អេសេគាល ១៦:១-៦៣
-
សេចក្ដីស្រឡាញ់របស់ព្រះចំពោះក្រុងយេរូសាឡិម (១-៦៣)
-
បានត្រូវរកឃើញជាកូនដែលត្រូវបោះបង់ចោល (១-៧)
-
ព្រះតុបតែងនាង ហើយចូលកិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍ជាមួយនាង (៨-១៤)
-
នាងទៅជាមិនស្មោះត្រង់ (១៥-៣៤)
-
បានត្រូវដាក់ទោសជាអ្នកផិតក្បត់ (៣៥-៤៣)
-
បានត្រូវប្រៀបធៀបទៅនឹងសាម៉ារីនិងសូដុម (៤៤-៥៨)
-
ព្រះនឹកចាំកិច្ចព្រមព្រៀងរបស់លោក (៥៩-៦៣)
-
១៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖
២ «កូនមនុស្សអើយ! ចូរឲ្យមនុស្សដឹងអំពីការប្រព្រឹត្តដ៏គួរឲ្យខ្ពើមរអើមរបស់អ្នកក្រុងយេរូសាឡិម។+
៣ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់ក្រុងយេរូសាឡិមថា៖ «អ្នកមានដើមកំណើតនៅស្រុកកាណាន។ ឪពុកអ្នកជាជនជាតិអាម៉ូរី+ ម្ដាយអ្នកជាជនជាតិហេត។+
៤ នៅថ្ងៃដែលអ្នកកើតមក គេមិនបានកាត់ទងផ្ចិតអ្នកទេ ហើយក៏មិនបានលាងសម្អាតអ្នកដែរ។ គេមិនបានលាបអំបិលលើខ្លួនអ្នក ហើយក៏មិនបានយកក្រណាត់មករុំអ្នកដែរ។
៥ គ្មានអ្នកណាអើពើ អាណិតអាសូរ ឬមេត្តាដល់អ្នកឡើយ។ ផ្ទុយទៅវិញ គេបានយកអ្នកទៅបោះចោលនៅកណ្ដាលវាល ព្រោះគេស្អប់អ្នកតាំងពីថ្ងៃដែលអ្នកកើតមកម្ល៉េះ។
៦ «‹«ពេលខ្ញុំឆ្លងកាត់តាមនោះ ខ្ញុំបានឃើញអ្នកកំពុងបម្រះក្នុងថ្លុកឈាម។ កាលអ្នកនៅក្នុងឈាមនៅឡើយ ខ្ញុំបាននិយាយថា៖ ‹កុំស្លាប់អី!›។ កាលអ្នកដេកក្នុងឈាម ខ្ញុំបាននិយាយទៀតថា៖ ‹ចូរខំរស់តទៅទៀត!›។
៧ ខ្ញុំបានធ្វើឲ្យអ្នកធំឡើងដូចជារុក្ខជាតិលូតលាស់នៅឯវាល។ អ្នកបានធំពេញរូបពេញរាង ហើយពាក់គ្រឿងលម្អដ៏ប្រណីតបំផុត។ ដោះអ្នកដុះឡើងពេញរាង ហើយសក់អ្នកក៏ដុះវែងដែរ។ ប៉ុន្តែ អ្នកនៅអាក្រាតខ្លួនទទេវិញ»›។
៨ «‹ពេលខ្ញុំដើរកាត់អ្នក ខ្ញុំឃើញថាអ្នកធំពេញវ័យដល់ពេលមានគូស្រករហើយ។ ដូច្នេះ ខ្ញុំក៏លាតសម្លៀកបំពាក់របស់ខ្ញុំគ្របអ្នក+និងបាំងកេរ្តិ៍ខ្មាសរបស់អ្នក។ រួចខ្ញុំធ្វើសម្បថនិងចុះកិច្ចព្រមព្រៀងជាមួយនឹងអ្នក ហើយអ្នកបានក្លាយជារបស់ខ្ញុំ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៩ ‹បន្ថែមទៅទៀត ខ្ញុំបានយកទឹកមកលាងសម្អាតអ្នក និងលាងជម្រះឈាមរបស់អ្នក រួចលាបប្រេងឲ្យអ្នក។+
១០ បន្ទាប់មក ខ្ញុំបានយកសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកបំពាក់ឲ្យអ្នក ហើយរុំក្រណាត់សាច់ល្អ ព្រមទាំងបំពាក់សម្លៀកបំពាក់ប្រណីតឲ្យអ្នកទៀតផង។ រួចខ្ញុំក៏ឲ្យស្បែកជើងស្បែកដ៏ល្អដល់អ្នកដែរ។
