លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Sean Gladwell/Moment via Getty Images

ចូរ​ចាំ​យាម!

រដ្ឋាភិបាលទូទាំងពិភពលោកចំណាយ២.០០០.០០០.០០០.០០០ដុល្លារទៅលើវិស័យយោធា តើគម្ពីរចែងយ៉ាងណា?

រដ្ឋាភិបាលទូទាំងពិភពលោកចំណាយ២.០០០.០០០.០០០.០០០ដុល្លារទៅលើវិស័យយោធា តើគម្ពីរចែងយ៉ាងណា?

 ក្នុង​ឆ្នាំ​២០២២ រដ្ឋាភិបាល​ទូ​ទាំង​ពិភព​លោក​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​ពេល​ណា​ទាំង​អស់ គឺ​ចំនួន​២.២៤០.០០០.០០០.០០០​ដុល្លារ​ទៅ​លើ​វិស័យ​យោធា​របស់​ពួក​គេ។ ទឹក​ប្រាក់​ភាគ​ច្រើន​ចំណាយ​លើ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។ យោង​ទៅ​តាម​របាយការណ៍​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​នៅ​ក្រុង​ស្តុកខល(SIPRI) ចេញ​នៅ​ខែ​មេសា ឆ្នាំ​២០២៣។ របាយការណ៍​នោះ បាន​រៀប​រាប់​ថា​ក្នុង​អំឡុង​ឆ្នាំ​២០២២​៖

  •   ការ​ចំណាយ​របស់​អឺរ៉ុប​ខាង​វិស័យ​យោធា​«​បាន​កើន​ឡើង​១៣​ភាគ​រយ​ក្នុង​ឆ្នាំ​នោះ។ នេះ​ជា​កំណើន​ខ្ពស់​បំផុត​ដែល​រដ្ឋាភិបាល​អឺរ៉ុប​បាន​ចំណាយ តាំង​ពី​ឆ្នាំ​១៩៩១​»។

  •   ​«​ការ​ចំណាយ​របស់​រុស្ស៊ី​ខាង​វិស័យ​យោធា . . . ក៏​កើន​ឡើង​ដែរ គឺ​ប្រមាណ​៩,២​ភាគ​រយ។ ការ​កើន​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ប្ដូរ​ពី​ចំណាត់​ថ្នាក់​ទី​៥​ទៅ​ចំណាត់​ថ្នាក់​ទី​៣​ខាង​ការ​ចំណាយ​ច្រើន​បំផុត​ទៅ​លើ​វិស័យ​យោធា​»។

  •   រីឯ​សហរដ្ឋ​អាម៉េរិក​វិញ នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១​ដដែល ដោយ​សារ​ពួក​គេ​ចំណាយ​ច្រើន​ជាង​គេ។ បើ​គិត​ពី​ទឹក​ប្រាក់​សរុប​ដែល​ប្រទេស​នានា​ចំណាយ​ទៅ​លើ​វិស័យ​យោធា ​«​៣៩​ភាគ​រយ​គឺ​ជា​ចំណាយ​របស់​សហរដ្ឋ​អាម៉េរិក​»។

 លោក​ណាន ធាន ដែល​ជា​អ្នក​ជួយ​រៀប​រៀង​របាយការណ៍​SIPRI បាន​រៀប​រាប់​ថា​៖​«​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​ទាំង​ឡាយ​បន្ត​ចំណាយ​កាន់​តែ​ច្រើន​ទៅ​លើ​វិស័យ​យោធា។ នេះ​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​មាន​អស្ថិរភាព​កាន់​តែ​ច្រើន​ឡើង​ៗ​»។

 គម្ពីរ​ប្រកាស​ទុក​ជា​មុន​ថា​មហា​អំណាច​ពិភព​លោក​នឹង​មាន​ជម្លោះ​ហើយ​មាន​បញ្ហា​ជា​មួយ​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ។ គម្ពីរ​ក៏​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​ពិត។

គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​កើន​ឡើង​នៃ​ជម្លោះ​យោធា

  •   គម្ពីរ​ហៅ​គ្រា​ដែល​យើង​កំពុង​រស់​នៅ​ថា​«​គ្រា​ចុង​បញ្ចប់​»​។—ដានីយ៉ែល ៨:១៩

  •   សៀវភៅ​ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​ថា ក្នុង​អំឡុង​គ្រា​នេះ​នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​មហា​អំណាច​ពិភព​លោក។ មហា​អំណាច​ពិភព​លោក​ទាំង​នេះ​នឹង​«​រុញ​ច្រាន​»​ឬ​ច្បាំង​គ្នា​ដើម្បី​បាន​អំណាច​ខ្លាំង​បំផុត។ ហេតុ​នេះ​ហើយ ពួក​គេ​នឹង​ចំណាយ‹កំណប់​ទ្រព្យ›ឬ​របស់​ដ៏​មាន​តម្លៃ​ទាំង​អស់​ទៅ​លើ​វិស័យ​យោធា។—ដានីយ៉ែល ១១:៤០, ៤២, ៤៣

 ដើម្បី​រៀន​ថែម​ទៀត​អំពី​ទំនាយ​គម្ពីរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ សូម​មើល​វីដេអូ​ការ​សម្រេច​នៃ​ទំនាយ ដានីយ៉ែល​ជំពូក​ទី​១១

របៀប​ដែល​នឹង​មាន​សន្តិភាព​ពិត

  •   គម្ពីរ​ប្រាប់​ថា​ព្រះ​នឹង​ប្ដូរ​រដ្ឋាភិបាល​មួយ​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។ លោក​«​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​មនុស្ស​ណា​ដែរ។ រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។—ដានីយ៉ែល ២:៤៤

  •   មិន​យូរ​ទៀត ព្រះ​យេហូវ៉ា aនឹង​ធ្វើ​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន ពោល​គឺ​នាំ​មក​នូវ​សន្តិភាព​ពិត​និង​ជា​រៀង​រហូត។ តើ​តាម​របៀប​ណា? រាជាណាចក្រ​ព្រះ​ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​នឹង​បំបាត់​ចោល​គ្រឿង​សាស្ត្រាវុធ និង​អំពើ​ឃោរឃៅ​ទាំង​អស់។—ចម្រៀង​សរសើរ​ព្រះ ៤៦:៨, ៩

 ដើម្បី​រៀន​ថែម​ទៀត​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​សម្រេច សូម​អាន​អត្ថបទ​ចំណង​ជើង​ថា​«​ក្រោម​រាជាណាចក្រ​ព្រះ‹សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ›​»។

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