សៀវភៅលូកា ២០:១-៤៧

  • ការ​ជំទាស់​សិទ្ធិ​អំណាច​របស់​លោក​យេស៊ូ (​១​-​៨)

  • ឧទាហរណ៍​អំពី​កសិករ​ដែល​ជា​ឃាតករ (​៩​-​១៩)

  • ព្រះ​និង​សេសារ (​២០​-​២៦)

  • សំណួរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​២៧​-​៤០)

  • តើ​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ​ឬ? (​៤១​-​៤៤)

  • ការ​ព្រមាន​អំពី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ (​៤៥​-​៤៧)

២០  នៅ​ថ្ងៃ​មួយ ពេល​ដែល​លោក​កំពុង​បង្រៀន​បណ្ដា​ជន​ក្នុង​វិហារ ហើយ​ប្រកាស​ដំណឹង​ល្អ នោះ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​បុរស​ចាស់​ទុំ​បាន​ចូល​មក​ឯ​លោក ២  ហើយ​សួរ​លោក​ថា​៖ ​«​ចូរ​ប្រាប់​យើងមក តើ​អ្នក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ឲ្យ​អ្នក?​»។+ ៣  លោក​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ក៏​សួរ​អ្នក​រាល់​គ្នាសំណួរមួយ​ដែរ។ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ៤  តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក*ឲ្យ​គេ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?​»។ ៥  រួច​មក ពួក​គេ​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​‹ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ូហាន?›។ ៦  ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា​‹ពី​មនុស្ស›​វិញ នោះ​បណ្ដា​ជន​គ្រប់​រូប​នឹង​យក​ថ្ម​គប់​សម្លាប់​យើង ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​»។+ ៧  ដូច្នេះ ពួក​គេ​ឆ្លើយ​ថា មិន​ដឹង​ថា​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​មក​ពី​ណា​ទេ។ ៨  រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ​»។ ៩  បន្ទាប់​មក លោក​លើក​ឧទាហរណ៍​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ+ ហើយ​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ រួច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​យ៉ាង​យូរ។+ ១០  លុះ​ដល់​រដូវ​ផ្លែ​ទុំ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ខ្លះ​ពី​ចម្ការ​នោះ។ ប៉ុន្តែ ពួក​កសិករ​បាន​វាយ​ដំ​ខ្ញុំ​បម្រើ​នោះ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។+ ១១  ប៉ុន្តែ បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​ពួក​កសិករ​ក៏​វាយ​ដំ​និង​ប្រមាថ​មើល​ងាយ​ខ្ញុំ​បម្រើ​នោះ​ដែរ ទាំង​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ១២  បុរស​នោះ​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត ហើយ​ពួក​កសិករ​ក៏​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ដែរ រួច​បោះ​ទៅ​ខាង​ក្រៅ។ ១៣  ម្ល៉ោះ​ហើយ ម្ចាស់​ចម្ការ​នោះ​និយាយ​ថា​៖ ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ខ្ញុំ​នឹង​ចាត់​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ។+ ពួក​គេ​ទំនង​ជា​នឹង​គោរព​កូន​របស់​ខ្ញុំ›។ ១៤  ពេល​ដែល​ពួក​កសិករ​ឃើញ​កូន​ប្រុស​របស់​លោក នោះ​ពួក​គេ​សម​គំនិត​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់​ចោល ដើម្បី​យើង​អាច​ទទួល​មត៌ក​របស់​គាត់!›។ ១៥  លុះ​គិត​គ្នា​ហើយ ពួក​គេ​ក៏​ចាប់​កូន​ប្រុស​នោះ បោះ​ទៅ​ក្រៅ​ចម្ការ រួច​សម្លាប់​ចោល។+ ដូច្នេះ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​អ្វី​ដល់​ពួក​កសិករ​ទាំង​នោះ? ១៦  គាត់​នឹង​មក​សម្លាប់​ពួក​កសិករ​ទាំង​នោះ​ចោល រួច​ប្រវាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ​ឲ្យ​អ្នក​ផ្សេង​ទៀត​»។ លុះ​ស្ដាប់​ចប់​ហើយ ពួក​គេ​និយាយ​ថា​៖ ​«​សូម​កុំ​ឲ្យ​រឿង​នោះ​កើត​ឡើង​ឡើយ!​»។ ១៧  ប៉ុន្តែ លោក​សម្លឹង​មើល​ទៅ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ដូច្នោះ ចុះ​បទ​គម្ពីរ​ដែល​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›* តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?+ ១៨  អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ អ្នក​នោះ​នឹង​បាក់​បែក​ខ្ទេច​ខ្ទី​ទៅ+ ហើយ​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នក​ណា ថ្ម​នេះ​នឹង​កិន​កម្ទេច​អ្នក​នោះ​»។ ១៩  នៅ​ម៉ោង​នោះ​ឯង ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក​ខំ​រិះ​រក​វិធី​ចាប់​លោក ព្រោះ​ពួក​គេ​បាន​កត់​សម្គាល់​ថា​លោក​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ខ្លាច​បណ្ដា​ជន។+ ២០  ដូច្នេះ ពួក​គេ​ស្វែង​រក​ឱកាស​ដើម្បី​បញ្ឆោត​លោក​យេស៊ូ។ ពួក​គេ​ក៏​ជួល​បុរស​មួយ​ចំនួន​ដោយ​សម្ងាត់ ឲ្យ​បន្លំ​ខ្លួន​ជា​មនុស្ស​សុចរិត ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ចោទ​ប្រកាន់​លោក+ រួច​បញ្ជូន​លោក​ទៅ​ពួក​អាជ្ញាធរ​និង​អភិបាល។ ២១  អ្នក​ទាំង​នោះ​ក៏​សួរ​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ក៏​មិន​រើស​មុខ​អ្នក​ណា​ឡើយ ហើយ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ ២២  បើ​ដូច្នេះ តើ​មាន​ច្បាប់​ឲ្យ​យើង​បង់​ពន្ធ​ជូន​សេសារ*ឬ​ទេ?