១១ ក្រោយនោះ ខ្ញុំបំពាក់គ្រឿងលម្អ និងកងដៃ ព្រមទាំងខ្សែកឲ្យអ្នក។
១២ ខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះនិងនៅត្រចៀកអ្នក រួចខ្ញុំបំពាក់មកុដដ៏ស្រស់ស្អាតនៅលើក្បាលអ្នក។
១៣ អ្នកតែងតែលម្អខ្លួនដោយគ្រឿងមាសគ្រឿងប្រាក់ និងស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ និងក្រណាត់ថ្លៃៗ ព្រមទាំងសម្លៀកបំពាក់ដែលប៉ាក់យ៉ាងស្អាត។ បន្ថែមទៅទៀត អ្នកបានបរិភោគសុទ្ធតែអាហារល្អៗ ដូចជាម្សៅម៉ដ្ឋ ទឹកឃ្មុំ និងប្រេង។ ដូច្នេះហើយ អ្នកបានធំឡើងទៅជាស្ត្រីដ៏ស្រស់ប្រិមប្រិយ+ ហើយស័ក្ដិសមជាមហាក្សត្រីម្នាក់›»។
១៤ «‹ដោយសារសម្រស់ស្រស់ស្អាត អ្នកបានល្បីរន្ទឺទៅដល់ប្រជាជាតិនានា។+ សម្រស់របស់អ្នកបានទៅជាល្អឥតខ្ចោះ ដោយសារខ្ញុំបានដាក់សិរីរុងរឿងរបស់ខ្ញុំទៅលើអ្នក›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៥ «‹ប៉ុន្តែ ដោយអាងថាខ្លួនស្រស់ស្អាត+និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ+ អ្នកក៏តាំងប្រព្រឹត្តអំពើពេស្យាចារ។ អ្នកបានប្រព្រឹត្តអំពើនោះដោយឥតអៀនខ្មាសជាមួយនឹងពួកអ្នកដែលដើរឆ្លងកាត់។+ ទីបំផុត ភាពស្រស់ស្អាតរបស់អ្នកបានទៅជារបស់គេវិញ។
១៦ អ្នកបានយកសម្លៀកបំពាក់ពណ៌ចម្រុះរបស់ខ្លួនទៅតុបតែងនៅទីខ្ពស់ៗ ជាកន្លែងដែលអ្នកបានប្រព្រឹត្តអំពើពេស្យាចារ។+ រឿងនោះមិនគួរមានឬកើតឡើងទាល់តែសោះ។
១៧ អ្នកក៏បានយកគ្រឿងអលង្ការស្អាតៗដែលធ្វើពីមាសពីប្រាក់ដែលខ្ញុំបានប្រគល់ឲ្យអ្នក ទៅធ្វើជារូបចម្លាក់ប្រុសៗ* រួចប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងរូបទាំងនោះ។+
១៨ អ្នកបានយកសម្លៀកបំពាក់ដែលប៉ាក់ស្អាតៗទៅគ្របលើរូបទាំងនោះ ហើយយកប្រេងនិងគ្រឿងក្រអូបរបស់ខ្ញុំទៅជូនជាគ្រឿងបូជាដល់រូបទាំងនោះ។+
១៩ ឯនំប៉័ងដែលធ្វើពីម្សៅម៉ដ្ឋ ប្រេង និងទឹកឃ្មុំ ដែលខ្ញុំបានឲ្យដល់អ្នកសម្រាប់បរិភោគ អ្នកបែរជាយកទៅដុតជូនជាគ្រឿងបូជាឲ្យមានក្លិនឈ្ងុយដើម្បីផ្គាប់ចិត្តរូបទាំងនោះវិញ។+ នោះហើយជាអ្វីដែលអ្នកបានធ្វើ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
២០ «‹អ្នកបានយកកូនប្រុសកូនស្រីដែលអ្នកបានបង្កើតឲ្យខ្ញុំ+ ទៅដុតជូនជាគ្រឿងបូជាដល់រូបព្រះទាំងនោះ។+ អ្នកបានប្រព្រឹត្តអំពើពេស្យាចារប៉ុណ្ណឹងហើយ តើនៅមិនល្មមគ្រប់គ្រាន់ឬ?
