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​តើ​ច្បាប់​ជា​ភាព​ខុស​ឆ្គង​ឬ?​»​
ន័យ​ត្រង់​«​វិញ្ញាណ​»​
សំដៅ​លើ​ការ​មាន​ភាព​ខុស​ឆ្គង
នេះ​សំដៅ​លើ​ការ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​មួយ
ន័យ​ត្រង់​«​អវយវៈ​»​
ន័យ​ត្រង់​«​អវយវៈ​»​