សៀវភៅសាំយូអែលទី១ ២៤:១-២២

  • ដាវីឌ​ទុក​ជីវិត​ឲ្យ​សុល (​១​-​២២)

    • ដាវីឌ​គោរព​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង (​)

២៤  ក្រោយ​ពី​សុល​ត្រឡប់​មក​ពី​ដេញ​តាម​ទាហាន​ភីលីស្ទីន​វិញ​ភ្លាម ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​មើល! ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​អេនកេឌី​»។+ ២  ដូច្នេះ សុល​បាន​ជ្រើស​រើស​បុរស​៣.០០០​នាក់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ រួច​ទៅ​តាម​រក​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​នៅ​តាម​ចំណោត​ភ្នំ​ពពែ។* ៣  នៅ​តាម​ផ្លូវ សុល​បាន​ទៅ​ដល់​ក្រោល​ចៀម​ដែល​ធ្វើ​ពី​ថ្ម។ នៅ​ទី​នោះ​មាន​រូង​ភ្នំ​មួយ ហើយ​គាត់​ចូល​ទៅ​បន្ទោ​បង់​នៅ​ក្នុង​រូង​នោះ។ ឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​នៅ​ក្នុង​រូង​ភ្នំ​នោះ​ដែរ តែ​ពួក​គេ​អង្គុយ​នៅ​ខាង​ក្នុង​បំផុត។+ ៤  ពួក​បុរស​របស់​ដាវីឌ​និយាយ​ទៅ​គាត់​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អ្នក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​សត្រូវ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។+ សូម​អ្នក​ធ្វើ​តាម​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ចុះ!›​»។ ហេតុ​នេះ ដាវីឌ​ក្រោក​ឡើង ហើយ​ដើរ​លប​ៗ​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​សុល។ ៥  តែ​ក្រោយ​មក សមត្ថភាព​វិនិច្ឆ័យ*របស់​ដាវីឌ​បាន​ស្ដី​បន្ទោស​គាត់+ ដោយ​សារ​គាត់​បាន​កាត់​ជាយ​អាវ​របស់​សុល។ ៦  ដាវីឌ​និយាយ​ទៅ​កាន់​ពួក​បុរស​របស់​គាត់​ថា​៖ ​«​ពេល​ខ្ញុំ​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នេះ​ចំពោះ​លោក​ម្ចាស់​របស់​ខ្ញុំ ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​នោះ​ឡើយ។ ខ្ញុំ​មិន​គួរ​លើក​ដៃ​ទាស់​នឹង​គាត់​ទេ ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។+ ៧  ដាវីឌ​និយាយ​ដូច្នេះ​ដើម្បី​ឃាត់*ពួក​បុរស​របស់​គាត់ ហើយ​គាត់​មិន​ឲ្យ​ពួក​គេ​សម្លាប់​សុល​ទេ។ រីឯ​សុល​វិញ គាត់​ក្រោក​ឡើង​ចេញ​ពី​រូង​ភ្នំ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៨  រួច​មក ដាវីឌ​ក្រោក​ចេញ​ពី​រូង​នោះ ហើយ​ស្រែក​ហៅ​ពី​ក្រោយ​សុល​ថា​៖ ​«​លោក​ម្ចាស់ ជា​ស្ដេច​របស់​ខ្ញុំ​អើយ!​»។+ ពេល​សុល​ងាក​មក​ក្រោយ ក៏​ឃើញ​ដាវីឌ​ក្រាប​ក្បាល​ដល់​ដី បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ៩  ដាវីឌ​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​ស្ដាប់​មនុស្ស​ដែល​និយាយ​ថា​៖ ‹មើល! ដាវីឌ​ព្យាយាម​ធ្វើ​បាប​លោក›?