២១ អ្នកបានសម្លាប់កូនប្រុសៗរបស់ខ្ញុំ ហើយដុតពួកគេជាគ្រឿងបូជា។+
២២ កាលដែលអ្នកប្រព្រឹត្តអំពើពេស្យាចារនិងអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង អ្នកមិនបាននឹកឃើញគ្រាដែលអ្នកនៅក្មេងពេលនៅអាក្រាតខ្លួនទទេ ហើយដេកបម្រះក្នុងថ្លុកឈាមនោះទេ។
២៣ វេទនាហើយ! អ្នកនឹងវេទនាជាមិនខាន ដោយសារអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្ត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
២៤ ‹អ្នកបានសង់ទួលមួយនិងធ្វើទីខ្ពស់សម្រាប់ខ្លួននៅគ្រប់កន្លែងសាធារណៈ។
២៥ អ្នកបានសង់ទីខ្ពស់ៗនៅតាមផ្លូវនានាត្រង់កន្លែងលេចធ្លោជាងគេ។ អ្នកបានធ្វើឲ្យសម្រស់របស់ខ្លួនទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមដោយប្រគល់ខ្លួនឲ្យពួកអ្នកដែលដើរឆ្លងកាត់+ គឺប្រព្រឹត្តអំពើពេស្យាចារដោយឥតអៀនខ្មាសទាល់តែសោះ។+
២៦ អ្នកបានប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងកូនប្រុសៗរបស់ជនជាតិអេហ្ស៊ីប+ គឺជាអ្នកជិតខាងដែលមានតណ្ហាក្រាស់។ អ្នកបានធ្វើឲ្យខ្ញុំឈឺចិត្តដោយសារតែអំពើពេស្យាចារដ៏ច្រើនរាប់មិនអស់របស់អ្នក។
២៧ ឥឡូវខ្ញុំនឹងលើកដៃទៅទាស់នឹងអ្នក ហើយផ្ដាច់របបអាហាររបស់អ្នក។+ រួចខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃពួកស្ត្រីដែលស្អប់អ្នក+ គឺកូនស្រីៗរបស់ជនជាតិភីលីស្ទីនដែលស្អប់ខ្ពើមការប្រព្រឹត្តដ៏គួរឲ្យខ្ពើមរអើមរបស់អ្នក។+
២៨ «‹ដោយសារអ្នកមិនឆ្អែតឆ្អន់ អ្នកបានទៅប្រព្រឹត្តអំពើពេស្យាចារថែមទៀតជាមួយនឹងកូនប្រុសៗរបស់ជនជាតិអាស៊ីរី។+ ប៉ុន្តែ ក្រោយពីប្រព្រឹត្តជាមួយនឹងពួកគេហើយ អ្នកនៅតែមិនស្កប់ស្កល់ទៀត។
២៩ ដូច្នេះ អ្នកបន្តប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងពួកកាណាននិងពួកខាល់ដេ។+ ទោះជាយ៉ាងនោះក្ដី អ្នកនៅតែមិនឆ្អែតឆ្អន់ឡើយ។
៣០ ពេលអ្នកប្រព្រឹត្តអំពើទាំងនោះ អ្នកប្រព្រឹត្តដូចជាស្រីពេស្យាឥតអៀនខ្មាស!+ ចិត្តរបស់អ្នកមិនរឹងប៉ឹងទាល់តែសោះ!›។* នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៣១ ‹ប៉ុន្តែ ពេលអ្នកសង់ទួលនៅតាមផ្លូវនានាត្រង់កន្លែងលេចធ្លោជាងគេ និងធ្វើទីខ្ពស់នៅកន្លែងសាធារណៈ អ្នកមិនបានប្រព្រឹត្តដូចជាស្រីពេស្យាទេ ព្រោះអ្នកមិនព្រមយកប្រាក់ពីគេឡើយ។
៣២ អ្នកជាប្រពន្ធផិតក្បត់ដែលស្រឡាញ់អ្នកដទៃជាជាងប្ដីខ្លួន!+
