សកម្មភាពរបស់ពួកសាវ័ក ៦:១-១៥
៦ នៅគ្រានោះ កាលដែលចំនួនអ្នកកាន់តាមកំពុងកើនឡើង ពួកអ្នកកាន់តាម*ដែលនិយាយភាសាក្រិចចាប់ផ្ដើមត្អូញត្អែរអំពីពួកអ្នកកាន់តាម*ដែលនិយាយភាសាហេប្រឺ ពីព្រោះរាល់ថ្ងៃ ពួកស្ត្រីមេម៉ាយដែលនិយាយភាសាក្រិចមិនបានទទួលការយកចិត្តទុកដាក់ក្នុងពេលចែកអាហារទេ។+
២ ដូច្នេះ សាវ័កទាំង១២នាក់បានហៅពួកអ្នកកាន់តាមមកជុំគ្នាទាំងអស់ ហើយនិយាយទៅពួកគាត់ថា៖ «បើយើងឈប់បង្រៀនបណ្ដាំរបស់ព្រះ ហើយទៅចែកអាហារវិញ* នោះមិនត្រឹមត្រូវទេ។+
៣ ហេតុនេះ សូមបងប្អូនជ្រើសរើសបុរស៧នាក់ក្នុងចំណោមអ្នករាល់គ្នាដែលមានកេរ្ដិ៍ឈ្មោះល្អ+ ហើយដែលពេញទៅដោយប្រាជ្ញានិងឫទ្ធានុភាពរបស់ព្រះ+ ដើម្បីយើងអាចតែងតាំងពួកគាត់ឲ្យមើលការខុសត្រូវលើកិច្ចការដ៏ចាំបាច់នេះ។+
៤ ចំណែកយើងវិញ យើងនឹងព្យាយាមក្នុងសេចក្ដីអធិដ្ឋាននិងក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។
៥ ពួកអ្នកកាន់តាមទាំងអស់ពេញចិត្តយោបល់របស់ពួកសាវ័ក ដូច្នេះពួកគាត់បានជ្រើសរើសស្ទេផាន ជាបុរសម្នាក់ដែលពោរពេញទៅដោយជំនឿនិងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ព្រមទាំងជ្រើសរើសភីលីព+ ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណាស និងនីកូឡាសដែលជាអ្នកដូរសាសនា*មកពីក្រុងអាន់ទីយ៉ូក។
៦ រួចពួកគាត់នាំបុរសទាំងនោះមកឈរនៅមុខពួកសាវ័ក។ ពួកសាវ័កអធិដ្ឋាន រួចដាក់ដៃលើបុរសទាំងនោះ។+
៧ ម្ល៉ោះហើយ បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង+ ចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមកើនឡើងច្រើនក្រៃលែង+ ហើយសង្ឃមួយក្រុមធំក៏បានទៅជាអ្នកជឿដែរ។+
៨ ឯស្ទេផានជាអ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ បានធ្វើការអស្ចារ្យយ៉ាងធំនិងសញ្ញាសម្គាល់ក្នុងចំណោមបណ្ដាជន។
៩ ប៉ុន្តែ បុរសខ្លះពីក្រុមមួយដែលហៅថាសាលាប្រជុំអតីតខ្ញុំបម្រើ និងបុរសខ្លះពីក្រុងគីរេននិងក្រុងអាឡិចសង់ទ្រា ហើយពីតំបន់ស៊ីលីស៊ីនិងខេត្តអាស៊ី* បានក្រោកឡើងជជែកតវ៉ានឹងស្ទេផាន។
១០ ប៉ុន្តែ ពួកគេមិនអាចទប់ទល់នឹងប្រាជ្ញារបស់គាត់ និងឫទ្ធានុភាពរបស់ព្រះដែលកំពុងដឹកនាំគាត់ឲ្យនិយាយទេ។+
១១ រួចពួកគេលួចញុះញង់បុរសខ្លះឲ្យនិយាយថា៖ «យើងបានឮគាត់និយាយប្រមាថម៉ូសេនិងព្រះ»។
១២ ពួកគេក៏អុជអាលបណ្ដាជន ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ រួចពួកគេក៏ស្ទុះទៅចាប់ស្ទេផានដោយកម្លាំង ហើយនាំទៅក្រុមប្រឹក្សាជាន់ខ្ពស់។
១៣ បន្ទាប់មក ពួកគេនាំសាក្សីក្លែងក្លាយមកប្រាប់ថា៖ «បុរសនេះចេះតែនិយាយប្រឆាំងច្បាប់ និងកន្លែងបរិសុទ្ធនេះ។
១៤ ជាឧទាហរណ៍ យើងបានឮគាត់និយាយថា យេស៊ូនេះពីក្រុងណាសារ៉ែតនឹងរុះកន្លែងនេះចោល ហើយកែប្រែទំនៀមទម្លាប់ដែលយើងបានមកពីម៉ូសេ»។
១៥ កាលអស់អ្នកដែលអង្គុយនៅក្នុងសាលក្រុមប្រឹក្សាជាន់ខ្ពស់កំពុងសម្លឹងមើលគាត់ ពួកគេឃើញថាមុខគាត់គឺប្រៀបដូចជាមុខទេវតា។
កំណត់សម្គាល់
^ សំដៅលើពួកអ្នកកាន់តាមជាជនជាតិយូដា
^ សំដៅលើពួកអ្នកកាន់តាមជាជនជាតិយូដា
^ ន័យត្រង់«ទៅបម្រើនៅតុ»
^ សំដៅលើអ្នកដែលចូលសាសនាយូដា
^ មើលនិយមន័យពាក្យ«អាស៊ី»