អេសេគាល ៤៧:១-២៣

  • មាន​អូរ​ហូរ​ចេញ​ពី​វិហារ (​១​-​១២)

    • ទឹក​ជ្រៅ​ឡើង​ៗ​ (​២​-​៥)

    • ទឹក​សមុទ្រ​ស្លាប់​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ (​៨​-​១០)

    • ទឹក​ត្រពាំង​បឹង​បួរ​នៅ​មាន​ជាតិ​អំបិល​ដដែល (​១១)

    • ដើម​ឈើ​ហូប​ផ្លែ​គ្រប់​យ៉ាង​និង​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ (​១២)

  • ព្រំ​ប្រទល់​ទឹក​ដី (​១៣​-​២៣)

៤៧  បន្ទាប់​មក បុរស​នោះ​បាន​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ច្រក​ចូល​វិហារ+ ហើយ​នៅ​ទី​នោះ​ខ្ញុំ​ឃើញ​ទឹក​ហូរ​ចេញ​ពី​ក្រោម​កំណល់​ទ្វារ​វិហារ+ ឆ្ពោះ​ទៅ​ទិស​ខាង​កើត (​វិហារ​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​កើត​)។ ទឹក​នោះ​ហូរ​ចេញ​ពី​ខាង​ស្ដាំ​ក្រោម​វិហារ កាត់​តាម​ប៉ែក​ខាង​ត្បូង​ទី​បូជា។ ២  រួច​មក គាត់​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ខ្លោង​ទ្វារ​ទិស​ខាង​ជើង+ ហើយ​នាំ​ខ្ញុំ​ចេញ​ទៅ​ខាង​ក្រៅ រួច​ដើរ​វាង​មក​ខ្លោង​ទ្វារ​ខាង​ក្រៅ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។+ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ហូរ​រិញ​ៗ​ពី​ប៉ែក​ខាង​ស្ដាំ។ ៣  ពេល​បុរស​នោះ​ដើរ​ទៅ​ដល់​ទិស​ខាង​កើត​ទាំង​មាន​ខ្សែ​វាស់​នៅ​ដៃ+ គាត់​ក៏​វាស់​អូរ​នោះ​ប្រវែង​១.០០០​ហត្ថ* រួច​ឲ្យ​ខ្ញុំ​ដើរ​ឆ្លង​កាត់។ ទឹក​នោះ​មាន​ជម្រៅ​ត្រឹម​ក​ជើង។ ៤  បន្ទាប់​មក គាត់​វាស់​ប្រវែង​១.០០០​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​ដើរ​ឆ្លង​កាត់។ ទឹក​នោះ​មាន​ជម្រៅ​ត្រឹម​ក្បាល​ជង្គង់។ គាត់​ក៏​វាស់​ប្រវែង​១.០០០​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​ដើរ​ឆ្លង​កាត់។ ទឹក​នោះ​មាន​ជម្រៅ​ត្រឹម​ចង្កេះ។ ៥  ពេល​គាត់​វាស់​ប្រវែង​១.០០០​ហត្ថ​ទៀត ឃើញ​ថា​អូរ​នោះ​ធំ​ដូច​ជា​ទន្លេ ហើយ​ជ្រៅ​ណាស់ ខ្ញុំ​មិន​អាច​ដើរ​កាត់​បាន​ទេ ទាល់​តែ​ហែល​ទើប​ឆ្លង​រួច។ ទន្លេ​នោះ​មិន​អាច​ដើរ​លុយ​បាន​ឡើយ។ ៦  បុរស​នោះ​សួរ​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?