សៀវភៅលូកា ១៧:១-៣៧

  • ការ​ជំពប់​ដួល ការ​អភ័យ​ទោស និង​ជំនឿ (​១​-​៦)

  • ខ្ញុំ​បម្រើ​ដែល​មិន​សម​ទទួល​ការ​សរសើរ (​៧​-​១០)

  • បុរស​កើត​ឃ្លង់​១០​នាក់​បាន​ជា​សះ​ស្បើយ (​១១​-​១៩)

  • ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់ (​២០​-​៣៧)

    • រាជាណាចក្រ​របស់​ព្រះ​«​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»​ (​២១)

    • «​ចូរ​នឹក​ចាំ​អំ​ពី​ប្រពន្ធ​របស់​ឡុត​»​ (​៣២)

១៧  រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល នឹង​កើត​មាន​ជាក់​ជា​ពុំ​ខាន។ ប៉ុន្តែ អ្នក​ដែល​បង្ក​ហេតុ​ទាំង​នោះ​នឹង​ត្រូវ​វេទនា​ណាស់! ២  សម្រាប់​អ្នក​នោះ គឺ​ប្រសើរ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​កណ្ដាល​សមុទ្រ ជា​ជាង​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ជំពប់​ដួល។+ ៣  កុំ​ភ្លេច​ខ្លួន​ឡើយ។ ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​ធ្វើ​ខុស ចូរ​ស្ដី​បន្ទោស​គាត់+ ហើយ​បើ​គាត់​ប្រែ​ចិត្ត ចូរ​អភ័យ​ទោស​ឲ្យ​គាត់​ចុះ។+ ៤  ទោះ​ជា​គាត់​ធ្វើ​ខុស​ចំពោះ​អ្នក​៧​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ បើ​គាត់​ត្រឡប់​មក​រក​អ្នក​៧​ដង រួច​និយាយ​ថា​៖ ‹ខ្ញុំ​ប្រែ​ចិត្ត​ហើយ› នោះ​អ្នក​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​»។+ ៥  ពួក​សាវ័ក​សុំ​លោក​ម្ចាស់​ថា​៖ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»។+ ៦  រួច​មក លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត* នោះ​អ្នក​នឹង​និយាយ​ទៅ​កាន់​ដើម​មន​នេះ​ថា​៖ ‹ចូរ​រលើង​គល់ ហើយ​ទៅ​ដុះ​ក្នុង​សមុទ្រ​វិញ!› រួច​ដើម​នេះ​នឹង​ស្ដាប់​បង្គាប់​អ្នក។+ ៧  ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ខ្ញុំ​បម្រើ​ម្នាក់​កំពុង​ភ្ជួរ ឬ​កំពុង​មើល​ថែ​រក្សា​ហ្វូង​សត្វ តើ​អ្នក​នោះ​នឹង​ប្រាប់​ខ្ញុំ​បម្រើ​ពេល​គាត់​ត្រឡប់​មក​ពី​វាល​វិញ​ថា​៖ ‹ចូរ​ប្រញាប់​មក​អង្គុយ​នៅ​តុ›​ទេ? ៨  ផ្ទុយ​ទៅ​វិញ អ្នក​នោះ​នឹង​និយាយ​ទៅ​គាត់​ថា​៖ ‹ចូរ​រៀបចំ​អាហារ​ល្ងាច​ឲ្យ​ខ្ញុំ ហើយ​ពាក់​អាវ​អៀម​មក​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បាន​បរិភោគ​និង​ផឹក​ហើយ រួច​មក​អ្នក​អាច​បរិភោគ​និង​ផឹក​បាន›។ ៩  ម្ចាស់​នឹង​មិន​ដឹង​គុណ​ខ្ញុំ​បម្រើ​ទេ ពី​ព្រោះ​នោះ​ជា​ភារកិច្ច​ដែល​ខ្ញុំ​បម្រើ​ត្រូវ​បំពេញ​ចំពោះ​ម្ចាស់​របស់​ខ្លួន មែន​ទេ? ១០  ដូច​គ្នា​ដែរ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​កំណត់​ឲ្យ ចូរ​និយាយ​ថា​៖ ‹យើង​គ្រាន់​តែ​ជា​ខ្ញុំ​បម្រើ​ប៉ុណ្ណោះ យើង​មិន​សម​ទទួល​ការ​សរសើរ​ទេ។ អ្វី​ដែល​យើង​បាន​ធ្វើ ជា​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ›​»។+ ១១  រួច​កាល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម លោក​បាន​ដើរ​កាត់​រវាង​ស្រុក​សាម៉ារី​និង​ស្រុកកាលីឡេ។ ១២  ពេល​ដែល​លោក​កំពុង​ចូលក្នុង​ភូមិ​មួយ បុរស​កើត​ឃ្លង់​១០​នាក់​ក្រឡេក​ទៅ​ឃើញ​លោក ក៏​បាន​ក្រោក​ឈរ​ពី​ចម្ងាយ។+ ១៣  ពួក​គេ​បន្លឺ​សំឡេង​ថា​៖ ​«​លោក​គ្រូ​យេស៊ូ! សូម​មេត្តា​ជួយ​យើង​ផង!​»។ ១៤  ពេល​លោក​ឃើញ​ពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​»។+ ពេល​ដែល​ពួក​គេ​ចេញ​ផុត​ទៅ នោះ​ក៏​បាន​ជា​ស្អាត​គ្រប់​គ្នា។+ ១៥  លុះ​ឃើញ​ថា​ខ្លួន​ជា​ហើយ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​វិល​មក​វិញ ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​សរសើរ​តម្កើង​ព្រះ។ ១៦  រួច​អ្នក​នោះ​បាន​ក្រាប​មុខ​ដល់​ដី​នៅ​ជិត​ជើង​លោក​យេស៊ូ ទាំង​អរគុណ​លោក។ អ្នក​នោះ​ជា​ជន​ជាតិ​សាម៉ារី។+ ១៧  លោក​យេស៊ូ​តប​ថា​៖ ​«​មាន​១០​នាក់​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ស្អាត មែន​ទេ? ចុះ​តើ​៩​នាក់​ទៀត​នៅ​ឯ​ណា? ១៨  តើ​គ្មាន​អ្នក​ណា​វិល​មក​វិញ​ដើម្បី​សរសើរ​តម្កើង​ព្រះ ក្រៅ​ពី​បុរស​ជន​ជាតិ​ដទៃ​ម្នាក់​នេះ​ទេ​ឬ?