សកម្មភាពរបស់ពួកសាវ័ក ១១:១-៣០
១១ ពួកសាវ័កនិងបងប្អូនទាំងឡាយនៅតំបន់យូឌាបានឮថា ជនជាតិដទៃក៏បានទទួលបណ្ដាំរបស់ព្រះដែរ។
២ ដូច្នេះ ពេលដែលពេត្រុសបានឡើងមកក្រុងយេរូសាឡិមវិញ នោះពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក*+ ចាប់ផ្ដើមរិះគន់គាត់
៣ ដោយនិយាយថា៖ «អ្នកបានចូលក្នុងផ្ទះរបស់បុរសដែលមិនបានទទួលការកាត់ចុងស្បែក ថែមទាំងបរិភោគជាមួយនឹងពួកគេទៀតផង»។
៤ ឮដូច្នេះ ពេត្រុសចាប់ផ្ដើមនិយាយ ហើយពន្យល់ពួកគេយ៉ាងល្អិតល្អន់អំពីហេតុការណ៍នោះថា៖
៥ «ខ្ញុំកំពុងអធិដ្ឋាននៅក្រុងយ៉ុបប៉ា ហើយខ្ញុំបានឃើញក្នុងគំនិតនូវអ្វីមួយ*ដែលមើលទៅដូចជាផ្ទាំងក្រណាត់ធំមួយ ដែលបានត្រូវចងចុងជាយទាំងបួន កំពុងចុះមកពីលើមេឃ។ អ្វីនោះបានចុះមកជិតខ្ញុំ។+
៦ ពេលខ្ញុំសម្លឹងមើលទៅក្នុងអ្វីនោះ ខ្ញុំបានសង្កេតឃើញថាមានសត្វជើងបួនដែលនៅលើដី ព្រមទាំងសត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។
៧ ខ្ញុំក៏ឮសំឡេងមួយបន្លឺមកកាន់ខ្ញុំថា៖ ‹ពេត្រុស! ចូរក្រោកឡើង ហើយសម្លាប់ រួចបរិភោគទៅ!›។
៨ ប៉ុន្តែ ខ្ញុំនិយាយថា៖ ‹ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលដាក់អ្វីដែលមិនស្អាតឬស្មោកគ្រោកក្នុងមាត់របស់ខ្ញុំឡើយ›។
៩ សំឡេងនោះបន្លឺតបមកពីលើមេឃ ជាលើកទី២ថា៖ ‹ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាតឡើយ›។
១០ សំឡេងនោះក៏បន្លឺមកជាលើកទី៣ រួចអ្វីទាំងអស់នោះបានត្រូវលើកឡើងទៅលើមេឃវិញ។
១១ រំពេចនោះ មានបុរសបីនាក់ឈរនៅមុខផ្ទះដែលយើងកំពុងស្នាក់នៅ។ ពួកគេបានត្រូវចាត់ពីក្រុងសេសារៀឲ្យមកជួបខ្ញុំ។+
១២ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះបានប្រាប់ខ្ញុំឲ្យទៅជាមួយនឹងពួកគេ ហើយកុំឲ្យសង្ស័យឡើយ។ ប៉ុន្តែ បងប្រុស៦នាក់នេះក៏បានទៅជាមួយនឹងខ្ញុំដែរ រួចពួកយើងបាននាំគ្នាចូលក្នុងផ្ទះរបស់បុរសនោះ។
១៣ «បុរសនោះបានរៀបរាប់ប្រាប់យើងអំពីការដែលគាត់ឃើញទេវតាមួយរូបឈរក្នុងផ្ទះគាត់ ដោយប្រាប់ថា៖ ‹ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉ា ដើម្បីអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក+
១៤ ហើយគាត់នឹងប្រាប់អ្នកអំពីរបៀបដែលអ្នកនិងពួកអ្នកផ្ទះទាំងអស់របស់អ្នកអាចទទួលសេចក្ដីសង្គ្រោះ›។
១៥ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្ដើមនិយាយ ពួកគេទទួលឫទ្ធានុភាពបរិសុទ្ធដូចយើងបានទទួលនៅដើមដំបូងដែរ។+
១៦ ពេលនោះ ខ្ញុំនឹកឃើញប្រសាសន៍របស់លោកម្ចាស់ថា៖ ‹យ៉ូហានបានជ្រមុជគេក្នុងទឹក+ តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងឫទ្ធានុភាពបរិសុទ្ធ›។+
