អេសេគាល ៣៩:១-២៩

  • ការ​បំផ្លាញ​កូក​និង​ទ័ព​របស់​កូក (​១​-​១០)

  • ទី​បញ្ចុះ​សព​នៅ​ជ្រលង​ភ្នំ​ហេម៉ូនកូក (​១១​-​២០)

  • ការ​ស្ថាបនា​អ៊ីស្រាអែល​ឡើង​វិញ (​២១​-​២៩)

    • ឫទ្ធានុភាព​ព្រះ​បាន​ត្រូវ​ចាក់​ទៅ​លើ​អ៊ីស្រាអែល (​២៩)

៣៩  ​«​ចំណែក​អ្នក​វិញ កូន​មនុស្ស​អើយ! ចូរ​ប្រកាស​ទំនាយ​ទាស់​នឹង​កូក+ ហើយ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​កូក​ដែល​ជា​មេ​ដឹក​នាំ​នៃ​មេសេក​និង​ទូបាល​អើយ! មើល! ខ្ញុំ​ទាស់​នឹង​អ្នក​ហើយ។+ ២  ខ្ញុំ​នឹង​បង្វែរ​អ្នក ហើយ​ដឹក​នាំ​អ្នក​ឲ្យ​ឡើង​មក​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ទិស​ខាង​ជើង+ ហើយ​ខ្ញុំ​នឹង​នាំ​អ្នក​ឡើង​ទៅ​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល។ ៣  ខ្ញុំ​នឹង​វាយ​ទម្លាក់​ដង​ធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​អ្នក ហើយ​វាយ​ទម្លាក់​ព្រួញ​ចេញ​ពី​ដៃ​ស្ដាំ​របស់​អ្នក។ ៤  នៅ​លើ​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល អ្នក​និង​កង​ទ័ព​អ្នក ព្រម​ទាំង​បណ្ដា​ជន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​ទាំង​អស់​គ្នា។+ រួច​ខ្ញុំ​នឹង​ឲ្យ​សាក​សព​អ្នក​ជា​ចំណី​ដល់​សត្វ​ស្លាប​គ្រប់​ប្រភេទ ហើយ​ដល់​សត្វ​ព្រៃ​ទាំង​ឡាយ​»​›។+ ៥  ​«​‹ដូច្នេះ អ្នក​នឹង​ដួល​ស្លាប់​នៅ​ឯ​វាល​ជា​ប្រាកដ+ ព្រោះ​ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ៦  ​«​‹ខ្ញុំ​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកូក​និង​ពួក​អ្នក​ដែល​កំពុង​រស់​នៅ​តាម​កោះ​នា​នា​ដោយ​សុខ​សាន្ត។+ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា។ ៧  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​ល្បី​រន្ទឺ​ក្នុង​ចំណោម​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​គេ​មើល​ងាយ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​ទៀត​ឡើយ។ ប្រជាជាតិ​នា​នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា+ ខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល›។+ ៨  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹មើល! ការ​ទាំង​នោះ​នឹង​កើត​ឡើង​មែន ហើយ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​មិន​ខាន។ នេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​ប្រាប់​ទុក​ជា​មុន។ ៩  ពួក​អ្នក​ដែល​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​អ៊ីស្រាអែល​នឹង​ចេញ​ទៅ​ដុត​គ្រឿង​សាស្ត្រាវុធ គឺ​ខែល​តូច ខែល​ធំ ធ្នូ ព្រួញ ស្ន និង​លំពែង។ ពួក​គេ​នឹង​ប្រើ​អ្វី​ទាំង​នោះ​ធ្វើ​ជា​អុស​ដុត+អស់​រយៈ​ពេល​៧​ឆ្នាំ។ ១០  ពួក​គេ​មិន​ចាំ​បាច់​ទៅ​រក​អុស​នៅ​ឯ​វាល​ឬ​ប្រមូល​នៅ​ព្រៃ​ឡើយ ព្រោះ​ពួក​គេ​នឹង​ប្រើ​គ្រឿង​សាស្ត្រាវុធ​ទាំង​នោះ​ធ្វើ​ជា​អុស​វិញ›។ ​«​‹អ្វី​ៗ​ដែល​ពួក​សត្រូវ​បាន​រឹប​អូស