សុភាសិត ៣:១-៣៥
-
ចូរមានប្រាជ្ញា ហើយទុកចិត្តព្រះយេហូវ៉ា (១-១២)
-
ចូរលើកកិត្តិយសព្រះយេហូវ៉ា ដោយជូនរបស់មានតម្លៃទៅលោក (៩)
-
-
ប្រាជ្ញានាំឲ្យមានសុភមង្គល (១៣-១៨)
-
ប្រាជ្ញានាំឲ្យមានសេចក្ដីសុខ (១៩-២៦)
-
ការប្រព្រឹត្តត្រឹមត្រូវចំពោះអ្នកឯទៀត (២៧-៣៥)
-
កុំបង្ខាំងទុកអ្វីល្អពីអ្នកណាដែលសមនឹងទទួល (២៧)
-
៣ កូនអើយ កុំភ្លេចសេចក្ដីបង្រៀន*របស់ឪពុកចូរកូនកាន់តាមបញ្ញត្តិរបស់ឪពុកឲ្យអស់ពីដួងចិត្ត។
២ យ៉ាងនេះ កូននឹងមានអាយុវែងហើយរស់នៅដោយមានសេចក្ដីសុខ។+
៣ កូនត្រូវមានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់*ជានិច្ច។+
កូនត្រូវចងសេចក្ដីទាំងនេះឲ្យជាប់នៅករបស់កូនហើយចារទុកក្នុងចិត្តផង។+
៤ យ៉ាងនោះ ទាំងព្រះទាំងមនុស្សនឹងពេញចិត្តកូនហើយទទួលស្គាល់ថាកូនមានការយល់ធ្លុះជ្រៅ។+
៥ ចូរទុកចិត្តព្រះយេហូវ៉ា+ឲ្យអស់ពីដួងចិត្តកុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។+
៦ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក+នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន។+
៧ កុំគិតថាខ្លួនមានប្រាជ្ញា+តែចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីការអាក្រក់។
៨ ការកោតខ្លាចព្រះនឹងជួយឲ្យរាងកាយ*របស់កូនបានរឹងមាំហើយនឹងជួយឲ្យខ្លួន*របស់កូនបានស្រស់ស្រាយ។
៩ ចូរលើកកិត្តិយសព្រះយេហូវ៉ា ដោយជូនរបស់មានតម្លៃទៅលោក+និងដោយជូនផលល្អបំផុត*ពីអ្វីទាំងអស់ដែលកូនមាន។+
១០ បើកូនធ្វើដូច្នេះ ជង្រុករបស់កូននឹងបានពេញបរិបូរ+ហើយកន្លែងត្រងស្រា*របស់កូននឹងមានស្រាថ្មីហៀរហូរ។
១១ កូនអើយ កុំបដិសេធការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា+ហើយកុំស្អប់ការកែតម្រង់របស់លោកឡើយ+
១២ ព្រោះព្រះយេហូវ៉ាកែតម្រង់អស់អ្នកដែលលោកស្រឡាញ់+ដូចឪពុកកែតម្រង់កូនដែលគាត់ស្រឡាញ់ដែរ។+
១៣ មានសុភមង្គលហើយ អ្នកណាដែលរកបានប្រាជ្ញា+និងអ្នកណាដែលរកបានសមត្ថភាពវែកញែក។
១៤ ព្រោះការរកបានប្រាជ្ញា វិសេសជាងការរកបានប្រាក់ហើយការរកបានប្រាជ្ញា*ក៏ប្រសើរជាងការរកបានមាសដែរ។+
១៥ ប្រាជ្ញាមានតម្លៃលើសអស់ទាំងត្បូង*ថ្លៃៗហើយអ្វីគ្រប់យ៉ាងដែលកូនប្រាថ្នាចង់បាន មិនអាចប្រៀបស្មើនឹងប្រាជ្ញាបានឡើយ។
១៦ ជីវិតយូរអង្វែងគឺនៅក្នុងដៃស្ដាំនៃប្រាជ្ញាទ្រព្យសម្បត្តិនិងកិត្តិយសគឺនៅក្នុងដៃឆ្វេងនៃប្រាជ្ញា។
១៧ ផ្លូវនៃប្រាជ្ញានាំឲ្យមានអំណរហើយគ្រប់ទាំងមាគ៌ានៃប្រាជ្ញានាំឲ្យមានសេចក្ដីសុខសាន្ត។+
១៨ ប្រាជ្ញាប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត។