៣៣ មនុស្សច្រើនតែឲ្យអំណោយដល់ស្រីពេស្យា+ តែអ្នកបែរជាឲ្យអំណោយដល់ពួកអ្នកដែលមករួមដំណេកជាមួយអ្នកទៅវិញ។+ អ្នកថែមទាំងឲ្យប្រាក់ដើម្បីទាក់ទាញពួកគេពីគ្រប់ទិសទី ឲ្យមកប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងអ្នកទៀតផង។+
៣៤ អ្នកខុសពីស្រីពេស្យាឯទៀត ហើយគ្មានអ្នកណាប្រព្រឹត្តអំពើពេស្យាចារដូចអ្នកទេ។ អ្នកឲ្យប្រាក់ដល់គេ ហើយគេមិនចាំបាច់បង់ប្រាក់ឲ្យអ្នកឡើយ។ ទង្វើរបស់អ្នកគឺផ្ទុយពីគេទាំងស្រុង!›។
៣៥ «ហេតុនេះ ឱស្រីពេស្យាអើយ!+ ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា!
៣៦ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹អ្នកបង្ហាញការត្រេកត្រអាល ហើយបើកបង្ហាញកេរ្តិ៍ខ្មាសខ្លួន ពេលដែលអ្នកប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងគូស្នេហ៍របស់អ្នក ព្រមទាំងជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម+ដែលអ្នកបានយកឈាមកូនប្រុសៗរបស់អ្នកជូនជាគ្រឿងបូជា។+
៣៧ ហេតុនេះ ខ្ញុំនឹងប្រមូលគូស្នេហ៍ទាំងអស់ដែលអ្នកធ្លាប់រួមដំណេកជាមួយ គឺទាំងពួកអ្នកដែលអ្នកស្រឡាញ់ទាំងពួកអ្នកដែលអ្នកស្អប់ពីគ្រប់ទិសទី ឲ្យមកទាស់នឹងអ្នក។ រួចខ្ញុំនឹងបើកបង្ហាញកេរ្តិ៍ខ្មាសរបស់អ្នកដល់ពួកគេ ហើយពួកគេនឹងឃើញកេរ្តិ៍ខ្មាសទាំងអស់របស់អ្នក។+
៣៨ «‹ខ្ញុំនឹងដាក់ទោសអ្នកឲ្យសមនឹងទោសស្ត្រីផិតក្បត់+និងស្ត្រីដែលបង្ហូរឈាមគេ+ ហើយឈាមអ្នកនឹងត្រូវគេបង្ហូរវិញ ដោយកំហឹងនិងសេចក្ដីប្រច័ណ្ឌ។+
៣៩ ខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃគូស្នេហ៍របស់អ្នក ហើយពួកគេនឹងរំលំទីទួលនិងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក។+ បន្ទាប់មក ពួកគេនឹងហែកសម្លៀកបំពាក់របស់អ្នក+ ហើយយកគ្រឿងអលង្ការស្អាតៗរបស់អ្នក+ រួចទុកអ្នកចោលឲ្យនៅអាក្រាតខ្លួនទទេ។
៤០ ពួកគេនឹងនាំគ្នាជាច្រើនមកទាស់នឹងអ្នក+ ហើយពួកគេនឹងគប់ដុំថ្មទៅលើអ្នក+ រួចនឹងសម្លាប់អ្នកដោយដាវ។+
៤១ ពួកគេនឹងដុតផ្ទះរបស់អ្នក+ ហើយកាត់ទោសអ្នកនៅចំពោះមុខស្ត្រីជាច្រើន។ ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក+ ហើយអ្នកនឹងឈប់បង់ប្រាក់ឲ្យពួកគេទៀត។
៤២ ក្រោយនោះ ខ្ញុំនឹងអន់ខឹងនឹងអ្នក+ ហើយកំហឹងរបស់ខ្ញុំនឹងរសាយទៅ+ ហើយខ្ញុំនឹងស្ងប់ចិត្តលែងខឹងនឹងអ្នកទៀត›។