ពួក​គេ​នឹង​យក​មក​វិញ ហើយ​អ្វី​ៗ​ដែល​ពួក​សត្រូវ​បាន​ប្លន់​យក​ទៅ ក៏​ពួក​គេ​យក​មក​វិញ​ដែរ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១១  ​«​‹នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ឲ្យ​ទី​បញ្ចុះ​សព​ក្នុង​ស្រុក​អ៊ីស្រាអែល​ដល់​កូក+ គឺ​ក្នុង​ជ្រលង​ភ្នំ​នៃ​អ្នក​ដំណើរ​ខាង​កើត​សមុទ្រ ហើយ​កន្លែង​នោះ​នឹង​ទៅ​ជា​ទី​បាំង​ផ្លូវ​មិន​ឲ្យ​គេ​ដើរ​ឆ្លង​កាត់​ទៀត។ នោះ​ហើយ​ជា​កន្លែង​ដែល​គេ​បញ្ចុះ​សព​កូក​និង​បក្ស​ពួក​របស់​គាត់ រួច​គេ​នឹង​ហៅ​ទី​នោះ​ថា​ជ្រលង​ភ្នំ​ហេម៉ូនកូក។*+ ១២  ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​ចំណាយ​ពេល​អស់​៧​ខែ​កប់​សាក​សព​ទាំង​នោះ ដើម្បី​សម្អាត​ស្រុក​ទាំង​មូល។+ ១៣  បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក នឹង​នាំ​គ្នា​កប់​សាក​សព​ពួក​គេ ហើយ​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​ល្បី​ឈ្មោះ នៅ​ថ្ងៃ​ដែល​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៤  ​«​‹គេ​នឹង​ចាត់​មនុស្ស​ឲ្យ​ដើរ​ពិនិត្យ​មើល​ស្រុក​នោះ​ឥត​ដាច់ និង​ឲ្យ​កប់​សាក​សព​ដែល​សេស​សល់​នៅ​លើ​ដី ដើម្បី​សម្អាត​ស្រុក​ទាំង​មូល។ ពួក​គេ​នឹង​បន្ត​ស្វែង​រក​សាក​សព​អស់​រយៈ​ពេល​៧​ខែ។ ១៥  ពេល​ពួក​អ្នក​ដែល​ដើរ​ពិនិត្យ​មើល ប្រទះ​ឃើញ​ឆ្អឹង​សាក​សព ពួក​គេ​នឹង​ដាក់​សញ្ញា​សម្គាល់​នៅ​ក្បែរ​នោះ។ បន្ទាប់​មក ពួក​អ្នក​ដែល​មាន​ភារកិច្ច​កប់​សព នឹង​យក​ឆ្អឹង​នោះ​ទៅ​កប់​នៅ​ជ្រលង​ភ្នំ​ហេម៉ូនកូក។+ ១៦  បន្ថែម​ទៅ​ទៀត នៅ​ទី​នោះ​នឹង​មាន​ក្រុង​មួយ​មាន​ឈ្មោះ​ថា​ហាម៉ូណា។* ពួក​គេ​ទាំង​អស់​គ្នា​ជួយ​សម្អាត​ស្រុក​ទាំង​មូល›។+ ១៧  ​«​ចំណែក​អ្នក​វិញ កូន​មនុស្ស​អើយ! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​និយាយ​ទៅ​កាន់​សត្វ​ស្លាប​គ្រប់​ប្រភេទ​និង​សត្វ​ព្រៃ​ទាំង​ឡាយ​ថា​៖ ​«​ចូរ​នាំ​គ្នា​មក​ចោម​រោម​ជុំវិញ​គ្រឿង​បូជា​ដែល​ខ្ញុំ​បាន​រៀបចំ​សម្រាប់​ឯង​រាល់​គ្នា​ចុះ គឺ​ជា​គ្រឿង​បូជា​ដ៏​ធំ​នៅ​លើ​ភ្នំ​ទាំង​ឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល។+ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម។+ ១៨  ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់​ពួក​អ្នក​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​ពួក​មេ​ដឹក​នាំ​នៅ​ផែនដី។ ពួក​គេ​ប្រៀប​ដូច​ជា​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ឈ្មោល ដែល​គេ​បាន​បំប៉ន​យ៉ាង​ធាត់​ពី​តំបន់​បាសាន។ ១៩  ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ពី​គ្រឿង​បូជា​ដែល​ខ្ញុំ​បាន​រៀបចំ​ឲ្យ​ឯង​រាល់​គ្នា​រហូត​ដល់​ឆ្អែត​ឆ្អន់ ហើយ​ផឹក​ឈាម​ពី​គ្រឿង​បូជា​នោះ​រហូត​ដល់​ស្រវឹង​»​›។ ២០  ​«​‹នៅ​លើ​តុ​ខ្ញុំ មាន​សេះ មាន​ទ័ព​រទេះ​ចម្បាំង អ្នក​ខ្លាំង​ពូកែ​និង​ទាហាន​ដ៏​អង់អាច​ទាំង​អស់ ដូច្នេះ​ឯង​រាល់​គ្នា​នឹង​ស៊ី​អ្វី​ទាំង​នោះ​ទាល់​តែ​ឆ្អែត​ស្កប់​ស្កល់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ២១  ​«​‹ខ្ញុំ​នឹង​បង្ហាញ​សិរី​រុង​រឿង​របស់​ខ្ញុំ​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ ហើយ​ប្រជា​ជាតិ​ទាំង​នោះ​នឹង​ឃើញ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ ព្រម​ទាំង​ឃើញ​ឫទ្ធានុភាព​ដែល​ខ្ញុំ​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ពួក​គេ។+ ២២  ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ២៣  ប្រជា​ជាតិ​នា​នា​នឹង​ដឹង​ថា​ពូជ​ពង្ស​អ៊ីស្រាអែល​បាន​ត្រូវ​នាំ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រោះ​តែ​កំហុស​ឆ្គង​របស់​ខ្លួន និង​ដោយ​សារ​ពួក​គេ​មិន​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ។+ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​បែរ​ចេញ​ពី​ពួក​គេ+ រួច​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ+ ហើយ​ពួក​គេ​ទាំង​អស់​បាន​ស្លាប់​ដោយ​ដាវ។ ២៤  ខ្ញុំ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ស្រប​តាម​អំពើ​ស្មោក​គ្រោក​និង​អំពើ​រំលង​របស់​ពួក​គេ ហើយ​ខ្ញុំ​បាន​បែរ​ចេញ​ពី​ពួក​គេ›។ ២៥  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​នាំ​កូន​ចៅ​យ៉ាកុប​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+ ហើយ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពូជ​ពង្ស​អ៊ីស្រាអែល។+ ខ្ញុំ​នឹង​ការ​ពារ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​ដោយ​ចិត្ត​ខ្នះ​ខ្នែង។+ ២៦  ក្រោយ​ពី​ពួក​គេ​បាន​រង​ការ​អាម៉ាស់​ដោយ​សារ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ+ នោះ​ពួក​គេ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ហើយ​គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ឡើយ។+ ២៧  ពេល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​គេ​ពី​ទឹក​ដី​របស់​ពួក​សត្រូវ+ ខ្ញុំ​ក៏​នឹង​ញែក​ខ្លួន​ខ្ញុំ​ជា​បរិសុទ្ធ​ក្នុង​ចំណោម​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា​ជាតិ​ជា​ច្រើន​ដែរ›។+ ២៨  ​«​‹ពេល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​នៅ​ក្នុង​ស្រុក​នា​នា ហើយ​ខ្ញុំ​ប្រមូល​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​មិន​ទុក​ពួក​គេ​ណា​ម្នាក់​ចោល​ទេ នោះ​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។+ ២៩  ខ្ញុំ​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ឡើយ+ ព្រោះ​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​ពូជ​ពង្ស​អ៊ីស្រាអែល›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»។

កំណត់សម្គាល់

ឬ​«​ជ្រលង​ភ្នំ​នៃ​គ្នី​គ្នា​កូក​»​
មាន​ន័យ​ថា​«​គ្នី​គ្នា​»​