សៀវភៅសាំយូអែលទី២ ៧:១-២៩

  • ដាវីឌ​មិន​បាន​សង់​វិហារ (​១​-​៧)

  • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​អំពី​រាជាណាចក្រ (​៨​-​១៧)

  • ដាវីឌ​អធិដ្ឋាន​ថ្លែង​អំណរ​គុណ (​១៨​-​២៩)

 ក្រោយ​ពី​ស្ដេច​ដាវីឌ​ទៅ​រស់​នៅ​ក្នុង​វិមាន+ ហើយ​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​មាន​សេចក្ដី​សុខ​ក្សេម​ក្សាន្ត ដោយ​គ្មាន​ការ​វាយ​ប្រហារ​ពី​សត្រូវ​ជិត​ខាង​ទាំង​អស់ ២  នោះ​ស្ដេច​និយាយ​ទៅ​កាន់​ណាថាន់+ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​មើល! ខ្ញុំ​រស់​នៅ​ក្នុង​វិមាន​នេះ​ដែល​ធ្វើ​ពី​ឈើ​ស៊ីដារ។+ ប៉ុន្តែ ហឹប​នៃ​ព្រះ​ពិត​បែរ​ជា​ស្ថិត​នៅ​ក្នុង​ត្រសាល​ដែល​ធ្វើ​ពី​ក្រណាត់​ទៅ​វិញ​»។+ ៣  ណាថាន់​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា​៖ ​«​សូម​លោក​ធ្វើ​តាម​ចិត្ត​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​លោក​ស្រាប់​ហើយ​»។+ ៤  នៅ​យប់​នោះ​ឯង ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ណាថាន់​ថា​៖ ៥  ​«​ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​គួរ​សង់​វិហារ​មួយ​ឲ្យ​ខ្ញុំ​នៅ​ឬ?+ ៦  តាំង​ពី​ខ្ញុំ​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​នៅ​ក្នុង​វិហារ​ឡើយ+ តែ​ខ្ញុំ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​នៅ​តែ​ក្នុង​ត្រសាល​ប៉ុណ្ណោះ។+ ៧  ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ខ្ញុំ​បាន​ជ្រើស​រើស​មេ​កុលសម្ព័ន្ធ​មួយ​ឲ្យ​ថែ​រក្សា​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។ ពេល​នោះ​តើ​ខ្ញុំ​ធ្លាប់​ប្រាប់​មេ​កុលសម្ព័ន្ធ​ណា​មួយ​ឲ្យ​សង់​វិហារ​ធ្វើ​ពី​ឈើ​ស៊ីដារ​ឲ្យ​ខ្ញុំ​ឬ​ទេ?​»​›។ ៨  ឥឡូវ ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ+ ខ្ញុំ​បាន​នាំ​អ្នក​មក ហើយ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ៩  ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​គ្រប់​កន្លែង​ដែល​អ្នក​ទៅ+ ហើយ​ខ្ញុំ​នឹង​បំផ្លាញ​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ+ ដូច​ពួក​អ្នក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ផែនដី។ ១០  ខ្ញុំ​នឹង​ឲ្យ​ស្រុក​មួយ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ពួក​គេ​នឹង​រស់​នៅ​ទី​នោះ​ដោយ​សុខ​សាន្ត​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ។ មនុស្ស​ទុច្ចរិត​នឹង​មិន​ជិះ​ជាន់​ពួក​គេ​ដូច​ពី​មុន​ទៀត​ឡើយ+ ១១  គឺ​តាំង​ពី​គ្រា​ដែល​ខ្ញុំ​តែង​តាំង​ឲ្យ​មាន​អ្នក​សម្រេច​ក្ដី+លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​មិន​ឲ្យ​សត្រូវ​ណា​មក​រំខាន​អ្នក​ឡើយ។+ ​«​‹​«​បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​កូន​ចៅ*របស់​អ្នក​គ្រប់​គ្រង​ជា​ស្ដេច​ត​ទៅ។+ ១២  ពេល​អ្នក​ស្លាប់​ទៅ+ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក ខ្ញុំ​នឹង​លើក​កូន​ប្រុស*របស់​អ្នក​ផ្ទាល់​ឲ្យ​ស្នង​រាជ្យ​បន្ត​ពី​អ្នក ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ។+ ១៣  កូន​ប្រុស​នោះ​នឹង​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ+ ហើយ​ខ្ញុំ​នឹង​ពង្រឹង​បល្ល័ង្ក​នៃ​រាជាណាចក្រ​របស់​គាត់​ឲ្យ​នៅ​ជាប់​ជា​រៀង​រហូត។+ ១៤  ខ្ញុំ​នឹង​ទៅ​ជា​ឪពុក​គាត់ ហើយ​គាត់​នឹង​ទៅ​ជា​កូន​ប្រុស​ខ្ញុំ។+ ពេល​គាត់​ធ្វើ​ខុស ខ្ញុំ​នឹង​ប្រដៅ​តម្រង់​គាត់ ដូច​មនុស្ស*ប្រើ​រំពាត់​វាយ​ប្រដៅ​កូន។+ ១៥  សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​នឹង​មិន​ត្រូវ​ដក​ចេញ​ពី​គាត់ ដូច​ដែល​ខ្ញុំ​បាន​ដក​ចេញ​ពី​សុល+ ជា​អ្នក​ដែល​ខ្ញុំ​បាន​កម្ចាត់​ចេញ​ពី​មុខ​អ្នក​ឡើយ។ ១៦  ពូជ​ពង្ស​និង​រាជាណាចក្រ​របស់​អ្នក​នឹង​នៅ​ជាប់​ស្ថិតស្ថេរ ហើយ​បល្ល័ង្ក​របស់​អ្នក​នឹង​រឹង​មាំ​ជា​រៀង​រហូត​»​›​»។+ ១៧  ណាថាន់​ប្រាប់​ដាវីឌ​នូវ​ពាក្យ​ទាំង​អស់ និង​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត។+ ១៨  រួច​មក ស្ដេច​ដាវីឌ​ចូល​មក​អង្គុយ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត តើ​ខ្ញុំ​ជា​អ្នក​ណា ហើយ​តើ​ពូជ​ពង្ស​របស់​ខ្ញុំ​ជា​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ល្អ​ខ្លាំង​ម្ល៉េះ​ចំពោះ​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ?