អេម៉ុស ៣:១-១៥
៣ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍របស់ខ្ញុំជាយេហូវ៉ាស្ដីអំពីអ្នករាល់គ្នា គឺអំពីប្រជាជាតិទាំងមូលដែលខ្ញុំបានរំដោះចេញពីស្រុកអេហ្ស៊ីប។ ប្រសាសន៍នោះមានដូចតទៅ៖
២ ‹ក្នុងចំណោមប្រជាជាតិនានានៅផែនដី មានតែអ្នករាល់គ្នាទេដែលខ្ញុំស្គាល់ច្បាស់។+
ហេតុនេះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួន។+
៣ បើមនុស្សពីរនាក់មិនបានណាត់ជួបគ្នា តើពួកគេអាចដើរជាមួយគ្នាម្ដេចនឹងបាន?
៤ បើតោមិនឃើញចំណី តើវានឹងគ្រហឹមនៅក្នុងព្រៃឬទេ?
បើតោស្ទាវចាប់អ្វីមិនបានសោះ តើវានឹងគ្រហឹមចេញពីរូងឬទេ?
៥ បើគ្មានគេដាក់អន្ទាក់* តើសត្វស្លាបអាចជាប់អន្ទាក់បានទេ?
បើគ្មានសត្វជាប់ទេ តើអន្ទាក់នឹងវាត់ឡើងបានឬ?
៦ បើគេផ្លុំស្នែងនៅក្នុងក្រុង តើបណ្ដាជនមិនភ័យញាប់ញ័រទេឬ?
បើមានសេចក្ដីវេទនាកើតឡើងក្នុងក្រុង តើនោះមិនមែនមកពីព្រះយេហូវ៉ាទេឬ?
៧ ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនឹងមិនធ្វើអ្វីណាមួយឡើយលុះត្រាតែលោកបើកបង្ហាញរឿងអាថ៌កំបាំងរបស់លោកដល់ពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោកជាមុនសិន។+
៨ ពេលតោគ្រហឹមហើយ+ តើអ្នកណាមិនខ្លាច?
ពេលព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ហើយ តើអ្នកណាមិនប្រកាសទំនាយ?›។+
៩ ‹ចូរប្រកាសដំណឹងនេះនៅលើប៉មរឹងមាំទាំងប៉ុន្មានក្នុងក្រុងអាសូតហើយប្រកាសនៅលើប៉មរឹងមាំទាំងឡាយក្នុងស្រុកអេហ្ស៊ីប។
ចូរប្រកាសថា៖ «ចូរនាំគ្នាមកប្រឆាំងនឹងតំបន់ភ្នំក្នុងស្រុកសាម៉ារីទៅ+ចូរមកមើលការចលាចល និងការបោកប្រាស់នៅទីនេះ។+
១០ ព្រោះពួកគេមិនចេះប្រព្រឹត្តអ្វីដែលត្រឹមត្រូវនោះទេ។
ប៉មរឹងមាំរបស់ពួកគេ ពេញដោយអំពើឃោរឃៅនិងការបំផ្លិចបំផ្លាញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។
១១ ហេតុនេះហើយបានជាព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖‹សត្រូវនឹងមកឡោមព័ទ្ធស្រុកអ្នករាល់គ្នា+ពួកគេនឹងធ្វើឲ្យអ្នករាល់គ្នាខ្សោយកម្លាំងហើយរឹបអូសរបស់របរពីក្នុងប៉មរឹងមាំរបស់អ្នករាល់គ្នា›។+
១២ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖‹ដូចគង្វាលកញ្ឆក់យកជើងពីរឬត្រចៀកមួយរបស់ចៀមចេញពីមាត់តោយ៉ាងណានោះបណ្ដាជនអ៊ីស្រាអែលក៏នឹងត្រូវកញ្ឆក់ចេញយ៉ាងនោះដែរគឺពួកអ្នកដែលដេកនៅលើគ្រែប្រណីតៗនិងអ្នកដែលអង្គុយនៅលើកៅអីស្អាតៗក្នុងស្រុកសាម៉ារី›។+
១៣ ‹ចូរស្ដាប់ ហើយព្រមានពូជពង្សយ៉ាកុបទៅ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។
១៤ ‹ព្រោះនៅថ្ងៃដែលខ្ញុំកាត់ទោសអ៊ីស្រាអែលចំពោះការបះបោររបស់គាត់+នោះខ្ញុំក៏នឹងបំផ្លាញទីបូជានានានៅក្រុងបេតអែលដែរ។+
ខ្ញុំនឹងកាប់បំបាក់ស្នែងទីបូជាទម្លាក់ទៅដី។+
១៥ ខ្ញុំនឹងបំផ្លាញវិមានរដូវរងានិងវិមានរដូវក្ដៅចោល›។
‹ខ្ញុំនឹងកម្ទេចវិមានធ្វើពីភ្លុក+ហើយបំបាក់បំបែកផ្ទះធំៗទាំងប៉ុន្មានឲ្យអស់គ្មានសល់›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«បើគ្មាននុយទាក់ទាញទេ»