+ ១០  នៅ​ថ្ងៃ​នេះ​ឯង លោក​ឃើញ​ថា​កាល​ដែល​លោក​នៅ​ក្នុង​រូង​ភ្នំ ព្រះ​យេហូវ៉ា​បាន​ប្រគល់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ទោះ​ជា​មាន​គេ​ជំរុញ​ខ្ញុំ​ឲ្យ​សម្លាប់​លោក​ក៏​ដោយ+ តែ​ខ្ញុំ​អាណិត​មេត្តា​លោក ហើយ​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​លោក​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង›។+ ១១  សូម​លោក​ឪពុក​មើល​នេះ! ជាយ​អាវ​វែង​របស់​លោក​នៅ​ក្នុង​ដៃ​ខ្ញុំ។ ពិត​មែន​តែ​ខ្ញុំ​បាន​កាត់​ជាយ​អាវ​របស់​លោក តែ​ខ្ញុំ​មិន​បាន​សម្លាប់​លោក​ទេ។ ឥឡូវ​លោក​អាច​ឃើញ​ច្បាស់​ហើយ​ថា ខ្ញុំ​គ្មាន​គំនិត​ធ្វើ​បាប​ឬ​បះ​បោរ​ប្រឆាំង​លោក​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ខុស​នឹង​លោក​ដែរ។+ ចំណែក​លោក​វិញ លោក​តាម​រក​ប្រហារ​ជីវិត*ខ្ញុំ​ឥត​ឈប់។+ ១២  សូម​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​លោក​និង​ខ្ញុំ+ ហើយ​សូម​ព្រះ​យេហូវ៉ា​សង​សឹក​លោក​ជំនួស​ខ្ញុំ​ចុះ។+ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ទេ។+ ១៣  ដូច​សុភាសិត​បុរាណ​ថា​៖ ‹មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត›។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ឡើយ។ ១៤  តើ​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​តាម​រក​អ្នក​ណា? តើ​អ្នក​ណា​ដែល​លោក​កំពុង​ដេញ​តាម? តើ​មិន​មែន​ដេញ​តាម​ឆ្កែ​ងាប់​ឬ​ចៃ​មួយ​ក្បាល​ទេ​ឬ?+ ១៥  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចៅ​ក្រម​វិនិច្ឆ័យ​ក្ដី​រវាង​លោក​និង​ខ្ញុំ។ ព្រះ​នឹង​ពិនិត្យ​ពិចារណា ហើយ​ការពារ​ក្ដី​ឲ្យ​ខ្ញុំ។+ ព្រះ​នឹង​វិនិច្ឆ័យ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​លោក​ម្ចាស់​»។ ១៦  លុះ​ដាវីឌ​និយាយ​ចប់​ហើយ សុល​ពោល​ថា​៖ ​«​ឱ​ដាវីឌ​កូន​ប្រុស​របស់​ខ្ញុំ​អើយ! តើ​នេះ​ជា​សំឡេង​កូន​ឬ?​»។+ រួច​សុល​ក៏​ចាប់​ផ្ដើម​ទ្រហោ​យំ។ ១៧  គាត់​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​អ្នក​ជា​មនុស្ស​សុចរិត​ជាង​ខ្ញុំ ព្រោះ​អ្នក​បាន​ធ្វើ​ល្អ​ចំពោះ​ខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ទៅ​វិញ។+ ១៨  នៅ​ថ្ងៃ​នេះ អ្នក​បង្ហាញ​ថា​អ្នក​បាន​មេត្តា​ដល់​ខ្ញុំ ដោយ​មិន​សម្លាប់​ខ្ញុំ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ក៏​ដោយ។+ ១៩  បើ​មនុស្ស​ណា​ម្នាក់​ប្រទះ​ឃើញ​សត្រូវ​របស់​ខ្លួន តើ​គាត់​នឹង​ឲ្យ​សត្រូវ​នោះ​រួច​ខ្លួន​ឬ? ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ចំពោះ​អំពើ​ល្អ​ដែល​អ្នក​បាន​ធ្វើ+មក​លើ​ខ្ញុំ​នៅ​ថ្ងៃ​នេះ។ ២០  មើល! ខ្ញុំ​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច+ ហើយ​ថា​វង្ស​ត្រកូល​របស់​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ។ ២១  ឥឡូវ សូម​អ្នក​ស្បថ​នឹង​ខ្ញុំ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ថា+ អ្នក​នឹង​មិន​បំផ្លាញ​កូន​ចៅ*របស់​ខ្ញុំ ហើយ​មិន​កាត់​ឈ្មោះ​ខ្ញុំ​ចេញ​ពី​ពូជ​ពង្ស​របស់​ឪពុក​ខ្ញុំ​ឡើយ​»។+ ២២  ដូច្នេះ ដាវីឌ​បាន​ស្បថ​នឹង​សុល រួច​មក​សុល​ត្រឡប់​ទៅ​វិមាន​វិញ។+ រីឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​កន្លែង​លាក់​ខ្លួន។+

កំណត់សម្គាល់

ឬ​«​ភ្នំ​ដែល​មាន​ពពែ​រស់​នៅ​»​
ន័យ​ត្រង់​«​ចិត្ត​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រំសាយ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​ពូជ​»​