​»។ បន្ទាប់​មក គាត់​បាន​ឲ្យ​ខ្ញុំ​ដើរ​ត្រឡប់​ទៅ​ច្រាំង​វិញ។ ៧  ពេល​ខ្ញុំ​ទៅ​ដល់ ខ្ញុំ​ឃើញ​មាន​សុទ្ធ​តែ​ដើម​ឈើ​នៅ​សង​ខាង​ច្រាំង។+ ៨  រួច​មក គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​ទឹក​នេះ​ហូរ​ទៅ​តំបន់​នៅ​ទិស​ខាង​កើត ចុះ​ទៅ​តំបន់​អារ៉ាបា*+ រួច​ចូល​ទៅ​ក្នុង​សមុទ្រ។ ពេល​ទឹក​នេះ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ+ ទឹក​សមុទ្រ​ក៏​ប្រែ​ទៅ​ជា​ទឹក​សាប។ ៩  ទី​ណា​ដែល​ទឹក​នេះ​ហូរ​ទៅ​ដល់ ទី​នោះ​នឹង​មាន​សត្វ​គ្រប់​ប្រភេទ​រស់​រវើក ហើយ​មាន​ត្រី​ច្រើន​ឥត​គណនា។ ទឹក​សមុទ្រ​នឹង​ប្រែ​ទៅ​ជា​ទឹក​សាប។ នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ។ ១០  ​«​ពួក​អ្នក​នេសាទ​នឹង​ឈរ​ត្រៀប​ត្រា​ក្បែរ​សមុទ្រ ចាប់​ពី​អេនកេឌី+រហូត​ដល់​អេនអេកលេម ដែល​មាន​កន្លែង​ហាល​អួន។ ក្នុង​សមុទ្រ​នឹង​មាន​ត្រី​គ្រប់​ប្រភេទ​ច្រើន​អនេក ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ*ដែរ។+ ១១  ​«​ឯ​ទឹក​ត្រពាំង​បឹង​បួរ​ដែល​នៅ​ក្បែរ​នោះ នៅ​ពេញ​ដោយ​ជាតិ​អំបិល​ដដែល គឺ​មិន​ប្រែ​ទៅ​ជា​ទឹក​សាប​ទេ។+ ១២  ​«​នៅ​មាត់​ច្រាំង​ទន្លេ​ទាំង​សង​ខាង នឹង​មាន​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​យ៉ាង ហើយ​ស្លឹក​មិន​ចេះ​ក្រៀម​ស្វិត​ទេ ថែម​ទាំង​មិន​អាក់​ខាន​បង្កើត​ផល​ផ្លែ​ដែរ។ រៀង​រាល់​ខែ ដើម​ទាំង​នោះ​នឹង​បង្កើត​ផល​ផ្លែ​ថ្មី ព្រោះ​មាន​ទឹក​ពី​ទី​បរិសុទ្ធ​ហូរ​មក​ស្រោច​ស្រព។+ ផល​ផ្លែ​ពី​ដើម​ទាំង​នោះ​សម្រាប់​ជា​អាហារ ហើយ​ស្លឹក​សម្រាប់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។+ ១៣  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ដល់​កុល​សម្ព័ន្ធ​ទាំង​១២​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​មត៌ក។ ឯ​យ៉ូសែប គាត់​នឹង​ទទួល​បាន​ពីរ​ចំណែក។+ ១៤  អ្នក​រាល់​គ្នា​នឹង​ទទួល​ដី​ធ្លី​ស្មើ​ៗ​គ្នា ព្រោះ​ខ្ញុំ​បាន​ស្បថ​ថា​ប្រគល់​ទឹក​ដី​នេះ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ហើយ។+ មើល! ឥឡូវ​ខ្ញុំ​ប្រគល់​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក។ ១៥  ​«​ព្រំ​ប្រទល់​នៅ​ភាគ​ខាង​ជើង​ទឹក​ដី​នោះ គឺ​ចាប់​ពី​សមុទ្រ​ធំ កាត់​តាម​ហេតឡូន+ ឆ្ពោះ​ទៅ​សេដាត់+ ១៦  តំបន់​ហាម៉ាត+ ក្រុង​បេរ៉ូថា+ និង​តំបន់​ស៊ីបរេម​ដែល​នៅ​ចន្លោះ​ក្រុង​ដាម៉ាស់​និង​តំបន់​ហាម៉ាត