អ្នកណាដែលកាន់ខ្ជាប់តាមប្រាជ្ញា អ្នកនោះនឹងមានជីវិតរស់នៅហើយមានសុភមង្គល។+
១៩ ព្រះយេហូវ៉ាបានដាក់គ្រឹះផែនដីឲ្យនៅស្ថិតស្ថេរ ដោយប្រើប្រាជ្ញា+លោកបានបង្កើតមេឃឲ្យនៅគង់វង្ស ដោយប្រើសមត្ថភាពវែកញែក។+
២០ លោកញែកទឹកជ្រៅចេញពីគ្នា ដោយប្រើចំណេះហើយលោកធ្វើឲ្យពពកស្រក់ទឹកសន្សើមចុះមក។+
២១ កូនអើយ កុំឈប់គិតអំពីអ្វីទាំងនោះ។*
ចូររក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត។
២២ អ្វីទាំងនោះនឹងជួយកូនឲ្យបានជីវិតអ្វីទាំងនោះប្រៀបដូចជាគ្រឿងលម្អនៅករបស់កូន។
២៣ បើកូនធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាពហើយជើងរបស់កូននឹងមិនជំពប់ដួលទេ។+
២៤ ពេលកូនចូលគេង កូននឹងមិនភ័យខ្លាចឡើយ+ហើយកូននឹងគេងលក់យ៉ាងស្កប់ស្កល់។+
២៥ ពេលមានអន្តរាយកើតឡើងភ្លាមមួយរំពេចឬពេលមានព្យុះកើតមកលើជនទុច្ចរិត+ នោះកូននឹងមិនតក់ស្លុតឡើយ។+
២៦ ព្រោះព្រះយេហូវ៉ានឹងធ្វើឲ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាព+លោកនឹងមិនឲ្យជើងរបស់កូនជាប់អន្ទាក់ទេ។+
២៧ កុំបង្ខាំងទុកអ្វីល្អពីអ្នកណាដែលសមនឹងទទួល+ពេលកូនមានកម្លាំងអាចជួយអ្នកនោះបាន។+
២៨ បើកូនអាចឲ្យអ្នកជិតខាងភ្លាមៗបានចូរកុំនិយាយថា៖ «ត្រឡប់ទៅវិញទៅ! ស្អែកចាំមកម្ដងទៀតហើយខ្ញុំនឹងឲ្យអ្នក»។
២៩ កុំគិតគូរធ្វើអាក្រក់ចំពោះអ្នកជិតខាងរបស់កូនឲ្យសោះ+ក្នុងពេលដែលគាត់មានទំនុកចិត្តទៅលើកូន។
៣០ កុំឈ្លោះប្រកែកនឹងអ្នកណាម្នាក់ដោយគ្មានមូលហេតុ+បើគាត់មិនបានធ្វើអាក្រក់ចំពោះកូនទេ។+
៣១ កុំច្រណែនមនុស្សឃោរឃៅ+ឬដើរតាមគន្លងរបស់គេឡើយ
៣២ ព្រោះព្រះយេហូវ៉ាស្អប់ខ្ពើមជនដែលមានល្បិចកល+តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់។+
៣៣ ព្រះយេហូវ៉ាដាក់បណ្ដាសាពួកអ្នកផ្ទះរបស់ជនទុច្ចរិត+តែលោកឲ្យពរដល់ពួកអ្នកផ្ទះរបស់មនុស្សសុចរិតវិញ។+
៣៤ លោកចំអកឲ្យអស់អ្នកដែលមើលងាយគេ+តែលោកបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្សដែលមានចិត្តសុភាព។+
៣៥ អ្នកដែលមានប្រាជ្ញានឹងទទួលបានកិត្តិយសតែជនល្ងីល្ងើលើកតម្កើងអ្វីដែលអាប់ឱនវិញ។+
កំណត់សម្គាល់
^ ឬ«ច្បាប់»
^ ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
^ ឬ«សេចក្ដីពិត»
^ ន័យត្រង់«ផ្ចិត»
^ ន័យត្រង់«ឆ្អឹង»
^ ឬ«ផលដំបូង»
^ ឬ«កន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា»
^ ឬ«ការរកបានប្រាជ្ញាដូចជាការរកបានប្រាក់កម្រៃ»
^ ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
^ តាមមើលទៅនេះសំដៅលើគុណសម្បត្តិរបស់ព្រះដែលបានលើកឡើងនៅខមុនៗ