​»។ ១៩  រួច​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​អញ្ជើញ​ទៅ​ចុះ។ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​»។+ ២០  កាល​ពួក​ផារិស៊ី​សួរ​លោក​អំពី​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់+ នោះ​លោក​តប​ឆ្លើយ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​មក​តាម​បែប​ដែល​ងាយ​កត់​សម្គាល់​នោះ​ទេ ២១  ក៏​នឹង​មិន​មាន​គេ​ថា​៖ ‹មើល! នៅ​ទី​នេះ!› ឬ​‹មើល! នៅ​ទី​នោះ!› ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ហើយ​»។+ ២២  រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​ចង់​ឃើញ​ថ្ងៃ​មួយ​នៃ​គ្រា​របស់​កូន​មនុស្ស តែ​អ្នក​នឹង​មិន​បាន​ឃើញ​ឡើយ។ ២៣  នឹង​មាន​មនុស្ស​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! នៅ​ទី​នេះ!› ឬ​‹មើល! នៅ​ទី​នោះ!› តែ​កុំ​ចេញ​ទៅ​ឬ​រត់​តាម​ពួក​គេ​ឡើយ។+ ២៤  ព្រោះ​គ្រា​របស់​កូន​មនុស្ស+នឹង​ដូច​ផ្លេក​បន្ទោរ​ដែល​ភ្លឺ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។+ ២៥  ក៏​ប៉ុន្តែ ដំបូង​លោក​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន និង​ត្រូវ​មនុស្ស​ជំនាន់​នេះ​មិន​ព្រម​ទទួល​ស្គាល់។+ ២៦  ម្យ៉ាង​ទៀត គ្រា​របស់​កូន​មនុស្ស​ក៏​នឹង​ដូច​សម័យ​ណូអេ​ដែរ+ ២៧  គឺ​មនុស្ស​នៅ​សម័យ​នោះ​រវល់​បរិភោគ រវល់​ផឹក រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ណូអេ​ចូល​ក្នុង​ទូក​ធំ+ រួច​ទឹក​ក៏​ជន់​ឡើង​បំផ្លាញ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។+ ២៨  គ្រា​នោះ​ក៏​នឹង​ដូច​សម័យ​របស់​ឡុត​ដែរ+ គឺ​មនុស្ស​នៅ​សម័យ​នោះ​រវល់​បរិភោគ រវល់​ផឹក ទិញ​លក់ ដាំ​ដុះ និង​សាង​សង់។ ២៩  ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ឡុត​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។+ ៣០  នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​នឹង​បង្ហាញ​ខ្លួន ក៏​នឹង​ដូច​គ្នា​ដែរ។+ ៣១  ​«​នៅ​ថ្ងៃ​នោះ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ តែ​មាន​របស់របរនៅក្នុងផ្ទះ កុំឲ្យ​អ្នក​នោះ​ចុះ​ទៅ​យក​ឡើយ ហើយ​អ្នក​ណា​ដែល​នៅ​ស្រែ​ចម្ការ កុំឲ្យអ្នកនោះ​ត្រឡប់​ទៅ​រក​អ្វី​ៗ​នៅ​ខាង​ក្រោយ​ឡើយ។ ៣២  ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត។+ ៣៣  អ្នក​ណា​ដែល​ខំ​រក្សា​ជីវិត*ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែអ្នកណា​ដែលបាត់​បង់​ជីវិត អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ។+ ៣៤  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នាថា នៅ​យប់​នោះ នឹងមាន​មនុស្ស​ពីរ​នាក់​ដេក​លើ​គ្រែ​តែ​មួយ ម្នាក់​នឹង​ត្រូវ​យក​ទៅ តែម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល។+ ៣៥  នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​នៅត្បាល់​តែ​មួយ ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល​»។ ៣៦  *—— ៣៧  ដូច្នេះ ពួក​អ្នក​កាន់​តាម​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​នេះ​នឹង​កើត​ឡើង​នៅ​កន្លែង​ណា?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​សាក​សព​នៅ​ទី​ណា សត្វ​ឥន្ទ្រី​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ​»។+

កំណត់សម្គាល់

គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