១៧ ដូច្នេះ ប្រសិនបើព្រះបានផ្ដល់អំណោយទានដល់ពួកគេ ដូចដែលលោកបានផ្ដល់ឲ្យពួកយើងដែលបានជឿលោកម្ចាស់យេស៊ូគ្រិស្ត តើខ្ញុំជាអ្នកណាដែលអាចឃាត់ព្រះបាន?»។+
១៨ កាលដែលឮអ្វីៗទាំងនេះ ពួកគេក៏លែងជំទាស់ទៀត ហើយពួកគេតម្កើងព្រះដោយពោលថា៖ «បើដូច្នេះ ព្រះក៏បានផ្ដល់ឱកាសឲ្យជនជាតិដទៃប្រែចិត្ត ដើម្បីទទួលជីវិតដែរ»។+
១៩ ចំណែកឯអស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយ+ដោយសារការបៀតបៀនដែលបានកើតមកពីរឿងស្ទេផាន ពួកគេក៏បានទៅរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក តែពួកគេផ្សព្វផ្សាយដល់តែជនជាតិយូដាប៉ុណ្ណោះ។+
២០ ក៏ប៉ុន្តែ ក្នុងចំណោមពួកគាត់ មានបុរសខ្លះពីកោះគីប្រុសនិងក្រុងគីរេនបានមកក្រុងអាន់ទីយ៉ូក ហើយចាប់ផ្ដើមផ្សព្វផ្សាយដល់ពួកអ្នកដែលនិយាយភាសាក្រិច ដោយប្រកាសប្រាប់ពួកគេនូវដំណឹងល្អអំពីលោកម្ចាស់យេស៊ូ។
២១ បន្ថែមទៀត ព្រះយេហូវ៉ា*នៅជាមួយនឹងពួកគាត់ ហើយមនុស្សច្រើនសន្ធឹកក៏បានជឿ ហើយបែរមកកាន់តាមលោកម្ចាស់។+
២២ ដំណឹងអំពីពួកគេបានឮដល់ក្រុមជំនុំនៅក្រុងយេរូសាឡិម រួចពួកគាត់ចាត់បាណាបាស+ឲ្យទៅរហូតដល់ក្រុងអាន់ទីយ៉ូក។
២៣ លុះទៅដល់ ហើយឃើញគុណដ៏វិសេសលើសលប់របស់ព្រះ គាត់ក៏ត្រេកអរ ហើយចាប់ផ្ដើមលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តយ៉ាងរឹងមាំបន្តនៅស្មោះត្រង់នឹងលោកម្ចាស់។+
២៤ ព្រោះបាណាបាសជាមនុស្សល្អ ក៏ពោរពេញទៅដោយឫទ្ធានុភាពបរិសុទ្ធនិងជំនឿ ហើយមានមនុស្សមួយក្រុមធំចាប់ផ្ដើមជឿលោកម្ចាស់។+
២៥ ដូច្នេះ គាត់បានចេញទៅក្រុងតើសុស ដើម្បីរកសុលទាល់តែឃើញ។+
២៦ លុះឃើញហើយ គាត់ក៏នាំសុលមកក្រុងអាន់ទីយ៉ូក។ ដូច្នេះ អស់មួយឆ្នាំគត់ ពួកគាត់បានជួបជុំជាមួយនឹងពួកអ្នកក្នុងក្រុមជំនុំ ក៏បានបង្រៀនមនុស្សមួយក្រុមធំ ហើយគឺនៅក្រុងអាន់ទីយ៉ូកដែលពួកអ្នកកាន់តាមបានត្រូវហៅថាគ្រិស្តសាសនិកជាលើកដំបូង តាមការណែនាំរបស់ព្រះ។+
២៧ នៅគ្រានេះ មានពួកអ្នកប្រកាសទំនាយ+ចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។
២៨ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាកាប៊ូស+បានក្រោកឡើង ហើយឫទ្ធានុភាពរបស់ព្រះបានបណ្ដាលឲ្យគាត់ប្រាប់ទុកជាមុនថា មិនយូរទៀតនឹងមានការអត់ឃ្លានយ៉ាងខ្លាំងនៅទូទាំងផែនដី+ ហើយការនោះពិតជាបានកើតឡើងមែននៅសម័យក្លូឌាស។
២៩ ដូច្នេះ ពួកអ្នកកាន់តាមបានសម្រេចថា ពួកគាត់នឹងផ្ញើជំនួយ+ទៅបងប្អូនដែលរស់នៅតំបន់យូឌា តាមលទ្ធភាពរបស់ពួកគាត់ម្នាក់ៗ។+
៣០ ពួកគាត់បានធ្វើដូច្នេះមែន ដោយផ្ញើជំនួយតាមបាណាបាសនិងសុលទៅឯពួកបុរសចាស់ទុំ។+