អេសាយ ២០:១-៦

  • សញ្ញា​សម្គាល់​ទាស់​នឹង​អេហ្ស៊ីប​និង​អេត្យូពី (​១​-​៦)

២០  នៅ​ឆ្នាំ​ដែល​ស្ដេច​សាកន​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​ថើថាន*ឲ្យ​ទៅ​ក្រុង​អា​សូត+ ថើថាន​ក៏​បាន​ច្បាំង​ឈ្នះ ហើយ​ដណ្ដើម​យក​បាន​ក្រុង​នោះ។+ ២  នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេសាយ+ជា​កូន​អាម៉ុស​ថា​៖ ​«​ចូរ​ដោះ​បាវ​ចេញ​ពី​ចង្កេះ​អ្នក ព្រម​ទាំង​ដោះ​ស្បែក​ជើង​ចេញ​ដែរ​»។ អេសាយ​ក៏​ធ្វើ​តាម​បង្គាប់​លោក ដោយ​ស្លៀក​តែ​សម្លៀក​បំពាក់​ក្នុង ហើយ​ដើរ​ជើង​ទទេ។ ៣  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ដូច​អេសាយ​ជា​អ្នក​បម្រើ​ខ្ញុំ​បាន​ដើរ​ដោយ​មាន​តែ​សម្លៀក​បំពាក់​ក្នុង និង​ដើរ​ដោយ​ជើង​ទទេ​អស់​រយៈ​ពេល​បី​ឆ្នាំ ទុក​ជា​សញ្ញា​សម្គាល់+និង​ជា​ការ​ព្រមាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្រុក​អេហ្ស៊ីប+និង​ស្រុក​អេត្យូពី+ ៤  នោះ​ស្ដេច​ស្រុក​អាស៊ីរី​នឹង​ចាប់​ជន​ជាតិ​អេហ្ស៊ីប+និង​ជន​ជាតិ​អេត្យូពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ទៅ​ទាំង​ជើង​ទទេ និង​ខ្លួន​អាក្រាត​លេច​គូទ។ យ៉ាង​នោះ ពួក​អេហ្ស៊ីប​នឹង​អាម៉ាស់​មុខ​ជា​ខ្លាំង ៥  ហើយ​ពួក​អ្នក​ដែល​យក​ស្រុក​អេត្យូពី​ជា​ទី​សង្ឃឹម និង​យក​ស្រុក​អេហ្ស៊ីប​ជា​ទី​អួតអាង នឹង​ត្រូវ​ខ្មាស ហើយ​ភ័យ​តក់​ស្លុត។ ៦  នៅ​គ្រា​នោះ ពួក​អ្នក​រស់​នៅ​តាម​តំបន់​ឆ្នេរ​នឹង​និយាយ​ថា​៖ ‹មើល! ស្រុក​ដែល​ជា​ទី​សង្ឃឹម​របស់​យើង ដែល​យើង​រត់​ទៅ​ពឹង​ឲ្យ​រួច​ពី​ស្ដេច​ស្រុក​អាស៊ីរី បាន​ធ្លាក់​ដល់​កម្រិត​នេះ​ទៅ​ហើយ! តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​រួច​ខ្លួន​បាន​ទៅ?›​»។

កំណត់សម្គាល់

ឬ​«​មេ​បញ្ជាការ​»​