៤៣ «‹ដោយសារអ្នកមិនបាននឹកឃើញគ្រាដែលអ្នកនៅក្មេង+ ហើយបានធ្វើឲ្យខ្ញុំខឹងដោយប្រព្រឹត្តអំពើបែបនេះ ឥឡូវខ្ញុំនឹងឲ្យអ្នកទទួលលទ្ធផលពីការប្រព្រឹត្តរបស់អ្នកវិញ ហើយអ្នកនឹងមិនអាចប្រព្រឹត្តអំពើពេស្យាចារនិងអំពើស្មោកគ្រោកគ្រប់បែបយ៉ាងទៀតឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៤៤ «‹មើល! គ្រប់គ្នានឹងនិយាយពាក្យស្លោកមួយអំពីអ្នកថា៖ «ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!»។+
៤៥ ម្ដាយអ្នក ជាស្រីដែលស្អប់ប្ដីស្អប់កូន។ បងប្អូនរបស់អ្នក ក៏ជាស្រីដែលស្អប់ប្ដីស្អប់កូនដែរ។ ម្ដាយអ្នកជាជនជាតិហេត ហើយឪពុកអ្នកជាជនជាតិអាម៉ូរី›»។+
៤៦ «‹បងស្រីអ្នកជាក្រុងសាម៉ារី+ ដែលរស់នៅខាងជើងអ្នកជាមួយនឹងកូនស្រីៗ*របស់នាង។+ ប្អូនស្រីអ្នកជាក្រុងសូដុម+ ដែលរស់នៅខាងត្បូងអ្នកជាមួយនឹងកូនស្រីៗរបស់នាង។+
៤៧ អ្នកមិនគ្រាន់តែដើរតាមគន្លងពួកគេ និងប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ តែក្នុងរយៈពេលដ៏ខ្លី អ្នកបានប្រព្រឹត្តខូចអាក្រក់ខ្លាំងជាងពួកគេទៅទៀត។+
៤៨ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំប្រាប់ថាក្រុងសូដុមជាប្អូនស្រីអ្នកនិងកូនស្រីៗនាង មិនបានប្រព្រឹត្តអាក្រក់ដូចដែលអ្នកនិងកូនស្រីរបស់អ្នកបានប្រព្រឹត្តទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៤៩ ‹មើល! ទោសកំហុសរបស់ក្រុងសូដុមប្អូនស្រីអ្នកមានដូចតទៅ៖ នាងនិងកូនស្រីនាង+ក្រអឺតក្រអោងណាស់។+ ពួកគេមានអាហារជាបរិបូរ+និងមានសេចក្ដីសុខសាន្ត+ តែពួកគេមិនបានជួយទំនុកបម្រុងដល់ជនក្រីក្រនិងជនរងទុក្ខនោះទេ។+
៥០ ពួកគេនៅតែក្រអឺតក្រអោងដដែល+ ហើយបន្តប្រព្រឹត្តអំពើដែលខ្ញុំស្អប់ខ្ពើមទៀត។+ ដូច្នេះ ខ្ញុំត្រូវតែដកពួកគេចេញ។+
៥១ «‹ឯក្រុងសាម៉ារី+ដែលជាបងស្រីអ្នកវិញ ទោះជានាងប្រព្រឹត្តអំពើខុសឆ្គងច្រើនក្ដី ក៏មិនស្មើនឹងពាក់កណ្ដាលអំពើខុសឆ្គងរបស់អ្នកដែរ។ អ្នកចេះតែប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមច្រើនដល់ម្ល៉េះ បានជាមើលទៅបងស្រីនិងប្អូនស្រីរបស់អ្នកហាក់ដូចជាមិនបានធ្វើខុសសោះ។+
៥២ ឥឡូវអ្នកត្រូវទ្រាំសេចក្ដីអាម៉ាស់ខ្មាស ព្រោះអ្នកបានគាំទ្រការប្រព្រឹត្តរបស់បងប្អូនស្រីអ្នក។ ដោយសារតែអ្នកបានប្រព្រឹត្តអាក្រក់ជាងពួកគេឆ្ងាយណាស់ នោះពួកគេមានទោសតិចជាងអ្នកវិញ។ ដូច្នេះ ចូរទ្រាំនឹងការអាប់មុខអាម៉ាស់ខ្មាស ព្រោះអ្នកបានធ្វើឲ្យបងប្អូនស្រីរបស់អ្នកមើលទៅដូចជាសុចរិត›។
