ហាកាយ ១:១-១៥
១ នៅថ្ងៃទី១ ខែទី៦ ក្នុងឆ្នាំទី២នៃការគ្រប់គ្រងរបស់ស្ដេចដារីយុស ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈហាកាយ*+ជាអ្នកប្រកាសទំនាយ ទៅកាន់សេរ៉ូបាបិល+ជាកូនសាលធាល និងជាអភិបាលស្រុកយូដា ហើយទៅកាន់យ៉ូស្វេជាកូនយេហូសាដាក និងជាសម្ដេចសង្ឃ។ ហាកាយបាននិយាយដូចតទៅថា៖
២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹បណ្ដាជនទាំងនេះនិយាយថា៖ «មិនទាន់ដល់ពេលដែលត្រូវសង់*វិហាររបស់ព្រះយេហូវ៉ាទេ»›»។+
៣ ដូច្នេះ ព្រះយេហូវ៉ាប្រាប់ម្ដងទៀតតាមរយៈហាកាយ+ជាអ្នកប្រកាសទំនាយថា៖
៤ «ខណៈដែលវិហាររបស់ខ្ញុំនៅបាក់បែកនៅឡើយ តើនេះជាវេលាដែលអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលធ្វើពីឈើប្រណីតៗឬ?+
៥ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ចូរអ្នករាល់គ្នាគិតពិចារណាឲ្យបានដិតដល់អំពីការប្រព្រឹត្តរបស់ខ្លួន។
៦ អ្នករាល់គ្នាសាបព្រោះគ្រាប់ពូជច្រើន តែច្រូតបានផលតិចទេ។+ អ្នករាល់គ្នាបរិភោគ តែមិនបានឆ្អែតឡើយ។ អ្នករាល់គ្នាផឹក តែមិនឆ្អែតឆ្អន់ទេ ហើយអ្នករាល់គ្នាស្លៀកពាក់ តែក៏មិនបានកក់ក្ដៅដែរ។ រីឯអ្នកដែលស៊ីឈ្នួលគេ បែរជាដាក់ប្រាក់ឈ្នួលនៅក្នុងថង់ធ្លុះវិញ›»។
៧ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ចូរអ្នករាល់គ្នាគិតពិចារណាឲ្យបានដិតដល់អំពីការប្រព្រឹត្តរបស់ខ្លួន›។
៨ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរឡើងទៅលើភ្នំ ហើយយកឈើមក+សង់វិហារ+ ដើម្បីឲ្យខ្ញុំពេញចិត្តនឹងវិហារនោះ និងដើម្បីឲ្យខ្ញុំបានទទួលការសរសើរតម្កើង›»។+
៩ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹អ្នករាល់គ្នារំពឹងថានឹងប្រមូលបានផលច្រើន តែបែរជាបានផលតិចវិញ។ ពេលដែលអ្នករាល់គ្នាយកផលទៅដល់ផ្ទះ ខ្ញុំនឹងផ្លុំវាឲ្យបាត់ទៅ។+ តើដឹងថាហេតុអ្វីទេ? គឺដោយសារវិហាររបស់ខ្ញុំនៅបាក់បែកនៅឡើយ កាលដែលអ្នករាល់គ្នារវល់តែថែទាំផ្ទះសម្បែងរបស់ខ្លួន។+
១០ ហេតុនេះហើយបានជាមេឃមិនធ្លាក់សន្សើម ហើយដីក៏មិនបង្កើតផលដែរ។
១១ ខ្ញុំបានធ្វើឲ្យដីនិងភ្នំហួតហែង បណ្ដាលឲ្យមានការខ្វះស្រូវ ស្រាថ្មី ប្រេង និងដំណាំឯទៀត។ ហេតុនេះ ទាំងសត្វទាំងអ្នករាល់គ្នារងទុក្ខលំបាក ហើយអស់ទាំងកិច្ចការនឿយហត់របស់អ្នករាល់គ្នាទៅជាអសារឥតការ›»។
១២ សេរ៉ូបាបិល+ជាកូនសាលធាល+ និងសម្ដេចសង្ឃយ៉ូស្វេជាកូនយេហូសាដាក+ ព្រមទាំងបណ្ដាជនទាំងអស់ ក៏ស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃពួកគេ ហើយស្ដាប់អ្វីដែលហាកាយជាអ្នកប្រកាសទំនាយបាននិយាយប្រាប់ ដោយសារព្រះយេហូវ៉ាបានចាត់គាត់ឲ្យមក។ រួចបណ្ដាជនក៏ចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា។
១៣ បន្ទាប់មក ហាកាយជាអ្នកនាំសាររបស់ព្រះយេហូវ៉ា ក៏ប្រាប់ដល់បណ្ដាជនស្របតាមដំណឹងពីព្រះយេហូវ៉ាថា៖ «‹ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
១៤ ដូច្នេះ ព្រះយេហូវ៉ាបានជំរុញចិត្ត+សេរ៉ូបាបិលជាកូនសាលធាល និងជាអភិបាលស្រុកយូដា+ ហើយជំរុញចិត្តយ៉ូស្វេ+ជាកូនយេហូសាដាក និងជាសម្ដេចសង្ឃ ព្រមទាំងជំរុញចិត្តបណ្ដាជនទាំងអស់ ឲ្យនាំគ្នាមក ហើយចាប់ផ្ដើមសង់វិហាររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះរបស់ពួកគេ។+
១៥ កិច្ចការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែទី៦ ក្នុងឆ្នាំទី២នៃការគ្រប់គ្រងរបស់ស្ដេចដារីយុស។+