សកម្មភាពរបស់ពួកសាវ័ក ៨:១-៤០

  • សុល​បៀត​បៀន​គ្រិស្ត​សាសនិក (​១​-​៣)

  • កិច្ច​បម្រើ​របស់​ភីលីព​បាន​លទ្ធផល​ល្អ​នៅ​ក្រុង​សាម៉ារី (​៤​-​១៣)

  • ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុង​សាម៉ារី (​១៤​-​១៧)

  • ស៊ីម៉ូន​ព្យាយាម​ទិញ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ (​១៨​-​២៥)

  • មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី (​២៦​-​៤០)

 ចំណែក​សុល​វិញ គាត់​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ឃាត​ស្ទេផាន។+ នៅ​ថ្ងៃ​នោះ ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ត្រូវ​គេ​ចាប់​ផ្ដើម​បៀត​បៀន​យ៉ាង​ខ្លាំង ហើយ​ពួក​អ្នក​កាន់​តាម​ទាំង​ឡាយ​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ពេញ​តំបន់​យូឌា​និង​តំបន់​សាម៉ារី លើក​លែង​តែ​ពួក​សាវ័ក។+ ២  ប៉ុន្តែ បុរស​មួយ​ចំនួន​ដែល​កោត​ខ្លាច​ព្រះ​បាន​យក​ស្ទេផាន​ទៅ​បញ្ចុះ ក៏​បាន​យំ​ស្ដាយ​គាត់​ជា​ខ្លាំង។ ៣  រីឯ​សុល​វិញ គាត់​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ​ខ្លាំង​ក្រៃ​លែង។ គាត់​សម្រុក​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី​ចេញ​មក រួច​បញ្ជូន​ទៅ​គុក។+ ៤  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ស្រុក ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ។+ ៥  ឯ​ភីលីព​បាន​ចុះ​ទៅ​ក្រុង*សាម៉ារី+ ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន​អំពី​គ្រិស្ត។ ៦  ពួក​គេ​គ្រប់​គ្នា​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ភីលីព​និយាយ កាល​ដែល​ពួក​គេ​ស្ដាប់​និង​មើល​សញ្ញា​សម្គាល់​ដែល​គាត់​កំពុង​ធ្វើ។ ៧  ព្រោះ​ពួក​គេ​ជា​ច្រើន​នាក់​មាន​វិញ្ញាណ​អសោច​ចូល ហើយ​វិញ្ញាណ​ទាំង​នោះ​បាន​ស្រែក​យ៉ាង​ខ្លាំង រួច​ចេញ​ពី​ពួក​គេ​ទៅ។+ ម្យ៉ាង​ទៀត ពួក​គេ​ជា​ច្រើន​នាក់​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​ឬ​ពិការ បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ៨  ដូច្នេះ បណ្ដា​ជន​នៅ​ក្រុង​នោះ​បាន​ត្រេក​អរ​ខ្លាំង​ក្រៃ​លែង។ ៩  នៅ​ក្រុង​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​ពី​មុន​មក​គាត់​ចេះ​វេទមន្ត។ គាត់​ធ្វើ​ឲ្យ​ជន​ជាតិ​សាម៉ារី​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គាត់​អះអាង​ថា​ខ្លួន​គាត់​ជា​អ្នក​មាន​មុខ​មាន​មាត់​ម្នាក់។ ១០  ពួក​គេ​ទាំង​អស់​គ្នា​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត បាន​ប្រុង​ស្ដាប់​គាត់ ហើយ​និយាយ​គ្នា​ថា​៖ ​«​បុរស​នេះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ពី​ព្រះ​»។ ១១  ដូច្នេះ ពួក​គេ​ផ្ចង់​អារម្មណ៍​ស្ដាប់​គាត់ ពី​ព្រោះ​គាត់​បាន​ធ្វើ​ឲ្យ​ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​អស់​មួយ​រយៈ​ពេល​យូរ ដោយ​សារ​វេទមន្ត​របស់​គាត់។ ១២  ប៉ុន្តែ ពេល​ពួក​គេ​បាន​ជឿ​ភីលីព​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ+ និង​អំពី​នាម​របស់​លោក​យេស៊ូ​គ្រិស្ត នោះ​ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​ក៏​ទទួល​ការ​ជ្រមុជ​ទឹក។+ ១៣  ស៊ីម៉ូន​ក៏​បាន​ទៅ​ជា​អ្នក​ជឿ​ដែរ ហើយ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បាន​នៅ​ជាប់​នឹង​ភីលីព។+ ស៊ីម៉ូន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ឃើញ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន និង​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​យ៉ាង​ខ្លាំង​ក្លា​ដែល​ភីលីព​កំពុង​ធ្វើ។ ១៤  ពេល​ដែល​ពួក​សាវ័ក​នៅ​ក្រុង​យេរូសាឡិម​ឮ​ថា បណ្ដា​ជន​នៅ​ស្រុក​សាម៉ារី​បាន​ទទួល​យក​បណ្ដាំ​របស់​ព្រះ+ នោះ​ពួក​គាត់​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ​ឯ​ពួក​គេ។ ១៥  លុះ​ពេត្រុស​និង​យ៉ូហាន​ទៅ​ដល់ ពួក​គាត់​បាន​អធិដ្ឋាន​ឲ្យ​បណ្ដា​ជន​ទាំង​នោះ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។+ ១៦  ព្រោះ​ពួក​គេ​មិន​ទាន់​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​នៅ​ឡើយ​ទេ ពួក​គេ​បាន​ត្រឹម​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​ប៉ុណ្ណោះ។+ ១៧  រួច​មក ពួក​គាត់​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ+ ហើយ​អ្នក​ទាំង​នោះ​ចាប់​ផ្ដើម​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ១៨  កាល​ដែល​ស៊ីម៉ូន​ឃើញ​ពួក​សាវ័ក​ដាក់​ដៃ​លើ​មនុស្ស​ឲ្យ​ទទួល​ឫទ្ធានុភាព​របស់​ព្រះ នោះ​គាត់​ស្នើ​ឲ្យ​លុយ​ដល់​ពួក​គាត់ ១៩  ដោយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នោះ​ដែរ ដើម្បី​ពេល​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»។ ២០  ប៉ុន្តែ ពេត្រុស​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ពី​ព្រោះ​អ្នក​គិត​ស្មានថា​អាច​យក​ប្រាក់​មក​ដើម្បី​ទទួល​អំណោយ​ទាន​ពី​ព្រះ។+ ២១  អ្នក​គ្មាន​ចំណែក​អ្វី​សោះ​ក្នុង​រឿង​នេះ ពី​ព្រោះ​ព្រះ​ឃើញ​ថា​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ទេ។ ២២  ដូច្នេះ ចូរ​ប្រែ​ចិត្ត​ពី​សេចក្ដី​អាក្រក់​នេះ ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា* ដើម្បី​អ្នក​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​បំណង​ចិត្ត​អាក្រក់​របស់​អ្នក ២៣  ព្រោះ​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ពិស​ពុល ក៏​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត​»។ ២៤  ស៊ីម៉ូន​តប​ថា​៖ ​«​សូម​អ្នក​ទាំង​ពីរ​អង្វរ​ព្រះ​យេហូវ៉ា*ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​អ្វី​ៗ​ដែល​អ្នក​បាន​និយាយ​កើត​ឡើង​ដល់​ខ្ញុំ​»។ ២៥  ម្ល៉ោះ​ហើយ ពេល​ដែល​ពួក​គាត់​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់ និង​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា*ហើយ នោះ​ពួក​គាត់​វិល​ទៅ​ក្រុង​យេរូសាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​នៅ​ភូមិ​ជា​ច្រើន​របស់​ជន​ជាតិ​សាម៉ារី។+ ២៦  ក៏​ប៉ុន្តែ ទេវតា​របស់​ព្រះ​យេហូវ៉ា+និយាយ​ទៅ​ភីលីព​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​ប៉ែក​ខាង​ត្បូង​ដល់​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូសាឡិម​ដល់​ក្រុង​កាសា​»​ (​ផ្លូវ​នេះ​កាត់​វាល​ខ្សាច់​)។ ២៧  ឮ​ដូច្នេះ គាត់​ក៏​ក្រោក​ឡើង​ហើយ​ទៅ រួច​ឃើញ​មន្ត្រី​ជាន់​ខ្ពស់*ជន​ជាតិ​អេត្យូពី​ម្នាក់​របស់​មហា​ក្សត្រី​អេត្យូពី​ឈ្មោះ​ខាន់ឌីស។ គាត់​មាន​អំណាច ហើយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ឃ្លាំង​ទ្រព្យ​ទាំង​អស់​របស់​មហា​ក្សត្រី។ បុរស​នោះ​បាន​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​គោរព​បូជា+ ២៨  ហើយ​ឥឡូវ​គាត់​កំពុង​អង្គុយ​ក្នុង​រទេះ​សេះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ទាំង​អាន​ឮ​ៗ​ពី​សៀវភៅ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ។ ២៩  ដូច្នេះ ឫទ្ធានុភាព​របស់​ព្រះ​ប្រាប់​ភីលីព​ថា​៖ ​«​ចូរ​រត់​ទៅ​ឲ្យ​ទាន់​រទេះ​នោះ​»។ ៣០  ភីលីព​ក៏​រត់​ទៅ​ទន្ទឹម​រទេះ​នោះ ហើយ​ឮ​គាត់​កំពុង​អាន​ឮ​ៗ​ពី​សៀវភៅ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ រួច​ភីលីព​សួរ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​យល់​អ្វី​ដែល​អ្នក​កំពុង​អាន​ឬ​ទេ?​»។ ៣១  គាត់​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូច​ម្ដេច​បាន ប្រសិន​បើ​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ?​»។ ដូច្នេះ គាត់​ទទូច​ឲ្យ​ភីលីព​ឡើង​អង្គុយ​ជា​មួយ​នឹង​គាត់។ ៣២  ឯ​បទ​គម្ពីរ​ដែល​គាត់​អាន​ឮ​ៗ​នោះ​គឺ​៖ ​«​លោក​ត្រូវ​គេ​នាំ​មក​ដូច​ជា​គេ​ដឹក​ចៀម​យក​ទៅ​សម្លាប់។ ម្យ៉ាង​ទៀត លោក​មិន​ហើប​មាត់​សោះ ដូច​ជា​កូន​ចៀម​ដែល​នៅ​ស្ងៀម​ស្ងាត់​នៅ​មុខ​អ្នក​កាត់​រោម។+ ៣៣  ក្នុង​អំឡុង​ពេល​ដែល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក នោះ​គេ​បាន​កាត់​ក្ដី​លោក​ដោយ​អយុត្តិធម៌។+ តើ​អ្នក​ណា​នឹង​រៀប​រាប់​អំពី​ប្រវត្តិ​របស់​លោក? ពី​ព្រោះ​ជីវិត​របស់​លោក​នឹង​ត្រូវ​ផ្ដាច់​ចេញ​ពី​ផែនដី​»។+ ៣៤  មន្ត្រី​នោះ​តប​ទៅ​ភីលីព​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ​ផង តើ​អ្នក​ប្រកាស​ទំនាយ​និយាយ​ដូច្នេះ​អំពី​អ្នក​ណា? អំពី​ខ្លួន​គាត់ ឬ​អំពី​បុរស​ផ្សេង​ទៀត?​»។ ៣៥  ភីលីព​ក៏​និយាយ រួច​ប្រកាស​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ប្រាប់​ដល់​គាត់ ដោយ​ចាប់​ផ្ដើម​ប្រើ​បទ​គម្ពីរ​នោះ​មុន​គេ។ ៣៦  កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ នោះ​ឃើញ​កន្លែង​មួយ​មាន​ទឹក​ច្រើន ហើយ​មន្ត្រី​នោះ​និយាយ​ថា​៖ ​«​មើល! កន្លែង​នេះ​មាន​ទឹក​ច្រើន! តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?​»។ ៣៧  *—— ៣៨  ពេល​និយាយ​ចប់​ភ្លាម គាត់​បញ្ជា​ឲ្យ​បញ្ឈប់​រទេះ រួច​ទាំង​ភីលីព​ទាំង​មន្ត្រី​នោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ភីលីព​ជ្រមុជ​ទឹក​ឲ្យ​គាត់។ ៣៩  កាល​ដែល​ពួក​គាត់​ឡើង​ពី​ទឹក​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ភីលីព​ចេញ​ទៅ​ភ្លាម ហើយ​មន្ត្រី​នោះ​មិន​ឃើញ​ភីលីព​ទៀត​ទេ។ ដូច្នេះ មន្ត្រី​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទាំង​មាន​ចិត្ត​ត្រេក​អរ។ ៤០  ចំណែក​ឯ​ភីលីព​វិញ គាត់​បាន​ទៅ​ក្រុង​អាសូត ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅ​តំបន់​នោះ ទាំង​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់ រហូត​ដល់​គាត់​ទៅ​ដល់​ក្រុង​សេសារៀ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រុង​មួយ​នៃ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ជន​គម្រៀវ​»។ មើល​និយម​ន័យ​ពាក្យ​«​ជន​គម្រៀវ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