​»។ ២៣  ប៉ុន្តែ លោក​ជ្រាប​ល្បិច​កល​របស់​ពួក​គេ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ២៤  ​«​ចូរ​បង្ហាញ​ប្រាក់​ឌីណារី*មួយ​ឲ្យ​ខ្ញុំ​មើល។ តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ ២៥  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ+ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ ២៦  ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ ពួក​គេ​មិន​អាច​ចោទ​ប្រកាន់​លោក​នៅ​មុខ​បណ្ដា​ជន​ឡើយ តែ​ពួក​គេ​បាន​នៅ​ស្ងៀម​វិញ ព្រោះ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ចម្លើយ​របស់​លោក។ ២៧  ពេល​នោះ​ដែរ ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ បាន​មក​សួរ​លោក​ថា​៖+ ២៨  ​«​លោក​គ្រូ ម៉ូសេ​បាន​សរសេរ​បង្គាប់​យើង​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​មាន​ប្រពន្ធ តែ​ស្លាប់​ពេល​មិន​ទាន់​មាន​កូន នោះ​បង​ឬ​ប្អូន​ប្រុស​របស់​គាត់ គួរ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​បង​ឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ›។+ ២៩  ចុះ​បើ​មាន​បង​ប្អូន​ប្រុស​៧​នាក់ ហើយ​បង​ច្បង​បាន​រៀប​ការ តែ​ពេល​ស្លាប់​ទៅ គាត់​មិន​មាន​កូន​ទេ។ ៣០  ដូច្នេះ ប្អូន​បន្ទាប់ ៣១  ហើយ​ក្រោយ​មក​ប្អូន​ទី​២​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដែរ។ នៅ​ទី​បំផុត បង​ប្អូន​ទាំង​៧​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​ពួក​គេ​បាន​ស្លាប់​ដោយ​មិន​មាន​កូន​ទេ។ ៣២  ចុង​ក្រោយ ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ៣៣  ដូច្នេះ នៅ​ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ថា​បង​ប្អូន​ទាំង​៧​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។ ៣៤  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​មនុស្ស​ក្នុង​របៀប​របប​ពិភព​លោក*នេះ​រៀប​ការ​ជា​ប្ដី​ប្រពន្ធ ៣៥  ប៉ុន្តែ ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​សម​ទទួល​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ ហើយ​សម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ឡើយ។+ ៣៦  ពួក​គេ​ក៏​មិន​អាច​ស្លាប់​ទៀត​ដែរ ព្រោះ​ពួក​គេ​គឺ​ដូច​ជា​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​ជា​កូន​របស់​ព្រះ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ៣៧  ការ​ពិត​ក្នុង​កំណត់​ហេតុ​អំពី​គុម្ព​បន្លា ម៉ូសេ​ក៏​បាន​បញ្ជាក់​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​រស់​ឡើង​វិញ​ដែរ ពេល​គាត់​ហៅ​ព្រះ​យេហូវ៉ា​ថា​‹ព្រះ​របស់​អាប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប›។+ ៣៨  លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។+ ៣៩  ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​តប​ថា​៖ ​«​លោក​គ្រូ! លោក​និយាយ​បាន​ល្អ​»។ ៤០  ចាប់​ពី​ពេល​នោះ​មក ពួក​គេ​មិន​ហ៊ាន​សួរ​លោក​ទៀត​ឡើយ។ ៤១  រួច​មក លោក​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ?+ ៤២  ព្រោះ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ដាវីឌ​ផ្ទាល់​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ៤៣  រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​›។+ ៤៤  ដាវីឌ​បាន​ហៅ​លោក​ថា​ម្ចាស់ បើ​ដូច្នេះ តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។ ៤៥  បន្ទាប់​មក កាល​ដែល​បណ្ដា​ជន​គ្រប់​គ្នា​កំពុង​ស្ដាប់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ៤៦  ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចូល​ចិត្ត​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ឯ​ផ្សារ ព្រម​ទាំង​ចង់​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ពេល​ពិសា​ភោជនាហារ ពួក​គេ​ចង់​អង្គុយ​នៅ​កន្លែង​កិត្តិយស​បំផុត។+ ៤៧  ពួក​គេ​ប្រវ័ញ្ច​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ* ហើយ​អធិដ្ឋាន​យ៉ាង​យូរ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច។ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​អ្នក​ឯ​ទៀត​»។

កំណត់សម្គាល់

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា
សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់
ន័យ​ត្រង់​«​អធិរាជ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​យុគសម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ត្របាក់​ស៊ី​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​»​