អេសេគាល ១៧:១-២៤

  • ប្រស្នា​អំពី​សត្វ​ឥន្ទ្រី​ពីរ​ក្បាល​និង​វល្លិ​ទំពាំង​បាយ​ជូរ (​១​-​២១)

  • ត្រួយ​ទន់​ទៅ​ជា​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ (​២២​-​២៤)

១៧  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២  ​«​កូន​មនុស្ស​អើយ! ចូរ​ប្រាប់​ប្រស្នា​និង​សុភាសិត​មួយ​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល។+ ៣  អ្នក​ត្រូវ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​មើល! មាន​ឥន្ទ្រី​ធំ​មួយ+ ដែល​មាន​ចំអេង​ស្លាប​ធំ​វែង ហើយ​មាន​រោម​ពណ៌​ចម្រុះ។ វា​ហោះ​មក​តំបន់​ភ្នំ​លីបង់+ រួច​កាច់​យក​មែក​មួយ​ពី​ចុង​ដើម​ស៊ីដារ។+ ៤  ក្រោយ​ពី​កាច់​រួច វា​ក៏​យក​មែក​នោះ​ហោះ​ទៅ​ស្រុក​របស់​ពួក​ឈ្មួញ* ហើយ​ដាក់​ក្នុង​ក្រុង​ពួក​គេ។+ ៥  បន្ទាប់​មក វា​បាន​យក​គ្រាប់​ពូជ​ខ្លះ​ពី​ស្រុក​មួយ*+ យក​ទៅ​ដាំ​ដូច​ជា​ដើម​វីឡូ​ក្នុង​ដី​វាល​ដែល​មាន​ជី​ជាតិ​នៅ​ក្បែរ​ផ្លូវ​ទឹក។ ៦  ដូច្នេះ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ទៅ​ជា​ដើម​ទំពាំង​បាយ​ជូរ​ទាប​មួយ​វារ​លើ​ដី+ មាន​ស្លឹក​ខៀវ​ខ្ចី និង​មាន​ឫស​ចាក់​ទៅ​ក្រោម ហើយ​ដើម​នោះ​លាស់​ពន្លក រួច​បែក​មែក​សាខា។+ ៧  ​«​‹​«​រួច​មក មាន​ឥន្ទ្រី​ធំ​មួយ​ទៀត+ ដែល​មាន​ចំអេង​ស្លាប​ធំ​វែង​ហោះ​មក។+ ពេល​នោះ ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​ចេញ​ពី​ដី​វាល តម្រង់​ទៅ​រក​ឥន្ទ្រី​នោះ ហើយ​ស្លឹក​ក៏​ទេរ​ទៅ​រក​វា​ដែរ ដើម្បី​ទទួល​ទឹក​ពី​វា។+ ៨  ដើម​នោះ​បាន​ត្រូវ​ដាំ​ក្នុង​ដី​ល្អ​ជិត​ផ្លូវ​ទឹក ដើម្បី​ឲ្យ​វា​បែក​មែក​សាខា បង្កើត​ផល​ផ្លែ និង​ធំ​លូត​លាស់​ឡើង​ទៅ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​អស្ចារ្យ​»​›។+ ៩  ​«​ចូរ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​តើ​ដើម​នោះ​នឹង​បន្ត​លូត​លាស់​ឡើង​ឬ? មើល! នឹង​មាន​បុគ្គល​ម្នាក់​មក​ដក​រំលើង​ឫស​វា+ ហើយ​ធ្វើ​ឲ្យ​ផ្លែ​វា​រលួយ​និង​ត្រួយ​ក្រៀម​ស្វិត​ទៅ។+ ដើម​ទាំង​មូល​នឹង​ក្រៀម​ស្វិត​អស់ ដូច្នេះ​មិន​ត្រូវ​ការ​កម្លាំង​ខ្លាំង​ឬ​មនុស្ស​ច្រើន​ដក​រំលើង​វា​ទេ។ ១០  ទោះ​ជា​ដើម​នោះ​ត្រូវ​គាស់​ចេញ​យក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ទៀត តើ​វា​នឹង​លូត​លាស់​បាន​ឬ? វា​នឹង​ក្រៀម​ស្វិត​អស់ ពេល​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក​លើ​វា។ វា​នឹង​ក្រៀម​ស្វិត​នៅ​លើ​ដី​នោះ​តែ​ម្ដង​»​›​»។ ១១  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១២  ​«​សូម​សួរ​ពូជ​ពង្ស​មនុស្ស​ដែល​បះ​បោរ​ប្រឆាំង​ថា​៖ ‹តើ​អ្នក​យល់​អត្ថន័យ​ពាក្យ​ប្រស្នា​ទាំង​នេះ​ទេ?›។ រួច​ចូរ​និយាយ​ថា​៖ ‹មើល! ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ក្រុង​យេរូសាឡិម ហើយ​នាំ​យក​ស្ដេច​ក្រុង​នោះ​និង​ពួក​មន្ត្រី ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​គាត់។+ ១៣  បន្ថែម​ទៅ​ទៀត ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​រើស​យក​បុគ្គល​ម្នាក់​ដែល​ជាប់​ពូជ​ស្ដេច+ ឲ្យ​មក​ធ្វើ​កិច្ច​ព្រម​ព្រៀង និង​ធ្វើ​សម្បថ​ជា​មួយ​នឹង​គាត់។+ រួច​មក ស្ដេច​នោះ​បាន​និរទេស​ពួក​អ្នក​មាន​មុខ​មាត់​ទៅ​ស្រុក​គាត់+ ១៤  ដើម្បី​បន្ទាប​រាជាណាចក្រ​នោះ​កុំ​ឲ្យ​ងើប​ឡើង​បាន។ រាជាណាចក្រ​នោះ​អាច​នៅ​គង់​វង្ស​បាន លុះ​ត្រា​តែ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​គាត់។+ ១៥  ប៉ុន្តែ បុគ្គល​នោះ​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន+ ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេហ្ស៊ីប ដើម្បី​ស្នើ​សុំ​ហ្វូង​សេះ+និង​កង​ទ័ព​ដ៏​ធំ​ពី​ទី​នោះ។+ តើ​គាត់​នឹង​ទទួល​ជោគ​ជ័យ​ឬ? តើ​បុគ្គល​ដែល​ធ្វើ​ដូច្នេះ​អាច​រួច​ពី​ទោស​បាន​ទេ? តើ​បុគ្គល​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​អាច​រួច​ខ្លួន​ឬ?