៥៣ «‹ខ្ញុំនឹងប្រមូលពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ គឺពួកអ្នកដែលជារបស់ក្រុងសូដុមនិងកូនស្រីៗនាង ព្រមទាំងពួកអ្នកដែលជារបស់ក្រុងសាម៉ារីនិងកូនស្រីៗនាង។ ខ្ញុំក៏នឹងប្រមូលពួកអ្នកដែលជាប់ជាឈ្លើយរបស់អ្នកមកវិញដែរ។+
៥៤ យ៉ាងនេះ អ្នកនឹងរងការអាម៉ាស់និងការបាក់មុខ ព្រោះអ្នកបានសម្រាលទុក្ខពួកគេ។
៥៥ បងប្អូនស្រីរបស់អ្នកគឺក្រុងសូដុមនិងកូនស្រីៗនាង នឹងមានស្ថានភាពដូចដើម ហើយក្រុងសាម៉ារីនិងកូនស្រីៗនាងនឹងមានស្ថានភាពដូចពីមុន ហើយអ្នកក៏នឹងមានស្ថានភាពដូចនោះដែរ។+
៥៦ ឯក្រុងសូដុមជាប្អូនស្រីអ្នក នាងមិនសមឲ្យអ្នកលើកមកនិយាយតំណាលនៅគ្រាដែលអ្នកនិយាយអួតអាងនោះទេ
៥៧ គឺមុនពេលដែលអំពើទុច្ចរិតរបស់អ្នកត្រូវបកអាក្រាត។+ ឥឡូវកូនស្រីៗរបស់ស្រុកស៊ីរី និងពួកអ្នកជិតខាងនាងបានមើលងាយអ្នក ហើយកូនស្រីៗរបស់ពួកភីលីស្ទីន+ដែលនៅជុំវិញអ្នក ក៏សើចចំអកឲ្យអ្នកដែរ។
៥៨ អ្នកនឹងទទួលលទ្ធផលពីការប្រព្រឹត្តអំពើពេស្យាចារនិងអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៥៩ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងធ្វើទៅលើអ្នកដូចអ្នកបានធ្វើដែរ+ ព្រោះអ្នកបានមើលងាយសម្បថខ្លួន ដោយបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
៦០ ប៉ុន្តែ រូបខ្ញុំផ្ទាល់នឹងចងចាំនូវកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងអ្នកនៅគ្រាដែលអ្នកនៅក្មេង ហើយខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងអ្នក។+
៦១ ពេលអ្នកស្វាគមន៍បងស្រីនិងប្អូនស្រីខ្លួន អ្នកនឹងនឹកឃើញការប្រព្រឹត្តរបស់អ្នក ហើយមានសេចក្ដីខ្មាស។+ ពេលនោះ ខ្ញុំនឹងប្រគល់ពួកគេដល់អ្នកដូចជាកូនស្រីៗ តែមិនមែនដោយសារកិច្ចព្រមព្រៀងជាមួយនឹងអ្នកនោះទេ›។
៦២ «‹ខ្ញុំផ្ទាល់នឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នក ហើយអ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។
៦៣ បន្ទាប់មក អ្នកនឹងចាំនូវកំហុសរបស់ខ្លួន ហើយខ្មាសមិនហ៊ានបើកមាត់និយាយទេ+ កាលដែលខ្ញុំបានជម្រះភាពខុសឆ្គងរបស់អ្នក ទោះជាអ្នកបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនក៏ដោយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«ប្រដាប់ភេទបុរស»
^ ឬប្រហែលជាមានន័យថា«ចិត្តខ្ញុំពេញដោយកំហឹងទាស់នឹងអ្នក»
^ នេះទំនងជាសំដៅលើក្រុងតូចៗដែលនៅជុំវិញ