ហើយ​ឆ្ពោះ​ទៅ​តំបន់​ហាសាហាទីកុន​ដែល​ជាប់​ព្រំ​ប្រទល់​តំបន់​ហោរ៉ាន។+ ១៧  ដូច្នេះ ព្រំ​ប្រទល់​នោះ​គឺ​ចាប់​ពី​សមុទ្រ​ឆ្ពោះ​ទៅ​តំបន់​ហាសាអេណន+ តាម​បណ្ដោយ​ព្រំ​ប្រទល់​តំបន់​ដាម៉ាស់​ទៅ​ប៉ែក​ខាង​ជើង និង​តាម​បណ្ដោយ​ព្រំ​ប្រទល់​តំបន់​ហាម៉ាត។+ នេះ​ហើយ​ជា​ព្រំ​ដែន​នៅ​ទិស​ខាង​ជើង។ ១៨  ​«​ព្រំ​ប្រទល់​នៅ​ភាគ​ខាង​កើត​ទឹក​ដី​នោះ គឺ​នៅ​រវាង​តំបន់​ហោរ៉ាន​និង​តំបន់​ដាម៉ាស់ តាម​បណ្ដោយ​ទន្លេ​យ៉ូដាន់ នៅ​ចន្លោះ​តំបន់​គីលាត+និង​ទឹក​ដី​អ៊ីស្រាអែល។ អ្នក​រាល់​គ្នា​ត្រូវ​វាស់​ចាប់​ពី​ព្រំ​ប្រទល់​ខាង​ជើង​រហូត​ទៅ​ដល់​សមុទ្រ*ដែល​នៅ​ប៉ែក​ខាង​កើត។ នេះ​ហើយ​ជា​ព្រំ​ដែន​នៅ​ទិស​ខាង​កើត។ ១៩  ​«​ព្រំ​ប្រទល់​នៅ​ភាគ​ខាង​ត្បូង​ទឹក​ដី​នោះ គឺ​ចាប់​ពី​ក្រុង​ថេម៉ា​រហូត​ទៅ​ដល់​ផ្លូវ​ទឹក​នៅ​មេរីបាកាដេស+ ហើយ​ឆ្ពោះ​ទៅ​ជ្រលង​អេហ្ស៊ីប រួច​ឆ្ពោះ​ទៅ​សមុទ្រ​ធំ។+ នេះ​ហើយ​ជា​ព្រំ​ដែន​នៅ​ទិស​ខាង​ត្បូង។ ២០  ​«​ព្រំ​ប្រទល់​នៅ​ភាគ​ខាង​លិច​មាន​សមុទ្រ​ធំ ចាប់​ពី​ព្រំ​ប្រទល់​ខាង​ត្បូង​ឡើង​ទៅ​កន្លែង​ទល់​មុខ​តំបន់​លេបូហាម៉ាត។*+ នេះ​ហើយ​ជា​ព្រំ​ដែន​នៅ​ទិស​ខាង​លិច​»។ ២១  ​«​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​នេះ​ឲ្យ​ដល់​កុល​សម្ព័ន្ធ​ទាំង​១២​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ២២  អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​នេះ​ឲ្យ​ដល់​ជន​រួម​ជាតិ​ខ្លួន​ជា​មត៌ក ហើយ​ត្រូវ​ចែក​ឲ្យ​ជន​បរទេស​ដែល​បង្កើត​កូន​ចៅ​កាល​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​គេ​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កុល​សម្ព័ន្ធ​នា​នា​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ២៣  អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ចំណែក​ដី​ធ្លី​ជា​មត៌ក​ដល់​ជន​បរទេស ក្នុង​ទឹក​ដី​របស់​កុល​សម្ព័ន្ធ​ណា​ដែល​គេ​បាន​ទៅ​រស់​នៅ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ប្រវែង​ហត្ថ​វែង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​តំបន់​វាល​ទំនាប​»​
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
ឬ​«​ច្រក​ចូល​ហាម៉ាត​»​