+ ១៩  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ថែម​ទាំង​ប្រាប់​ថា​ពូជ​ពង្ស​របស់​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក នឹង​នៅ​ជាប់​ជា​រៀង​រហូត។ គ្មាន​មនុស្សជាតិ​ណា​ម្នាក់​អាច​បញ្ឈប់​ការ​នោះ​មិន​ឲ្យ​កើត​ឡើង​ឡើយ។* ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​សន្យា​ដូច្នេះ ហាក់​ដូច​ជា​ការ​ល្អ​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ គឺ​តិច​តួច​ណាស់​សម្រាប់​លោក។ ២០  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទៀត​ទេ ព្រោះ​លោក​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ។+ ២១  លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​អស់​នេះ ហើយ​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ដឹង ដោយ​សារ​នោះ​ជា​បំណង​ប្រាថ្នា​និង​ជា​សេចក្ដី​សន្យា​របស់​លោក។+ ២២  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត+ លោក​ពិត​ជា​ព្រះ​ដ៏​អស្ចារ្យ​ណាស់ មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត គ្មាន​ព្រះ​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ។+ អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ឮ បញ្ជាក់​យ៉ាង​ច្បាស់​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត។+ ២៣  នៅ​ផែនដី តើ​មាន​ប្រជា​ជាតិ​ណា​ដូច​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក?+ ព្រះ​បាន​រំដោះ​ពួក​គេ​ឲ្យ​មក​ធ្វើ​ជា​រាស្ត្រ​របស់​លោក។+ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​និង​ការ​ដ៏​គួរ​ឲ្យ​កោត​ខ្លាច​ជា​ច្រើន​ដើម្បី​ពួក​គេ+ ហើយ​ការ​ទាំង​នោះ​នាំ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ។+ លោក​បាន​បណ្ដេញ​ប្រជា​ជាតិ​ទាំង​ឡាយ និង​ព្រះ​របស់​ពួក​គេ ដើម្បី​រាស្ត្រ​ដែល​លោក​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ២៤  ឱ​ព្រះ​យេហូវ៉ា លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​របស់​លោក​ជា​រៀង​រហូត+ ហើយ​លោក​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ២៥  ​«​ឱ​ព្រះ​យេហូវ៉ា សូម​លោក​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​និង​ពូជ​ពង្ស​របស់​ខ្ញុំ​រហូត​ត​ទៅ​ផង។ សូម​លោក​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត។+ ២៦  សូម​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត+ ដើម្បី​ឲ្យ​មនុស្ស​អាច​ពោល​ថា​‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល›។ សូម​ឲ្យ​រាជ្យ​នៃ​ពូជ​ពង្ស​របស់​ខ្ញុំ​ជា​អ្នក​បម្រើលោក​បាន​រឹង​មាំ​នៅ​ចំពោះ​លោក​ផង។+ ២៧  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ពូជ​ពង្ស​របស់​អ្នក​ធ្វើ​ជា​ស្ដេច​ត​ទៅ›។+ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ហ៊ាន​អធិដ្ឋាន​ដូច្នេះ​ទៅ​លោក។ ២៨  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ជា​ព្រះ​ពិត​តែ​មួយ ប្រសាសន៍​របស់​លោក​ជា​សេចក្ដី​ពិត+ ហើយ​លោក​បាន​សន្យា​ថា​នឹង​ផ្ដល់​អ្វី​ដ៏​ល្អ​ទាំង​នេះ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក។ ២៩  ដូច្នេះ សូម​លោក​ផ្ដល់​ពរ​ដល់​ពូជ​ពង្ស​របស់​ខ្ញុំ ហើយ​សូម​ឲ្យ​រាជ្យ​នៃ​ពូជ​ពង្ស​របស់​ខ្ញុំ​នៅ​ជាប់​ជា​រៀង​រហូត​នៅ​ចំពោះ​មុខ​លោក។+ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត សូម​លោក​ផ្ដល់​ពរ​ជា​និច្ច​ដល់​ពូជ​ពង្ស​របស់​ខ្ញុំ​តាម​សេចក្ដី​សន្យា​របស់​លោក​ផង​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​អាដាម​»​
ន័យ​ត្រង់​«​នោះ​ជា​ច្បាប់​សម្រាប់​មនុស្សជាតិ​»​