ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ៥:១-១៤
៥ ព្រោះសម្ដេចសង្ឃម្នាក់ៗដែលបានត្រូវជ្រើសរើសពីចំណោមមនុស្ស គាត់ទទួលការតែងតាំងដើម្បីបំពេញកិច្ចបម្រើរបស់ព្រះជាប្រយោជន៍ដល់មនុស្ស+ ដើម្បីជូនជំនូននិងគ្រឿងបូជាសម្រាប់ការខុសឆ្គង។+
២ គាត់អាចប្រព្រឹត្តដោយសេចក្ដីមេត្តាករុណាចំពោះពួកអ្នកដែលធ្វើខុសដោយសារគ្មានការយល់ដឹង ពីព្រោះរូបគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ។
៣ ហេតុនេះហើយបានជាគាត់ត្រូវជូនគ្រឿងបូជាសម្រាប់ការខុសឆ្គងរបស់ខ្លួន ដូចដែលគាត់បានធ្វើសម្រាប់បណ្ដាជនដែរ។+
៤ មនុស្សមិនអាចតែងតាំងខ្លួនឯងឲ្យមានកិត្តិយសនេះបានទេ លុះត្រាតែព្រះតែងតាំងអ្នកនោះ ដូចលោកបានតែងតាំងអេរ៉ុន។+
៥ ដូចគ្នាដែរ គ្រិស្តមិនបានតម្កើងខ្លួន+ឲ្យមានឋានៈជាសម្ដេចសង្ឃទេ ប៉ុន្តែលោកបានត្រូវតម្កើងដោយព្រះដែលបានមានប្រសាសន៍ទៅលោកថា៖ «អ្នកជាបុត្ររបស់ខ្ញុំ ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំជាបិតារបស់អ្នក»។+
៦ ម្យ៉ាងទៀត ព្រះមានប្រសាសន៍នៅបទគម្ពីរមួយផ្សេងទៀតថា៖ «អ្នកជាសង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។+
៧ ពេលដែលគ្រិស្តរស់នៅផែនដី លោកបានធ្វើសំណូមពរនិងអង្វរទាំងទឹកភ្នែក ព្រមទាំងបន្លឺសំឡេងយ៉ាងខ្លាំង+ទៅព្រះដែលមានសមត្ថភាពសង្គ្រោះលោកពីសេចក្ដីស្លាប់ ហើយព្រះបានទទួលសំណូមពររបស់លោក ដោយសារលោកកោតខ្លាចព្រះ។
៨ ទោះជាលោកជាបុត្ររបស់ព្រះក៏ដោយ លោកបានរៀនឲ្យចេះស្ដាប់បង្គាប់ព្រះ ដោយសារអ្វីៗដែលលោកបានរងទុក្ខ។+
៩ ក្រោយពីលោកមានគុណសម្បត្តិពេញលេញ*ហើយ+ លោកបានទទួលភារកិច្ចផ្ដល់សេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលស្ដាប់បង្គាប់លោក+
១០ ពីព្រោះព្រះបានជ្រើសរើសលោកឲ្យធ្វើជាសម្ដេចសង្ឃតាមរបៀបដូចម៉េលគីសេដិក។+
១១ យើងមានអ្វីជាច្រើនដែលត្រូវនិយាយអំពីលោក ប៉ុន្តែអ្វីទាំងនោះគឺពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបានទៅជាមនុស្សដែលក្រនឹងយល់។*
១២ ព្រោះតាមការពិត បើគិតអំពីគ្រានេះ អ្នករាល់គ្នាគួរធ្វើជាអ្នកបង្រៀនគេ តែអ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនអ្នករាល់គ្នាម្ដងទៀតអំពីបឋមសេចក្ដី+នៃប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ។ ដូច្នេះ អ្នករាល់គ្នាត្រឡប់ទៅជាអ្នកដែលត្រូវការទឹកដោះ មិនមែនអាហាររឹងទេ។
១៣ ព្រោះអ្នកណាដែលបន្តទទួលទានតែទឹកដោះប៉ុណ្ណោះ អ្នកនោះមិនស្គាល់បណ្ដាំនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនក្មេង។+
១៤ ប៉ុន្តែ អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ*ដែលតែងតែប្រើប្រាស់សមត្ថភាពវែកញែក។* ដោយធ្វើដូច្នេះ ពួកគេបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។
កំណត់សម្គាល់
^ ន័យត្រង់«បានក្លាយទៅជាល្អឥតខ្ចោះ»
^ ន័យត្រង់«មនុស្សធ្ងន់ត្រចៀក»
^ ឬ«មានភាពចាស់ទុំ»
^ ឬ«សមត្ថភាពយល់ដឹង»