›។+ ១៦  ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ​«​ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា​បុគ្គល​នោះ*នឹង​ស្លាប់​នៅ​ស្រុក​បាប៊ីឡូន​ជា​ទឹក​ដី​របស់​ស្ដេច*ដែល​បាន​តែង​តាំង​គាត់​ឲ្យ​ឡើង​គ្រប់​គ្រង។ គាត់​ជា​បុគ្គល​ដែល​មិន​បាន​ធ្វើ​តាម​សម្បថ ហើយ​បំពាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។+ ១៧  ពេល​ដែលសត្រូវដាក់​បង្គោល​ឡោម​ព័ទ្ធ ហើយ​លើក​ដី​ឡើង​វាយ​ប្រហារ ទ័ព​ដ៏​ធំ​និង​ទាហាន​យ៉ាង​ច្រើន​របស់​ផារ៉ូ​មិន​អាច​ជួយ​បាន​ទេ។+ ពួក​សត្រូវ​នឹង​សម្លាប់​មនុស្ស​ជា​ច្រើន។ ១៨  ព្រោះ​បុគ្គល​នោះ​មិន​បាន​ធ្វើ​តាម​សម្បថ​ទេ ព្រម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ទៀត​ផង។ ទោះ​ជា​គាត់​បាន​សន្យា​ហើយ​ក្ដី ក៏​គាត់​នៅ​តែ​ប្រព្រឹត្ត​ដូច្នោះ​ផ្ទុយ​ពី​ពាក្យ​សន្យា​ដែរ។ ដូច្នេះ គាត់​នឹង​មិន​រួច​ខ្លួន​ទេ​»​›។ ១៩  ​«​‹ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា​ខ្ញុំ​នឹង​ឲ្យ​គាត់​ទទួល​លទ្ធផល​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​គាត់ ព្រោះ​គាត់​បាន​មើល​ងាយ​ពាក្យ​សម្បថ​របស់​ខ្ញុំ+ ហើយ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។ ២០  ខ្ញុំ​នឹង​បោះ​សំណាញ់​របស់​ខ្ញុំ​ទៅ​លើ​គាត់ ហើយ​គាត់​នឹង​ជាប់​សំណាញ់​ខ្ញុំ។+ ខ្ញុំ​នឹង​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន ហើយ​កាត់​ទោស​គាត់​នៅ​ទី​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ខ្ញុំ។+ ២១  គ្រា​នោះ ទាហាន​ទាំង​អស់​របស់​គាត់​ដែល​ព្យាយាម​រត់​គេច នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​ពួក​អ្នក​ដែល​នៅ​សេស​សល់​នឹង​រត់​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស​ទី។+ នោះ​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ​»​›។+ ២២  ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​ផ្ទាល់​នឹង​កាច់​មែក​មួយ​ពី​ចុង​ដើម​ស៊ីដារ+ គឺ​ត្រួយ​ពី​មែក​ខាង​លើ​បំផុត+ រួច​យក​ទៅ​ដាំ​នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​ស្កឹមស្កៃ។+ ២៣  ខ្ញុំ​នឹង​ដាំ​ត្រួយ​នោះ​នៅ​លើ​កំពូល​ភ្នំ​ស្រុក​អ៊ីស្រាអែល។ ត្រួយ​នោះ​នឹង​ដុះ​ធំ​ឡើង​ទៅ​ជា​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ មាន​មែក​ត្រសុំត្រសាយ ថែម​ទាំង​មាន​ផល​ផ្លែ​ទៀត​ផង។ សត្វ​ស្លាប​គ្រប់​ប្រភេទ​នឹង​មក​ធ្វើ​សម្បុក ហើយ​ជ្រក​កោន​ក្រោម​ម្លប់​ត្រឈឹង​ត្រឈៃ​នៃ​ដើម​នោះ។ ២៤  ពេល​នោះ ដើម​ឈើ​ទាំង​ឡាយ​ដែល​នៅ​ឯ​វាល​នឹង​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​នេះ​ហើយ​ដែល​បាន​បន្ទាប​ដើម​ដ៏​ខ្ពស់ និង​តម្កើង​ដើម​ដ៏​តូច​ទាប។+ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ដើម​ខៀវ​ខ្ចី​ទៅ​ជា​ក្រៀម​ស្វិត ហើយ​ធ្វើ​ឲ្យ​ដើម​ក្រៀម​ស្វិត​លូត​លាស់​ឡើង​វិញ។+ ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា ហើយ​ក៏​ធ្វើ​ឲ្យ​សម្រេច​ដែរ​»​›​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ស្រុក​កាណាន​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្រុក​យូដា
នេះ​សំដៅ​លើ​សេដេគា
នេះ​សំដៅ​លើ​នេប៊ូក្នេសា