អែសរ៉ា ៥:១-១៧
៥ ក្រោយមក អ្នកប្រកាសទំនាយឈ្មោះហាកាយ+ និងអ្នកប្រកាសទំនាយឈ្មោះសាការី+ជាចៅអ៊ីតដូ+ បាននាំពាក្យរបស់ព្រះនៃជនជាតិអ៊ីស្រាអែល* ទៅប្រាប់ពួកយូដានៅក្រុងយេរូសាឡិមនិងស្រុកយូដា។
២ ដូច្នេះ សេរ៉ូបាបិល+ជាកូនសាលធាល និងយេសួរ+ជាកូនយេហូសាដាក បានចាប់ផ្ដើមសង់វិហាររបស់ព្រះឡើងវិញ+នៅក្រុងយេរូសាឡិម។ ពួកគេមានការជួយជ្រោមជ្រែងពីពួកអ្នកប្រកាសទំនាយរបស់ព្រះ។+
៣ នៅពេលនោះ ថាថិនណាយជាអភិបាលនៃតំបន់ខាងនាយទន្លេ* និងសេថាបូសណាយ ព្រមទាំងគ្នីគ្នា បានទៅជួបពួកគេ ហើយសួរថា៖ «តើអ្នកណាបានចេញបញ្ជាឲ្យអ្នករាល់គ្នាសាងសង់វិហារនេះ និងសង់កំពែងឡើងវិញ?»។
៤ បន្ទាប់មក ពួកគេសួរថា៖ «តើពួកអ្នកសាងសង់ទាំងនោះមានឈ្មោះអ្វីខ្លះ?»។
៥ លុះសួរហើយ ពួកអ្នកទាំងនោះបានសរសេរសំបុត្ររាយការណ៍ដល់ស្ដេចដារីយុស។ ក្នុងអំឡុងពេលពួកគេរង់ចាំចម្លើយពីស្ដេច ពួកគេមិនបានបញ្ឈប់ការសាងសង់របស់ពួកយូដាទេ ព្រោះព្រះបានមើលថែពួកបុរសចាស់ទុំជនជាតិយូដាដែលដឹកនាំការសាងសង់នោះ។+
៦ នេះជាសំបុត្រដែលថាថិនណាយជាអភិបាលនៃតំបន់ខាងនាយទន្លេ និងពួកអភិបាលរងនៅតំបន់នោះ ព្រមទាំងសេថាបូសណាយនិងគ្នីគ្នា បានផ្ញើទៅស្ដេចដារីយុស។
៧ ពួកគេបានសរសេររាយការណ៍ថា៖
«សូមគោរពជូនស្ដេចដារីយុស
«សូមឲ្យស្ដេចប្រកបដោយសេចក្ដីសុខចម្រើន!
៨ សូមស្ដេចជាម្ចាស់ជ្រាបថា យើងខ្ញុំបានទៅខេត្តយូដា ហើយឃើញថាពួកយូដាកំពុងសាងសង់វិហាររបស់ព្រះដ៏ឧត្តុង្គឧត្តម។ ពួកគេប្រើថ្មធំៗដើម្បីសង់ ហើយយកឈើមកស៊កក្នុងជញ្ជាំងធ្វើជាធ្នឹម។ ពួកគេបានធ្វើការសាងសង់នោះយ៉ាងស្វាហាប់ ហើយជឿនទៅមុខយ៉ាងលឿន។
៩ រួចយើងខ្ញុំបានសួរពួកបុរសចាស់ទុំជនជាតិយូដាថា៖ ‹តើអ្នកណាបានចេញបញ្ជាឲ្យអ្នករាល់គ្នាសាងសង់វិហារ និងសង់កំពែងនេះឡើងវិញ?›។+
១០ យើងខ្ញុំក៏សួរឈ្មោះពួកគេ ដើម្បីយើងខ្ញុំអាចរាយការណ៍ប្រាប់លោកថាពួកអ្នកដឹកនាំក្នុងការសាងសង់នោះជាអ្នកណាខ្លះ។
១១ «ពួកគេបានឆ្លើយតបមកយើងខ្ញុំវិញថា៖ ‹ពួកខ្ញុំជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌*និងផែនដី ពួកខ្ញុំកំពុងសាងសង់វិហារដែលធ្លាប់មាននៅសម័យមុន ជាវិហារដែលស្ដេចដ៏ឧត្ដមនៃជនជាតិអ៊ីស្រាអែលបានសង់ពីមុន។+
១២ ប៉ុន្តែ បុព្វបុរសរបស់ពួកខ្ញុំបានធ្វើឲ្យព្រះនៃស្ថានសួគ៌មានសេចក្ដីក្រោធ+ ហេតុនេះហើយបានជាលោកប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូន។ រួចពួកខាល់ដេក៏បានបំផ្លាញវិហារនេះ+ ហើយចាប់បណ្ដាជនយកទៅធ្វើជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។+
១៣ ទោះជាយ៉ាងនោះក៏ដោយ ក្នុងឆ្នាំទី១នៃរាជ្យស៊ីរូសជាស្ដេចស្រុកបាប៊ីឡូន គាត់បានចេញបញ្ជាឲ្យពួកខ្ញុំសង់វិហាររបស់ព្រះឡើងវិញ។+
១៤ កាលពីមុន នេប៊ូក្នេសាបានប្រមូលយកប្រដាប់ប្រដាដែលធ្វើពីមាសនិងប្រាក់ពីវិហារព្រះនៅក្រុងយេរូសាឡិម ទៅដាក់ក្នុងវិហារនៅស្រុកបាប៊ីឡូន។+ ក្រោយមក ស្ដេចស៊ីរូសបានប្រគល់ប្រដាប់ប្រដាទាំងនោះទៅឲ្យអភិបាលម្នាក់ដែលគាត់បានតែងតាំង+ឈ្មោះសេបាសសា។*+
១៥ ស្ដេចស៊ីរូសបាននិយាយទៅកាន់គាត់ថា៖ «ចូរយកប្រដាប់ប្រដាទាំងនោះទៅវិញចុះ សម្រាប់ទុកដាក់ក្នុងវិហារព្រះនៅក្រុងយេរូសាឡិម ហើយសង់វិហារនោះឡើងវិញនៅលើទីតាំងដដែល»។+
១៦ បន្ទាប់មក សេបាសសាបានមកក្រុងយេរូសាឡិម ហើយចាប់ផ្ដើមដាក់គ្រឹះវិហាររបស់ព្រះ។+ ប៉ុន្តែ តាំងពីពេលនោះមកកិច្ចការសាងសង់មិនទាន់បានរួចរាល់ទេ›។+
១៧ «បើស្ដេចជាម្ចាស់យល់ថាល្អ សូមលោកឲ្យគេស្រាវជ្រាវកំណត់ហេតុក្នុងឃ្លាំងស្ដេចនៅស្រុកបាប៊ីឡូន ដើម្បីឲ្យដឹងប្រាកដថាស្ដេចស៊ីរូសបានចេញបញ្ជាឲ្យសង់វិហារព្រះនៅក្រុងយេរូសាឡិមឡើងវិញ+មែនឬមិនមែន។ បន្ទាប់មក សូមស្ដេចមេត្តាផ្ញើសេចក្ដីសម្រេចអំពីរឿងនេះមកយើងខ្ញុំវិញផង»។
កំណត់សម្គាល់
^ ន័យត្រង់«ព្រះនៃជនជាតិអ៊ីស្រាអែលជាព្រះដែលដឹកនាំពួកគេ»
^ ឬ«តំបន់ដែលកាត់ទន្លេអឺប្រាត»
^ ឬ«មេឃ»